×

“K​a​y​as​ ​Ca​f​e​” ​ហាង​កាហ្វេ​ថ្មី​បែប​ផ្ទះ​កញ្ចក់​ទើប​រះ​ឡើង​នៅ​តំបន់​បឹង​កេងកង​១​

NEWS one year ago
 
 

           306 ​Social​ ​Space​ ​គឺជា​ទីតាំង​សហគមន៍​បង្កើត​ថ្មី​មួយ​ស្ថិតនៅ​តំបន់​បឹង​កេងកង​១​នៃ​រាជធានី​ភ្នំពេញ​ ​ទីនេះ​ប្រជុំ​ទៅ​ដោយ​ហាង​ស​ម្លៀ​ក​បំពាក់​នាំចូល​ម៉ាក​យីហោ​ល្បី​ៗ​ ​កន្លែង​ទទួល​ច្នៃ​ម៉ូដ​ ​ហាង​សា​ឡ​ន​ ​និង​ហាង​កាហ្វេ​ជាដើម​។​ ​ដោយឡែក​ ​ហាង​កាហ្វេ​ដែល​បើក​ដំណើរការ​មុនគេ​នៃ​សហគមន៍​ ​ហាក់​កំពុង​ទាក់ទាញ​ភ្ញៀវ​ចេញចូល​ព្រឹក​ថ្ងៃល្ងាច​មិនចេះដាច់​។​ ​សំកាំង​ស្រប​នឹង​ដង​វិថី​៣​០​៦​ ​អគារ​ពណ៌​ស​រាង​ច្រឡឹង​ស្រឡះ​រចនា​បែប​ទំនើប​ ​មក​ជាមួយ​ផ្ទាំង​កញ្ចក់ឆ្លុះ​ទិដ្ឋភាព​ខាងក្នុង​អាចឲ្យ​យើង​សម្គាល់​ដឹង​យ៉ាង​ច្បាស់​ថា​ទីនេះ​គឺជា​ហាង​កាហ្វេ​ ​ដោយ​នៅ​ខាងមុខ​ក៏មាន​ភ្ជាប់​មក​ជាមួយ​ស្លាកយីហោ​ ​«​K​a​y​as​»​ ​ផង​នោះ​។​

           ​មើល​ពីក្រៅ​ទាក់​ភ្នែក​មធ្យម​ដល់​បោះជំហាន​មកដល់​ខាងក្នុង​ ​ការរៀបចំ​មើលទៅ​ស្រឡះ​ភ្នែក​ ​ពោល​ទាំង​ការ​ប្រើ​ពណ៌​ ​ការ​ប្រើ​ភ្លើង​ ​ក៏ដូចជា​ការ​តុបតែង​កន្លែង​អង្គុយ​ផ្តល់​នូវ​អារម្មណ៍​សម្រាក​ស្រស់ស្រាយ​។​ ​ឡើង​ទៅជា​ន់​ខាងលើ​កាន់តែ​ត្រជាក់ចិត្ត​មួយ​ក​ម្រិ​ត​ទៀត​ ​ដោយ​ពិតាន​ត្រូវ​បាន​ធ្វើឡើង​ខ្ពស់​ផុត​ ​ចំណែក​ជញ្ជាំង​សុទ្ធ​សឹង​កញ្ចក់​អនុញ្ញាត​ឲ្យ​យើង​បាន​អង្គុយ​ទស្សនា​ទិដ្ឋភាព​ខាងក្រៅ​ពេញភ្នែក​តែម្តង​។​ ​តាម​ការ​ឲ្យដឹង​ពី​ម្ចាស់​ហាង​ K​a​y​as​ ​Ca​f​e​ ​ទើប​តែ​បើក​ដំណើរ​ការសាកល្បង​កាលពីដើម​ខែ​តុលា​ប៉ុណ្ណោះ​ ​តែ​បើ​និយាយ​ពី​សន្ទុះ​គាំទ្រ​គឺ​មាន​ភ្ញៀវ​ចេញចូល​ហូរហែ​មិនចេះដាច់​ឡើយ​ ​ដែល​សំខាន់​ទៀត​នោះ​បើក​មិនទាន់​បាន​ប៉ុន្មាន​ផង​មាន​អ្នក​ចង់​សុំ​ទិញ​ហ្វ្រេ​ន​ឆាយ​ (​Franchise​) ​បាត់​ទៅ​ហើយ​។​
​កញ្ញា​ ​សន​ ​ស៊ីថា​បូ​ទុម្ព ​ជា​ស្ថាបនិក​នៃ​ហាង​កាហ្វេ​ K​a​y​as​ ​បាន​បង្កើត​ហាង​នេះ​ឡើង​ចេញពី​ការ​ស្រឡាញ់​ ​បន្ទាប់ពី​កញ្ញា​បាន​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​។​ ​កញ្ញា​បាន​សិក្សា​អំពី​គ្រាប់​កាហ្វេ​ ​និង​ការ​រក្សាទុក​ ​អំឡុង​រៀន​នៅ​សាន់​ហ្វ្រាន់​ស៊ី​ស្កូ​សហរដ្ឋអាមេរិក​ ​កញ្ញា​បាន​ឆ្លៀត​ធ្វើការ​នៅ​ហាង​កាហ្វេ​រហូត​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ឲ្យ​ក្លាយ​ជា​អ្នកគ្រប់គ្រង​។​ ​លើស​ពី​ធ្វើការ​ដើម្បី​ប្រាក់​ ​កញ្ញា​បាន​ឆ្លៀត​ស្វែងយល់​អំពី​របៀប​នៃ​ការ​ធ្វើអាជីវកម្ម​របស់​គេ​មិនថា​ការរៀបចំ​ហាង​ ​ការ​គ្រប់គ្រង​បុគ្គលិក​ ​ក៏ដូចជា​សេវាកម្ម​ផ្សេងៗ​ដើម្បី​ទុកជា​ទុន​គំនិត​បង្កើត​អាជីវកម្ម​របស់​ខ្លួន​។​ ​ដោយសារតែ​បទពិសោធន៍​ ​និង​ការ​ស្រឡាញ់​នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​និស្សិត​កូនខ្មែរ​រូប​នេះ​ប្តេជ្ញា​ចិត្ត​យ៉ាង​ច្បាស់​ថា​ ​មុខរបរ​ដែល​ខ្លួន​នឹង​បើក​ដំបូង​គេ​ពេល​មកដល់​កម្ពុជា​គឺ​ហាង​កាហ្វេ​នេះឯង​។​ “​ពេល​បើក​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ ​ខ្ញុំ​នឹង​ដាក់ចិត្ត​ដាក់​កាយ​លើ​វា​ ​ព្រោះ​ពេល​ធ្វើអ្វី​ដែល​យើង​ចូលចិត្ត​ភាគច្រើន​នឹង​ជោគជ័យ​ ​មិនថា​យូរ​ឬ​ឆាប់​ ​បើ​យើង​សប្បាយចិត្ត​នឹង​ធ្វើ​វា​ ​ខ្ញុំ​ជឿ​ថា​វា​នឹង​អាច​ទៅមុខ​បាន​។​” ​កញ្ញា​ ​សន​ ​ស៊ីថា​បូ​ទុម្ព ​លើកឡើង​។​

           ​ជាមួយ​ការ​បង្កើត​ K​a​y​as​ ​ស្ថាបនិកា​វ័យ​ ​២​៦​ ​ឆ្នាំ​ក៏​ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិ​ស័យ​ម្ហូបអាហារ​ ​និង​កាហ្វេ​នៅ​កម្ពុជា​ផង​ដែរ​ ​ជាក់ស្តែង​ហាង​កាហ្វេ​នេះ​បាន​សម្រិតសម្រាំង​រសជាតិ​មិន​ត្រឹមតែ​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ​ ​សូម្បី​ម្ហូបអាហារ​ក៏​សម្រាំង​រសជាតិ​ល្អិតល្អន់​ប្រកបដោយ​គុណភាព​ផង​ដែរ​។​ ​ចំពោះ​រសជាតិ​កាហ្វេ​ ​ស្ថាបនិក​បាន​សិក្សា​ពី​ចំណង់ចំណូលចិត្ត​របស់​ប្រជាជន​កម្ពុជា​ ​ដោយ​ស្វែងរក​ចំណុច​កណ្តាល​មួយ​ហើយ​បង្កើត​អ្វី​ដែល​ជា​រសជាតិ​ថ្មី​ប្រចាំ​ហាង​។​ ​រសជាតិ​កាហ្វេ​ត្រូវ​បាន​ផ្សំ​ឡើង​ដោយខ្លួនឯង​ ​រីឯ​គ្រាប់​កាហ្វេ​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​កូឡុំ​ប៊ី​ ​និង​ប្រទេស​ជិត​ខាង​។​ ​តាមរយៈ​ការបាន​ក្រេប​បាន​ភ្លក្ស​ផ្ទាល់​ពី​ក្រុម​ការងារ​សូវ​រី​ន​ឃើញ​ថា​រសជាតិ​ពិតជា​ប្លែក​មែនពិត​ ​បើ​ប្រិយ​មិត្ត​បាន​ទៅ​គួរ​កុំ​រំលង​កាហ្វេ​ជា​ ​Signature​ ​ប្រចាំ​ហាង​ដូចជា​ K​a​y​as​ ​Coffee​, K​a​y​as​ ​Ca​f​e​ ​និង​ ​Y​u​z​u ​Soda​ ​ជាដើម​។​ ​ក្រៅពី​កាហ្វេ​ក្តៅ​ត្រជាក់​ ​និង​ក្រឡុក​ ​ទីនេះ​ក៏មាន​ជា​ប្រភេទ​ភេសជ្ជៈ​ផ្លែឈើ​ក្រឡុក​ ​សូ​ដា​ ​និង​តែ​ផ្លែឈើ​ច្រើន​ជម្រើស​ញុំា​ទៅ​ឈ្ងុយ​ត្រជាក់ចិត្ត​ស្រស់ស្រាយ​។​

           ​ជាមួយ​មុខម្ហូប​ប្រមាណ​៣​០​មុខ​ ​ទីនេះ​មាន​បម្រើ​អាហារ​ព្រឹក​ថ្ងៃល្ងាច​ ​ដូចជា​ម្ហូប​អាស៊ី​រួម​មាន​ ​បាយ​ ​គុយទាវ​ ​និង​មី​ជាដើម​ ​ឯ​ម្ហូប​អឺរ៉ុប​រួម​មាន​ ​នំ​ប៉័​ង​ សុំា​ង​វិច​ ​សាលាដ​ ​American​ ​Breakfast​ ​ថែមទាំង​មាន​បង្អែម​ ​នំ​ខេ​ក​ ​ជាពិសេស​នំ​ ​Pancake​ ​ឆ្ងាញ់​ជាប់ចិត្ត​តែម្តង​។​ ​ស្ថាបនិក​ខាងលើ​លើកឡើង​ទៀត​ថា​ ​ហាង​កាហ្វេ​ K​a​y​as​ ​បាន​ផ្តោត​បង្កើត​មុខម្ហូប​ ​និង​ភេសជ្ជៈ​ដែល​គិតគូរ​ពី​សុខភាព​ ​ដូចជា​គ្រី​ម​ដាក់​ភេសជ្ជៈ​ធ្វើ​ដោយខ្លួនឯង​ ​មី​ធ្វើ​ដោយខ្លួនឯង​ ​សូម្បី​គ្រឿងផ្សំ​មួយ​ចំនួន​ក៏​ធ្វើឡើង​ដោយខ្លួនឯង​។​ ​ការ​ធ្វើ​ដូច្នេះ​ស្ថាបនិក​ថា​ ​អាច​ចំណាយ​តិច​ ​អាច​ដឹង​ពី​ប្រភព​ច្បាស់លាស់​ ​និង​មាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​។​ “​គ្រប់មុខ​ម្ហូប​ទាំងអស់​មិន​ចេះតែ​ច​ម្អិ​ន​ទៅ​ឲ្យតែ​បាន​ៗ​ហើយ​ដាក់​លក់​ទេ​ ​ខ្ញុំ​ក៏​ញុំា​ខ្លួនឯង​ដែរ​ ​ដូច្នេះ​យើង​ចង់​បានអ្វី​ដែល​ល្អ​គិតគូរ​ពី​គុណភាព​ចម្បង​។​” ​ស្ថាបនិកា​ ​សន​ ​ស៊ីថា​បូ​ទុម្ព ​បញ្ជាក់​។​

          ​ទីតាំង​ទូលាយ​អំណោយផល​ ​ភេសជ្ជៈ​ ​និង​ម្ហូបអាហារ​ក៏​ត្រូវមាត់​ ​ទទួលទាន​ក្នុង​បរិយាកាស​មើលទៅ​លាយ​ចម្រុះ​បែប​ ​ផ្ទះ​កញ្ចក់​បន្តិច​ ​បែបជា​ន់​ដំបូល​បន្តិច​ ​បែប​ស្រឡះ​បន្តិច​ ​បែប​ ​Modern​ ​night​ ​បន្តិច​ ​ពិតជា​ត្រជាក់ចិត្ត​ស្រស់ស្រាយ​មិន​ចង់​ឃ្លាត​ទៅណា​ឆ្ងាយ​សូម្បី​មួយ​វិនាទី​។​ ​អាច​ថា​ជា​កន្លែង​សម្រាប់​មក​អង្គុយ​លម្ហែ​ ​កន្លែង​មក​បំ​ពេញការ​ងារ​ក្រៅ​ម៉ោង​ ​ឬ​ជួបជុំ​ជជែក​ដើម្បី​ចែករំលែក​អ្វី​ថ្មីៗ​ក៏ដូចជា​បង្កើត​ភាព​ស្និទ្ធស្នាល​។​

           K​a​y​as​ ​Ca​f​e​ ​បើក​ទទួល​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់ម៉ោង​៨​យប់​។​ ​ដោយសារ​ទីតាំង​ទីនេះ​បង្កើត​ឡើងជា​សហគមន៍​ ​ដូច្នេះ​ក្រៅពី​អង្គុយ​លម្ហែ​នៅ​ហាង​កាហ្វេ​ ​ប្រិយ​មិត្ត​ក៏​អាច​ដើរមើល​ហាង​លក់​ស​ម្លៀ​ក​បំពាក់​ ​កន្លែង​ច្នៃ​ម៉ូដ​ ​និង​តុបតែង​សម្រស់​នៅ​ហាង​សា​ឡ​ន​ផង​ដែរ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS