ហាងកាហ្វេមួយកន្លែងទាក់អារម្មណ៍ភ្ញៀវឲ្យវិលត្រលប់ទៅកាន់ឆ្នាំ១៩៦៣
TRAVEL & LIVING 8 months ago កម្ពុជានៅចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ គឺស្ថិតនៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលគេស្គាល់ជាទូទៅថាជាយុគសម័យមាស ដែលប្រទេសកម្ពុជាមានការរីកចម្រើនសឹងគ្រប់វិស័យលេចធ្លោជាងគេនៅក្នុងតំបន់ និងបានជាប់ឈ្មោះថាជាគុជនៃអាស៊ី។ ឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេសទំនើបមានអាគារខ្ពស់ៗមានស្ថាបត្យកម្មទំនើប និងមានបច្ចេកវិទ្យាជឿនលឿន ក៏ប៉ុន្តែទិដ្ឋភាពនិងរូបភាពកម្ពុជាកាលពីសម័យសង្គមរាស្ត្រនិយមនៅតែបន្តដក់ក្នុង ក្រអៅបេះដូងនៃមនុស្សខ្មែរចាស់ៗ និងបានជម្រុញដល់ក្មេងៗជំនាន់ក្រោយឲ្យចង់ដឹងចង់ស្គាល់រសនិយមនៃសម័យនោះដូចគ្នា។ ដោយហេតុនេះហើយ ទើបធ្វើឲ្យលោក អ៊ុន ចន្ទ័បញ្ញារិទ្ធ សម្រេចចិត្តបង្កើតនូវហាងកាហ្វេមួយកន្លែងដែលលោកបានដាក់ឈ្មោះថា “Phnom Penh 1963 Cafe”។
នៅពេលដែលគេបានជិះលើផ្លូវលេខ ៤១៨ ខាងលិចផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនគេនឹងប្រទះឃើញផ្ទះល្វែងមួយកន្លែងដែលមើលពីខាងក្រៅគ្រាន់តែហាងកន្លែងធម្មតាតូចមួយ ក៏ប៉ុន្តែបើគេក្រលេកមើលទៅខាងក្នុងគេនឹងមានការភ្ញាក់ផ្អើលដោយសារតែការដេគ័រហាងបែបក្លាសិក ដោយបំពាក់នូវគ្រឿងសង្ហារិម តុ កៅអីចាស់ឈើចាស់ៗជាច្រើន។ បើបានឈានជើងចូលដល់ខាងក្នុងហាងគេនឹងពើបប្រទះទៅនឹងរូបថត វីរៈតារាចម្រៀង និងតារាភាពយន្តកាលពីជំនាន់ព្រះបរមរតនកោដ្ឋសម្ដេចតានៃយើង ព្យួរលើជញ្ជាំងដែលសបញ្ជាក់ប្រាប់គេថាទីនេះគឺកំពុងស្ថិតនៅឆ្នាំ១៩៦៣។ មិនត្រឹមតែប៉ុណ្ណោះរបស់របរប្រើប្រាស់ចាស់ៗជាច្រើនតួរយ៉ាងដូចជាកាមេរ៉ាបែបក្លាសិក ម៉ាស៊ីនដេរ ទូរសព្ទលើតុ និងសម្ភារមួយចំនួនត្រូវបានដាក់តាំងរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់។
បញ្ញា រិទ្ធ បានប្រាប់ក្រុមការងាររបស់ សូវរីន ថា ការដែលលោកបានច្នៃផ្ទះមួយល្វែងនេះទៅជាហាងកាហ្វេបែបឆ្នាំ១៩៦៣ដោយសារតែលោកគឺជាអ្នកដែលស្រលាញ់និង ចូលចិត្តផ្នត់គំនិត បែបក្លាសិកហើយម្យ៉ាងក៏ដោយសារតែឪពុកម្ដាយ និងក្រុមគ្រួសាររបស់លោកចូលចិត្តរក្សាទុកនូវរបស់ចាស់ៗផងនោះទើបជម្រុញឲ្យលោកបានប្រមូលរបស់ប្រើប្រាស់ទាំងនោះមកដាក់តាំងនៅហាងកាហ្វេនេះតែម្ដង។ បង្កើតឡើងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២៣ ហាងកាហ្វេ ភ្នំពេញ១៩៦៣ បានក្លាយជាជម្រើសនៃកន្លែងជួបជុំជជែកកំសាន្តរបស់អ្នកចូលចិត្តរបស់ចាស់ និងអ្នកស្រលាញ់បែបបទនៃការរស់នៅកាលពីសម័យសង្គមរាស្ត្រនិយម។
មិនត្រឹមតែការរៀបចំផ្ទៃខាងក្នុងនោះឡើយ សូម្បីតែការប្រើប្រាស់កែវ និងពែងសម្រាប់ដាក់ភេសជ្ជៈក៏ត្រូវបានម្ចាស់ហាងជ្រើសរើសយកកែវបែបចាស់ៗមកប្រើប្រាស់នោះ។ ជាមួយនឹងការរៀបចំផ្ទៃខាងក្នុងបែបក្លាសិកបូករួមទាំងការចាក់ភ្លេងនៃបទចម្រៀងពីដើម និងការប្រើប្រាស់សម្ភារចាស់ៗ គួបផ្សំនឹងបច្ចេកទេសឆុងកាហ្វេហ្វីនដាក់ប៉ាន់ទៀតនោះហាក់បានអន្ទងអារម្មណ៍អ្នកដែលបានចូលទៅពិសារកាហ្វេនៅទីនោះឲ្យវិលត្រលប់ទៅកាន់សម័យសង្គមរាស្រ្តនិយមពិតៗ។ គ្រប់ភេសជ្ជៈទាំងអស់ដែលបានដាក់លក់សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកខុសពីហាងកាហ្វេផ្សេង។ ជាពិសេសភេសជ្ជៈប្រចាំហាងដូចជា កាហ្វេពពកដែលមានការ៉េមកីដាក់ពីលើ និងកាហ្វេអំបិលមានរសជាតិឆ្ងាញ់ប្លែកដែលអ្នកកាហ្វេនិយមគួរតែសាកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏មានផងដែរនូវទឹកកកឈូសរសជាតិដើមដែលរំលឹកដល់កាលពីកុមារភាពរបស់អ្នកពិសារទៀតផង៕
Article by SongK