×

ហាង​កាហ្វេ​ ​«​Bo Bo ​Ca​f​é​»​ ​លាក់ខ្លួន​កណ្ដាល​សួន​ផ្កា​​អម​​ដោយ​រុក្ខជាតិ​ច្រើន​ប្រភេទ​

TRAVEL & LIVING 9 months ago
 
 

            ស្ថិតនៅ​ក្នុង​ភូមិ​សា​ស្រ្ត ​ខណ្ឌ​ជ្រោយ​ចង្វា​ ​សង្កាត់​ជ្រោយ​ចង្វា​ ​ក្រុងភ្នំពេញ​ ​ស្របតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​​ ​ហាង​កាហ្វេ​មួយ​ឈ្មោះថា​ ​«​Bo B​o ​Ca​f​é​»​ ​កំពុង​ល្បី​កក្រើក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាក់​ទាញចិត្ត​អតិថិជន​ប្រុស​ស្រី​ជិត​ឆ្ងាយ​ក្នុងរយៈ​ពេញ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​ដោយសារតែ​ទីតាំង​នេះ​មាន​ការរចនា​ស្ថាបត្យកម្ម​លក្ខណៈ​ជា​សួន​រុក្ខជាតិ​បែប​ ​Rain​forest​ ​ប្លែក​ពី​ហាង​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ដើម្បី​ទៅដល់​ទីនេះ​ ​បើ​យើង​ជិះ​ចេញពី​ភ្នំពេញ​ដល់​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ប្រមាណ​ ​៥​០​០​ម៉ែត្រ​ ​ខាងស្ដាំ​ដៃ​អ្នក​នឹង​ប្រទះឃើញ​ហាង​មួយ​ដែល​មាន​លក់​រុក្ខជាតិ​យ៉ាង​ច្រើន​អម​ជាមួយ​ស្លាកយីហោ​ ​«​Bo B​o ​Ca​f​é​»​។​

            ចេញពី​មាត់​ផ្លូវ​ជាតិប្រមាណ​ត្រឹមតែ​២​០​០​ម៉ែត្រ​ ​លោកអ្នក​នឹង​ឃើញ​ផ្លូវ​មួយ​បែប​ព្រៃ​ភ្នំ​ដោយ​ម្លប់ឈើ​បែកមែក​សាខា​ត្រសុំត្រសាយ​ជាប់នឹង​ច្រក​ទ្វារ​ចូល​។​ ​ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​បរិយាកាស​ខាងក្នុង​ដែល​រៀបចំ​ឡើង​តាម​បែប​ព្រៃភ្នំត្រជាក់ភ្នែក​តែម្ដង​ ​ដោយមាន​ខ្យល់​ត្រជាក់​ល្ហឹម​ទោះ​ពេលថ្ងៃត្រង់​ក៏ដោយ​ ​ព្រោះ​ទីនេះ​​សម្បូរ​ដើមឈើ​តូច​ធំ​បែកមែក​សាខា​ជាច្រើន​ដើម​ ​ថែមទាំង​មាន​បង្កប់​ទៅ​ដោយ​ប្រព័ន្ធ​ចំហាយទឹក​យ៉ាង​ទំនើប​ដែល​រណ្ដំ​ចិត្ត​អតិថិជន​ផ្សារភ្ជាប់​នឹង​សម្រស់​ធម្មជាតិ​ទឹកជ្រោះ​ពិតៗ​មិនចាញ់​សម្រស់​ទឹកជ្រោះ​​តាម​បណ្ដា​ខេត្ត​​ក្នុង​ប្រទេស​ប៉ុន្មាន​ឡើយ​។​ ​ថ្វី​ដ្បិតតែ​ទីនេះ​មាន​ទំហំ​តូចល្មម​ក៏​ពិតមែន​ ​ប៉ុន្តែ​​ការរៀបចំ​កន្លែង​អង្គុយ​សម្រាប់​ភ្ញៀវ​មាន​ជម្រើស​ជាច្រើន​ប្រភេទ​ខុសប្លែក​គ្នា​ ​ដោយ​ភ្ញៀវ​អាច​អង្គុយ​នៅ​តុ​ក្រោម​ដើមឈើ​ ​ក្នុង​ហាង​ម៉ាស៊ីនត្រជាក់​ ​ឬនៅ​ជាន់​ខាងលើ​នៃ​ហាង​ដែល​មាន​រុក្ខជាតិ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។​

            ហាង​កាហ្វេ​នេះ​ ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​លោក​ ​លន់​ ​ចំណាន​ ​អាយុ​ ​៤​៣​ឆ្នាំ​ ​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​នៅ​ប្រទេស​ឥណ្ឌា​។​ ​បើ​តាម​ការ​អះអាង​របស់​ស្ថាបនិក​រូប​នេះ​ផ្ទាល់​ ​ហាង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍​ប្រចាំ​តំបន់​ ​ហើយក៏​ចង់​ផ្ដល់​នូវ​ភាព​ងាយស្រួល​ទៅដល់​អតិថិជន​ដែល​ពិ​បាក​ក្នុង​ការស្វែងរក​ទីកន្លែង​ក​ម្សាន្ត​អារម្មណ៍​ដែល​ពោល​ពេញ​ទៅ​ដោយ​រុក្ខជាតិ​ជាច្រើន​ប្រភេទ​ ​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​យូរ​ក្នុង​ការធ្វើដំណើរ​ឡើយ​។​ ​លើស​ពី​នេះ​ ​លោក​ក៏បាន​លើកឡើង​ថា​ “​មែនទែន​ទៅ​ឈ្មោះថា​ ​«​បូ​»​ ​គឺជា​ឈ្មោះ​របស់​ប្រពន្ធ​របស់​ខ្ញុំ​ ​ហើយ​គាត់​គឺជា​អ្នក​ដែល​និយម​ទទួលទាន​កាហ្វេ​ ​ដោយ​មុននឹង​គាត់​ទទួលទាន​កាហ្វេ​ម្ដងៗ​គឺ​គាត់​សម្រិត​ស​ម្រា​ង​នូវ​រសជាតិ​របស់​វា​យ៉ាង​ខ្លាំង​ ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ស​ម្រេច​ចិត្ត​ជ្រើសរើស​ឈ្មោះ​ Bo Bo ​Ca​f​é ​ជា​ឈ្មោះ​ហាង​តែម្ដង​”​។​

            ចំពោះ​ភេសជ្ជ​​នៅ​ទីនេះ​ ​គឺ​មាន​កាហ្វេ​គ្រប់​ប្រភេទ​ ​ទាំង​កាហ្វេ​ទឹកដោះគោ​ទឹកកក​បែប​ធម្មតា​ ​និង​ប្រភេទ​កាហ្វេ​ម៉ាស៊ីន​ដូចជា​ ឡាតេ (​Lat​t​e​) ​កា​ពូ​ឈីណូ (​Cap​p​ucc​in​o) ម៉ូ​កា​ (​M​oc​h​a​) ​ព្រមទាំង​ភេសជ្ជ​​មិនមែន​កាហ្វេ​ជា​ច្រើនមុខ​ទៀត​ដូ​ចហាង​កាហ្វេ​ទូទៅ​ដែរ​ ​ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាងគេ​ហើយ​មិត្ត​អ្នកអាន​គួរតែ​សាកល្បង​ទៅ​ភ្លក់​នោះ​គឺ​ ​BoB​o ​Coffee​ ​ដែល​ជា​កាហ្វេ​ល្បី​ប្រចាំ​ហាង​តែម្ដង​។​

            តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នានា​ ​ភ្ញៀវ​បាន​មក​ទស្សនា​ ​និង​ភ្លក្ស​រសជាតិ​ភេសជ្ជ​នៅ​ទីនេះ​កាន់តែ​ច្រើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ម្ចាស់​ហាង​បាន​បង្ហើប​ថា​ប្រសិនបើ​ភ្ញៀវ​នៅតែ​បន្ត​គាំទ្រ​ក្នុង​ចំនួន​ច្រើន​បែប​នេះ​ ​លោក​គ្រោង​នឹង​ពង្រីក​ទីតាំង​នេះ​ឱ្យ​កាន់តែ​ធំ​ទូលាយ​ ​និង​ដាក់​តុកៅអី​បន្ថែម​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ជាក់ស្តែង​។​ ​ម្ចាស់​ហាង​ឆ្លៀត​ក្នុង​ខណៈនេះ​សូមអភ័យទោស​ទុកជាមុន​ចំពោះ​រាល់​បញ្ហា​ខ្វះខាត​ ​ជាពិសេស​ភ្ញៀវ​ដែល​បាន​រង់ចាំ​យូរ​ ​ដោយសារ​ចំនួន​បុគ្គលិក​នៅ​មាន​តិចតួច​ ​ហើយ​ភ្ញៀវ​ចេះតែ​មក​ច្រើនឡើង​ៗ​ហួសពី​ការ​រំពឹង​ទុក​។​ ​គួរ​បញ្ជាក់​ថា​ ​«​Bo Bo ​Ca​f​é​»​ ​ចាប់ផ្តើម​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​៧​ព្រឹក​ ​រហូតដល់​ម៉ោង​៧​យប់​ផង​ដែរ​៕

Article by NI CHANNIKA


SUGGESTIONS