ឈ្វេងយល់ពីប្រេងវីតាមីន E ធាតុផ្សំដ៏ពេញនិយមក្នុងផលិតផលថែរក្សាស្បែក
FASHION & BEAUTY one year agoប្រេងវីតាមីន E ជាធាតុផ្សំសំខាន់មួយដែលត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងជាច្រើន ក៏ព្រោះតែប្រេងវីតាមីន E មានអត្ថប្រយោជន៍ជាច្រើនចំពោះស្បែក។ មានអ្នកជំនាញជាច្រើន បានសិក្សាអំពីប្រេងវីតាមីន E អំពីអត្ថប្រយោជន៍ ការប្រើប្រាស់ និងហេតុផលមួយចំនួនដែលអ្នកគួរតែប្រើប្រាស់វា។
តើប្រេងវីតាមីន E ជាអ្វី?
គ្រូពេទ្យជំនាញខាងសើស្បែកដែលមានមូលដ្ឋាននៅរដ្ឋ New Jersey ឈ្មោះ Margarita Lolis និងនិងគ្រូពេទ្យវះកាត់ Mohs បានពន្យល់ថា វីតាមីន E គឺជាវីតាមីនរលាយក្នុងជាតិខ្លាញ់ដែលមានក្នុងទម្រង់៨ប្រភេទផ្សេងគ្នា។ វាត្រូវបានគេរកឃើញក្នុងប្រេងគ្រាប់ធញ្ញជាតិ និងបន្លែមួយចំនួនដែលអាចបរិភោគបាន ហើយវាក៏មាននៅក្នុងខ្លួនរបស់យើងផងដែរ។ ហេតុនេះ ទើបប្រេងវីតាមីន E មានបន្ថែមក្នុងផលិតផលដើម្បីថែរក្សាស្បែក។ អ្នកជំនាញក៏បានរកឃើញថា អ្នកដែលមានប្រភេទស្បែកខ្លាញ់ គឺមានកម្រិតផ្ទុកទៅដោយវីតាមីន E ខ្ពស់។ ជាទូទៅ គេរកឃើញវីតាមីន E ពីរប្រភេទដែលតែងមាននៅក្នុងគ្រឿងថែរក្សាស្បែកគឺតាមីន E ប្រភេទ Tocopherols និង Tocotrienols។
តើប្រេងវីតាមីន E ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?
វីតាមីន E ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ការប្រឆាំងអុកស៊ីតកម្ម និងការផ្តល់សំណើម។ Marisa Garshick, MD ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកនៅ MDCS Dermatology បាននិយាយថាវាជួយការពារស្បែកពីការបំផ្លាញរ៉ាឌីកាល់សេរី ហើយក៏ជាសារធាតុសំណើម និងសារធាតុ Emollient ដើម្បីជួយឱ្យស្បែកអាចទប់ជាតិសំណើមបានយ៉ាងល្អ។ អត្ថប្រយោជន៍ផ្សេងទៀតរួមមាន ការជួយព្យាបាលស្នាមក្រហម ស្នាមដែលទើបតែកើតមានថ្មីៗ ស្នាមមុន ជួយបំបាត់ការរលាក ការហើមនៃស្បែក និងធ្វើឱ្យវាល្អសម្រាប់ស្ថានភាពស្បែកដូចជាជំងឺត្រអក និង Rosacea ជាដើម។ វីតាមីន E ក៏អាចផ្តល់ការការពារបញ្ហាស្បែកពីកម្តៅព្រះអាទិត្យ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកក៏មិនគួររំលងការប្រើប្រាស់ឡេការពារកម្តៅថ្ងៃឡើយ។ ដូច្នេះ គួរជ្រើសរើសឡេការពារកម្តៅថ្ងៃណាដែលមានផ្ទុកសារធាតុវីតាមីន E ដើម្បីជួយដល់ការការពារស្បែកកាន់តែមានប្រសិទ្ធភាព។
តើវីតាមីន E និងវីតាមីន C ខុសគ្នាយ៉ាងដូចម្តេច?
វីតាមីន E និងវីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលទទួលស្គាល់ច្រើនបំផុតក្នុងការថែរក្សាស្បែក ហើយវាមានលក្ខណសម្បត្តិប្រឆាំងអុកស៊ីតកម្មដូចគ្នា។ បន្ថែមលើសពីនេះ វីតាមីន C ជួយធ្វើឱ្យស្បែកភ្លឺថ្លា ជាពិសេសជួយលុបបំបាត់ស្នាមនៅលើស្បែក ចំណែកវីតាមីន E ជួយផ្តល់ជាតិទឹក។ ដូច្នេះ ការប្រើប្រាស់ផលិតផលដែលផ្ទុកសារធាតុទាំងពីរនេះ ផ្តល់នូវការការពារប្រឆាំងអុកស៊ីតកម្ម រួមជាមួយនឹងអត្ថប្រយោជន៍ធ្វើឱ្យស្បែកភ្លឺថ្លា មានសំណើម និងកាត់បន្ថយស្លាកស្នាម។
តើមានគុណវិបត្តិចំពោះការប្រើប្រាស់ប្រេងវីតាមីន E ដែរឬទេ?
ជាការពិត វីតាមីន E អាចនឹងមិនស័ក្តិសមសម្រាប់ប្រភេទស្បែកទាំងអស់នោះទេ។ យោងតាមលោក Garshick វីតាមីន E គឺជាសារធាតុដែលអាចបណ្តាលឱ្យមានការរលាក ឬប្រតិកម្មអាលែហ្សីមួយចំនួន ហើយវាក៏ធ្វើឱ្យស្បែកឆាប់បែកញើសផងដែរ។ ប្រសិនបើអ្នកងាយនឹងបែកញើស ស្បែកមានមុនច្រើន ឬស្បែកងាយប្រតិកម្ម គួរប្រើប្រាស់ដោយប្រុងប្រយ័ត្ន ឬអាចពិគ្រោះជាមួយអ្នកជំនាញមុនប្រើប្រាស់ មុនពេលអ្នកបញ្ចូលវាទៅក្នុងទម្លាប់ថែរក្សាស្បែក។
តើគួរប្រើប្រេងវីតាមីន E យ៉ាងដូចម្តេច?
ការបញ្ចូលប្រេងវីតាមីន E ទៅក្នុងទម្លាប់ថែរក្សាស្បែកគឺងាយស្រួលណាស់ ព្រោះវាមាននៅក្នុងផលិតផលថែរក្សាសម្រស់ជាច្រើន។ វាដំណើរការល្អជាមួយគ្រឿងផ្សំទាំងអស់ ដូច្នេះអ្នកមិនចាំបាច់ផ្លាស់ប្តូរផលិតផលមួយចំនួនដើម្បីប្រើវីតាមីន E សុទ្ធតែម្តងនោះទេ។ អ្នកអាចអាចលាបលើស្បែករបស់អ្នកដោយផ្ទាល់ ហើយវាត្រូវបានប្រើប្រាស់យ៉ាងល្អបំផុតក្នុងផលិតផលដូចជា គ្រីមផ្តល់សំណើម ឡេការពារកម្តៅថ្ងៃ ផលិតផលលាងសម្អាតស្បែកជាដើម។ គួរចំណាំផងដែរថា គប្បីប្រើប្រាស់ផលិតផលដទៃទៀតមុនប្រើប្រេងវីតាមីន E ព្រោះសេរ៉ូម ឬគ្រីមលាបស្បែកមិនអាចជ្រាបចូលស្បែកបានទេ ប្រសិនបើអ្នកលាបប្រេងវីតាមីន E មុន។ ប៉ុន្តែ ប្រេងវីតាមីន E អាចជ្រាបចូលស្បែកបាន ទោះបីជាលាបគ្រីមរួចហើយក៏ដោយ៕
Article by SOUNG SOKSAN