×

ទីបំផុត ព្រឹត្តិការណ៍ PPDW បង្ហាញទំនោរនិយមថ្មី ជាមួយខូឡិកហ្សិនដ៏ពិសេសប្រចាំរដូវរងា 

FASHION & BEAUTY 2 weeks ago
 
 

          ជាមួយវត្តមានអ្នកហ្វេហ្សិននិយមគ្រប់លំដាប់ អមនឹងការបញ្ចេញខូឡិកហ្សិនថ្មីពីម៉ាកល្បីចំនួន ៦ ព្រឹត្តិការណ៍ PPDW លើកនេះបានធ្វើឱ្យពិភពហ្វេហ្សិនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ ខូឡិកហ្សិននៃម៉ាកនីមួយៗ បានឆ្លុះបញ្ចាំងពីភាពឥតខ្ចោះនៃការច្នៃប្រតិដ្ឋ គំនិតដកស្រង់ រួមនឹងការប្រើតិចនិចធ្វើឱ្យសម្លៀកបំពាក់កាន់តែប្រណីត និង ឡូយឆាយ។  

          សាទរខូឡិកហ្សិនប្រចាំរដូវរងា F/W 2024-25 ព្រឹត្តិការណ៍ PPDW បានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ នៅឯមជ្ឈមណ្ឌល Connexion ស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ។ ញុំាងកម្មវិធីរឹតតែអស្ចារ្យ ឃើញថាអ្នកចូលរួមបានបង្ហាញខ្លួនជាមួយការស្លៀកពាក់ប្លែកៗ ស្ទីលហ្វេហ្សិនស៊ីវិល័យ ក្នុងនោះមានតាំងពីតារាចម្រៀង និង តារាសម្តែងល្បីៗ តារាបង្ហាញម៉ូដ អ្នកច្នៃម៉ូដ និង បុគ្គលជាច្រើនទៀតសុទ្ធសឹងស្ថិតក្នុងចង្កោមហ្វេហ្សិន រួមទាំងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗផងដែរ។ 

          ការបង្ហាញខូឡិកហ្សិនក្រោមប្រធានបទ “FASHION lN A CHANGING WORLD” ឬ «ហ្វេហ្សិនក្នុងពិភពលោកប្រែប្រួល» បានបើកទំព័រវិថី runway ដំបូងពីម៉ាក Ambre Men ដោយខូឡិកហ្សិនឈ្មោះថា Comic Strips។ ខូឡិកហ្សិននេះជាការសហការគ្នាជាមួយ Smateria ជាម៉ាកដ៏ល្បីដែលធ្វើកាបូបឱ្យ Ambre Men ផ្ទាល់។ ខូឡិកហ្សិនត្រូវបានបំផុសគំនិតពីសូត្រ ដែលអ្នកច្នៃម៉ូដប្រចាំម៉ាកបានទិញពីទីក្រុងប៉ារីស ហើយធ្វើជាសម្លៀកបំពាក់ចម្រុះពណ៌ ដោយបានរចនាលាយក្រណាត់បោះពុម្ពរូបតុក្កតា comic strips។ 

          ជំហានបន្ទាប់ អ្នកច្នៃម៉ូដ Don Protasio បានបង្ហាញខូឡិកហ្សិនឈ្មោះថា Memento មានលក្ខណៈតិចនិយម ជាម៉ូដបំផុសគំនិតពី អនុស្សាវរីយ៍នៃសម្លៀកបំពាក់ស្រលាញ់ជាទីបំផុត ឬ  Memories of Cherished clothing ផ្សារភ្ជាប់ដោយអារម្មណ៍បែបអាឡោះអាល័យ។  ក្រឡេកមកម៉ាក Drewe Taylor វិញ ម៉ូដសម្លៀកបំពាក់បានផ្តោតប្រើពណ៌ស្រាលស្រទន់ ដោយខូឡិកហ្សិនមានឈ្មោះថា Moonstruck។ ការប្រើពណ៌ស្រាល អ្នកច្នៃម៉ូដទទួលបានគំនិតពីគំនូរបុរាណជំនាន់ renaissance ដែលលោកបានឃើញរូបកាមទេពពីរជាមួយពណ៌ស្រាល។ លោកថាជាធម្មតាបុរសភ័យខ្លាចចំពោះការប្រើពណ៌ស្រាល ដូច្នេះលោកចង់ផ្លាស់ប្តូរគំនិតនេះ។ 

          ត្រសងគ្នានេះដែរ ម៉ាក A.N.D បានបង្ហាញសម្លៀកបំពាក់នារីថ្មី ជាមួយខូឡិកហ្សិន ICARUS ទំនោរនិយមបែបលាយចម្រុះស្ទីល Boho ដោយបំផុសគំនិតពីស្លាបបក្សី។ អ្នកច្នៃម៉ូដបានរកឃើញស្លាបបក្សីដែលកប់ទុក មានពណ៌រស់រវើក ហើយស្រមៃថាពួកវាត្រូវបានធ្លាក់មកពីឋានសួគ៌។ ជាសក្ខីភាព រោមពណ៌ចម្រុះដ៏ទាក់ភ្នែកត្រូវបានយកមកតាក់តែងលើសម្លៀកបំពាក់ បង្កើតជាម៉ូដប្រកបដោយមន្តស្នេហ៍។ សម្រាប់ Christine Gauthier ឯណេះវិញ បានត្រលប់មកជាមួយហ្វេហ្សិនបុរសពោរពេញដោយភាពច្នៃប្រតិដ្ឋបំផុត។ ខូឡិកហ្សិនមានឈ្មោះថា J-8H បំផុសគំនិតពីម៉ោងចុងក្រោយដែលមិនដឹងថាត្រូវស្លៀកពាក់អ្វី ពាក់អ្វីសម ឬគួរតែមានអ្វីគ្រប់យ៉ាង។ អារម្មណ៍នៃខូឡិកហ្សិននេះគឺ ភាពមានពន្លឺ និង សប្បាយរីករាយ។

          មួយចុងក្រោយដ៏ទាក់ចិត្ត ជាខូឡិកហ្សិននារីឈ្មោះថា Water ឬ ទឹក ពីម៉ាក SCT។ ពីមួយឈុតទៅមួយឈុត មើលមកប្រណីត អេឡេហ្គង់ និង ពោរពេញដោយភាពឆើតឆាយ។ ខូឡិកហ្សិននេះត្រូវបានបំផុសគំនិតពី ចលនា និង ទឹក រំលេចភាពរលើបរលោង ជាសេរីភាពនៃអ្វីៗដែលស្រស់ស្អាត។ 

          ក្រោមក្រសែភ្នែក ស្នាមញញឹម លាយឡំសំឡេងទះដៃស្រុះគ្នារបស់ទស្សនិកជន ពិតជាបង្ហាញពីការសាទរ និង មោទកភាពចំពោះខូឡិកហ្សិនថ្មីប្រចាំរដូវរងា ដែលរចនាឡើងយ៉ាងពិសេសពីអ្នកច្នៃម៉ូដដ៏មានទេពកោសល្យ។ ព្រឹត្តិការណ៍ PPDW បានបញ្ចប់ទៅដោយរលូន ជាការរៀបចំឡើងដោយ Fashion Lab Magazine និង ការចូលរួមសហការពី Connexion, OCIC, Minerva TV, Samai and Luxee Academy & Beauty Center និង ទស្សនាវដ្ដី SOVRIN Magazine៕ 

Article by ZM KH


SUGGESTIONS