×

ខ​ូកូ​បារ​ ​ហាង​កាហ្វេ​បែប​បរិយាកាស​ឆ្នេរសមុទ្រ​និម្មិត​ថ្មី​

NEWS 12 months ago
 
 

          ហាង​កាហ្វេ​ ខូកូ​បារ​ ​ឬ​ ​«​Co​ko​bar​ ​coffee​ ​and​ ​tea​»​ ​ជា​ហាង​កាហ្វេ​បែប​កណ្តាលវាល​ (​outdoor​) ​ទើប​បើក​ថ្មី​មួយ​កន្លែង​ដែល​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៣​៦​៩​ ​ក្នុង​សង្កាត់​ព្រែក​ប្រា​ ​ខណ្ឌ​ច្បារអំពៅ​ ​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​យើង​នេះឯង​។​ ​លើស​ពី​ត្រឹម​ជា​ហាង​បម្រើ​សេវាកម្ម​កាហ្វេ​ធម្មតា​ ​ហាង​នេះ​មាន​ចំណុច​ទាក់ទាញ​ប្លែក​ខុស​ពី​បណ្តា​ហាង​កាហ្វេ​នានា​ក្នុង​ទីក្រុង​ដែល​យើង​ធ្លាប់ទៅ​កន្លងមក​ ​ជាពិសេស​គឺ​ ​បរិយាកាស​តែម្តង​។​ ​ផ្នត់គំនិត​នៃ​កា​របើក​ហាង​នេះ​គឺ​បាន​ទទួល​ឥទ្ធិពល​ពី​បរិ​យ​កាស​ធម្មជាតិ​នៃ​ព្រៃ​តំបន់​ត្រូពិក​និង​ឆ្នេរសមុទ្រ​មក​ផ្សំ​បញ្ចូល​គ្នា​ ​ដោយ​យក​ផ្ទៃ​ពណ៌​ស​និង​រុក្ខជាតិ​បៃតង​ធ្វើជា​គោល​សម្រាប់​ការ​តុបតែង​។​

          ​ដើមដូង​ពីរ​ដើម​ដែល​ដុះ​ក្បែរ​គ្នា​នៅ​ចំកណ្ដាល​ហាង​ជាដើម​ឈើ​ដែល​មានស្រាប់​នៅ​ទីនេះ​ ​ប្រៀបបានទៅ​នឹង​និម្មិត​រូប​នៃ​ឆ្នេរខ្សាច់​ដែល​មាន​ដើមដូង​ទន់​ទេរ​ ​អម​ដោយ​ស្លឹក​បក់​រេរាំ​តាម​វាយោ​សមុទ្រ​ ​បង្កើត​បានជា​ទិដ្ឋភាព​ធម្មជាតិ​មាត់សមុទ្រ​ដ៏​ស្រស់​ស្អាត​បំផុត​និម្មិត​កាយ​ឡើង​កណ្តាល​ក្រុងភ្នំពេញ​។​ ​ធម្មជាតិ​ ​រុក្ខជាតិ​ ​និង​ស​ម្លេ​ង​ចាប​គឺជា​អ្វី​ដែល​ខូកូ​បារ​ចង់​ផ្ដល់ឲ្យ​អតិថិជន​ទាំងអស់​ដើម្បី​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ​សម្មា​ធិ ​និង​ភាព​ស្ងប់​ក្នុង​ចិត្ត​ ​ឆ្លើយតបនឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​សិស្ស​ ​និស្សិត​ ​ដែល​មិន​ត្រូវការ​សំឡេង​រំខាន​ក៏ដូចជា​សម្រាប់​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​បរិស្ថាន​ស្អាត​ពិតៗ​។

          ​លោក​ ​កែវ​ ​សុង​ ​ស្ថាបនិក​ហាង​ ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​កា​របើក​ហាង​ថា​ “ ​ផ្ដើម​ចេញពី​ការស្វែងរក​កន្លែងធ្វើការ​និង​ជា​អ្នក​ស្រលាញ់​ធម្មជាតិ​មួយ​រូប​ ​ខ្ញុំ​ពិបាក​ស្វែងរក​កន្លែងណា​ដែល​ស័ក្តិសម​ដើម្បី​ធ្វើការងារ​នេះ​។​ ​ខ្ញុំ​បាន​ស្វែងរក​ហាង​កាហ្វេ​ជាច្រើន​ជាពិសេស​នៅ​តាម​តំបន់​ជាយ​ក្រុងភ្នំពេញ​ដែល​មិនសូវ​សំបូរ​ដោយ​ការ​បំពុល​ពី​ផ្សែង​ឡាន​ម៉ូតូ​និង​ល្អងធូលី​ពុល​ពី​ការដ្ឋាន​សាងសង់​អគារ​ខ្ពស់​ៗ​ ​តែ​នៅតែ​មិន​ត្រូវចិត្ត​។​ ​ខ្លះ​នៅ​ឆ្ងាយ​ពេក​ ​ខ្លះ​តូច​ពេក​ ​ខ្លះ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​ដើ​រយឺត​ពេក​ ​ហើយ​ខ្លះ​ក៏​រ​ញ៉េ​រ​ញ៉ៃ​ពេក​ ​រហូត​នឹកភ្នក​ដល់​ការ​បង្កើត​កន្លែង​ខ្លួនឯង​និង​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​កន្លែង​ដូច​ខ្ញុំ​ ​ក៏​សម្រេច​ចិត្ត​កែច្នៃ​ដី​ក្រោយផ្ទះ​មួយ​កន្លែង​ ​ឲ្យ​ក្លាយទៅជា​ហាង​កាហ្វេ​ធម្មជាតិ​និង​ស្ងប់ស្ងាត់​ជាទីបំផុត​” ​។​

          ​លោក​បាន​បន្ថែម​ថា​ ​អាជីវកម្ម​នេះ​ជួយ​សម្រួល​ដល់​អ្នក​ច្បារអំពៅ​ភាគច្រើន​មាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​ ​ពិសេស​អ្នក​រស់នៅ​ក្នុង​សហគមន៍​បុរី​ប៉េង​ហួត​បឹង​ស្នោ​ ​និង​បុរី​ក្បែរ​ខាង​ជាច្រើន​ទៀត​ ​ដោយ​ពុំ​ចាំបាច់​ឡើង​ទៅ​ធ្វើការ​នៅកណ្ដាល​ក្រុង​។​ ​ម្យ៉ាង​វិញទៀត​ ​នៅ​ច្បារអំពៅ​ ​ជាពិសេស​ផ្លូវ​មក​សង្កាត់​ព្រែក​ប្រា​ ​សម្បូរ​តែ​ហាង​កាហ្វេ​ដែល​ផ្តោត​ទៅលើ​អតិថិជន​ក្នុង​តំបន់​ក្បែរ​ៗ​នោះ​ ​ដោយ​គ្រាន់តែ​មក​អង្គុយលេង​ធម្មតា​ ​និង​បម្រើ​នូវ​កាហ្វេ​ដែល​កិន​ស្រាប់​ៗ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ (​កាហ្វេ​ហ្វី​ន​) ​ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​រក​កន្លែង​ធម្មជាតិ​ស្ងប់ស្ងាត់​មិន​មាន​ភាព​រ​ញ៉េ​រ​ញ៉ៃ​ដើម្បី​បំណង​ធ្វើការ​ ​គឺ​ពិបាក​ស្វែងរក​ណាស់​។​

          ​ក្រៅពី​បរិយាកាស​ ខូកូ​បារ​ក៏​សម្រិតសម្រាំង​នូវ​ជម្រើស​ភេសជ្ជៈ​ប្រចាំ​ហាង​ ​ដោយមាន​ឆ្លងកាត់​ការសាកល្បង​រសជាតិ​ពី​អ្នក​កាហ្វេ​និយម​ដែល​មាន​បទពិសោធន៍​។​ ​ដូចនេះ​ហើយ​ ​កាហ្វេ​ទីនេះ​មិន​ខ្លាំងពេក​ ​ដែល​ធ្វើឲ្យ​ពិសា​ហើយ​ឈឺក្បាល​ ​វិលមុខ​ ​មិន​ស្រួលខ្លួន​ ​ឬ​ ​ខ្សោយ​ពេក​សាប​រសជាតិ​នោះ​ឡើយ​។​ ​បន្ថែម​លើ​ជម្រើស​កាហ្វេ​ឈ្ងុយឆ្ងាញ់​ ​ក៏មាន​ជា​ប្រភេទ​ភេសជ្ជៈ​ប្រចាំ​ហាង​ដោយ​មានឈ្មោះ​ជា​ក្រុម​ ​ហៅថា​ ​«​T​h​e​ ​M​inter​»​ ​ដោយ​ក្នុង​នោះ​រួម​មាន​ ​Lat​t​e​ ​Mint​ (​កាហ្វេ​ ​Men​t​h​o​l​ ​រសជាតិ​ប្រហើរ​ត្រជាក់​បំពង់ក​), ​Milky​ ​Mint​ (​ទឹកដោះគោ​ស្រស់​ ​Men​t​h​o​l​), ​Thai​ ​Mint​ ​Tea​ (​តែ​រសជាតិ​ ​Men​t​h​o​l​) ​និង​ C​h​o​co​ ​Mint​ (​សូ​កូឡា​ ​Men​t​h​o​l​) ​។​ ​ក្រៅពី​កាហ្វេ​ ​តែ​គុ​ជ​ គ្រី​ម​ឈី​ស​ ​និង​ភេសជ្ជៈ​ជា​ច្រើនមុខ​ ​ក៏មាន​ជា​អាហារសម្រន់​ជា​នំ​ប៉័​ង​ស្រស់​ៗ​ធ្វើ​មួយថ្ងៃ​លក់​មួយថ្ងៃ​ ​កុម្ម៉ង់​ជាពិសេស​ពី​ហាង​នំ​ប៉័​ង​ក្នុងស្រុក​ដ៏​ល្បីឈ្មោះ​។​ ​ឆាប់ៗ​នេះ​ ​ក៏​នឹង​មាន​មី​ប្រចាំ​ហាង​ទៀត​ផង​។

          ​ម្ចាស់​ហាង​ក៏បាន​បង្ហើប​ដែរ​ថា​ ​ទីនេះ​នឹង​ក្លាយទៅជា​កន្លែង​ជួបជុំ​ដ៏​ល្អ​បំផុត​តាំងពី​ព្រឹកព្រលឹម​រហូតដល់​យប់ជ្រៅ​ដែល​មាន​ទាំង​ម្ហូបអាហារ​ ​ទាំង​ភេសជ្ជៈ​ ​ច្រើន​ជម្រើស​តាមចំណូលចិត្ត​ភ្ញៀវ​ ​ព្រមទាំង​គម្រោង​បង្កើត​នូវ​ភេសជ្ជៈ​ដ៏​ឈ្ងុយឆ្ងាញ់​បន្ថែម​ទៀត​ដែល​កំពុង​មានវត្តមានក្នុង​ហាង​ល្បី​ៗ​នៅកណ្ដាល​ក្រុងភ្នំពេញ​មក​បំពេញ​តម្រូវ​ការ​អ្នក​ប្លុក​ច្បារអំពៅ​៕​

Article by SRINSOKMEAN


SUGGESTIONS