×

ជំនឿ​ទាក់ទង​នឹង​ការ​ទទួលទាន​ត្រី​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​

TRAVEL & LIVING 10 months ago
 
 

​          ពិធី​បុណ្យចូលឆ្នាំ​ចិន​ជា​ពិធីបុណ្យ​ធំ​មួយ​ប្រចាំ​ឆ្នាំ​និង​សំខាន់​បំផុត​សម្រាប់​ជនជាតិ​ចិន​ ​វៀតណាម​ ​និង​ប្រជាជន​ខ្មែរ​ដែល​កាត់​សែស្រឡាយ​ចិន​ផង​ដែរ​ ​ពីព្រោះ​ពិធី​បុណ្យចូលឆ្នាំ​ចិន​គឺ​ជាពិធី​អប​អរសាទរ​ចំពោះ​ការ​មកដល់​នៃ​និទាឃរដូវ​ (​រដូវ​ផ្កា​រីក​) ​និង​ ​ការ​ចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី​តាម​ប្រតិទិន​ចន្ទគតិ​។​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ខាងលើ​ ​ប្រជាជន​ដែល​ជាប់​សែ​វៀតណាម​-​ចិន​ ​តែងតែ​អនុ​វត្តសកម្មភាព​ផ្សេងៗ​ជាច្រើន​អាស្រ័យ​តាម​ជំនឿ​ត​មកពី​ដូនតា​របស់​ពួកគេ​។​ ​ស្រប​នឹង​ឱកាស​ខាងមុខនេះ​ ​ចំ​រដូវ​សែន​ចូលឆ្នាំ​ចិន​ ​ឆ្នាំ​២​០​២​៤​នេះ​ ​សូវ​រី​ន​នឹង​បង្ហាញ​ជំនឿ​ដ៏​មុតមាំ​មួយ​ក្នុងចំណោម​ជំនឿ​ជាច្រើន​ទាំងនោះ​គឺ​ ​ការ​ទទួលទាន​ត្រី​។​

​​          យោង​តាម​គេហទំព័រ​ ​China​ ​Highlight​s ​ស្តីពី​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ ​ត្រី​ជា​ម្ហូប​ដែល​មិន​អាច​មើល​រំលង​សម្រាប់​ការ​ទទួលទាន​អាហារ​ជួបជុំ​គ្រួសារ​ ​ជាពិសេស​ក្នុង​រដូវ​សែន​ចូលឆ្នាំ​ចិន​ដោយសារតែ​នៅ​ក្នុង​ភាសា​ចិន​ ​ពាក្យ​ ​ត្រី​ ​គឺ​ ​«​鱼​»​ ​អាន​ថា​ ​អុី (​Y​ú) ​ដែល​មានសំឡេង​ដូច​ពាក្យ​ ​ភាព​សម្បូរហូរហៀរ​ (​Surplus​)​។​ ​អាស្រ័យហេតុនេះ​ហើយ​ ​ទើប​ពួកគេ​មាន​ជំនឿ​ទទួលទាន​ម្ហូប​ចូលឆ្នាំ​ធ្វើ​ពី​ត្រី​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​គ្រួសារ​មានទ្រព្យ​សម្បូរហូរហៀរ​សេសសល់​នៅ​ចុង​ឆ្នាំ​។​ ​ពួកគេ​ជឿ​ថា​ ​ប្រសិនបើ​ពួកគេ​មាន​សមត្ថភាព​អាច​សន្សំ​ទ្រព្យសម្បត្តិ​បាន​ដល់​ចុង​ឆ្នាំ​ ​នោះ​ពួកគេ​ប្រាកដជា​អាច​បង្កើន​ទ្រព្យ​បាន​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ ​បន្ទាប់​។​ ​ម្ហូប​ដែល​ពេញ​និយម​ជាងគេ​សម្រាប់​ទទួលទាន​ក្នុង​ពិធី​នេះ​គឺ​ ​ត្រីចំហុយ​។​ ​មួយវិញទៀត​ ​ប្រភេទ​ត្រី​ដែល​យកមក​ធ្វើម្ហូប​ចូលឆ្នាំ​គឺ​អាស្រ័យ​លើ​សំឡេង​ឈ្មោះ​របស់​ត្រី​នោះ​ក្នុង​ភាសា​ចិន​ដែល​សុទ្ធសឹងតែ​ទាក់​ ​ទង​នឹង​លាភជ័យ​សម្រាប់​ឆ្នាំ​ថ្មី​ ​ក្នុង​នោះ​រួម​មាន​ជាអាទិ៍​ ​ត្រី​កាប​សាមញ្ញ​ (Cruc​i​an​ ​Carp​) ​ត្រី​ព្រួល​ (​Chinese​ ​Mud​ ​Carp​) ​និង​ត្រី​អ​ណ្តែ​ង​ (​Catfish​)​។​

​          • ត្រី​កាប​សាមញ្ញ​: ​តួអក្សរ​ដំបូង​នៃ​ឈ្មោះ​ត្រី​នេះ​ក្នុង​ភាសា​ចិន​ 鲫鱼 ​មានសំឡេង​ដូច​ពាក្យ​ចិន​ 吉 (​ជី​) ​ដែល​មានន័យ​ថា​ ​សំណាងល្អ​។​ ​ដូចនេះ​ ​ការ​ទទួលទាន​ត្រី​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ​នឹង​នាំមក​នូវ​​សំណាងល្អ​សម្រាប់​ឆ្នាំ​បន្ទាប់​។​

​          • ​ត្រី​ព្រួល​ចិន​: ​ផ្នែក​ដំបូង​នៃ​ឈ្មោះ​ត្រី​នេះ​ក្នុង​ភាសា​ចិន​គឺ​ 鲤鱼 ​មានសំឡេង​ដូច​ពាក្យ​ចិន​ 礼 (​លី​) ​មានន័យ​ថា​ ​អំណោយ​។​ ​ដូចនេះ​ ​ជនជាតិ​ចិន​មាន​ជំនឿ​ថា​ ​ការ​ទទួលទាន​ត្រី​ព្រួល​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ចិន​តំណាង​ឱ្យ​បំណង​ប្រាថ្នា​បួងសួង​សុំ​អំណោយ​លាភ​ល្អ​។​

​          • ត្រី​អ​ណ្តែ​ង​: ​ពាក្យ​ត្រី​នេះ​ក្នុង​ភាសា​ចិន​គឺ​ 鲶鱼 ​មានសំឡេង​ដូច​ពាក្យ​ចិន​ 年余 (នៀ​ន​អុី) ​មានន័យ​ថា​ ​ភាព​សម្បូរ​ប្រចាំ​ឆ្នាំ​។​ ​ដូចនេះ​ ​ជនជាតិ​ចិន​មាន​ជំនឿ​ថា​ ​ការ​ទទួលទាន​ត្រី​នេះ​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ចិន​ ​គឺជា​ការ​បួងសួង​សុំ​សម្បូរ​ទ្រព្យ​ក្នុង​ឆ្នាំ​ថ្មី​។​

​          ក្រៅពី​ការ​ជ្រើសរើស​ប្រភេទ​ត្រី​សម្រាប់​ច​ម្អិ​ន​ទទួលទាន​ ​នៅ​ក្នុង​វប្បធម៌​ចិន​ ​ប្រជាជន​មាន​ទម្លាប់​ទទួលទាន​ត្រី​ចំនួន​ពីរ​ ​គឺ​មួយ​ក្នុង​ថ្ងៃ​សែន​ (​មុន​ចូលឆ្នាំ​មួយថ្ងៃ​) ​និង​មួយទៀត​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ ​ដែល​ទំនៀម​នេះ​តំណាង​ឱ្យ​ការ​បួងសួង​សុំ​សម្បូរសប្បាយ​រហូត​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​។​ ​ប្រសិនបើ​ត្រី​មានតែ​មួយ​ ​គេ​មាន​ទម្លាប់​ទទួលទាន​ផ្នែក​ខាង​ក្បាល​នៅ​ថ្ងៃ​សែន​ ​ហើយ​ទទួលទាន​ផ្នែក​ដែល​នៅសល់​នៅ​ថ្ងៃ​ចូលឆ្នាំ​ទីមួយ​។​ ​ម្យ៉ាង​វិញទៀត​ ​ម្ហូប​ត្រី​គប្បី​ទុកជា​ម្ហូប​ចុងក្រោយ​គេ​ ​ហើយ​ចៀសវាង​ទទួលទាន​ត្រី​ឱ្យ​អស់ពី​ចាន​រលីង​ឱ្យ​សោះ​ ​ប្រៀប​បីដូច​ជា​ទ្រព្យសម្បត្តិ​ឱ្យ​នៅ​សេសសល់​សម្បូរ​រៀងរាល់​ឆ្នាំ​។​ ​ទំនៀម​ខាងលើ​នេះ​ត្រូវ​បាន​ប្រកាន់ខ្ជាប់​នៅ​ប៉ែក​ខាងជើង​ទន្លេ​យ៉​ង់​សេ​ ​ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ​ទៀត​ ​ក្បាល​និង​កន្ទុយត្រី​ត្រូវ​បាន​រក្សាទុក​ដល់​ឆ្នាំ​ថ្មី​ ​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម​ថា​ឆ្នាំ​ថ្មី​នឹង​ចាប់ផ្តើម​និង​បញ្ចប់​ទៅវិញ​ជាមួយនឹង​ភាព​សម្បូរសប្បាយ​ដូច​ក្បាល​និង​កន្ទុយត្រី​ដែល​នៅសល់​នោះ​ឯង​។​

​​          លើស​ពីនេះទៅ​ទៀត​ ​ជនជាតិ​ចិន​ក៏មាន​ជំនឿ​ទាក់ទង​នឹង​ហុង​ស៊ុ​យ​នៃ​ការរៀបចំ​ត្រី​ដាក់លើ​តុ​អាហារ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ផ្នែក​ក្បាល​គប្បី​ដាក់​តម្រង់​ទៅ​ភ្ញៀវកិត្តិយស​ ​ឬ​ ​មនុស្សចាស់​នៅ​ក្នុង​គ្រួសារ​ ​ដើម្បី​ជា​ការ​សម្តែង​នូវ​ការគោរព​។​ ​សមាជិក​គ្រួសារ​អាច​ទទួល​ត្រី​បាន​លុះ​ត្រា​ណា​តែ​អ្នក​ដែល​អង្គុយ​ទល់មុខ​ក្បាល​ត្រី​ចាប់ផ្តើម​ទទួលទាន​ជាមុន​សិន​។​ ​ទន្ទឹម​នឹង​នេះ​ ​ត្រី​មិនគួរ​ត្រូវ​បាន​បង្វិល​ប្តូរ​ទីតាំង​នោះ​ទេ​ ​ហើយ​អ្នក​ដែល​អង្គុយ​ទល់មុខ​ក្បាល​ ​និង​កន្ទុយត្រី​គប្បី​ផឹក​ជាមួយគ្នា​ ​ដែលគេ​ចាត់ទុកថា​ជា​ប្រផ្នូល​ល្អ​ ​អម​ដោយ​សំឡេង​សើច​សប្បាយ​អប​អរសាទរ​ទាំងអស់គ្នា​៕​

Article by SRIN SOKMEAN


SUGGESTIONS