×

លេង​ស្ទាយ៌​២​បែបជា​មួយ​ម៉ូត​សំពត់​ ​និង​អាវ​ស​សម្រាប់​ទៅ​វត្ត​នា​រដូវ​ភ្ជុំបិណ្ឌ​

TRAVEL & LIVING 7 months ago
 
 

            ជាទូទៅ​ ​តាំងពី​ដើម​រៀងមក​ ​យើង​ចំណាំ​ឃើញ​ថា​ប្រជាជន​ខ្មែរ​និយម​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ដូចជា​ ​អាវ​ប៉ាក់​ ​សំពត់ហូល​ ​ឬ​ផាមួង​ ​ទៅ​វត្តអារាម​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ ​មិនថា​បុណ្យចូលឆ្នាំ​ ​ឬ​បុណ្យភ្ជុំបិណ្ឌ​នោះ​ទេ។​ ​ក្រៅពី​ ​សម្លៀក​បំពាក់​ប្រពៃណី​នេះ​ ​មិត្ត​នារី​ទាំងឡាយ​ក៏​អាច​ជ្រើស​អាវ​សាច់ក្រណាត់​ពណ៌​ស​មក​ស្ទាយ៌​ជាមួយ​ម៉ូត​សំពត់​ផ្សេងៗ​បែប​សាមញ្ញ​និយម​ ​តែ​មាន​ភាព​ទាន់សម័យ​ស័ក្តិសម​សម្រាប់​នារី​សម័យថ្មី​ផង​ដែរ។​ ​ខណៈ​សុភាព​នារី​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់​តុប​តែងខ្លួន​ ​ហើយ​ខ្លះទៀត​ក៏​មិនទាន់​ដឹង​ថា​នឹង​ជ្រើសរើស​ឈុត​បែប​ណា​ដើម្បី​ឱ្យស័ក្តិសម​រដូវកាល​ ​មាន​ភាព​ងាយស្រួល​ ​និង​ទាន់សម័យ។​ ​ដូច្នេះ​ ​សូវរីន​ ​សូម​ណែនាំ​ស្ទាយ៌​ស្លៀកពាក់​ចំនួន​២​បែប​ដើម្បី​ជា​យោបល់​ដល់​មិត្ត​នារី​គ្រប់រូប​សម្រាប់​ទៅ​វត្ត​នា​បុណ្យភ្ជុំបិណ្ឌ​នេះ។​

            1. អាវប៉ោងស្មា​សំពត់​ព្លីស្សេ​ (Plissé)
​អាវ​ស​ក្រៅពី​ប្រភេទ​អាវ​ប៉ាក់​ ​សុភាព​នារី​អាច​ជ្រើសរើស​ជា​ប្រភេទ​អាវ​សាច់​សាតាំង​ដៃ​ប៉ោង​រលុងៗ​ ​និង​មាន​ម៉ូត​បន្តិចៗ​ដើម្បី​កុំ​ឱ្យ​មើលទៅ​សាមញ្ញ​ពេក​ ​តែ​មាន​ភាព​ស៊ីវិល័យ។​ ​អាវ​នេះ​ស័ក្តិសម​បំផុត​ជាមួយ​សំពត់​វ៉ាល់​ព្លីស្សេ ​ដោយ​ជ្រើសរើស​ពណ៌​បែប​ស្រគត់ស្រគំ។​ ​សំពត់​ម៉ូត​នេះ​មាន​លក្ខណៈ​ងាយស្រួល​ដើរ​ ​ស្រួល​បត់បែន​តាម​សកម្មភាព​ផ្សេងៗ​ ​និង​មាន​ភាព​ស្រស់ស្រាយ។​ ​ជាមួយគ្នា​នេះ​ដើម្បី​ឱ្យ​មើល​ទៅកាន់​តែ​មាន​ភាព​លេចធ្លោ​ ​ហ៊ឺហា​ថែម​មួយ​កម្រិត​ ​មិត្ត​នារី​អាច​ផាត់​មុខ​បែប​ស្រាល​ ​ជាមួយនឹង​ម៉ូត​សក់​មូរ​រួញ​ទម្លាក់​ ​មើល​ទៅកាន់​តែ​ស៊ីមេទ្រី។​ ​ចំពោះ​ស្បែកជើង​អាច​ជ្រើសរើស​ជា​ប្រភេទ​ស្បែកជើង​កែង​ទាប​សមរម្យ​ងាយស្រួល​ដើរ​ជាង​ស្បែក​កែង​ចោត​ ​ហើយក៏​ស័ក្តិសម​ជាមួយនឹង​សំពត់​ដែល​មាន​សម្រុង​វែង​ជាង​ស្បែក​រាប​ ​ឬ​សង្រែក។​

            2. អាវ​ស​ ​ក​រំភើយ ​(Berta)
​ក្រៅពី​ប្រភេទ​អាវ​ប៉ាក់​ ​យើង​ក៏​អាច​ជ្រើសរើស​អាវ​ប្រភេទ​នេះ​ដើម្បី​ស្ទាយ៌​ជាមួយ​សំពត់ហូល​ ​ឬ​ផាមួង​បាន​ដែល​យើង​ធ្លាប់​ស្លៀក​កន្លងមក។​ ​ចំពោះ​មិត្ត​នារី​ទាំងឡាយ​ចូលចិត្ត​ស្ទាយ៌​សាមញ្ញ​និយម​ ​សុភាព​រាបសា​ ​មិន​ឆើតឆាយ​ខ្លាំង​ ​តែ​ស្រស់​ស្អាត​រមទម​គឺ​ស័ក្តិសម​បំផុត​សម្រាប់​មួយ​ឈុត​នេះ។​ ​ម្យ៉ាង​អាវ​សាច់​លាត​ប្រភេទ​នេះ​ ​មាន​ក​បិទ​ជិត​មើលទៅ​មិន​ស៊ិចស៊ី​ ​ជាមួយនឹង​ទំហំ​រាង​រលុងៗ​បន្តិច​ ​មិន​ធ្វើ​ឱ្យ​ស្អុះស្អាប់​ឡើយ។​ ​ពិសេស​ជាង​នេះ​ទៅទៀត​គឺ​មិន​រើស​ពណ៌​សំពត់​ឡើយ​ ​អាច​ជ្រើសរើស​ពណ៌​តាមចិត្ត​ស្រលាញ់។​ ​បន្ថែម​ដោយ​កា​រផាត់​មុខ​តិចៗ​ ​និង​លើក​សក់​បួង​ឡើង​ ​ឬ​ចង​ទម្លាក់​ក៏បាន។​ ​ចំពោះ​គ្រឿង​លម្អ​បន្ថែម​ ​អាច​ពាក់​ជា​ក្រវិល​រំយោល​តូចៗ​មិន​ធំ​ពេក​ ​ហើយ​មិន​ចាំបាច់​ពាក់​ខ្សែក​ក៏បាន​ព្រោះ​អាច​មើលទៅ​ឃើញ​ស្អេកស្កះ៕​

​Article by SOUNG SOKSAN


SUGGESTIONS