ជាទូទៅក្នុងការចម្អិនម្ហូបយើងតែងមិនរំលងឡើយនូវការប្រើប្រាស់ប្រេងក្នុងមុខម្ហូបដូចជាឆា ចៀន និងបំពងជាដើម។ ដោយឡែក ក្រៅពីមុខម្ហូបប្រភេទទាំងនេះ យើងក៏អាចយកប្រេងសរីរាង្គមួយចំនួនមកបន្ថែមលើមុខម្ហូបផ្សេងទៀត សម្រាប់ជាគ្រឿងផ្សំជំនួយក្លិន បន្ថែមរសជាតិ និងសោភណភាពអាហារកាន់តែគួរឱ្យចង់ទទួលទាន ជាពិសេស នៅក្នុងរូបមន្តមុខម្ហូបបរទេសតែម្តង។ អាស្រ័យហេតុនេះ សូវរីន សូមលើកយកប្រេងចំនួនបីប្រភេទ មកផ្សំលាយបញ្ចូលជាមួយមុខម្ហូប ជូនប្រិយមិត្តបានជ្រាប។
សាលាដសាច់ក្តាមប្រេងម្ទេស
គ្រឿងផ្សំ៖ សាច់កា្តម ២០០ក្រាម (ស្ងោរឆ្អិនបកយកតែសាច់), ប្រេងម្ទេស ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ មួយស្លាបព្រាបាយ, ម៉ាយូណេសផ្អែម ២ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទឹមក្រហម ១មើម, ឆៃថាវបណ្តុះ និងពោតបារាំង តាមចំណូលចិត្ត, សំបកក្រូចឆ្មារលឿង (កោសយកជាកម្ទេច) កន្លះស្លាបព្រាបាយ
គ្រឿងផ្សំទឹកជ្រលក់៖ ខ្ទឹមក្រហម ១មើម, អំបិល ៥ក្រាម, កូនឆៃថាវក្រហម ១០០ក្រាម, ទឹកខ្មេះ ១០០ក្រាម, ទឹកស៊ីអីុវ ៥ក្រាម, ទឹកម្ទេស Tabasco ១០តំណក់
វិធីធ្វើ៖ ចាប់ផ្តើមដំបូង ត្រូវយកសាច់ក្តាម ប្រេងម្ទេស ទឹកក្រូចឆ្មារ ម៉ាយូណេសផ្អែម អំបិល កម្ទេចសំបកក្រូចឆ្មារលឿង មកច្របល់បញ្ចូលគ្នាទុកមួយអន្លើ។ បន្ទាប់មកយកកូនឆៃថាវក្រហម ខ្ទឹមក្រហម អំបិល ទឹកខ្មេះ ទឹកស៊ីអីុវ ទឹកម្ទេស Tabasco ទៅក្រឡុកឱ្យម៉ដ្តល្អ។ បន្ទាប់មកយកល្បាយនោះទៅត្រងយកតែទឹក រួចយកទៅក្លាសេឱ្យត្រជាក់។ ចុងក្រោយ គ្រាន់តែយកមករៀបចំដាក់លើចានដូចក្នុងរូបជាការស្រេច។
ត្រីធូណាទឹកជ្រលក់ផ្សិត
គ្រឿងផ្សំ៖ ត្រីធូណា ២០០ក្រាម, ប្រេងអូលីវ (Extra virgin olive oil) ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ កន្លះស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ទំពាំងបារាំង តាមចំណូលចិត្ត (ស្រុសឲ្យឆ្អិន), បន្ទះបាយក្តាំងបំពងស្រួយ តាមចំណូលចិត្ត
គ្រឿងផ្សំទឹកជ្រលក់ផ្សិត៖ ផ្សិតតុងកូវស្រស់ ៥០០ក្រាម (ហាន់ល្អិតៗ), ខ្ទឹមក្រហម ១០០ក្រាម (ហាន់ល្អិតៗ), អំបិល ៥ក្រាម, ប្រេងអូលីវ ២ស្លាបព្រាបាយ, ទឹកខ្មេះ ៥០ក្រាម, ស្រាស ១៥០ក្រាម, ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ, ម្សៅ Santana ១ស្លាបព្រាកាហ្វេ, ទឹកធម្មតា ២លីត្រ
វិធីធ្វើ៖ ដំបូង យកត្រីធូណាទៅលាងទឹកឱ្យស្អាត រួមយកក្រដាសមកផ្តិតយកជាតិទឹកចេញសាច់ត្រីឲ្យអស់ល្អ។ យកសាច់ត្រីហាន់ជាចំណិតដុំៗតូមល្មម សឹមយកទៅលាយជាមួយគ្រឿងផ្សំដូចជា ប្រេងអូលីវ ទឹកក្រូចឆ្មារ និងអំបិលទុកមួយឡែក។ ចាប់ផ្តើមធ្វើទឹកជ្រលក់ ដោយដាក់ដាំខ្ទះ ចាក់ប្រេងអូលីវចូល ដាក់ផ្សិត ខ្ទឹមក្រហម អំបិល ទឹកខ្មេះ ស្រាស ម្រេចគ្រាប់ ឆាច្របល់៥នាទី សឹមចាក់ទឹកចូល រម្ងាស់ទុកចោលរយៈពេល៣ម៉ោងដោយប្រើភ្លើងល្មម។ បន្ទាប់មកត្រងយកតែទឹក រួចបន្ថែមម្សៅ Santana រួចភ្លក់រសជាតិតាមចំណូលចិត្ត។ ជាចុងក្រោយយកសាច់ត្រីដែលលាយគ្រឿងរួចនោះមករៀបចំដាក់លើចានដូចក្នុងរូប និងស្រោចទឹកជ្រលក់ជាការស្រេច។
ស៊ុបបង្កង បន្លែប្រេងល្ង
គ្រឿងផ្សំ៖ បង្កង ៤០០ក្រាម, ប្រេងល្ង ២ស្លាបព្រាបាយ, ប៊័រ ៥០ក្រាម, ស្ពៃពុយឡេង ១០០ក្រាម, ការ៉ុត ១០០ក្រាម, ល្ពៅ ១០០ក្រាម, ដំឡូងជ្វា ១០០ក្រាម, ម្រេច មួយចឹប, ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាកាហ្វេ, ទឹកធម្មតា ១លីត្រ
វិធីធ្វើ៖ ដាក់ឆ្នាំងដាំទឹក ដាក់បន្លែចូលដូចជា ការ៉ុត ល្ពៅ ដំឡូងជ្វា និងក្បាលបង្កងចូល សឹមបន្ថែមអំបិល ម្រេច ម្សៅស៊ុប រម្ងាស់រហូតដល់ពុះ រួចស្រង់យកក្បាលបង្កងចេញ ទើបយកទៅក្រឡុកបញ្ចូលគ្នាឱ្យម៉ដ្តក្លាយជាល្បាយតែមួយ។ ជំហានបន្ទាប់ យកខ្លួនបង្កងបកសម្បកចេញ រួចដាក់ដាំខ្ទះឲ្យក្តៅ ដាក់ប៊័រចូល ដាក់បង្កងចៀនរហូតដល់ឡើងក្រហម និងឆ្អិនល្អ។ បន្ទាប់មក យកស្ពៃពុយឡេង ទៅស្រុសជាមួយទឹកក្តៅ រួចយកទៅលាងជាមួយទឹកត្រជាក់ ហើយច្របាច់យកជាតិទឹកចេញឱ្យអស់សិន សឹមយកទៅច្របល់ជាមួយប្រេងល្ង និងអំបិលបន្តិច។ ចុងក្រោយ យកស្ពៃមកដាក់ក្នុងចាន រៀបបង្កងដាក់ពីលើ និងចាក់ស៊ុបចូលជាការស្រេច។ ដើម្បីទទួលបានឱជារសកាន់តែឆ្ងាញ់ពិសា គួរទទួលទានពេលក្តៅៗ បន្ទាប់ពីចម្អិនរួចភ្លាមៗ៕
ឈុតបង្អែមនំប៉័ង-ការ៉េម Purée រសជាតិប្ល៊ូប៊័ររី
គ្រឿងផ្សំ៖ នំបុ័ងបន្ទះ ៦បន្ទះ, ប្រេងអូលីវ ៣ស្លាបព្រាបាយ, ទឹករសជាតិវ៉ានីឡា ២ស្លាបព្រាបាយ, ការ៉េមរសជាតិតាមចំណូលចិត្ត, ផ្លែស្រ្តប៊័ររី បន្តិច
គ្រឿងផ្សំ Blueberry Purée៖ ផ្លែប៊្លូប៊័ររី ១៥០ក្រាម, ម្សៅវ៉ាន់នីឡា ១ស្លាបព្រាកាហ្វេ, ស្ករស ៣០ក្រាម, ទឹក ១០០មីលីលីត្រ
វិធីធ្វើ៖ ដំបូងយើងយកផ្លែ ផ្លែប៊្លូប៊័ររី មកលាយជាមួយស្ករស ម្សៅវ៉ាន់នី និងទឹក រួចរម្ងាស់រយៈពេល១០ទៅ១៥នាទី ដោយប្រើភ្លើងតិចៗ រួចកូរចុះកូរឡើងរហូតដាច់ទឹក និងឡើងខាប់ទើបដាក់ចុះ។ បន្ទាប់មក យកល្បាយនោះមកច្របាច់ឱ្យបែកចូលគ្នាឱ្យម៉ដ្តល្អ រួចដាក់ក្លាសេទុកឱ្យត្រជាក់។ បន្ទាប់មក យកនំបុ័ង៣បន្ទះទៅអាំងឲ្យក្រៀម រួចដំឱ្យក្លាយជាកម្ទេចៗទុកមួយឡែក។ យកប្រេងអូលីវមកលាយជាមួយទឹករសជាតិវ៉ាន់នីឡា សឹមយកទៅលាបពីលើនំបុ័ង (នំបុ័ងកាត់ជាទម្រង់មូលឬជ្រុងតាមចំណូលចិត្ត) រួចយកកម្ទេចនំបុ័ងរោយពីលើឱ្យសព្វ។ ចុងក្រោយ រៀបចំដាក់ចាន បន្ថែមរសជាតិការ៉េមទៅតាមចំណូលចិត្ត ស្រោច Blueberry Purée ជាការស្រេច។ ដើម្បីឱ្យបង្អែមកាន់តែឆ្ងាញ់ពិសា លោកអ្នកអាចបន្ថែមជាមួយនឹងផ្លែឈើស្រស់ជាច្រើនប្រភេទតាមចំណូលចិត្តផងដែរ៕
Article by SOUNG SOKSAN