«តាវ៉ឺនសៀមរាប» បម្រើភោជនាហារដ៏មានឱជារស និងផ្តល់បរិយាកាសដ៏ស្រស់ត្រកាលកណ្តាលបឹងឈូក
TRAVEL & LIVING one year agoជ្រាវគឺជាឃុំមួយស្ថិតនៅប្រមាណ៣គីឡូម៉ែត្រពីជាយក្រុងសៀមរាបដែលប្រិយមិត្តអាចឃើញនូវសហគមន៍ខ្មែរពិតៗ ដែលមានទេសភាពគួជាទីគយគន់សម្រាប់ការដើរកំសាន្តហើយជជែកលេងជាមួយអ្នកភូមិ។ ជាការពិតណាស់ ជ្រាវស្ថិតនៅចន្លោះកណ្ដាលរវាងបឹងទន្លេសាប និងក្រុងសៀមរាប ដែលអំណោយផលដល់លក្ខណពិសេសសំរាប់សេជ្ឋកិច្ចដ៏ប្រសើរក្នុងតំបន់។ ហេតុដូចនេះហើយ ទើបក្រុមការងារសូវរីនចង់ណែនាំប្រិយមិត្តទៅកាន់ភោជនាអាហារមួយកន្លែងដែលផ្សារភ្ជាប់នឹងទិដ្ឋភាពជនបទដ៏ត្រកាលនៃដែនដីមហានគរដ៏ល្បីល្បាញ ដែលមានឈ្មោះថា «តាវុឺនសៀមរាប»។
តាមការជំនួបជាមួយអ្នកស្រី គីម លក្ខិណា ដែលជាម្ចាស់អាជីវកម្មនេះ បានបង្ហើបឱ្យដឹងថា “មែនទែនទៅ ឈ្មោះថា «តាវុឺន» គឺជាឈ្មោះក្រៅរបស់ស្វាមីរបស់ខ្ញុំ ហើយបើនិយាយពីភាសាអង់គ្លេស និងបារាំងវាមានន័យថា កន្លែងសម្រាក និងទទួលទានអាហារ ទើបខ្ញុំសម្រេចចិត្តជ្រើសរើសឈ្មោះតាវុឺនសៀមរាបជាឈ្មោះហាងតែម្ដង។” ដោយការស្រលាញ់នឹងចង់អភិរក្សផ្ទះបុរាណខ្មែរចាស់ៗឱ្យមើលទៅកាន់តែមានតម្លៃ និងស្រស់ស្អាតបន្ថែមទៀត ទើបលោកស្រី យកផ្ទះបុរាណខ្មែរមកច្នៃជាអាហារដ្ឋានសម្រាប់បម្រើសេវាកម្មមុខម្ហូបខ្មែរ ដើម្បីលើកស្ទួយវិស័យម្ហូបខ្មែរយើងឱ្យកាន់តែសម្បូរបែបក៏ដូចជាបានអភិរក្សផ្ទះខ្មែរចាស់ៗឱ្យគង់រង្សយូរអង្វែងផងដែរ។ មួយវិញទៀត តាវុឺនសៀមរាបបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឱ្យលោកអ្នកបានស្គាល់បទពិសោធន៍តាមបែបធម្មជាតិពោរពេញដោយមន្តស្នេហ៍ទាក់ទាញពីបរិយាកាសជុំវិញខ្លួន ព្រមទាំងអាចក្រេបយកនូវរសជាតិពិសេសនៃភោជនាហារ។
នៅពេលដែលអ្នកអញ្ចើញទៅដល់ទីកន្លែងទទួលទានអាហារដ្ឋានបែបធម្មជាតិនេះ អ្នកនឹងឃើញបឹងឈូកនៅខាងមុខហាងជាមួយនឹងស្ពានឈើភ្លោះដែលភ្ញៀវត្រូវដើរកាត់បឹងឈូកនោះមកកាន់ផ្ទះឈើបុរាណខ្មែរបីខ្នង (ផ្ទះកាតាំង) យ៉ាងលេចធ្លោស្ថិតនៅពីក្រោយបឹងឈូកនោះ។ អ្វីដែលពិសេសលើសពីនេះទៀតនោះ នៅខាងលើផ្ទះពោរពេញទៅដោយគ្រឿងតាំងលម្អខ្មែរបុរាណជាច្រើនដូចជា គំនូរ ក្បាច់ចម្លាក់ ព្រមទាំងរូបចម្លាក់ជាដើម។ ការបង្កើតគំនិតដេគ័របុរាណនេះឡើង អ្នកស្រី លក្ខិណា បានបង្ហើបប្រាប់ថា ដោយសារចង់រំព្ញកនូវអនុស្សាវរីយ៍ចាស់ៗ និងគាស់កកាយអ្វីដែលជារបស់ខ្មែរឱ្យកូនខ្មែរបានឃើញបានស្គាល់។ ជាពិសេស មានរានហាលដែលភ្ញៀវក៏អាចអង្គុយទទួលទានអាហារគយគន់ថ្ងៃលិច និងទេសភាពជុំវិញហាងជាមួយនឹងដើមឈើពណ៌បៃតង រួមជាមួយវាយោត្រជាក់បែបធម្មជាតិដែលធ្វើឱ្យភ្ញៀវបានទៅដល់ហើយចង់ទៅម្ដងទៀតមិនចេះជិតណាយសោះឡើយ។
ងាកមកភាពល្បីល្បាញដែលទាក់ទាញចិត្តភ្ញៀវឱ្យមកកម្សាន្តជាបន្តបន្ទាប់ខុសប្លែកពីអាហារដ្ឋានដទៃ គឺនៅទីនោះមិនត្រឹមតែអាចទទួលបានអារម្មណ៍ស្រស់ស្រាយនាពេលអង្គុយក្យូសលើបឹងឈូកប៉ុណ្ណោះទេ អ្នកក៏អាចអង្គុយក្យួសលើគោក ព្រមទាំងនៅលើរានហាល និងមានកន្លែងថតរូបស្អាតៗជាច្រើនទៀតផងដែរ។ ដោយឡែកចំពោះមុខម្ហូបវិញ អាហារដ្ឋាន តាវុឺនសៀមរាប មានមុខម្ហូបរហូតដល់ទៅជាង៦០មុខដោយមុខម្ហូបល្បីៗប្រចាំហាងមានដូចជា ប្រហុកអាំងជ្រុញ មាន់អាំងប្រហុកអង្រ្កង ទឹកគ្រឿងត្រីបុក បុកកំពីសចេកខ្ចី ត្រីដុតអំបិល បុកមាន់អង្រ្កង ខ្យងអប់អំបិលម្ទេស ម្ជូក្តាតកូនត្រី សម្លរកកូក្រួច ហើយក៏មានមុខម្ហូបជាច្រើនទៀតដែលភ្ញៀវអាចធ្វើការជ្រើសរើសសំរាប់ពេលល្ងាចដូចជា ស៊ុបគោ ស៊ុបម្រះ ស៊ុបគន្ធាយ និងគោឡើងភ្នំទៀតផង។
សរុបមក តាវុឺនសៀមរាប គឺជាអាហារដ្ឋានប្លែកមួយក្នុងខេត្តសៀមរាបដែលប្រិយមិត្តមិនគួររំលងសម្រាប់ការមកជួបជុំពិសារភោជនាហារ ដែលមានចម្ងាយប្រមាណ៣២៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅប៉ែកខាងកើតវត្តព្រិន ក្នុងភូមិវាល សង្កាត់ស្រាវ ខេត្តសៀមរាប។ គួរបញ្ជាក់ថា អាហារដ្ឋាននេះ បើកទទួលស្វាគមន៍ភ្ញៀវចាប់ពីម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោង១០យប់ រៀងរាល់ថ្ងៃ៕
Article by NI CHANNIKA