ជំនួយសប្បុរសធម៌ជាច្រើននៅក្នុងកម្មវិធីដេញថ្លៃគំនូរ បានក្លាយជាក្តីសង្ឃឹមមួយទៀតរបស់ កុមារ ឆាលី
NEWS 6 months ago កាលពីរាត្រីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤ នៅ Factory Phnom Penh មានការរៀបចំកម្មវិធីសប្បុរសធម៌មួយគឺ «ការដាក់ដេញថ្លៃសិល្បៈគំនូរសប្បុរសធម៌ និងការបង្ហាញម៉ូដ» ក្រោមប្រធានបទ «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិត ឆាលី»។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសមូលនិធិសប្បុរសធម៌ជួយសង្គ្រោះជីវិត កុមារ ឆាលី អាយុ ៤ ឆ្នាំ ត្រូវជាកូនបង្កើតរបស់សិល្បករគំនូរ លោក ព្រហ្ម ពន្លឺ ដែលកំពុងមានជំងឺមហារីកដុំសាច់ក្នុងខួរក្បាលកម្រិតធ្ងន់ធ្ងរ។
នៅក្នុងព្រឹត្តិការណ៍នេះ ឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម និងលោកជំទាវ ជាពិសេស លោក ជំទាវ លីម ម៉ូលីហ្សា ព្រមជាមួយ សិល្បករ សិល្បការិនី អ្នកសារព័ត៌មាន ក៏ដូចជាមហាជនយ៉ាងច្រើនកុះករ។ អ្នកចូលរួមបានផ្តល់ជំនួយទឹកប្រាក់តាមរយៈរូបភាពផ្សេងៗគ្នា ដូចជា ការទិញសំបុត្រចូលទស្សនា ជាវគំនូរ ជាវសម្លៀកបំពាក់ និងផ្តល់ជាទឹកប្រាក់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោក ជំទាវ លីម ម៉ូលីហ្សា ក៏បានប្រកាសអំពីទឹកប្រាក់រៃអង្គាសដែលមានទាំងលោកជំទាវផង និងអ្នកចូលរួមតាមរយៈលោកជំទាវផ្ទាល់ផង សរុបប្រមាណ 10185.84 ដុល្លារ។
តារាបង្ហាញម៉ូដមកពីស្ថាប័ន Miss Grand Cambodia និង តារាបង្ហាញម៉ូដវ័យក្មេងជាច្រើនរូប បានរួមគ្នាដើរបង្ហាញម៉ូដសម្លៀកបំពាក់ និងលើកបង្ហាញគំនូរសម្រាប់ការដេញថ្លៃផងដែរ។ គំនូរជាច្រើនផ្ទាំងគឺជាស្នាដៃរបស់សិល្បករខ្មែរ និងបរទេសប្រមាណ ២៧ នាក់ រីឯសម្លៀកបំពាក់គឺជាខូឡិកហ្សិនមកពីអ្នកច្នៃម៉ូដដ៏មានប្រជាប្រិយភាព លោក ចោម មួយ។ ក្រោយការដេញថ្លៃ គំនូរលក់បានចំនួន ៦ ផ្ទាំង ឯសម្លៀកបំពាក់លក់បានចំនួន ១ ឈុត។ ទឹកប្រាក់ដែលបានពីការដេញថ្លៃ សិល្បករ និងអ្នកច្នៃម៉ូដ ស្ម័គ្រផ្តល់ជាជំនួយទៅកាន់មូលនិធិ កុមារ ឆាលី ។
តាមការឱ្យដឹងពីសិល្បករ ព្រហ្ម ពន្លឺ ដែលត្រូវជាឪពុករបស់ ឆាលី លោកថាជំងឺមហារីករបស់ ឆាលី ឈានដល់ដំណាក់កាលទី ៤។ បច្ចុប្បន្ន ឆាលី ទទួលបានការព្យាបាលដោយបញ្ចប់ការបាញ់កាំរស្មី Proton ចំនួន ៣០ ដង ហើយជំហានបន្ទាប់នឹងធ្វើការព្យាបាលដោយការប្រើគីមីវិញម្តង។ ប្រិយមិត្តក៏អាចធ្វើការបរិច្ចាគបន្តជាទឹកប្រាក់តិចក្តីច្រើនក្តីទៅតាមលទ្ធភាពផងដែរ៕
Article by HEM SOKKHIM (ZM)