នៅថ្ងៃឆ្លងឆ្នាំសាកលដែលជាពេលវេលាចុងក្រោយនៃបំណាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី ជឿជាក់ថាមនុស្សជាច្រើនបានកំពុងតែគិតគូរក្នុងការរៀបចំគម្រោងធ្វើដំណើរកម្សាន្តទៅតាមទីរមណីយដ្ឋាននានា។ ដោយឡែក បើអ្នកពុំទាន់ដឹងថានឹងគម្រោងទៅកម្សាន្តនៅឯណា អ្នកអាចងាកមកលម្ហែកាយតាមភោជនីយដ្ឋាន និងស្កាយបារទំនើបជិតៗមួយចំនួននៅទីក្រុងភ្នំពេញ ដើម្បីជាការរំសាយទុកកង្វល់ផង និងដើម្បីអបអររាត្រីឆ្នាំចាស់ឈានចូលឆ្នាំថ្មីជាមួយមនុស្សពិសេសផងដែរ។ សូវរីន សូមណែនាំភោជនីយដ្ឋានស្កាយបារដ៏ទំនើបចំនួន៥កន្លែងដែលស័ក្តិសមបំផុតសម្រាប់ការជួបជុំ ហើយក៏អំណោយផលសម្រាប់ការទស្សនាការបាញ់កាំជ្រួចនារាត្រីឆ្លងឆ្នាំនេះ។
1. La Vida Sky Bar
La Vida Sky Bar ជាបារលើដំបូលដែលទើបបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នាពេលថ្មីៗនេះ និងជាបារដែលមានកម្ពស់ ២៣០ម៉ែត្រដែលជាបារខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ស្ថិតនៅជាន់ទី ៤៨ នៃអគារ Morgan លើបណ្តោយដងវិថីសុភមង្គល ក្នុងទីក្រុងកោះពេជ្រ La Vida ផ្តល់នូវទេសភាពដ៏ត្រចះត្រចង់ត្រជាក់ភ្នែកនៃសម្រស់ទន្លេទាំង៤(ទន្លេចតុមុខ)ប្រសព្វគ្នាយ៉ាងច្បាស់ និងទិដ្ឋភាព៣៦០ដឺក្រនៃទីក្រុងភ្នំពេញដ៏ស្រស់ត្រកាល ជាពិសេសសម្រស់នាថ្ងៃរៀបលិច និងសម្រស់ពេលរាត្រីពិតជាស្អាតប្លែកភ្នែក។ នាឱកាសនេះ លោកអ្នកអាចសាកល្បងរសជាតិស្រាក្រឡុកជាច្រើនជម្រើស និងមុខម្ហូបខ្មែរបែបប្រណីតដែលបានសម្រិតសម្រាំងយ៉ាងពិសេសពីចុងភៅដ៏ជំនាញ។ បារលើដំបូល La Vida បើកដំណើរការចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១២យប់នៅថ្ងៃធម្មតា និងដល់ម៉ោង១យប់នៅថ្ងៃចុងសប្តាហ៍។
2. FiveFive Rooftop Restaurant & Bar
ស្ថិតនៅជាន់ទី ១៤ នៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh តាមបណ្តោយផ្លូវលេខ
១៧៨ សង្កាត់ជ័យជំនះ ទល់មុខសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ FiveFive Rooftop Restaurant & Bar ត្រូវបានរៀបចំមានលក្ខណៈស្តង់ដារអន្តរជាតិព្រមនឹងប្រណីតភាពបំផុតបំផុសខ្លួននៅលើអគារខ្ពស់ស្កឹមស្កៃ ដែលអនុញ្ញាតឱ្យយើងបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសម្រស់ដងទន្លេមេគង្គ និងព្រះបរមរាជវាំង។ នាឱកាសដ៏ពិសេសនៃបំណាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី FiveFive នឹងមានបញ្ចេញនូវមុខម្ហូបពិសេសៗ និងកម្មវិធីសប្បាយៗលើសពីការរំពឹងទុក។ FiveFive បើកស្វាគមន៍ទទួលភ្ញៀវជារៀងរាល់ថ្ងៃអង្គារដល់ថ្ងៃអាទិត្យពីម៉ោង៤ល្ងាច ដល់ម៉ោង ១០យប់។
3. Sora Sky Bar
បើនិយាយពីបារនីយដ្ឋានទំនើប និងពេញនិយមក្នុងរាជធានីភ្នំពេញ គេពុំដែលរំលងបារលើអាកាស Sora នៅក្នុងជម្រើសឡើយ។ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ Sora ជាបារចំទើតខ្លួននៅជាន់ទី ៣៧ នៃអគារវឌ្ឍនៈ (Vattanac Tower)។ បរិយាយពីចំណុចពិសេសរបស់បារលើអាកាស Sora អ្នកអាចទស្សនាទិដ្ឋភាពដ៏ប្លែកភ្នែកគ្រប់ជ្រុងនៃទីក្រុងគជ់អមដោយម្ហូបអាហារ រួមទាំងស្រាក្រឡុកល្បីៗរសជាតិប្លែក រួមជាមួយការរៀបចំយ៉ាងទាក់ចិត្ត។ បារលើអាកាស Sora ដ៏មានប្រជាប្រិយភាពនេះ បើកដំណើរការចាប់ផ្តើមពីម៉ោង ៥ល្ងាចតទៅ។ ដូច្នេះ ប្រសិនបើអ្នកមានគម្រោងទៅទីនេះ កុំភ្លេចកក់កន្លែងទុកជាមុនឱ្យទាន់ពេលវេលាណា!
4. KVL Rooftop
KVL Rooftop គឺជាបារលើដំបូលដ៏ទាក់ទាញមួយស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ នៅជាន់ទី ៨ នៃសណ្ឋាគារ KVL។ បារលើដំបូលនេះ អនុញ្ញាតឱ្យអ្នកអាចទស្សនាសម្រស់យ៉ាងត្រចង់នៃបឹងទន្លេសាប និងខ្យល់ជំនោរយ៉ាងត្រជាក់ស្រស់ស្រាយតាមមាត់ទន្លេ។ តាមរយៈការតុបតែងដេគ័រដ៏ស្រស់ស្អាត អមនឹងពន្លឺអំពូលភ្លើងដ៏ស្រទន់ បន្លឺដោយសម្លេងតន្រ្តី បានបង្កើតជាបរិយាកាសមួយបែប ទាំងស្រស់ស្រាយ និងរ៉ូមែនទិចក្នុងពេលតែមួយ។ ដើម្បីបង្កើនបរិយាកាសកាន់តែរីករាយ ក៏ដូចជាអបអរសាទរការឈានចូលឆ្នាំថ្មី អ្នកអាចសាកល្បងនូវរសជាតិស្រាក្រឡុកបែបសហសម័យ ម្ហូបបែបបស្ចិមប្រទេស និងម្ហូបឡាទីនពី El Tapas ក៏ដូចជាម្ហូបបែបអាស៊ី និងបស្ចិមប្រទេសពី Skylight ផងដែរ។ KVL Rooftop បើកដំណើរការចាប់ពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង១យប់។
5. CELESTE REVOLVING SKY BAR
Celeste Revolving Sky Bar ជាបារលើដំបូលដែលបើកដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ បានកំពុងតែរះយ៉ាងត្រចះត្រចង់នៅចុងកំពូលជាន់ទី៤៣ នៃអគារ ដឹ ផេនហៅស៍រេហ្ស៉ីដិនស៍ (The Penthouse Residence) ស្ថិតនៅទល់មុខសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្បែរទៅនឹងផ្សារទំនើបអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ Celeste Revolving Sky Bar ជាបារដ៏ទំនើប និងស៊ីវិល័យដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដែលធ្វើចលនាវិលជុំ៣៦០ដឺក្រេ អនុញ្ញាតឱ្យយើងអាចទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតគ្រប់ទិស ជាពិសេសសម្រស់ដ៏ល្អឯកនៅពេលថ្ងៃរៀបអស្តង្គតរហូតដល់យប់ជ្រៅ។ ដើម្បីញ៉ាំងឱ្យការជួបជុំកាន់តែរីករាយ លោកអ្នកអាចសាកល្បងជម្រើសស្រាក្រឡុកដែលបានសម្រិតសម្រាំងជាពិសេសប្រចាំហាងជាច្រើនប្រភេទ ជាពិសេសជម្រើសអាហារប៊ូហ្វេយ៉ាងសម្បូរបែបដែលមានសម្រាប់តែរាត្រីឆ្លងឆ្នាំតែប៉ុណ្ណោះ។ បារបង្កប់ខ្លួនលើអាកាសនេះបើកទទួលភ្ញៀវចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១២យប់៕