×

ហាង​កាហ្វេ​មួយ​កន្លែង​ទាក់អារម្មណ៍​ភ្ញៀវ​ឲ្យ​វិល​ត្រលប់​ទៅកាន់​ឆ្នាំ១៩៦៣​

TRAVEL & LIVING 8 months ago
 
 

​          កម្ពុជា​នៅ​ច​ន្លោះ​ឆ្នាំ១៩៥៥ ​ដល់​​ឆ្នាំ១៩៧០​ ​គឺ​ស្ថិតនៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ ​ដែលគេ​ស្គាល់​ជាទូទៅ​ថា​ជា​យុគ​សម័យ​មាស​ ​ដែល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​សឹង​គ្រប់​វិស័យ​លេចធ្លោ​ជាងគេ​នៅ​ក្នុង​តំបន់​ ​និង​បានជា​ប់ឈ្មោះថា​ជា​គុជ​នៃ​អាស៊ី។​ ​ឆ្លងកាត់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ប្រទេស​ទំនើប​មាន​អាគារ​ខ្ពស់​ៗ​មាន​ស្ថាបត្យកម្ម​ទំនើប​ ​និង​មាន​បច្ចេកវិទ្យា​ជឿនលឿន​ ​ក៏ប៉ុន្តែ​ទិដ្ឋភាព​និង​រូបភាព​កម្ពុជា​កាល​ពីសម័យ​សង្គមរាស្ត្រនិយម​នៅតែ​បន្ត​ដក់​ក្នុង​ ​ក្រអៅ​បេះដូង​នៃ​មនុស្ស​ខ្មែរ​ចាស់ៗ​ ​និង​បាន​ជ​ម្រុ​ញ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ចង់​ដឹង​ចង់​ស្គាល់​រស​និយម​នៃ​សម័យ​នោះ​ដូចគ្នា។​ ​ដោយហេតុ​នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​លោក​ ​អ៊ុន​ ​ចន្ទ័​បញ្ញា​រិទ្ធ​ ​សម្រេច​ចិត្ត​បង្កើត​នូវ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​លោក​បាន​ដាក់​ឈ្មោះ​ថា​ “Phnom Penh 1963 ​Cafe”។​

​          នៅពេលដែល​គេ​បាន​ជិះ​លើ​ផ្លូវ​លេខ​ ​៤​១​៨​ ​ខាងលិច​ផ្សារ​ទួល​ទំពូង​ ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ​ខណ្ឌ​ចំការមន​គេ​នឹង​ប្រទះឃើញ​ផ្ទះល្វែង​មួយ​កន្លែង​ដែ​លមើល​ពី​ខាងក្រៅ​គ្រាន់តែ​ហាង​កន្លែង​ធម្មតា​តូច​មួយ​ ​ក៏ប៉ុន្តែ​បើ​គេ​ក្រ​លេ​ក​មើលទៅ​ខាងក្នុង​គេ​នឹង​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ការ​ដេគ័​រហាង​បែប​ក្លាសិក​ ​ដោយ​បំពាក់​នូវ​គ្រឿង​សង្ហារិម​ ​តុ​ ​កៅអី​ចាស់​ឈើ​ចាស់ៗ​ជាច្រើន។​ ​បើ​បាន​ឈានជើង​ចូល​ដល់​ខាងក្នុង​ហាង​គេ​នឹង​ពើបប្រទះ​ទៅ​នឹង​រូបថត​ ​វីរៈ​តារា​ចម្រៀង​ ​និង​តារាភាពយន្ត​កាលពី​ជំនាន់​ព្រះ​បរម​រត​ន​កោដ្ឋ​សម្ដេច​តា​នៃ​យើង​ ​ព្យួរ​លើ​ជញ្ជាំង​ដែល​ស​បញ្ជាក់​ប្រាប់​គេ​ថា​ទីនេះ​គឺ​កំពុង​ស្ថិតនៅ​ឆ្នាំ១៩៦៣។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះរបស់របរ​ប្រើប្រាស់​ចាស់ៗ​ជាច្រើន​តួ​រ​យ៉ាងដូច​ជា​កា​មេ​រ៉ា​បែប​ក្លា​សិ​ក​ ​ម៉ាស៊ីនដេរ​ ​ទូរសព្ទ​លើ​តុ​ ​និង​សម្ភារ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​តាំង​រៀបចំ​យ៉ាង​មាន​សណ្ដាប់​ធ្នាប់។​

​          បញ្ញា​ ​រិទ្ធ​ ​បាន​ប្រាប់​ក្រុម​ការងារ​របស់​​ សូវ​រី​ន ​ថា​ ​ការដែល​លោក​បាន​ច្នៃ​ផ្ទះ​មួយ​ល្វែង​នេះ​ទៅជា​ហាង​កាហ្វេ​បែប​ឆ្នាំ​១៩៦៣​ដោយសារតែ​លោក​គឺជា​អ្នក​ដែល​ស្រលាញ់​និង​ ​ចូលចិត្ត​ផ្នត់គំនិត​ ​បែប​ក្លា​សិ​ក​ហើយ​ម្យ៉ាង​ក៏ដោយសារតែ​ឪពុក​ម្ដាយ​​ និង​ក្រុម​គ្រួសារ​របស់​លោក​ចូលចិត្ត​រក្សាទុក​នូវ​របស់​ចាស់ៗ​ផង​នោះទើប​ជ​ម្រុ​ញ​ឲ្យ​លោក​បាន​ប្រមូល​របស់​ប្រើប្រាស់​ទាំង​នោះ​មក​ដាក់​តាំងនៅ​ហាង​កាហ្វេ​នេះ​តែម្ដង​។​ ​បង្កើត​ឡើង​នៅ​ថ្ងៃទី១២​ ​ខែ​១​២​ ​ឆ្នាំ២០២៣​ ​ហាង​កាហ្វេ​ ​ភ្នំពេញ១៩៦៣​ ​បាន​ក្លាយ​ជា​ជម្រើស​នៃ​កន្លែង​ជួប​ជុំ​ជជែក​កំសាន្ត​របស់​អ្នកចូលចិត្ត​របស់​ចាស់ និង​អ្នក​ស្រលាញ់​បែបបទ​នៃ​ការរស់នៅ​កាល​ពីសម័យ​សង្គមរាស្ត្រនិយម។​

​          មិន​ត្រឹមតែ​ការរៀបចំ​ផ្ទៃ​ខាងក្នុង​នោះ​ឡើយ​ ​សូម្បីតែ​ការប្រើប្រាស់​កែវ និង​ពែង​សម្រាប់​ដាក់​ភេសជ្ជៈ​ក៏​ត្រូវ​បាន​ម្ចាស់​ហាង​ជ្រើសរើស​យក​កែវ​បែប​ចាស់ៗ​មក​ប្រើប្រាស់​នោះ។​ ​ជាមួយនឹង​ការរៀបចំ​ផ្ទៃ​ខាងក្នុង​បែប​ក្លាសិក​បូករួម​ទាំង​ការ​ចាក់ភ្លេង​នៃ​បទ​ចម្រៀង​ពីដើម​ ​និង​ការប្រើប្រាស់​សម្ភារ​ចាស់ៗ​ ​គួបផ្សំ​នឹង​បច្ចេកទេស​ឆុងកាហ្វេ​ហ្វីន​ដាក់​ប៉ាន់​ទៀត​នោះ​ហាក់​បាន​អន្ទង​អារម្មណ៍​អ្នក​ដែល​បាន​ចូល​ទៅ​ពិសា​រ​កាហ្វេ​នៅ​ទី​នោះឲ្យ​វិល​ត្រលប់​ទៅកាន់​សម័យ​សង្គម​រាស្រ្ត​និយម​ពិតៗ។​ ​គ្រប់​ភេសជ្ជៈ​ទាំងអស់​ដែល​បាន​ដាក់​លក់​សុទ្ធតែ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ខុស​ពី​ហាង​កាហ្វេ​ផ្សេង។​ ​ជាពិសេស​ភេសជ្ជៈ​ប្រចាំ​ហាង​ដូចជា​ ​កាហ្វេ​ពពក​ដែល​មាន​កា​រ៉េ​ម​កី​ដាក់​ពីលើ​ ​និង​កាហ្វេ​អំបិល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ដែល​អ្នក​កាហ្វេ​និយម​គួរតែ​សាក​ផង​ដែរ។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះក៏មាន​ផង​ដែរ​នូវ​ទឹកកក​ឈូស​រសជាតិ​ដើម​ដែល​រំលឹក​ដល់​កាលពី​កុមារភាព​របស់​អ្នក​ពិសា​រ​ទៀត​ផង៕​

Article​ ​by​ ​Song​K


SUGGESTIONS