×

​សោម​ ​ស្រី​នាថ​ ​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​ ​World​ ​Mad​am​

NEWS 11 months ago
 
 

          ​ពិតជា​មោទកភាព​មួយទៀត​សម្រាប់​កម្ពុជា​ដែល​យើង​មាន​បុគ្គល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​និង​រូប​សម្រស់​អាច​ឈោង​ចាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​នៅ​លើឆាកអន្តរជាតិ​។​ ​ជាក់ស្ដែង​ ​កាលពី​ថ្ងៃ​ទី​ ​១​០​ ​និង​​១​១​ ​ខែ​ ​កក្កដា​ ​ថ្មីៗ​នេះ​ ​កញ្ញា​ ​សោម​ ​ស្រី​នាថ​ ​បាន​បង្ហាញខ្លួន​តំណាង​ឱ្យ​ប្រ​ទេស​កម្ពុជា​ទៅ​ប្រកួត​សម្រស់​នៅ​ក្នុង​កម្មវិធី​ប្រឡង​ ​បវរកញ្ញា​ត្រចៀកកាំ​ (​Bird​s ​Nest​ ​Division​) ​នៅ​ប្រទេស​ចិន​ ​រហូត​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

          ​កញ្ញា​ ​សោម​ ​ស្រី​នាថ​ ​បាន​រៀបរាប់​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​តំណាង​ឱ្យ​សមាគម​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា​ ​និង​សមាគម​ ​Cam​bo​d​i​a​ ​Super​ ​Model​ ​ព្រមទាំង​តំណាង​ឱ្យ​ស្ត្រី​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​។​ ​ហើយ​វាក៏​ជា​ឱកាស​សម្រាប់​ខ្ញុំ​អាច​បង្ហាញ​អ្វី​ដែល​ជា​វប្បធម៌​ ​អរិយធម៌​ ​និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ទៅកាន់​ឆាក​អន្តជាតិ​ផង​ដែរ​។​” ​កម្មវិធី​នេះ​ ​មាន​គោលបំ​ណង​​ចង់​ពង្រឹង​សមត្ថ​ភាពស្ត្រី​គ្រប់រូប​ដែល​មាន​អាជីវកម្ម​ទាំងអស់​ឱ្យ​មាន​ភាព​ក្លាហាន​ ​ដែល​អាច​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​ថា​ស្រ្តី​មិនមែន​មានតែ​សម្រស់​ទើប​ជោគជ័យ​នោះ​ទេ​ ​យើង​ក៏​ត្រូវ​មាន​ទាំង​សមត្ថភាព​ដើរ​ទន្ទឹមគ្នា​ទៀត​ផង​។​ ​ជា​ការពិត​ ​កម្មវិធី​នេះ​គឺជា​លើក​ទី​២​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ ​ប៉ុន្តែ​វា​ជា​លើក​ទី​១​ដែល​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​អាច​ដណ្ដើមយក​មកុដ​ត្រលប់​មក​មាតុភូមិ​វិញ​។​

          ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​មួយ​នេះ​ ​ក​ញ្ញ​បាន​លើកឡើង​ថា​ “​ខ្ញុំ​មិន​មាន​ពេលវេលា​ក្នុង​ការ​ត្រៀម​ខ្លួន​ច្រើន​នោះ​ទេ​ ​ព្រោះ​វា​ភ្លាម​ៗ​ពេក​ ​ប៉ុន្តែ​នៅ​ពេល​ដឹង​ដំណឹង​ភ្លាម​ ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​គ្រប់យ៉ាង​ទាំង​ការ​បង្ហាញ​សមត្ថភាព​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​​ក៏ដូចជា​ហ្វឹកហាត់​ ​និង​ការ​ឆ្លើយ​សំណួរ​នៅ​លើ​ឆាក​។​ ​ម្ចាស់​មកុដ​រូប​នេះ​បាន​លើកឡើង​និង​បន្ត​ទៀត​ថា​ “​ចំពោះ​ចំណុច​ខ្លាំង​ដែល​គិតថា​អាច​ឱ្យ​ខ្ញុំ​យកឈ្នះ​បាន​ ​ខ្ញុំ​គិតថា​មកពី​ការ​តស៊ូ​ ​ព្យាយាម​ ​ឈ្លាសវៃ​ ​និង​ចំណុច​សំខាន់​ជាងគេ​នោះ​គឺ​ការគោរព​ពេលវេលា​តែម្ដង​។​ ​ជាពិសេស​ ​គឺ​អ្វី​ដែល​ខ្ញុំ​តែងតែ​បង្ហាញ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​ដូច​ក្នុង​ការ​ប្រ​កួត​នេះ​ ​ខ្ញុំ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ជា​បែបបទ​របស់​ខ្មែរយើង​គឺ​ការ​សំពះ​ ​ភាព​ទន់ភ្លន់​ ​និង​រូស​រាយ​រាក់ទាក់​ជាដើម​”​។​
​          តាមរយៈ​ការ​ប្រឡូក​កម្មវិធី​ ​បវរកញ្ញា​វ័យ​២​៩​ឆ្នាំ​រូប​នេះ​ ​ទទួល​បាន​បទពិសោធន៍​ដូចជា​ ​ការ​និយាយ​ស្ដី​ ​យល់​ដឹង​ ​និង​ពង្រឹង​សមត្ថភាព​បន្ថែម​ ​ថែមទាំង​បាន​បង្កើត​មិត្តភាព​ស្និទ្ធស្នាល​ជាមួយ​បេក្ខភាព​មកពី​បណ្ដា​ប្រទេស​នានា​។​ “​ការ​ប្រកួត​លើ​ឆាក​អន្តជាតិ​ ​មាន​បេក្ខភាព​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​សុទ្ធតែ​ខ្លាំង​ៗ​ក្នុង​នោះ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ជនជាតិ​ចិន​ ​ហើយ​ពួកគេ​អត់​និយាយ​ភាសា​អង់គ្លេស​នោះ​ទេ​ ​ដោយ​ខ្ញុំ​និយាយ​មិនសូវ​ស្ទាត់ជំនាញ​ ​ដែល​វា​ជា​រឿង​ពិបាក​បន្តិច​ដែរ​សម្រាប់​ខ្ញុំ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​ធ្វើ​បាន​ជោគជ័យ​ ​ក្នុងនាម​ជា​ស្រ្តី​ខ្មែរ​ត្រូវតែ​មាន​ភាព​ទន់ភ្លន់​មិនមែន​មានត្រឹមតែ​ភាព​ស្រស់​ស្អាត​មួយ​មុខ​ទេ​ ​តែ​ត្រូវជា​មនុស្ស​រឹង​មាំ​ ​ឈ្លាសវៃ​ ​តស៊ូ​​ ​និង​ជឿជាក់​លើ​ខ្លួនឯង​ផង​ដែរ​។​” ​កញ្ញា​បាន​លើកឡើង​។​

          ​ងាក​មក​ជ្រាប​អំពី​ជីវប្រវត្តិ​របស់​ម្ចាស់​ជ័យ​លា​ភី​ដែល​មាន​ក​ម្ពស់​១​.​៦​៨​ម៉ែត្រ​រូបនេះ​​វិញ​ ​កញ្ញា​ ​សោម​ ​ស្រី​នាថ​ ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​កើត​ក្នុង​គ្រួសារ​​​ដែល​មាន​ម្ដាយ​ជា​អ្នក​លក់ដូរ​។​ ​ក្នុងចំណោម​បងប្អូន​បី​នាក់​កញ្ញា​ជា​កូនច្បង​នៃ​ប្អូនប្រុស​ទាំងពីរ​។​ ​កាលពីក្មេង​កញ្ញា​ជា​មនុស្ស​ស្ងប់ស្ងាត់​ចូលចិត្ត​រៀន​ ​លុះ​រហូតដល់​វ័យ​ជំទង់​ទើប​ចាប់ផ្ដើម​មាន​ចំណូលចិត្ត​ខាង​សិល្បៈ ​ដែល​ពេល​នោះ​កញ្ញា​ទើប​តែ​រៀន​ថ្នាក់ទី១​២​តែប៉ុណ្ណោះ​។​ ​កញ្ញា​បាន​រំលឹក​ប្រាប់​បន្ត​ទៀត​ថា​ “​អាច​និយាយ​បាន​ថា​ ​វា​ជា​រឿង​ចៃដន្យ​មួយ​ដែល​មិត្តសម្លាញ់​របស់​ខ្ញុំ​បាន​ទិញ​ពាក្យ​ឱ្យ​ទៅ​ប្រឡង​ក្នុង​កម្មវិធី​បវរកញ្ញា​មួយ​ដែល​ជា​កម្មវិធី​ខ្នាត​តូច​ ​ហើយ​ខ្ញុំ​មិនបាន​ទទួល​លទ្ធផល​ល្អ​នោះ​ទេ​។​ ​គ្រានោះ​ហើយដែល​សមាគម​ ​Cam​bo​d​i​a​ ​Super​ ​Model​ ​បាន​ទាក់ទង​ឱ្យ​ខ្ញុំ​ដើរ​ម៉ូដ​ ​ហើយ​ខ្ញុំ​ក៏​មានឱកាស​ចូលរួម​សម្ដែង​ដំបូង​ធ្វើជា​តួអង្គ​បន្ទាប់បន្សំ​នៅ​ក្នុង​ខ្សែភាពយន្ត​ ​និង​វីដេអូ​បទ​ចម្រៀង​ជាបន្តបន្ទាប់​។​ ​មួយវិញទៀត​ ​ដោយសារ​បញ្ហា​ជីវភាព​ ​ហើយក៏​អាច​ថា​ជា​ឧបនិស្ស័យ​ផង​ដែរ​។​” ​ចាប់ផ្ដើម​ពី​ការ​សម្ដែង​ជា​តួអង្គ​បន្ទាប់បន្សំ​ ​កញ្ញា​បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​រហូត​ទទួល​បាន​ជោគជ័យ​មកដល់​បច្ចុប្បន្ន​ ​ដោយ​សព្វថ្ងៃ​កញ្ញា​គឺជា​ពិធីការ​នី​ផង​ ​និង​តារា​ម៉ូដែល​ផង​។​

          ​តាមរយៈ​សូវ​រី​ន​ ​ជាចុងក្រោយ​ម្ចាស់​តំណែង​ ​World​ ​Mad​am​ 2023 ​មាន​ពាក្យ​ពេជ្រ​ផ្ដាំផ្ញើ​ចំពោះ​ស្រ្តី​កម្ពុជា​គ្រប់រូប​ ​ក៏ដូចជា​ប្អូន​ៗ​យុវវ័យ​ថា​ “​អ្វី​ក៏ដោយ​ប្រសិនជា​យើង​ចង់​ធ្វើ​វា​ ​ឬ​ចង់​បង្កើតក្ដី​ស្រមៃ​ ​ទាល់តែ​យើង​មានការ​ព្យាយាម​ ​ភាព​តស៊ូ​ ​អត់ធ្មត់​ ​និង​មានការ​ប្រឹងប្រែង​ ​ទើប​ក្ដី​ស្រមៃ​នោះ​អាច​ក្លាយ​ជា​ការពិត​។​ ​មួយវិញទៀត​ ​គឺ​កត្តា​សុខភាព​ ​ព្រោះថា​នៅពេលដែល​សុខភាព​របស់យើង​ល្អ​ ​ការ​ធ្វើការងារ​របស់យើង​ក៏​ល្អ​ទៅតាម​នោះ​ដែរ​។​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ក៏​សូម​អរគុណ​ទៅដល់​វិ​ស័យ​សិល្បៈ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃនេះ​”​៕​

Article by NI CHANNIKA


SUGGESTIONS