«សម្លម្ជូរសាច់គោភូមិដើមផ្តៀក» អាជីវកម្មលក្ខណៈគ្រួសារល្បីប្រចាំខេត្តតាកែវ
TRAVEL & LIVING one year agoខេត្តតាកែវ ក្រៅពីមានបង្កងទឹកសាប ពងទាកូន ដែលមានរសជាតិល្បីថាឆ្ងាញ់ប្រចាំខេត្ត ក៏នៅមានអាហារសម្រន់ មុខម្ហូប និងនំនែកជាច្រើនទៀតនៅតាមស្រុកភូមិដែលយើងគួរតែសាកល្បងភ្លក់រសជាតិផងដែរ។ ជាក់ស្តែង កន្លែងលក់សម្លម្ជូរសាច់គោមួយកន្លែង ដែលជាអាជីវកម្មលក្ខណៈគ្រួសារ ពេញនិយមប្រចាំភូមិដើមផ្តៀក ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានចម្ងាយប្រហែល១២គីឡូម៉ែត្រពីក្រុងដូនកែវ ស្ថិតលើបណ្តោយផ្លូវជាតិលេខ២ ជិតវត្តភ្នំខ្លែង (បើធ្វើដំណើរពីក្រុងដូនកែវ ស្ថិតនៅខាងឆ្វេងដៃ)។
តាមសម្តីរបស់អ្នកលក់ផ្ទាល់បានឱ្យដឹងថា មុខរបរលក់សម្លម្ជូរសាច់គោនេះ គឺលក់៣០ឆ្នាំជាងមកហើយ ដែលជាស្នាដៃបន្តពីម្តាយរហូតដល់កូន។ គាត់បានបន្តថា អ្នកក្នុងតំបន់នេះគេហៅថា សម្លម្ជូរសាច់គោ ចំណែកអ្នកស្រុកមួយចំនួនតែងហៅសម្លនេះថា ម្ជូរគ្រឿងសាច់គោ ចំណែកឯការចម្អិនក៏មានលក្ខណៈខុសគ្នាខ្លះដែរ។ ម្ជូរគ្រឿងសាច់គោនៅទីនេះ មិនមានបន្ថែមបន្លែដូចជាត្រកួន ត្រប់ ឬបន្លែផ្សេងៗឡើយ ប៉ុន្តែពេលទទួលទានគឺមានបន្ថែមជាមួយនឹងជីរគ្រប់មុខស្រស់ៗសម្រាប់ញុាំផ្ទាប់ ដែលកាន់តែបង្កើនរសជាតិឆ្ងាញ់ប្លែក។ ជាពិសេសគឺមានសាច់គោគ្រប់ផ្នែក ទាំងសាច់ ទាំងគ្រឿងក្នុង ពោះគោ សរសៃ ឆ្អឹងជំនីរ ឈាមគោជាដើម។ លើសពីនេះ សម្លមានរសជាតិជូរដិត ចាស់ប្រហុក ទឹកសម្លលឿង ទំនងឆ្ងាញ់ ហើយពេលទទួលទានមិនស្កាតមាត់ និងមិនមានធុំក្លិនសាច់គោឡើយ។
កត្តាដែលធ្វើសម្លម្ជូរសាច់គោនៅទីនេះ មានរសជាតិឆ្ងាញ់ និងប្លែកខុសគេនោះគឺ មានរូបមន្តប្រចាំគ្រួសារ បូករួមទាំងតិចនិកនៃការចម្អិនសម្ល ការជ្រើសរើសប្រហុក ការប្រើប្រាស់ម្ជូរអំពិលទុំ លាយជាមួយអង្រ្កង។ មិនតែប៉ុណ្ណោះ ការធ្វើមានអនាម័យ ថែមទាំងមានតម្លៃថោកសមរម្យចាប់ពី៥០០០៛ឡើងទៅក្នុង១ចានតែប៉ុណ្ណោះ ឬទៅតាមអ្វីដែលភ្ញៀវកុម្មង់។ ទាំងនេះហើយដែលជាកត្តាធ្វើឱ្យម៉ូយចាស់នៅតែបន្តគាំទ្រ និងមានអតិថិជនថ្មីជាបន្តបន្ទាប់ មិនថាអ្នករស់នៅក្នុងតំបន់ជិតៗនេះ ឬអ្នកដំណើរមកពីចម្ងាយ អតិថិជនមកពីបណ្តាខេត្តផ្សេងៗនោះទេ ឱ្យតែធ្វើដំណើរកាត់ទីនេះតែងមិនរំលងឡើយ រមែងឆៀងចូលមកភ្លក់រសជាតិតាមការល្បីតៗគ្នា។ សូម្បីភ្ញៀវចម្ងាយខ្លះ អញ្ជើញមកទទួលទានផ្ទាល់ហើយ ថែមទាំងជាវខ្ចប់យកទៅទុកទទួលទានបន្តនៅផ្ទះទៀតផង។ ដោយសារកំណើននៃការគាំទ្រទាំងអតិថិជនចាស់ និងថ្មីបែបនេះហើយ ទើបបរិមាណការលក់ក៏កើនឡើងដែលលក់ដាច់រហូតដល់៤០-៥០គីឡូសាច់ក្នុងមួយថ្ងៃ ឬលក់ដាច់ច្រើនជាងនេះនៅពេលមានថ្ងៃបុណ្យទានឈប់សម្រាកម្តងៗ។
ម្ចាស់អាជីរកម្មក៏បានបញ្ជាក់ដែរថា គាត់បើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់យប់លក់សម្លអស់តែម្តង៕
Article by SOUNG SOKSAN