មុន គឺជាបញ្ហាស្បែកប្រចាំមួយដែលនរណាៗក៏មិនចង់ឲ្យកើតឡើងនោះឡើយ តែយ៉ាងណាគ្រប់គ្នានៅតែជៀសមិនផុត ជួនតិច ជួនច្រើន ឯអ្នកខ្លះឡើងទៅជាធ្ងន់ធ្ងរក៏មាន។ ការឡើងមុនដងខ្លួនទាំងនេះអាចមកពីករណីផ្សេងៗគ្នា ប៉ុន្តែដើមហេតុបង្កគឺមិនខុសគ្នាឡើយ ជាក់ស្តែង ភាពកខ្វក់ ប្រេង ក្រពេញ Sebum និងធូលីដី ដែលកកស្ទះនៅក្នុងរន្ធរោម រួមផ្សំនឹងបាក់តេរីកកើតឡើងគឺជាមូលហេតុនៃការកើតមុននេះឯង។ ខណៈការព្យាបាលមុនទាំងនេះអាចធ្វើទៅបានតាមរយៈការប្រើថ្នាំប្រភេទ Benzoyl Peroxide ព្រមគ្នានេះយើងក៏អាចព្យាបាលតាមវិធីធម្មជាតិជាមួយឱសថបុរាណផ្ទះបាយដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។ ដូច្នេះប្រសិនបើអ្នកកំពុងមានបញ្ហាមុនលើកន្លែងទាំងនេះ អាចជ្រើសរើសវិធីណាមួយខាងក្រោមមកអនុវត្ត៖
• ប្រទាលក្រពើ និងប្រេងតែ
យកជែលប្រទាលក្រពើ៥ស្លាបព្រាកាហ្វេលាយជាមួយប្រេងដើមតែ Tea Tree ៣-៤ តំណក់ កូរចូលគ្នាឲ្យសព្វរួចយកមកលាបលើតំបន់ស្បែកឡើងមុន ទុកចោលប្រមាណ៣០នាទីសឹមយកក្រណាត់ពូតទឹកមកជូតសម្អាតជាការស្រេច។ បើលាបមិនសព្វអ្នកអាចលាយបន្ថែមតាមបរិមាណខាងលើ។ ប្រេងដើមតែ Tea Tree មានផ្ទុកទៅដោយសារធាតុប្រឆាំងមេរោគ ( anti-microbial) និងសារធាតុប្រឆាំបាក់តេរី (anti-bacterial) យ៉ាងច្រើនលើសលុប។ ចំណែកឯ ប្រទាលក្រពើជួយសម្រួលការរមាស់ និងរលាកស្បែក។ ប្រទាលក្រពើក៏ផ្ទុកទៅដោយសារធាតុប្រឆាំងបាក់តេរី ជាពិសេសការប្រើជាម៉ាសប្រភេទនេះអាចជួយកម្ចាត់មុនលើស្បែក ទ្រូង ខ្នង និងស្មា បានយ៉ាងមានប្រសិទ្ធភាព។
• ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមផ្ទុកទៅដោយសារធាតុសម្លាប់មេរោគ (antiseptic) និងសារធាតុប្រឆាំងបាក់តេរី (anti-bacterial) ដែលជាទូទៅវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំសម្រាប់ផលិតផលព្យាបាលស្បែក។ យ៉ាងណាមិញ យើងក៏អាចប្រើវានៅលើរាងដងខ្លួនដើម្បីព្យាបាលមុនផងដែរ ដោយត្រូវពង្រាវវាជាមួយទឹកសិនដោយសារតែវាមានផ្ទុកនូវធាតុផ្សំខ្លាំងៗមួយចំនួន។ ដើម្បីពង្រាវ យើងត្រូវប្រើទឹកធម្មតាបីដងនៃចំនួនទឹកខ្មេះដែលប្រើ រួចក្រឡុកចូលគ្នាឲ្យសព្វចាក់ដាក់ដបបាញ់ទឹក ហើយធ្វើការបាញ់ទៅលើ ទ្រូង ស្មា និងខ្នង ដោយមិនចាំបាច់លាងទឹកចេញនោះទេ។ ដោយសារតែទឹកខ្មេះប៉ោមមានក្លិនខ្លាំង យើងផ្តល់ដំបូន្មានឲ្យបាញ់នៅមុនពេលចូលគេង រួចធ្វើការលាងសម្អាតចេញនៅពេលព្រឹក។
• Oatmeal និងទឹកឃ្មុំ
Oatmeal អាចជួយសម្រួលការហើមរលាក អាចស្រូបយកជាតិប្រេង ខណៈដែលទឹកឃ្មុំអាចសម្អាតមុនបានល្អបើអនុវត្តជាប្រចាំ។ យក Oatmeal កិនឲ្យម៉ដ្ឋទៅជាម្សៅ រួចលាយជាមួយទឹកឃ្មុំឲ្យក្លាយទៅជាម៉ាស បន្ទាប់មកលាបលើស្បែកទុកចោលរយៈពេល២០នាទីសឹមលាងជម្រះចេញ។
• តែបៃតង
វិធីកាន់តែងាយស្រួល យើងអាចប្រើតែបៃតងធ្វើជាថូនន័រជូតនៅលើស្បែក។ យកតែបៃតង២-៣កញ្ចប់ដាក់ក្នុងទឹកក្តៅឧណ្ហៗរយៈពេល១០នាទី បន្ទាប់មកដកកញ្ចប់តែចេញទុកទឹកឲ្យត្រជាក់ ចាក់ចូលក្នុងដបបាញ់ទឹក ហើយធ្វើការបាញ់ទៅលើកន្លែងស្បែកដែលមានមុន។ តែបៃតងមិនត្រឹមតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ថែមទាំងប្រមូលផ្តុំទៅដោយសារធាតុប្រឆាំងបាក់តេរី រួមទាំងមានតួនាទីជួយសម្រួលការហើមរលាកផងដែរ។
• ល្មៀត និងប្រេងដូង
ធ្វើការលាយប្រេងដូងជាមួយម្សៅល្មៀតឲ្យក្លាយជាល្បាយ ហើយលាបនៅលើបរិវេណដងខ្លួនដែលមានមុន។ ប្រេងដូងអាចដោះស្រាយបញ្ហារន្ធរោមកកស្ទះដោយសម្អាត និងព្យាបាលស្បែកស្ងួត។ សារធាតុ ឡោរិកអាស៊ីត (Lauric acid) ដែលមាននៅក្នុងប្រេងដូងអាចជួយសម្អាតបាក់តេរីដែលបង្កឲ្យកើតមុន។ ចំណែកឯ ល្មៀត ផ្ទុកខ្ពស់ទៅដោយសារធាតុសម្លាប់មេរោគ (antiseptic) និង សារធាតុប្រឆាំងបាក់តេរី (anti-bacterial) ដែលមានសមត្ថភាពក្នុងការព្យាបាលពពួកមុនលើដងខ្លួន។
• ម្សៅ Baking Soda និងទឹកឃ្មុំ
ម្សៅ Baking Soda ផ្ទុកទៅដោយសារធាតុប្រឆាំងការហើមរលាក និងជួយសម្អាតរន្ធរោមបានយ៉ាងល្អ។ លាយម្សៅ Baking Soda ជាមួយទឹកឃ្មុំ រួចលាបនៅលើកន្លែងស្បែកកើតមុន។ បើមិនមានម្សៅ Baking Soda អ្នកអាចយកក្រូចឆ្មារ ឬក្រូចលឿងមួយចំហៀងផ្លែ ច្របាច់លាយជាមួយទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ លាបនៅលើស្បែកទុក២០នាទីរួចលាងទឹកជម្រះចេញ ដែលរូបមន្តនេះវាក៏ជួយសម្អាតទាំងមុន និងព្យាបាលស្បែកក្នុងពេលតែមួយផងដែរ។
ការប្រើប្រាស់ផលិតផលលាងសម្អាតខ្លួនដែលមកជាមួយធាតុផ្សំពី អាស៊ីត Salicylic និង benzyl peroxide, ជ្រើសរើសផលិតផលថែស្បែកដែលប្រើសម្រាប់ស្បែកងាយប្រតិកម្ម, ប្រើសាប៊ូសម្អាតខ្លួនប្រភេទមានសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងមុន, ជម្រុះកោសិកាស្បែកយ៉ាងហោចណាស់មួយអាទិត្យម្តង, លាបឡេការពារកម្តៅថ្ងៃរាល់ពេលចេញក្រៅ, ងូតទឹកបន្ទាប់ពីហាត់ប្រាណដោយសារញើសអាចធ្វើឲ្យរន្ធរោមកកស្ទះ និងបង្កទៅជាមុន, ប្រើសម្លៀកបំពាក់ធ្វើពីក្រណាត់កប្បាស និងជៀសវាងក្រណាត់គីមីសំយោគ, ប្រើស្រោមដៃដុសខ្លួននៅពេលងូតទឹកដើម្បីជម្រុះកោសិកា និងជៀសវាងប្រើសាប៊ូដែលមានជាតិកាត់ខ្លាំង ដោយអាចជំនួសមកប្រើសាប៊ូដែលប្រើគ្រឿងផ្សំពីធម្មជាតិវិញ៕
Article by HEM SOKKHIM