ឈុតអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ការកម្សាន្តបែបពិកនិកនារដូវក្តៅ
TRAVEL & LIVING 8 months ago រដូវក្តៅជាពេលវេលាដ៏ប្រសើរសម្រាប់ដំណើរកម្សាន្តទៅកាន់តំបន់មាត់សមុទ្រដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរទស្សនាចរកាន់តែរីករាយ លោកអ្នកគប្បីត្រៀមនូវម្ហូបអាហារដើម្បីធានាបាននូវអនាម័យ គុណភាពរសជាតិ ស្រមតាមចំណង់ចំណូលចិត្តរបស់អ្នករួមដំណើរ។ ស្របឱកាសនេះ សូវរីន បានសម្រិតសម្រាំងនូវឈុតអាហារសម្រាប់ពិកនិកនៅតាមមាត់សមុទ្រដើម្បីស្របទៅតាមរដូវកាលនេះ។
ប៊ឺហ្គ័រមីនីសាច់គោ (MINI BURGER BUNS)
គ្រឿងផ្សំ៖
នំបុ័ងប៊ឺហ្គ័រ (ខ្នាតតូច) តាមចំណូលចិត្ត, សាច់គោ ៥០០ក្រាម, ខ្ទឹមបារាំង ១មើម, ខ្ទឹមស ២កំពឹស, ប័រ ១ស្លាបព្រាបាយ, ម្រេចម៉ដ្ត១ស្លាបព្រាកាហ្វេ, ម្សៅពោត កន្លះស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ, ប្រេងខ្យង ១/៣ ស្លាបព្រាបាយ, ប៉េងប៉ោះ ៣ផ្លែ (ហាន់ជាបន្ទះៗ), សាលាដ (តាមចំណូលចិត្ត), ឈីសបន្ទះ (តាមចំណូលចិត្ត), ទឹកម្ទេស ៤ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ, ទឹកម៉ាយូណេស ៤ស្លាបព្រាបាយ។
វិធីធ្វើ៖
ដំបូងត្រូវយកសាច់គោ ខ្ទឹមបារាំង ខ្ទឹមស ទៅកិនចូលគ្នាឱ្យម៉ដ្តល្អ សឹមយកទៅលាយគ្រឿងផ្សំដូចជា អំបិល ម្សៅស៊ុប ប្រេងខ្យង ម្រេចម៉ដ្ត និងម្សៅពោត កូរបញ្ចូលគ្នាឱ្យសព្វ។ ក្រោយមកយកសាច់មកលុញជាដុំមូលៗ (តាមទំហំដែលអ្នកចង់បាន) ហើយសង្កត់សាច់ឱ្យសំប៉ែតប៉ុនទំហំនំបុ័ងប៊ឺហ្គ័រ រួចយកសាច់នោះទៅចៀនរហូតដល់ឆ្អិន និងក្រៀមល្អ។ បន្ទាប់មកត្រូវលាយទឹកជ្រលក់ដោយយកទឹកម្ទេស ទឹកប៉េងប៉ោះ និងទឹកម៉ាយូណេស មកលាយបញ្ចូលគ្នា។ យកនំបុ័ងប៊ឺហ្គ័រពុះជាពីរ ដាក់ដាំខ្ទះដាក់ប័រចូលទុកឱ្យរលាយ ទើបយកនំបុ័ងមួយកំណាត់ក្រោមដែលលាបទឹកជ្រលក់រួចនោះ មកដាក់លើខ្ទះដែលប្រើភ្លើងតិចៗ រួចដាក់សាលាដ ប៉េងប៉ោះ សាច់បន្ទះ និងឈីសពីលើ (ដូចក្នុងរូប) ហើយទុករហូតដល់ឈីសរលាយ។ ចុងក្រោយយកប៊ឺហ័្គរមួយកំណាត់ទៀតមកគ្របពីលើជាការស្រេច។
តាកូស្នូលសាច់ជ្រូកបេកខិន (MINI BACON TACOS)
គ្រឿងផ្សំ៖
នំបុ័ងបន្ទះ (តាមចំណូលចិត្ត), សាច់បន្ទះ Bacon ៤០០ក្រាម (ហាន់ជាចំណិតតូចៗ), ប្រេងអូលីវ ១ស្លាបព្រាបាយ, ម៉ាយូណេស ៥ស្លាបព្រាបាយ, គ្រាប់ពោតស្ងោរឆ្អិន (តាមចំណូលចិត្ត), ម្ទេសហាវៃ ៥០ក្រាម (ចិញ្ច្រាំឱ្យល្អិត), ខ្ទឹមបារាំង កន្លះមើម (ចិញ្ច្រាំឱ្យល្អិត), ជីរ Parsley (ចិញ្ច្រាំឱ្យល្អិត)។
វិធីធ្វើ៖
ចាប់ផ្តើមដំបូងដាក់ដាំខ្ទះឱ្យយក្តៅ ដាក់ប្រេងអូលីវចូល រួចយកសាច់ Bacon ចៀនត្រឡប់ចុះឡើងរហូតដល់ឆ្អិន និងក្រៀមល្អទើបដាក់ចុះ។ ក្រោយមកត្រូវយកសាច់លាយជាមួយគ្រឿងផ្សំដូចជា ម៉ាយូណេស ពោត ម្ទេសហាវៃ ខ្ទឹមបារាំង និងជីរ Parsley ច្របល់ចូលគ្នាឱ្យសព្វទុកមួយឡែកសិន។ បន្ទាប់មកទៀត យកនំបុ័ងបន្ទះមកកាត់ជារង្វង់មូល រួចសង្កត់ឱ្យណែន និងស្តើង ហើយដាក់កម្តៅលើខ្ទះដែលក្តៅល្មម ទើបយកមកពត់ឱ្យចេញរាង(ដូចក្នុងរូប)។ ជាចុងក្រោយ យកសាច់ដែលបានលាយគ្រឿងមុននេះដាក់ចូលក្នុងបន្ទះនំបុ័ងជាការស្រេច។
ស្ប៉ាហ្គេទីគ្រឿងសមុទ្រ (SPICY SPAGHETTI SEAFOOD)
គ្រឿងផ្សំ៖
មឹក ១៥០ក្រាម, បង្គា ១៥០ក្រាម, ស្ប៉ាហ្គេទី ២០០ក្រាម, ខ្ទឹមបារាំង កន្លះមើម (ហាន់ល្អិតៗ), ខ្ទឹមស ៣កំពឹស (ចិញ្រ្ចាំម៉ដ្ត), ប៊័រ ២ស្លាបព្រាបាយ, ប្រេងអូលីវ ៣ស្លាបព្រាបាយ, ផ្លែប៉េងប៉ោះ ៤ផ្លែ (ហាន់ជាចំណិត), ម្ទេសហាវៃក្រហម និងលឿង ១០០ក្រាម (ហាន់ជាចំណិត), អំបិល ២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ, ម្រេច បន្តិច, ជីរ Parsley (សម្រាប់រោយពីលើ)។
វិធីធ្វើ៖
ចាប់ផ្តើមដំបូងដោយដាក់ដាំទឹកឱ្យពុះ ដាក់អំបិល និងប្រេងអូលីវបន្តិច រួចដាក់ស្ប៉ាហ្គេទីចូល ស្រុសរហូតឆ្អិន និងសរសៃទន់ល្អ សឹមស្រង់ចេញទុកមួយអន្លើ។ ដាក់ដាំខ្ទះឱ្យក្តៅ ដាក់ប៊័រ និងប្រេងអូលីវចូល ទើបដាក់ខ្ទឹមស និងខ្ទឹមបារាំងចូលទុករហូតដល់ឡើងក្លិនឈ្ងុយ។ បន្ទាប់មកទៀត ដាក់មឹក និងបង្គា ម្ទេសហាវៃ ប៉េងបោះ រួមទាំងគ្រឿងផ្សំដូចជា អំបិល ម្រេច និងម្សៅស៊ុបចូល រួចឆាត្រឡប់ចុះឡើង ទុកឱ្យសាច់ និងបន្លែឆ្អិនល្អ ភ្លក់មើលតាមចំណូលចិត្តទើបដាក់ចុះ។ បន្ទាប់មកទៀត យកស្ប៉ាហ្គេទីដួសដាក់ចាន រួចដួសបន្លែសាច់ដែលបានឆាមុននេះដាក់ពីលើ និងបន្ថែមជីរ Parsley ជាការស្រេច។ យើងក៏អាចយកវាទៅឆាជាមួយបន្លែសាច់តែម្តងក៏បានតាមចំណូលចិត្ត។
ចាហួយផ្លែឈើទឹកដោះគោ (FRUIT YOGURT JELLY CAKE)
គ្រឿងផ្សំ៖
ម្សៅចាហួយ ៧ក្រាម, ស្ករស ១០០ក្រាម, ទឹកដោះគោស្រស់ ៥០០មីលីលីត្រ, យ៉ាអួ ៣០០ក្រាម, ផ្លែស្រ្តបឺរី គីវី ទំពាំងបាយជូរ ស្រកានាគ ស្វាយទុំ ក្រូចលឿង (ហាន់ជាចំណិត ដាក់តាមចំណូលចិត្ត)
វិធីធ្វើ៖
យកផ្លែឈើទាំងអស់រៀបដាក់ក្នុងពុម្ព ឬចានគោមជ្រៅទុកមួយអន្លើ។ បន្ទាប់មកយកម្សៅចាហ៊ួយ ស្ករស ទឹកដោះគោស្រស់ និងយ៉ាអួ ដាក់កូរបញ្ចូលគ្នាលើភ្លើងដោយប្រើកម្តៅល្មម និងកូររហូតឡើងពុះទើបដាក់យ៉ាអួចូលរួចដាក់ចុះ។ ក្រោយមក យកល្បាយនោះទៅចាក់ចូលក្នុងចានពុម្ពដែលបានរៀបផ្លែឈើរួចស្រាប់ ហើយបើមានពពុះត្រូវដួសចេញឱ្យស្អាតល្អ។ ជាចុងក្រោយយកទៅដាក់ក្នុងទូទឹកកករយៈពេល៣០ទៅនាទីជាការស្រេច។
ស្រាក្រឡុកផ្លែគីវីសម្រាប់រដូវក្តៅ (KIWI SUMMER COCKTAIL)
គ្រឿងផ្សំ៖
ផ្លែគីវីស្រស់ ១ផ្លែ (យកតែទឹក), វ៉ូដកា (Vodka) ៦០មីលីលីត្រ, ទឹកក្រូចឆ្មារស្រស់ ៤៥មីលីលីត្រ, ទឹកស៊ីរ៉ូ ១៥មីលីលីត្រ, ទឹកកក បន្តិច, ជីរអង្កាមបន្តិច។
វិធីធ្វើ៖
គ្រាន់តែយកគ្រឿងផ្សំទាំងអស់មកក្រឡុកបញ្ចូលគ្នាឱ្យបាន២នាទីទៅ៣នាទី រួចចាក់ដាក់កែវ។ បន្ថែមជីរអង្កាមពីលើជាការស្រេច៕
Article by SOUNG SOKSAN