រដូវបុណ្យចូលឆ្នាំខ្មែរបានកន្លងផុតទៅហើយ។ ក្រៅពីការអបអរសាទរទទួលឆ្នាំថ្មីនៅផ្ទះ ប្រជាជនខ្មែរខ្លះបានធ្វើដំណើរកម្សាន្ដទៅតាមបណ្តាខេត្តនានា។ ទោះបីជាការធ្វើដំណើរកម្សាន្តផ្ដល់ឲ្យយើងនូវអារម្មណ៍រីករាយក៏ពិតមែន ប៉ុន្តែវាតែងតែបន្សល់នូវបញ្ហាស្បែក ដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ក្រោយដំណើរកម្សាន្តត្រូវបានបញ្ចប់។ កម្តៅកាំរស្មី UV របស់ព្រះអាទិត្យអាចបំផ្លាញស្បែករបស់អ្នក ដោយនាំឲ្យស្បែកប្រែពណ៌ និងស្ងួត ហើយងាយនឹងប្រតិកម្មយ៉ាងរហ័ស។ យ៉ាងណាមិញ ដើម្បីថែទាំស្បែករបស់អ្នកពីការបំផ្លាញនៃកម្ដៅព្រះអាទិត្យ សូវរីនសូមណែនាំគន្លឹះថែរក្សាស្បែកមួយចំនួនដែលអាចជួយឲ្យមិត្តនារីទាំងឡាយទទួលបានស្បែកទន់រលោង និងមានសំណើមមកវិញ។
១. ប្រើម៉ាស
ក្រោយពេលធ្វើដំណើរកម្សាន្ដរួច ជម្រើសដ៏ល្អបំផុតក្នុងការជួសជុលស្បែកនោះ គឺការអប់ស្បែកជាមួយនឹងម៉ាសធម្មជាតិ។ វាមិនត្រឹមតែជួយព្យាបាលស្បែកពីការរលាក និងស្ងួតប៉ុណ្ណោះទេ វាក៏ការពារស្បែកពីការខូចបន្ថែមទៀតផង។ ម៉ាសបិតមុខ និងខ្លួន គឺជាវិធីដ៏ងាយ ហើយពេញនិយមប្រើណាស់ ព្រោះថាវាអាចជួយឲ្យផ្ទៃមុខ និងដងខ្លួនរបស់អ្នកឲ្យមានសំណើមបានយ៉ាងឆាប់រហ័ស។ អ្នកអាចប្រើម៉ាសធម្មជាតិ (ម៉ាសចេក ម៉ាសរមៀត ម៉ាសប្រទាលកន្ទុយក្រពើ ម៉ាសប៊័រ និងម៉ាសគុជខ្យង ជាដើម) ឬអាចរកទិញបាននៅតាមផ្សារ និងឱសថស្ថានមួយចំនួន។ ដាក់ម៉ាសនៅលើមុខ ឬដងខ្លួនអ្នកប្រហែល ១៥នាទីហើយលាងជម្រះវាចេញ នោះស្បែករបស់អ្នកនឹងទទួលបាននូវសំណើម ហើយចំណាយអស់ថវិកាតិចទៀតផង។
២. ប្រើក្រែម ឬឡេរក្សាសំណើម
ស្បែកគឺជាផ្នែកមួយដែលងាយទទួលរងនូវការប៉ះពាល់ខ្លាំងជាងគេនៅពេលដែលអ្នកធ្វើដំណើរចេញទៅខាងក្រៅ។ ដើម្បីថែទាំស្បែកពីការប៉ះពាល់នៃកម្ដៅព្រះអាទិត្យ អ្នកគួរតែចៀសវាងផលិតផលដែលមានសារធាតុកាត់ដូចជា បារត (Mercury) ព្រោះវាជាសារធាតុគីមីដែលមានជាតិពុល (ភាគច្រើនមានផ្ទុកនៅក្នុងផលិតផលធ្វើឲ្យស្បែកស) ដែលអាចធ្វើឲ្យស្បែករបស់អ្នកឡើងកន្ទួល ស្នាមអុចៗ និងប្រែពណ៌ប្រផេះជាដើម។ អ្នកគួរតែជ្រើសរើសជែល ឬឡេ ដែលផ្ដល់សំណើមដល់ស្បែកខ្ពស់ដូចជា ជែលដែលមានសារធាតុប្រទាលកន្ទុយក្រពើ (Aloe Vera) និងឡេផ្ដល់សំណើម (Moisturizer) ដោយសារវាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលស្បែកពីការប៉ះពាល់នៃកម្តៅកាំរស្មីពន្លឺព្រះអាទិត្យ។
៣. របបអាហារ
ការដែលស្បែកមានសុខភាពល្អ និងរឹងមាំ មិនមែនពឹងផ្អែកតែលើផលិតផលថែរក្សាស្បែកមួយមុខនោះទេ។ កត្តាសុខភាពរាងកាយក៏មានសារៈសំខាន់ តាមរយៈរបបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃផងដែរ។ អ្នកសិក្សាបានណែនាំឲ្យបរិភោគអាហារ ឬផ្លែឈើដែលមានវីតាមីនដូចជា A, B, C, E និងជាតិដែកឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានស្បែកដែលមានសំណើម និងទន់រលោងចេញពីខាងក្នុង។ ក្រៅពីវីតាមីន អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា ត្រី សាច់ សណ្ដែក និងគ្រាប់ធញ្ញជាតិ ជាដើម។
៤. ផឹកទឹកឲ្យបានគ្រប់គ្រាន់
ពុំមែនតែស្បែកអ្នកទេដែលត្រូវការទឹក សព៌ាង្គកាយទាំងមូលរបស់អ្នកក៏ត្រូវការជាតិទឹកជាចាំបាច់ដែរ។ ការទទួលទានទឹកច្រើន ស័ក្តិសមបំផុតចំពោះអ្នកដែលទើបតែមានដំណើរកម្សាន្តរួច ព្រោះកម្ដៅថ្ងៃ និងខ្យល់អាប់អួរនៃបរិយាកាសខាងក្រៅតែងតែធ្វើឲ្យស្បែកស្ងួត និងខ្សោះជាតិទឹក។ ដូចនេះ ផឹកទឹកឲ្យបានច្រើនអាចជួយធ្វើឲ្យអ្នកមានសុខភាពល្អ ហើយវាក៏ធ្វើឲ្យស្បែកមានសំណើមទៅតាមនោះដែរ។ បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត គេតម្រូវអោយមនុស្សយើងម្នាក់ៗផឹកទឹកឲ្យបាន៨កែវ ទៅ១២កែវ ក្នុងមួយថ្ងៃ ដើម្បីរក្សាលំនឹងនៃសីតុណ្ហភាពនៅក្នុងខ្លួន ជាពិសេស ធ្វើឲ្យរាងកាយរបស់យើងមានជាតិទឹកគ្រប់គ្រាន់តែម្ដង។ លើសពីនេះ ទឹកដែលមានសារធាតុរ៉ែ ក៏មានសារធាតុចិញ្ចឹម និងប្រយោជន៍ច្រើនដល់សុខភាព ហើយវាអាចជួយបង្កើនជាតិទឹកនៅក្នុងសព៌ាង្គកាយអ្នកក៏ដូចជាស្បែករបស់អ្នកផងដែរ។
៥. និយាយថាទេ ចំពោះទឹកក្ដៅ
អ្នកប្រហែលជាយល់ច្រឡំថាការងូត ឬត្រាំនៅក្នុងទឹកក្ដៅឧណ្ហៗ អាចធ្វើឲ្យស្បែកអ្នកមានសំណើម។ ប៉ុន្តែតាមពិតទៅ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត គេសង្កេតឃើញថាការងូត ឬត្រាំនៅក្នុងទឹកក្ដៅយូរធ្វើឲ្យស្បែកស្ងួត ព្រោះថានៅពេលងូតទឹក វាបានលាងសម្អាតជាតិខ្លាញ់ ដែលមាននៅលើស្រទាប់ស្បែករបស់អ្នក ហើយវានឹងធ្វើឲ្យរន្ធញើសអ្នកឲ្យកាន់តែរីកធំ។ ជាពិសេស ចំពោះអ្នកដែលមានសុខភាពស្បែកខ្សោយ (ទើបតែនៅក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ) អ្នកងូតទឹកក្ដៅកាន់តែយូរជាតិទឹកចេញពីខ្លួនអ្នកក៏ច្រើនដែរ ពីព្រោះតែរន្ធញើសធំហើយគ្មានស្រទាប់ (ជាតិខ្លាញ់) ជួយបាំងកុំឲ្យជាតិទឹកចេញពីខ្លួនអ្នក។ ជម្រើសដ៏ល្អសម្រាប់អ្នកដែលទើបនៅក្រោមកម្ដៅថ្ងៃយូរនោះ គឺការងូតទឹកនៅសីតុណ្ហភាពត្រជាក់ធម្មតាដែលអ្នកធ្លាប់ប្រើជាប្រចាំថ្ងៃ។ សូមផ្ដល់សំណើមដល់ស្បែករបស់អ្នកឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងការខូចស្បែកពីកម្ដៅព្រះអាទិត្យ៕
Article by NI CHANNIKA