នៅក្នុងចំណោមពិធីករវ័យក្មេង យុវវ័យភាគច្រើនប្រហែលជាបានស្គាល់រួចមកហើយនូវ កញ្ញា មីនជីន ដែលជាពិធីការិនីមួយរូបមានប្រជាប្រិយភាព និងមានទីផ្សារក្នុងកម្មវិធីផ្លូវការធំៗ ជាពិសេសកញ្ញាមានភាពលេចធ្លោមិនចាញ់រៀមច្បងប៉ុន្មានឡើយ។ ជាការពិត មីនជីនត្រូវបានគេស្គាល់ថាជាពិធីការិនីវ័យក្មេងដែលមានទេពកោសល្យក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ។
មីនជីន ឬមានឈ្មោះពិតថា ជាវ ម៉េងគីម កញ្ញាមានបងប្អូន៣នាក់ (ស្រី២ប្រុស១) កញ្ញាជាកូនច្បងក្នុងគ្រួសារ។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ បើនិយាយពីដំណើរដើមទងមុនពេលបោះជំហានក្លាយជាពិធីការិនី មីនជីនបានរំលឹកយ៉ាងដូច្នោះថា កាលពីឆ្នាំ២០១៤ កញ្ញាបានប្រឡងជាប់ក្នុងកម្មវិធី «ស្ពានភាសាចិន» ទទួលបានជ័យលោភីក្នុងចំណោមអ្នកខ្លាំងជួរមុខ ហើយត្រូវបានស្ថានទូតចិន និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជាបញ្ជូនកញ្ញាឲ្យតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅឆាកអន្តរជាតិដែលមានការចូលរួមពីបណ្តាប្រទេសផ្សេងៗ ដែលក្នុងកម្មវិធីនោះមានអ្នកចូលរួមប្រកួតរហូតដល់ទៅ១៣៤នាក់។ ជាលទ្ធផលមីនជីន ទទួលបានទទួលពាន និងជាប់ជាតំណែងលំដាប់រងទី១ ដែលតាំងពីពេលនោះមកធ្វើឲ្យគេចាប់ផ្តើមស្គាល់កញ្ញាជាបណ្តើរៗ។
“វីដេអូដែលខ្ញុំបានសម្តែងនៅចិន ពេលនោះមានការចែករំលែកតៗគ្នាជាច្រើន រហូតដល់ទូរទស្សន៍ MY TV បានអញ្ជើញខ្ញុំចូលរួមជាភ្ញៀវកិត្តិយស និងសម្តែងនៅក្នុងកម្មវិធី «អូឡាឡា» ក្រោយមកទស្សនិកជនចាប់ផ្តើមស្គាល់ខ្ញុំ ហើយខាង MY TV ក៏ហៅខ្ញុំទៅម្តងទៀតផងដែរ។” មីនជីនបានរៀបរាប់ហើយបន្តទៀតថា “ចៃដន់ពេលនោះបុស្តិ៍ខ្សែកាបគេរើសពិធីការិនីហើយមានរៀមច្បងម្នាក់គាត់បានទំនាក់ទំនងឲ្យខ្ញុំចូលសម្ភាសន៍ ខ្ញុំក៏សម្ភាសន៍ជាប់ ហើយចាប់ផ្តើមធ្វើជាពិធីការិនីផ្លូវការតាំងពីពេលនោះមក។”
បោះជំហានជាពន្លកថ្មីលើអាជីពពិធីការិនី កញ្ញារំលឹកថា កាលធ្វើជាពិធីការិនីពីរបីឆ្នាំដំបូង កញ្ញាមិនបានចេញមុខនោះទេ គឺគេឲ្យនិយាយតែនៅក្រោយឆាកប៉ុណ្ណោះ ដោយហេតុមិនទាន់មានបទពិសោធន៍ច្រើន ហើយក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ។ យ៉ាងណាក្តី ការព្យាយាមព្រមជាមួយក្តីសង្ឃឹមបានធ្វើឲ្យពិធីការិនីសម្តីរួសរាយរូបនេះចេះតែវិវឌ្ឍខ្លួនពីមួយកម្រិតទៅមួយកម្រិតទៀត រហូតទទួលបានប្រជាប្រិយភាព និងបានបង្ហាញខ្លួនជាពិធីការិនីក្នុងកម្មវិធីផ្លូវការធំៗដូចជា កម្មវិធីរបស់ក្រសួង និងកម្មវិធីស្ថានទូតចិនជាដើម។ មីនជីន លើកឡើងថា “ការងារជាពិធីការិនីនេះ អាកប្បកិរិយា ការនិយាយស្តីគ្រប់ម៉ាត់គឺពិតជាសំខាន់ ព្រោះពាក្យខ្លះយើងនិយាយបែបផ្លូវការខុសពីការប្រើប្រាស់ប្រចាំថ្ងៃ។”
អាជីពជាពិធីករអាចមើលទៅមិនងាយស្រួលប៉ុន្មានឡើយ តែបើតាមបទពិសោធន៍ឆ្លងកាត់ មីនជីនលើកឡើងយ៉ាងដូច្នេះ “ការចាប់យកអាជីពនេះវាមិនមានផលលំបាកអ្វីច្រើនសម្រាប់ខ្ញុំទេ ព្រោះខ្ញុំធ្លាប់ជាគ្រូបង្រៀនភាសាចិនមួយរូបផងដែរ ដូច្នេះការបង្រៀននៅចំពោះមុខសិស្សជាច្រើនបានធ្វើឲ្យខ្ញុំមានភាពក្លាហានគ្រប់គ្រាន់ មិនខុសពីការធ្វើជាពិធីការិនីឈរលើឆាកនិយាយនៅមុខទស្សនិកជនឡើយ។ តែយ៉ាងណាមានរឿងមួយដែលខ្ញុំតែងជួបគឺគេយល់ច្រឡំថាខ្ញុំជាអ្នកបកប្រែទៅវិញ ព្រោះកម្មវិធីភាគច្រើនខ្ញុំប្រើប្រាស់ជាភាសាចិន និងអង់គ្លេស ទើបឱកាសធ្វើជាពិធីករភាគច្រើនខ្ញុំធ្វើតែឯង និងកម្មវិធីតម្រូវឲ្យនិយាយភាសាបរទេសផង និងនិយាយជាភាសាខ្មែរផង។”
ជជីកសួរអំពីរបៀបនៃការធ្វើការសម្រាប់កម្មវិធី មីនជីនថាអ្វីដែលសំខាន់កញ្ញាត្រូវដឹងអំពីព័ត៌មានលម្អិតរបស់កម្មវិធីឲ្យច្បាស់ជាមុន រួមទាំងរបៀបវារៈ (Agenda scrip) ការស្លៀកពាក់ឲ្យស្របទៅនឹងកម្មវិធី ជាពិសេសក៏ត្រូវដឹងទៅតាមប្រភេទភ្ញៀវដែលចូលរួម ដើម្បីត្រៀមឲ្យច្បាស់ថា គួរនិយាយស្តីបែបណាទើបសមរម្យសម្រាប់ពួកគាត់។
វ័យទើប២៥ឆ្នាំ ប្រឡូកការងារកម្មវិធីច្រើនរាប់មិនអស់ កញ្ញាបាននិយាយទាំងញញឹមយ៉ាងដូច្នេះ “ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះ ហើយខ្ញុំនៅតែមានចិត្តចង់រៀនសូត្របន្ថែមពីវិស័យនេះផងដែរ។ ខ្ញុំតែងតែរៀនសូត្រតាមរៀមច្បងជាច្រើនរូបនូវចំណុចល្អៗដែលពួកគាត់មាន។”
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន មីនជីន បានចែករំលែកថា “ មិនថាអ្នកចង់ធ្វើអ្វីក៏ដោយបើរៀនភាសាត្រូវតែរៀនឲ្យចេះ កុំរៀនតែតាមសៀវភៅ តែក៏ត្រូវរៀនអនុវត្តផងដែរ ហើយបើចង់ប្រឡងអ្វីគឺត្រូវតែសាកល្បង កុំខ្លាច ព្រោះឱកាសមិនមែនចេះតែមាននោះទេ ត្រូវក្លាហាន ហ៊ានបញ្ចេញសមត្ថភាពដែលខ្លួនមាន និងឈោងចាប់ក្តីស្រមៃ”៕
Article by SOUNG SOKSAN