×

«​E​co​-​art​store​»​ សិល្បៈ​គូរ​គំនូរ​លើ​កាបូប​ក្រណាត់​ ​កែច្នៃ​ដើម្បី​ជួយ​ដល់​បរិស្ថាន​

NEWS 10 months ago
 
 

            «​E​co​-​art​store​»​ ​គឺជា​ឈ្មោះ​អាជីវកម្ម​មួយ​ដែល​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​២​រូប​គឺ​ ​លោក​ ​ព្រម​ ​ពេជ្រ​អរុណ​ ​និង​កញ្ញា​ ​អៀវ​ ​ម៉ា​រី​។​ ​ដោយហេតុ​យល់ឃើញ​ថា​ ​ការប្រើប្រាស់​បា្លស្ទិ​ច​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​ ​ស្រប​ជាមួយ​ខ្លួន​មានចិត្ត​ស្រលាញ់​ទៅលើ​ការ​ច្នៃ​ប្រតិដ្ឋ​ ​និង​ការ​គូរ​គំនូរ​ ​ជាពិសេស​សហ​ស្ថាបនិក​វ័យក្មេង​ទាំង​២​រូប​នេះ​ ​ចង់​បង្កើត​ស្នាដៃ​សិប្បកម្ម​តាមសម័យ​កាល​ ​ក៏ដូចជា​ចង់​ផ្សព្វផ្សាយ​សិល្បៈ​គូរ​គំនូរ​ដល់​ស្រទាប់​យុវវ័យ​ ​ដើម្បី​លើក​តម្លៃ​អាជីវកម្ម​ក្នុងស្រុក​ ​ទើប​ជំរុញ​ឱ្យ​ម៉ាក​យីហោ​នេះ​បង្កើត​មាន​ឡើង​។​

​            ដើម្បី​ជួយ​ដល់​បរិស្ថាន​ ​និង​បង្កប់​ទៅ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​បែប​សិល្បៈ ​ម៉ាក​យីហោ​ ​«​E​co​-​art​store​»​ ​បាន​បង្កើត​ជា​ប្រភេទ​កាបូប​ស្ពាយ​ដែល​ធ្វើឡើង​ពី​ក្រណាត់​ ​រំលេច​ទៅ​ដោយ​រូបគំនូរ​គូរ​ដោយដៃ​យ៉ាង​ផ្ចិតផ្ចង់​ ​តួយ៉ាង​ ​រូបគំនូរ​បុរាណ​ដែល​ដកស្រង់​ចេញពី​ចម្លាក់​ប្រាសាទ​ខ្មែរ​នានា​ ​គំនូរ​តួអង្គ​សំខាន់​ៗ​ក្នុង​ល្ខោន​ ​របាំ​ ​រឿងរ៉ាវ​ដែល​ទាក់ទង​ទេវកថា​ក្នុង​រឿងព្រេង​បុរាណ​ខ្មែរ​ ​គំនូរ​ផ្កា​រំដួល​ ​ព្រលិត​ ​រំ​ចង់​ ​យីហ៊ុប​ ​ក្តាំ​ងារ​ ​ផ្កាចារ​ ​រួម​ទាំង​គំនូរ​ជាច្រើន​ទៀត​ ​បាន​ធ្វើ​ឱ្យ​កាបូប​ក្រណាត់​នេះ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ ​ទាក់ទាញ​ ​និង​មាន​សោភណភាព​គួរ​ឱ្យ​ចង់​ជាវយក​មក​ប្រើប្រាស់​។​

​            សហ​ស្ថាបនិក​វ័យក្មេង​ទាំង​២​រូប​នេះ​ ​មាន​គោលបំណង​ចង់​ផ្តួចផ្តើម​ជួយ​លើក​តម្លៃ​គំនូរ​ដែល​គូរ​ដោយដៃ​ទាំង​គំនូរ​បុរាណ​ ​និង​គំនូរ​បែប​ស្រមើ​ស្រ​ម៉ៃ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​យុវវ័យ​ ​ជាពិសេស​ការ​ដេរ​ច្នៃ​កាបូប​ចេញពី​ក្រណាត់​ដែល​រក​បាន​នៅ​តាម​ទី​ផ្សារ​ក្នុងស្រុក​ ​និង​ផ្តល់​ការងារ​ដល់​សហគមន៍​ ​ព្រមទាំង​ចង់​បង្កើន​ការយល់​ដឹង​អំពី​បរិស្ថាន​នៃ​ផល​ប៉ះពាល់​នូវ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​នា​ពេល​បច្ចុប្បន្ន​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

លោក ព្រម ពេជ្រអរុណ / កញ្ញា អៀវ ម៉ារី

​            បើ​និយាយ​ពី​ដំណាក់កាល​នៃ​ការ​ធ្វើ​កាបូប​វិញ​ ​ដើម្បី​សម្រេច​ចេញ​ជា​សមិទ្ធផល​មួយៗ​ ​លោក​ ​ព្រម​ ​ពេជ្រ​អរុណ​ ​បាន​បង្ហើប​ប្រាប់​ថា​ ​មាន​ពីរ​ដំណាក់កាល​ធំ​ៗ​។​ ​ដំណាក់កាល​ទី​១​គឺ​ត្រូវធ្វើ​កាបូប​ ​ដែល​ចាប់ផ្តើម​ពី​ការ​ឌី​ហ្សា​ញ​រូបរាង​កាបូប​ទៅតាម​តម្រូវ​ការដែល​លោក​ចង់បាន​ ​បន្ទាប់មក​ទើប​ធ្វើការ​កាត់​ពុម្ព​ ​ទើប​ចុងក្រោយ​ដេរ​សម្រេច​ចេញ​ជា​កាបូប​។​ ​ចំណែក​ដំណាក់កាល​ទី​២​គឺ​ការ​គូររូប​ ​ដោយ​ដំបូង​ត្រូវ​រក​ ​Concept​ ​នៃ​ការ​គូរ​ ​រួច​ចាប់ផ្តើម​គូរ​ព្រាង​ (Sk​etching​) ​និង​ចុងក្រោយ​ត្រូវ​ក្រាល​ពណ៌​នៅ​លើ​គំនូរ​ដែល​បាន​ព្រាង​នោះ​។​ ​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ដំណាក់កាល​ធ្វើ​កាបូប​គឺ​រូបលោក​ផ្ទាល់​ជា​អ្នកធ្វើ​ ​រីឯ​ការ​គូរ​គំនូរ​គឺ​ ​កញ្ញា​ ​អៀវ​ ​ម៉ា​រី​ ​ជា​អ្នក​គូរ​ផ្ទាល់​តែម្តង​។​

​            លោក​ ​ព្រម​ ​ពេជ្រ​អរុណ​ ​ក៏បាន​បង្ហាញ​ការយល់​ឃើញ​ចំពោះ​សិល្បៈគំនូរ​លើ​កាបូប​ដែរ​ថា​ “​វា​ជា​ការ​បង្ហាញ​នូវ​អារម្មណ៍​មួយ​ទៅកាន់​ជីវភាពរស់នៅ​ ​និង​ភាព​ជាក់ស្តែង​នៅ​ក្នុង​សង្គម​ដើម្បី​ផ្តល់​ជា​តម្លៃ​មួយ​ទៅដល់​ស្នាដៃ​សិល្បៈគំនូរ​ដែល​ជា​ផ្នែក​មួយ​នៃ​សិល្បៈឱ្យ​កាន់តែ​មាន​តម្លៃ​ ​មិនថា​នា​ពេល​បច្ចុប្បន្ន​ឬ​អនាគត​នោះ​ទេ​។​ ​លើស​ពី​នេះ​វាក៏​ជា​ផ្នែក​មួយ​នៃ​ហ្វេ​ហ្សិ​ន​ ​សម្រាប់​អ្នកប្រើប្រាស់​ដើម្បី​បង្ហាញ​នូវ​បុគ្គលិកលក្ខណៈ​ ​ការ​បង្ហាញ​អារម្មណ៍​របស់​ពួកគាត់​តាមរយៈ​គំនូរ​ដែល​បាន​គូរ​លើ​កាបូប​ស្ពាយ​ផង​ដែរ​ ​ជា​ពិស​សេស​វាក៏​​អាច​ផ្តល់​ជាអំណោយ​ដល់​មនុស្សជា​ទី​ស្រលាញ់​របស់​ពួកគាត់​។​ ​ម្យ៉ាង​គំនូរ​លើ​កាបូប​យើង​អាច​ស្ពាយ​យក​ទៅតាម​ខ្លួន​បាន​គ្រប់​ទីកន្លែង​ ​ខុស​ពី​គំនូរ​គូរ​លើ​ផ្ទាំង​ផ្សេងៗ​ ​ដែល​អាច​ដាក់​តាំង​បង្ហាញ​បានតែ​នៅផ្ទះ​ ​កន្លែងធ្វើការ​ជាដើម​។​”

​            ទៅ​ថ្ងៃ​អនាគត​ ​សហ​ស្ថានិ​ក​វ័យក្មេង​ទាំងពីរ​រូប​ ​មាន​គោលដៅ​សម្រាប់​អាជីវកម្ម​នេះ​ ​ដោយ​បន្ត​ពង្រឹង​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​នេះ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ​ជាពិសេស​បន្ត​អភិវឌ្ឍ​កាបូប​ច្នៃ​ចេញពី​ក្រណាត់​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​ ​មិនមែន​ត្រឹម​ជា​កាបូប​ស្ពាយ​ធម្មតា​ ​តែ​អាច​ជា​ ​កាបូបយួរ​ដៃ​ ​កាបូប​លុយ​ ​កាបូប​សម្រាប់​ប្រើប្រាស់​ក្នុង​ការសិក្សា​ ​និង​កាបូប​សម្រាប់​ធ្វើការ​ទាំង​បុរស​ ​និង​នារី​ជាដើម​។​ ​ជាពិសេស​គឺ​ការ​ផ្តល់​ឱកាស​ការងារ​ទៅដល់​សហគមន៍​ប្រសិនបើ​ទី​ផ្សារ​ពួកគេ​រីក​ចម្រើន​ជាង​នេះ​៕​

Article by SOUNG SOKSAN


SUGGESTIONS