×

«តាវ៉ឺនសៀមរាប» បម្រើ​ភោជនាហារ​ដ៏​មាន​ឱជារស​ និង​ផ្តល់​បរិយាកាស​ដ៏​ស្រស់​ត្រកាល​កណ្តាល​បឹងឈូក

TRAVEL & LIVING one year ago
 
 

          ជ្រាវ​គឺជា​ឃុំ​មួយ​ស្ថិតនៅ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ជាយក្រុង​សៀមរាប​ដែល​ប្រិយ​មិត្ត​អាច​ឃើញ​នូវ​សហគមន៍​ខ្មែរ​ពិតៗ​ ​ដែល​មាន​ទេសភាព​គួ​ជាទី​គយគន់​សម្រាប់​ការ​ដើរកំសាន្ត​ហើយ​ជជែក​លេង​ជាមួយ​អ្នកភូមិ​។​ ​ជា​ការពិត​ណាស់​ ​ជ្រាវ​ស្ថិត​នៅចន្លោះ​កណ្ដាល​រវាង​បឹង​ទន្លេសាប​ ​និង​ក្រុង​សៀមរាប​ ​ដែល​អំណោយផល​ដល់​លក្ខណ​ពិសេស​សំរាប់​សេ​ជ្ឋ​កិច្ច​ដ៏​ប្រសើរ​ក្នុង​តំបន់​។​ ​ហេតុ​ដូចនេះ​ហើយ​ ​ទើប​ក្រុម​ការងារ​សូវ​រី​ន​ចង់​ណែនាំ​ប្រិយ​មិត្ត​ទៅកាន់​ភោ​ជ​នា​អាហារ​មួយ​កន្លែង​ដែល​ផ្សារភ្ជាប់​នឹង​ទិដ្ឋភាព​ជនបទ​ដ៏​ត្រកាល​នៃ​ដែនដី​មហានគរ​ដ៏​ល្បីល្បាញ​ ​ដែល​មានឈ្មោះ​ថា​ ​«​តា​វុឺន​​សៀមរាប​»​។​

          តាម​ការ​ជំនួប​ជាមួយ​អ្នកស្រី​ ​គីម​ ​ល​ក្ខិ​ណា​ ​ដែល​ជា​ម្ចាស់​អាជីវកម្ម​នេះ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ “​មែនទែន​ទៅ​ ​ឈ្មោះថា​ ​«​តា​​វុឺន​»​ ​គឺជា​ឈ្មោះ​ក្រៅ​របស់​ស្វាមី​របស់​ខ្ញុំ​ ​ហើយ​បើ​និយាយ​ពី​ភាសា​អង់គ្លេស​ ​និង​បារាំង​វា​មានន័យ​ថា​ ​កន្លែង​សម្រាក​ ​និង​ទទួលទាន​អាហារ​ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​ឈ្មោះ​តា​វុឺន​សៀមរាប​ជា​ឈ្មោះ​ហាង​តែម្ដង​។​” ​ដោយ​ការ​ស្រលាញ់​នឹង​ចង់​អភិ​រក្ស​ផ្ទះ​បុរាណ​ខ្មែរ​ចាស់ៗ​ឱ្យ​មើល​ទៅកាន់​តែ​មាន​តម្លៃ​ ​និង​ស្រស់​ស្អាត​បន្ថែម​ទៀត​ ​ទើប​លោកស្រី​ ​យក​ផ្ទះ​បុរាណ​ខ្មែរ​មក​ច្នៃ​ជា​អាហារដ្ឋាន​សម្រាប់​បម្រើ​សេវាកម្ម​មុខម្ហូប​ខ្មែរ​ ​ដើម្បី​លើកស្ទួយ​វិ​ស័យ​ម្ហូប​ខ្មែរយើង​ឱ្យ​កាន់តែ​សម្បូរ​បែប​ក៏ដូចជា​បាន​អភិ​រក្ស​ផ្ទះខ្មែរ​ចាស់ៗ​ឱ្យ​គង់​រ​ង្ស​យូរអង្វែង​ផង​ដែរ​។​ ​មួយវិញទៀត​ ​តា​​វុឺន​​សៀមរាប​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​លោកអ្នក​បាន​ស្គាល់​បទពិសោធន៍​តាម​បែប​ធម្មជាតិ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ទាក់ទាញ​ពី​បរិយាកាស​ជុំវិញ​ខ្លួន​ ​ព្រមទាំង​អាច​ក្រេប​យក​នូវ​រសជាតិ​ពិសេស​នៃ​ភោជនាហារ​។​

          ​នៅពេលដែល​អ្នក​អ​ញ្ចើ​ញ​ទៅដល់​ទីកន្លែង​ទទួលទាន​អាហារដ្ឋាន​បែប​ធម្មជាតិ​នេះ​ ​អ្នក​នឹង​ឃើញ​បឹង​ឈូក​នៅ​ខាងមុខ​ហាង​ជាមួយនឹង​ស្ពាន​ឈើ​ភ្លោះ​ដែល​ភ្ញៀវ​ត្រូវ​ដើរកាត់​បឹង​ឈូក​នោះ​មកកាន់​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​បី​ខ្នង​ (​ផ្ទះ​កា​តាំង​) ​យ៉ាង​លេចធ្លោ​ស្ថិតនៅ​ពីក្រោយ​បឹង​ឈូក​នោះ​។​ ​អ្វី​ដែល​ពិសេស​លើស​ពី​នេះ​ទៀត​នោះ​ ​នៅ​ខាងលើ​ផ្ទះ​ពោរពេញ​ទៅ​ដោយ​គ្រឿង​តាំង​លម្អ​ខ្មែរ​បុរាណ​ជាច្រើន​ដូចជា​ ​គំនូរ​ ​ក្បាច់​ចម្លាក់​ ​ព្រមទាំង​រូប​ចម្លាក់​ជាដើម​។​ ​ការ​បង្កើត​គំនិត​ដេ​គ​័រ​បុរាណ​នេះ​ឡើង​ ​អ្នកស្រី​ ​ល​ក្ខិ​ណា​ ​បាន​បង្ហើប​ប្រាប់​ថា​ ​ដោយសារ​ចង់​រំ​ព្ញ​ក​នូវ​អនុ​ស្សា​វ​រី​យ៍​ចាស់ៗ​ ​និង​គាស់​កកាយ​អ្វី​ដែល​ជា​របស់​ខ្មែរ​ឱ្យ​កូនខ្មែរ​បានឃើញ​បាន​ស្គាល់​។​ ​ជាពិសេស​ ​មាន​រានហាល​ដែល​ភ្ញៀវ​ក៏​អាច​អង្គុយ​ទទួលទាន​អាហារ​គយគន់​ថ្ងៃលិច​ ​និង​ទេសភាព​ជុំវិញ​ហាង​ជាមួយនឹង​ដើមឈើ​ពណ៌បៃតង​ ​រួម​ជាមួយ​វាយោ​ត្រជាក់​បែប​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​បាន​ទៅ​ដល់ហើយ​ចង់​ទៅ​ម្ដងទៀត​មិន​ចេះ​ជិត​ណាយ​សោះឡើយ​។​

          ​ងាក​មក​ភាព​ល្បីល្បាញ​ដែល​ទាក់​ទាញចិត្ត​ភ្ញៀវ​ឱ្យ​មក​ក​ម្សាន្ត​ជាបន្តបន្ទាប់​ខុសប្លែក​ពី​អាហារដ្ឋាន​ដទៃ​ ​គឺ​នៅ​ទីនោះ​មិន​ត្រឹមតែ​អាច​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​នា​ពេល​អង្គុយ​ក្យូស​លើ​បឹង​ឈូក​ប៉ុណ្ណោះ​ទេ​ ​អ្នក​ក៏​អាច​អង្គុយ​​ក្យួស​​លើគោក​ ​ព្រមទាំង​នៅ​លើ​រានហាល​ ​និង​មាន​កន្លែង​ថតរូប​ស្អាត​ៗ​ជាច្រើន​ទៀត​ផង​ដែរ​។​ ​ដោយឡែក​ចំពោះមុខ​ម្ហូប​វិញ​ ​អាហារដ្ឋាន​ ​តា​វុឺន​​សៀមរាប​ ​មាន​មុខម្ហូប​រហូតដល់​ទៅ​​​ជាង​៦​០​មុខ​ដោយ​មុខម្ហូប​ល្បី​ៗ​ប្រចាំ​ហាង​មាន​ដូចជា​ ​ប្រហុក​អាំង​ជ្រុ​ញ​ ​មាន់អាំង​ប្រហុក​អ​ង្រ្ក​ង​ ​ទឹកគ្រឿង​ត្រី​បុក​ ​បុក​កំ​ពី​ស​ចេក​ខ្ចី​ ​ត្រី​ដុត​អំបិល​ ​បុក​មាន់​អ​ង្រ្ក​ង​ ​ខ្យង​អប់​អំបិលម្ទេស​ ម្ជូ​ក្តាត​កូន​ត្រី​ ​សម្ល​រក​កូ​ក្រួច​ ​ហើយក៏​មាន​មុខម្ហូប​ជាច្រើន​ទៀត​ដែល​ភ្ញៀវ​អាច​ធ្វើការ​ជ្រើសរើស​សំរាប់​ពេលល្ងាច​ដូចជា​ ​ស៊ុប​គោ​ ស៊ុ​បម្រះ​ ​ស៊ុប​គន្ធា​យ​ ​និង​គោ​ឡើងភ្នំ​ទៀត​ផង​។​

          ​សរុប​មក​ ​តា​វុឺន​សៀមរាប​ ​គឺជា​អាហារដ្ឋាន​ប្លែក​មួយ​ក្នុង​ខេត្ត​សៀមរាប​ដែល​ប្រិយ​មិត្ត​មិនគួរ​រំលង​សម្រាប់​ការ​មក​ជួបជុំ​ពិសា​រ​ភោជនាហារ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​៣​២​៨​គីឡូម៉ែត្រ​ពី​ទី​ក្រុងភ្នំពេញ​ ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ​ស្ថិត​នៅ​ប៉ែក​ខាងកើត​វត្ត​ព្រិ​ន​ ​ក្នុង​ភូមិ​វាល​ ​សង្កាត់​ស្រាវ​ ​ខេត្ត​សៀមរាប​។​ ​គួរ​បញ្ជាក់​ថា​ ​អាហារដ្ឋាន​នេះ​ ​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ចាប់ពី​ម៉ោង​១​១​ថ្ងៃត្រង់​ ​ដល់ម៉ោង​១​០​យប់​ ​រៀងរាល់ថ្ងៃ​៕​

Article by NI CHANNIKA


SUGGESTIONS