ម្ហូបអាហារដ៏ពេញនិយមនាំលាភសំណាងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន
TRAVEL & LIVING 2 years agoពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានមកដល់ រីឯបងប្អូនជនជាតិចិន ឬជាប់ស្រឡាយចិន (ខ្មែរ-ចិន) មួយចំនួនកំពុងតែមមាញឹករៀបចំតុបតែងគេហដ្ឋាន ក៏ដូចជារៀបចំបន្លែផ្លែឈើស្រស់ៗត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំចិនផងដែរ។ យ៉ាងណាមិញ បើទោះបីជាមានភាពមមាញឹកក៏ដោយ ប៉ុន្តែគេនៅប្រកាន់ភ្ជាប់នូវជំនឿលើការបរិភោគម្ហូបអាហារដែលនឹងនាំលាភសំណាងដល់ក្រុមគ្រួសាររបស់ពួកគេផងដែរ។ ហេតុដូច្នេះ សូវរីន នឹងណែនាំពីប្រភេទអាហារមួយចំនួនដែលគេរំពឹងទុកថានឹងនាំលាភសំណាងសម្រាប់ឆ្នាំថ្មីនេះដូចខាងក្រោម៖
១. ស៊ុបត្រចៀកកាំ: ស៊ុបត្រចៀកកាំ ត្រូវបានគេដឹងថាជាប្រភេទម្ហូបដ៏បុរាណមួយរបស់ជនជាតិចិនដ៏យូរលង់ណាស់មកហើយ ជាធម្មតាគេច្រើនទទួលទាននៅថ្ងៃចូលឆ្នាំជាមួយសមាជិកក្រុមគ្រួសារ ដើម្បីរក្សាសុភមង្គលជាដរាបទៅ។ ជាក់ស្តែង តាមរយៈជំនឿនេះដែរពីជំនាន់មួយ ទៅជំនាន់មួយទៀតគេពុំដែលរំលងការបរិភោគស៊ុបត្រចៀកកាំឡើយ។ យ៉ាងណាមិញតាមការរំពឹងទុកនៅក្នុងឆ្នាំ២០២៣នេះ ស៊ុបត្រចៀកកាំនឹងផ្តល់នូវសេចក្តីសុខសាន្តដល់ក្រុមគ្រួសារ ដូច្នេះអ្នកពុំគួររំលងការទទួលទានស៊ុបត្រចៀកកាំនោះទេ។
២. ម្ហូបដែលចម្អិនពីសាច់ត្រី: ជាធម្មតា គេអាចចម្អិនជាច្រើនមុខម្ហូបអាហារទៅតាមចំណង់ចំណូលចិត្តផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈជំនឿរបស់ប្រពៃណីចិនបុរាណបានឲ្យដឹងថាការទទួលទានសាច់ត្រីនឹងផ្តល់នូវទ្រព្យលាបសំណាងដល់ក្រុមគ្រួសារផងដែរ ដូច្នេះហើយគេពុំដែលរំលងការទទួលសាច់ត្រីនោះឡើយ។
៣. ម្ហូបបួស: នៅក្នុងប្រពៃណីចិនគេពុំដែលរំលងនូវម្ហូបបួសឡើយ ក៏ព្រោះតែវាជាប្រភេទម្ហូបអាហារដែលតំណាង និងបញ្ជាក់ពីភាពបរិសុទ្ធ សន្តិភាពសម្រាប់ក្រុមគ្រួសារ និងរក្សាអាយុវែងផងដែរ។ តួយ៉ាង សម្រាប់ម្ហូបបួសទាំងនេះគឺគេកំណត់ឲ្យមានប្រភេទបន្លែដូចជា៖ តៅហ៊ូ ទំពាំង សណ្តែកបណ្តុះ រួមទាំងការបន្ថែមនូវប្រភេទបន្លែបន្ទាប់បន្សំ ឬគ្រឿងទេសផ្សេងទៀតរួមមាន៖ ខ្ញី ទឹកស៊ីអ៊ីវ និងខ្ទឹមសផងដែរ។
៤. គ្រាប់ធញ្ញជាតិ: គ្រាប់ធញ្ញជាតិក៏ជាផ្នែកមួយដែលនាំសំណាងសម្រាប់ក្រុមគ្រួសារដែលតំណាងឲ្យការរួបរួមសាមគ្គីគ្នានៅក្នុងរង្វង់គ្រួសារផងដែរ។ គ្រាប់ធញ្ញជាតិទាំងនោះគេនឹងត្រូវតម្រូវឲ្យមានការរៀបចំដាក់ថាសតែមួយដោយមានច្រើនប្រភេទ ដូចជា៖ ត្រណាប់ផ្លែឈើ ស្ករគ្រាប់ ឬប្រភេទធញ្ញជាតិជាដើម។
៥. ផ្លែឈើ: ផ្លែក្រូច ជាប្រភេទផ្លែឈើដ៏ពេញនិយមដែលគេពុំដែលរំលងនោះឡើយ។ ជាក់ស្តែង ក្រៅពីផ្លែក្រូចនោះ ផ្លែទទឹមក៏ជាផ្លែឈើដែលនាំលាភសំណាងសម្រាប់ឆ្នាំថ្មីនេះដែរ ជាពិសេស ក្រុមគ្រួសារដែលទើបតែរៀបអាពាហ៍ពិពាហ៍បម្រុងនឹងមានបុត្រ។ គេមានជំនឿថាផ្លែទទឹមនឹងផ្តល់នូវសុភមង្គលដល់បុត្រា បុត្រីឲ្យមានប្រាជ្ញាឆ្លាតវៃផងដែរ៕
Article by PAN SIVLY