«MAWSIM» គឺជាទីកន្លែងផលិតស្រាជីនមួយកន្លែងក្នុងទីក្រុងភ្នំពេញដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៣៣E1 (ជាន់ទី១) ផ្លូវ១០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីនេះ ក៏ជាទីកន្លែងសម្រាប់លោកអ្នកដែលចង់សាកល្បងជីនដែលមានរសជាតិដើម រសជាតិជីនផលិតឡើងពីគ្រឿងផ្សំដែលជាធនធានធម្មជាតិក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
លោក Kenji Tsuzaki គឺជាស្ថាបនិកនៃការបង្កើតការបិតស្រាជីននៅ «MAWSIM» បានបង្ហើបឱ្យដឹងថា នៅតាមតំបន់ខ្លះនៃប្រទេសកម្ពុជាសម្បូរទៅដោយរុក្ខជាតិកំប្លោក។ លោកក៏បានយកកំប្លោកនោះទៅចម្រាញ់ចេញជាអាល់កុល ម្យ៉ាងដោយអំណោយផលពីទឹកដីនៃកម្ពុជាដែលមានដំណាំហូបផ្លែមួយចំនួនមានរសជាតិឆ្ងាញ់ ពិសេសសម្បូរទៅដោយធនធានធម្មជាតិ ជាហេតុដែលបណ្តាលឱ្យលោកបានចាប់ផ្តើមសិក្សាស្រាវជ្រាវអំពីការផលិតជីននៅកម្ពុជាតែម្តង។ ឆ្លងកាត់ការសាកល្បងអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតលោក និងក្រុមការងារបានសម្រិតសម្រាំងផលិតជីនចេញជា២រសជាតិ គឺ Spices & Herbs និង Tropical Citrus ហើយបានដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងស្រុកតាមបណ្តាភោជយនីដ្ឋាន បារ សណ្ឋាគារ និងតាមហាងមួយចំនួន រួមទាំងបាននាំចេញទៅក្រៅស្រុកផងដែរ។
តាមការជំនួបជាមួយលោក អេង អ៊ាងឆេង ជាអ្នកគ្រប់គ្រងទូទៅនៅហាង «MAWSIM» បានប្រាប់មកកាន់សូវរីនថា ស្រាជីននៅ «MAWSIM» គឺត្រូវបានជ្រើសរើសគ្រឿងផ្សំសំខាន់ជាច្រើនមុខដែលជាធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ក្នុងនោះរួមមាន ក្រូចបាត់ដំបង ក្រូចឆ្មារ ក្រូចឃ្វិច ផ្លែស្វាយ ម្រេចកំពត គល់ស្លឹកគ្រៃ រំដេង គ្រាប់ស្វាយចន្ទី និងក្រវាញ រួមទាំងគ្រឿងផ្សំមួយចំនួនផ្សេងទៀត។ កាលពីអំឡុងឆ្នាំ២០២៣កន្លងទៅនេះ «MAWSIM» បានពាំនាំស្រាជីនរបស់ខ្លួនទៅប្រកួតនៅឯប្រទេសជប៉ុនដែលមានការចូលរួមប្រកួតជីនពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ ជាលទ្ធផល ជីនរបស់ «MAWSIM» ដែលមានប្រភពដើមនៅប្រទេសកម្ពុជាយើងនេះ បានជាប់ជាជីនដែលមានរសជាតិល្អបំផុតនៅលើពិភពលោកគឺ World Gin Awards 2023 ហើយក៏ជាជីនដែលឈ្នះពានរង្វាន់ដំបូងគេក្នុងអាស៊ីផងដែរ។ ដែលនេះក៏អាចបញ្ជាក់បានថា ធនធានធម្មជាតិនៅប្រទេសកម្ពុជាក៏អាចផលិតជាជីនដែលត្រូវបានទទួលស្គាល់លើរសជាតិល្អផ្តាច់គេដែលបរទេសទទួលស្គាល់។ ចំណែកឯការវេចខ្ចប់វិញ គឺដបត្រូវបានផលិតឡើងយ៉ាងពិសេសពីប្រទេសជប៉ុន គុណភាពត្រូវតាមកម្រិតស្តង់ដា និងអនាម័យ។
ទន្ទឹមនឹងនេះ «MAWSIM» មិនត្រឹមតែដាក់លក់ជីនរបស់ខ្លួនជាប្រភេទដបធំប៉ុណ្ណោះទេ តែក៏មានដាក់លក់ជីនដបតូចៗ ការវេចខ្ចប់មានភាពច្នៃប្រតិដ្ឋស្រស់ស្អាត ដែលអាចជាវសម្រាប់ធ្វើជាកាដូ។ ស្របជាមួយគ្នានេះដែរ លោកអ្នកក៏អាចស្វែងរកគ្រាប់ម្រេចគុណភាពលេខ១ដាំដុះនៅខេត្តមណ្ឌលគិរីនៅទីនេះបានផងដែរ។
គួរជម្រាបដែរថា «MAWSIM» បើកដំណើរការចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលតម្រូវឱ្យអតិថិជនធ្វើការកក់ទុកជាមុន៕
Article by SOUNG SOKSAN