×

បង្កើត​បរិយាកាស​រីករាយ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ជាមួយ​ភោជនាហារ​ដ៏​ពិសេស​

TRAVEL & LIVING 9 months ago
 
 

           ​ទំនាក់ទំនង​យូរអង្វែង​រមែង​កើតឡើង​ពី​ការ​ចេះ​យល់ចិត្ត​គ្នា​ទៅវិញទៅមក​ ​ហើយ​ទំនាក់ទំនង​កាន់តែ​ស្អិត​រ​មួត​ក៏​រមែង​កើតឡើង​ពី​ការ​ចេះ​បង្កើត​ពេលវេលា​ផ្អែមល្ហែម​ជាមួយគ្នា​។​ ​ក្នុង​ឱកាស​ថ្ងៃបុណ្យ​ ​Valentine​’s ​Day​ ​ឬ​ ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ​ថ្វីបើ​មិនមែន​ជា​បុណ្យជាតិ​សាសន៍​របស់យើង​ក៏​ពិតមែន​ ​តែ​យើង​ក៏​អាច​ជ្រើសរើស​ថ្ងៃនេះ​បង្កើត​សកម្មភាព​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​ ​មនុស្សជា​ទីស្រឡាញ់​ ​ជាពិសេស​មនុស្ស​សំខាន់​ផង​ដែរ​។​ ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​បាន​សម្រិតសម្រាំង​នាំ​យក​នូវ​មុខម្ហូប​យ៉ាង​ពិសេស​សម្រាប់​ជា​ការរៀបចំ​ទទួលទាន​ជួបជុំ​ជាមួយ​មនុស្ស​ពិសេស​ ​ឬ​មនុស្សជា​ទីស្រឡាញ់​ ​ដែល​អាច​បង្កើត​ជា​អនុ​ស្សា​វ​រី​យ៍​ដ៏​ផ្អែមល្ហែម​មួយ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​។​ ​យើង​ជឿជាក់​ថា​អ្នក​នឹង​ទទួល​បានការ​ស្រឡាញ់​ ​ដូច​ទៅ​នឹង​ការ​ស្រឡាញ់​ដែល​អ្នក​បាន​ផ្តល់​ទៅ​ឱ្យ​ពួកគេ​។​

​          ស៊ុប​គ្រី​ម​បង្កង​(​Lobster​ B​i​squ​e​):​ គ្រឿងផ្សំ​៖​ ​បង្កង​៤​ក្បាល​, គ្រី​ម​ទឹកដោះគោ​ (​Heavy​ ​cream​) ​២​៥​០​ម​.​ល​, ​ទឹក​ស្ងោរ​បង្កង​១​លីត្រ​, ​ប៊័រ​១​ស្លាបព្រា​បាយ​, ​ប៉េងប៉ោះ​កិន​៩​០​ក្រាម​, ​ប្រេង​អូ​លីវ​២​ស្លាបព្រា​បាយ​, ​ខ្ទឹមបារាំង​១​មើម​(​ហាន់​ល្អិត​ៗ​), ​ការ៉ុត​១​ផ្លែ​(​ហាន់​ល្អិត​ៗ​), ​អំបិល​១​ស្លាបព្រា​កាហ្វេ​, ​ម្សៅស៊ុប​១​ស្លាបព្រា​កាហ្វេ​, ​ស្ករស​១​ស្លាបព្រា​កាហ្វេ​, ​ម្រេច​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ខ្ទឹមស​៤​កំពឹស​(ចិញ្រ្ចំា​ល្អិត​ៗ​) ​និង​ជីរ​ ​Parsley​ ចិញ្រ្ចំាឱ្យ​ម៉ដ្ត​(​សម្រាប់​រោយ​ពីលើ​)​។

​វិធី​ធ្វើ​៖​ ​ចាប់ផ្តើម​ដំបូង​ដោយ​យក​បង្កង​ទៅ​ស្ងោរ​ ​ឬ​ចំហុយ​រយៈពេល​៥​នាទី​ ​សឹម​យក​បង្កង​ទៅ​បកសំបក​ទុក​មួយអន្លើ​។​ ​បន្ទាប់មក​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​ ​ដាក់​ប៊័រ​ទុក​ឱ្យ​រលាយ​ ​ដាក់ប្រេង​អូ​លីវ​ ​ខ្ទឹមស​ ​ខ្ទឹមបារាំង​ចូល​ទុក​ឱ្យ​ឈ្ងុយ​ ​ទើប​ដាក់​សាច់​បង្កង​ចូល​ដោយ​ប្រើ​ក​ម្តៅ​ល្មម​ ​ចៀន​សាច់​បង្កង​ពីរបី​ត្រឡប់​ ​រួច​ស្រង់​សាច់​បង្កង​ទុក​មួយ​ឡែក​សិន​។​ ​ក្រោយមក​យក​ការ៉ុត​ ​និង​ទឹក​ស្ងោរ​បង្កង​ ​ចាក់​ចូលក្នុង​ខ្ទះ​ដដែល​ ​រួច​រម្ងាស់​រហូតដល់​ពុះ​ ​សឹម​ដាក់​ប៉េង​បោះ​កិន​ ​អំបិល​ ​ម្សៅស៊ុប​ ​ស្ករស​ចូល​។​ ​បន្ទាប់មក​ទៀត​ត្រូវ​យក​ទឹក​ស្ងោរ​នោះ​ទៅ​ក្រឡុក​ឬ​កិន​ឱ្យ​ម៉ដ្ត​ ​ទើប​យកមក​ត្រង​យក​កាក​ចេញ​ ​រួច​យក​ល្បាយ​នោះ​មក​ដាក់​រម្ងាស់​ម្តងទៀត​ ​សឹម​បន្ថែម​គ្រី​ម​ទឹកដោះគោ​ចូល​កូរ​ឱ្យ​សព្វ​ល្អ​។​ ​ចុងក្រោយ​ដួស​ដាក់​ក្នុង​ចាន​ ​ដាក់​សាច់​បង្កង​ចូល​ ​បន្ថែម​ម្រេច​ ​និង​រោយ​ជីរ​ ​Parsley​ ​ពីលើ​ជាការស្រេច​។​ ​អាច​ញ៉ាំ​ជាមួយ​នំ​ប៉័​ង​នឹង​ទទួល​បាន​ឱជារស​កាន់តែ​ឆ្ងាញ់​។

          នំ​ខេ​ក​ឈី​ស​ប្ល៊ូប៊ឺ​រី​(​Blue​berry​ ​cheese​cake​): ​គ្រឿងផ្សំ​៖​ ​ផ្លែ​ប្ល៊ូប៊ឺ​រី​១​៣​០​ក្រាម​, ​ផ្លែ​ប្ល៊ូប៊ឺ​រី​ស្រស់​សម្រាប់​បន្ថែម​ពីលើ​(​តាមចំណូលចិត្ត​), ​ស្ករស​៦​០​ក្រាម​, ​ប៊័រ​សាប​៣​០​ក្រាម​, ​នំ​ឃុ​ក​ឃី (​cookie​)​១​០​០​ក្រាម​, គ្រី​ម​ឈី​ស​២​០​០​ក្រាម​, ​យ៉ា​អ៊ួ​រ​៥​០​ក្រាម​, ​ទឹកដោះគោ​ស្រស់​៥​០​ម​.​ល​, គ្រី​ម​ទឹកដោះគោ​ (​Heavy​ ​cream​) ​២​០​០​ក្រាម​, ​ម្សៅ​សម្រាប់​ធ្វើ​ចាហួយ​១​ស្លាបព្រា​កាហ្វេ​ ​និង​កែវ​ជ័រ​ថ្លា​(​សម្រាប់​ដាក់​នំ​)​។​

វិធី​ធ្វើ​៖​ ​ដំបូង​ត្រូវ​យក​ផ្លែ​ប្ល៊ូប៊ឺ​រី​១​៣​០​ក្រាម​ ​និង​ស្ករស​៣​០​ក្រាម​ក​ដាក់​កូរ​លើ​ភ្លើង​ឱ្យ​រលាយ​ ​សឹម​យកទៅ​ក្រឡុក​ចូលគ្នា​ឱ្យ​ម៉ដ្ត​ល្អ​។​ ​បន្ទាប់មក​ត្រូវ​យក​នំ​ឃុ​ក​ឃីម​ក​ដំ​ឱ្យ​ម៉ដ្ត​ល្មម​ ​ទើប​យកទៅ​លាយ​ជាមួយ​ប៊័រ​សាប​ទុក​មួយ​ឡែក​។​ ​យក​គ្រី​ម​ឈី​ស​ ​យ៉ា​អ៊ួ​រ​ ​ស្ករស​៣​០​ក្រាម​ ​ម​កលា​យ​បញ្ចូល​គ្នា​ឱ្យ​សព្វ​។​ ​បន្ទាប់មក​ត្រូវ​យក​ម៉ាស៊ីន​វាយ​គ្រី​ម​មក​វាយ​គ្រី​ម​ទឹកដោះគោ​ឱ្យ​ឡើង​ខាប់​ល្អ​។​ ​ក្រោយមក​យក​ទឹកដោះគោ​ស្រស់​ ​និង​ម្សៅ​សម្រាប់​ធ្វើ​ចាហួយ​ម​កកូរ​លើ​ភ្លើង​រយៈពេល​១​នាទី​ ​រួច​យក​ចាក់​ចូល​ជាមួយ​គ្រី​ម​ទឹកដោះគោ​ដែល​បាន​វាយ​រួច​ ​និង​គ្រី​ម​ឈី​ស​ដែល​បាន​លាយ​មុននេះ​ ​កូរ​ចូលគ្នា​ឱ្យ​ក្លាយ​ជា​ល្បាយ​តែមួយ​។​ ​យក​នំ​ឃុ​ក​ឃី​ដាក់​ក្នុង​កែវ​ ​ហើយ​សង្កត់​ឱ្យ​ណែន​ ​សឹម​យក​ល្បាយ​គ្រី​ម​ឈី​សម​ក​ដាក់លើ​នំ​ឃុ​ក​ឃី ​បន្ទាប់មក​យក​ដំណាប់​ប្ល៊ូប៊ឺ​រី​ដែល​បាន​កូរ​រួច​នោះ​ដាក់​ពីលើ​ ​និង​ចុងក្រោយ​បន្ថែម​ផ្លែ​ប្ល៊ូប៊ឺ​រី​ស្រស់​ពីលើ​ដូច​ក្នុង​រូប​ជាការស្រេច​។​ ​អាច​ទទួលទាន​បាន​ភ្លាម​ៗ​បន្ទាប់ពី​ធ្វើ​រួច​ ​ឬ​យកទៅ​ក្លា​សេ​ឱ្យ​ត្រជាក់​តាមចំណូលចិត្ត​។​

          ស្រា​ក្រឡុក​បា​ខា​ឌី​(B​a​card​i​ ​Cocktail​): គ្រឿងផ្សំ​៖​ B​a​card​i​ ​Superior​ ​White​ ​Rum​ ​៤​៥​ម​.​ល​, ​ទឹក​ក្រូចឆ្មារ​ ​២​០​ម​.​ល​, ​ទឹក​ស៊ី​រ៉ូ​ធម្មតា​១​៥​ម​.​ល​, ​ទឹក​ស៊ី​រ៉ូហ្រ្គី​ណា​ឌី​ន​ (​g​r​e​n​a​dine​ ​syrup​) ​៥​ម​.​ល​, ​ផ្លែ​ស្រ្តប៊ឺ​រី​ស្រស់​២​ផ្លែ​(​សម្រាប់​ដាក់​មាត់​កែវ​) ​និង​ទឹកកកដុំ​បន្តិច​។

វិធី​ធ្វើ​៖​ ​ត្រូវ​យក​គ្រឿងផ្សំ​ទាំងអស់​ចាក់​បញ្ចូល​គ្នា​ ​រួច​យកទៅ​លាយ​ជា​មួយទឹក​កក​ ​សឹម​យកទៅ​ក្រឡុក​ចុះឡើង​រយៈពេល​១​៥​ ​ទៅ​២​០​វិនាទី​។​ ​ចុងក្រោយ​ចាក់​យក​តែ​ទឹក​ដាក់​ចូលក្នុង​កែវ​ជាការស្រេច​។​

          ​អយ​ស្ទ័​រ​បំពង​ទឹកជ្រលក់​ខ្ទឹមស​(​F​r​i​e​d​ ​Oyster​ ​with​ ​Garlic​ ​May​o): គ្រឿងផ្សំ​៖​ ​អយ​ស្ទ័​រ​៥​ទៅ​៧​គ្រាប់​(​តាមចំណូលចិត្ត​), ​ម្សៅ​បំពង​៦​ស្លាបព្រា​បាយ​, ​ពងមាន់​១​គ្រាប់​, ​ម្សៅ​ខ្ទឹមស​១​ស្លាបព្រា​បាយ​, ​យ៉ា​អ៊ួ​រ​៣​ស្លាបព្រា​បាយ​, ​ម៉ា​យូ​ណេ​ស​៣​ស្លាបព្រា​បាយ​, ​ជីរ​ ​Parsley​(ចិញ្រ្ចាំឱ្យ​ម៉ដ្ត​)​១​ស្លាបព្រា​បាយ​, ​អំបិល​១​ស្លាបព្រា​កាហ្វេ​ ​និង​ប្រេង​ (​សម្រាប់​បំពង​)​។​

​វិធី​ធ្វើ​៖​ ​ជំហាន​ដំបូង​ត្រូវធ្វើ​ទឹកជ្រលក់​ជាមុន​សិន​ ​ដោយ​យក​គ្រឿងផ្សំ​ដូចជា​ ​ម្សៅ​ខ្ទឹមស​ ​យ៉ា​អ៊ួ​រ​ ​ម៉ា​យូ​ណេ​ស​ ​ជីរ​ ​Parsley​ ​និង​អំបិល​ ​ម​កលា​យ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ល្អ​ ​រួច​ភ្លក់​តាមចំណូលចិត្ត​។​ ​បន្ទាប់មក​យក​ពងមាន់​កូរ​ឱ្យ​បែក​ដាក់​ក្នុង​ចាន​មួយ​ ​និង​ម្សៅ​បំពង​ដាក់​ក្នុង​ចាន​មួយ​ដោយឡែក​ទៀត​។​ ​យក​សាច់​អយ​ស្ទ័​រលា​ង​ទឹក​ឱ្យ​ស្អាត​ ​សឹម​យកទៅ​ប្រឡាក់​ជាមួយ​ម្សៅ​បំពង​ ​រួច​យកទៅ​ជ្រលក់​ក្នុង​ពងមាន់​ ​ទើប​យកមក​ប្រឡាក់​ជាមួយ​ម្សៅ​បំពង​ម្តងទៀត​ (​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​ម្សៅ​ខាំ​ជាប់​ល្អ​)​។​ ​បន្ទាប់មក​ទៀត​ដាក់​ដាំ​ខ្ទះ​ដាក់ប្រេង​ចូល​ទុក​ឱ្យ​ក្តៅ​ ​ដោយ​ប្រើ​ក​ម្តៅ​ល្មម​ ​ទើប​យក​អយ​ស្ទ័​រម​ក​បំពង​រយៈពេល​៣​០​ទៅ​៤​៥​វិនាទី​ ​ឬ​រហូតដល់​អយ​ស្ទ័​រ​ឆ្អិន​ល្អ​ (​កុំ​បំពង​ឱ្យ​ក្រៀម​ខ្លាំងពេក​)​។​ ​ជាចុងក្រោយ​រៀបចំ​តុបតែង​ដូច​ក្នុង​រូប​ជាការស្រេច​។​

          ​បង្កង​ដុត​ប៊័រ​ខ្ទឹមស​(​Garlic​ ​Butter​ ​Lobster​ ​Tail​): ​គ្រឿងផ្សំ​៖​ ​បង្កង​៣​០​០​ក្រាម​, ​ប៊័រ​១​០​០​ក្រាម​, ​ម្សៅ​ម្ទេស​ហា​វៃ​ក្រហម​(​Pap​r​i​k​a​ ​P​o​w​d​e​r)​២​ស្លាបព្រា​កាហ្វេ​, ​ម្ទេស​ម៉ដ្ត​(​តាមចំណូលចិត្ត​), ​ជីរ​ ​Parsley​(ចិញ្រ្ចាំឱ្យ​ល្អិត​)​២​ស្លាបព្រា​បាយ​ ​និង​ខ្ទឹមស​(ចិញ្រ្ចាំឱ្យ​ល្អិត​)​១​ស្លាបព្រា​បាយ​។

​វិធី​ធ្វើ​៖​ ​ដំបូង​ត្រូវ​យក​ប៊័រ​ទៅ​រំលាយ​ ​ដោយ​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​ល្មម​ ​ដាក់​ប៊័រ​ចូល​ទុក​ដល់​រលាយ​ ​ទើប​យកទៅ​លាយ​ជាមួយ​ ​ម្សៅ​ម្ទេស​ហា​វៃ​ក្រហម​ ​ម្ទេស​ម៉ដ្ត​ ​ជីរ​ ​Parsley​ ​និង​ខ្ទឹមស​។​ ​យក​បង្កង​លាង​ទឹក​ឱ្យ​ស្អាត​ ​រួច​កាត់​ខ្នង​ជា​ពីរ​(​ដូច​ក្នុង​រូប​) ​បន្ទាប់មក​យក​ប៊័រ​ដែល​បាន​លាយ​មុននេះ​ម​កលាប​លើ​សាច់​បង្កង​ឱ្យ​សព្វ​ចូលជាតិ​ល្អ​។​ ​ចុងក្រោយ​យកទៅ​ដុត​ក្នុង​អូ​វិ​ន​ដោយ​ប្រើ​ក​ម្តៅ​២​៣​០​អង្សា​ ​រយៈពេល​១​០​ទៅ​១​៥​នាទី​ជាការស្រេច​(​រយៈពេល​ដុត​យូរ​ ​ឬ​ឆាប់​អាស្រ័យ​ទៅលើ​ទំហំ​បង្កង​)​៕​

Article by SOUNG SOKSAN


SUGGESTIONS