ហាងកាហ្វេ «ផ្ទះនារី» កន្លែងអង្គុយទទួលទានកាហ្វេក្នុងបរិយាកាសដីចម្ការលាក់ខ្លួននៅក្រុងតាខ្មៅ
TRAVEL & LIVING one year ago បច្ចុប្បន្ន មនុស្សម្នាជាច្រើនតែងចង់ស្វែងរកកន្លែងសម្រាកលម្ហែខួរក្បាលផុតពីទីក្រុងក្នុងថ្ងៃចុងសប្ដាហ៍ ឬចង់ទទួលទានបាយជុំគ្នាមួយពេលឱ្យសប្បាយរីករាយខុសពីបរិយាកាសប្រចាំថ្ងៃ។ ស្ថិតនៅបង្កប់ខ្លួនកណ្ដាលដីចម្ការ និងផ្ទះអ្នកភូមិស្របតាមបណ្ដាយដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តទឹកដីភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ហាងកាហ្វេដែលមានទីធ្លាស្រឡះទូលាយទើបបើកថ្មីមួយកន្លែងនេះមានឈ្មោះថា «ផ្ទះនារី» ទើបបើកទ្វារដំណើរការកាលពីដើមខែកក្កដា ឆ្នាំ២០២៣នេះទេ ប៉ុន្តែមានលក្ខណៈទាកទាញច្រើនគួរឱ្យចង់ណែនាំជូនប្រិយមិត្តឱ្យបានជ្រាបគ្រាន់បានទៅកម្សាន្តកាយ។
ដើម្បីទៅដល់ទីតាំងខាងលើនេះ លោកអ្នកគ្រាន់តែចំណាយពេលប្រមាណ២៥នាទីចេញពីរាជធានីភ្នំពេញ ដល់រង្វង់មូលតាខ្មៅ រួចបត់ស្ដាំទៅត្រង់រហូតដល់វត្តវេឡុកការាម ហៅ(វត្តព្រែកប្ញស្សី) ហើយបត់តាមផ្លូវទល់មុខវត្ត បន្ទាប់មកបត់ឆ្វេងត្រង់ចំណុចផ្លូវបំបែកប្រមាណ៧០០ម៉ែត្រទៀត នោះអ្នកនឹងឃើញហាងកាហ្វេដែលមានធម្មជាតិចោមព័ទ្ធនាខាងឆ្វេងដៃតែម្ដង។
ហាងកាហ្វេដែលត្រូវបានបង្កើតឡើងក្នុងដីចម្ការនេះ ត្រូវបានស្ថាបនាឡើងដោយអ្នកស្រី ស៊ុន ណារុំ អាយុ ៤៩ឆ្នាំ ដែលជាម្ចាស់ហាងរៀបចំតុបតែងផ្កា និងដើមឈើនៅតាមផ្ទះ ក្រុមហ៊ុន និងអាជីវកម្មនានា។ បើតាមការអះអាងរបស់ស្ថាបនិកហាងផ្ទាល់ ហាងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឱ្យវាក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ធំៗប្រចាំតំបន់ ហើយក៏ចង់ផ្ដល់ឱ្យអតិថិជនដែលពិបាកក្នុងការស្វែងរកទីកន្លែងកម្សាន្តអារម្មណ៍ដែលប្លែក ដោយមិនចាំបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរឡើយ។ លើសពីនេះ អ្នកស្រីបានលើកឡើងថា “កាលដែលខ្ញុំជ្រើសរើសឈ្មោះថា «ផ្ទះនារី» មកធ្វើជាឈ្មោះហាងនោះគឺ ខ្ញុំចង់លើកកម្ពស់ស្រ្តីទាំងអស់ព្រោះខ្ញុំគិតថាស្រ្តីបច្ចុប្បន្នខ្លាំងពូកែខ្លាំងណាស់ដោយអាចធ្វើអ្វីគ្រប់យ៉ាងបានដូចបុរសដែរ។ ជាក់ស្ដែង ហាងកាហ្វេនេះគឺខ្ញុំបានបង្កើតវាដោយខ្លួនឯង ទាំងការដាំដុះដើមឈើនីមួយៗ ការរៀបចំតុបតែងហាង ព្រមទាំងការងារសំណង់ផ្សេងៗផងដែរ។”
លក្ខណៈពិសេសដែលទាក់ទាញភ្ញៀវឱ្យមកកម្សាន្តខុសប្លែកពីហាងកាហ្វេដទៃនោះគឺ បរិយាកាសតែម្ដងដោយមានខ្យល់ត្រជាក់ល្ហឹមទោះពេលថ្ងៃត្រង់ក៏ដោយ ព្រោះទីនោះសម្បូរដើមឈើតូចធំបែកមែកសាខាជាច្រើនដើម ខ្លះមានទាំងផ្លែទុំជ្រុះធ្លាក់រាយពេញដីទៀតផង។ ជាមួយនឹងសួនស្មៅដ៏ស្រស់បំព្រង អតិថិជនអាចឈរថតរូបលេងយកផ្ទៃខាងក្រោយរូបជាមួយនឹងផ្នែកនីមួយៗដែលរៀបចំឡើងយ៉ាងសម្រិតសម្រាង គួរជាទីមនោរម្យសម្រាប់ទទួលទានអាហារ និងភេសជ្ជបែបរ៉ូមែនទិចមិនថាជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬជាក្រុមឡើយ។ មួយវិញទៀត នៅក្រោមដើមឈើនីមួយៗមានចងទោង និងអង្រឹងសម្រាប់ភ្ញៀវជិះកម្សាន្ត និងថតរូបអនុស្សាវរីយទៀតផង។ លើសពីបរិវេណខាងក្រៅ ហាងកាហ្វេនេះក៏មាននូវបន្ទប់ដាច់ដោយឡែក ដែលបងប្អូនអាចធ្វើការកក់ជាមុន សម្រាប់ការប្រជុំ កម្មវិធីជប់លៀង និងខួបកំណើតជាដើម។ ដោយឡែកចំពោះមុខម្ហូបនិងភេសជ្ជវិញ ទីនេះមានម្ហូបប្រចាំហាងដូចជា គួងខ្ចប់ ចៃយ៉ នំកូប្រៃ និងនំពុម្ព។ រីឯភេសជ្ជវិញរួមមាន កាហ្វេទឹកកក កាហ្វេទឹកដោះគោទឹកកក កាហ្វក្រឡុក តែទឹកកកផ្កាក្រូចឆ្មារ និងតែទៀបបារាំង។ អ្វីដែលពិសេសនោះគឺទឹកកកឈូសតែម្ដង ដែលមានជម្រើបគ្រឿងបង្អែមជាច្រើនមុខដែលប្រិយមិត្តអាចជ្រើសរើសតាមចំណូលចិត្ត។ មិនតែប៉ុណ្ណោះ លោកស្រីបានបញ្ជាក់ដែលថា គ្រប់គ្រឿងផ្សំទាំងអស់ត្រូវបានសម្រិតសម្រាំងចំពោះគុណភាព និងរក្សាទុកដោយបច្ចេកទេសខ្ពស់ដោយមានស្តង់ដាត្រឹមត្រូវ។ ក្រៅពីផ្ដោតទៅលើគុណភាពនៃវត្ថុធាតុដើមរបស់អាហារ និងភេសជ្ជៈ ហាងកាហ្វេធម្មជាតិនេះ តែងតែគិតគូរទៅដល់សុខភាពអតិថិជនគ្រប់គ្នាដោយអាហារទាំងអស់មិនសូវមានរសជាតិដិតពេកនោះទេ។
គួរបញ្ជាក់ផងដែរថា ហាងកាហ្វេផ្ទះនារីនេះបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង៧:៣០ព្រឹកដល់ម៉ោង៦ល្ងាច។ ប្រសិនបើលោកអ្នកទៅលេងក្នុងអំឡុងខែកញ្ញានេះពិតជាល្អណាស់ព្រោះរុក្ខជាតិដុះលូតលាស់ល្អដោយមានពណ៌ខៀវស្រងាត់ ថតរូបពិតជាឃើញស្អាតតែម្តង!
Article by NI CHANNIKA