បញ្ហាស្លាកស្នាម ឬទម្រង់មុខមានចំណុចខ្វះខាតមិនមែនជាបញ្ហាធំសម្រាប់សុភាពនារីទៀតហើយ គ្រាន់តែអ្នកសាកល្បងអនុវត្តវិធីសាស្រ្តបែបងាយៗជាមួយការប្រើConcealer ឱ្យបានត្រឹមត្រូវតាមក្បូនខ្នាត
FASHION & BEAUTY 7 years agoស្បែកមុខមិនរលោង មុខកើតមុនបណ្តាលឲ្យមានស្នាមអុជខ្មៅ រង្វង់ភ្នែកខ្មៅស្រអាប់ ទម្រង់មុខមិនស្អាត ទាំងនេះសុទ្ធសឹងជាផលប៉ះពាល់ដល់សម្រស់មិត្តនារីដែលធ្វើឲ្យពួកគាត់មានកង្វល់ ហើយតែងខិតខំស្វែងរកគ្រប់វិធីសាស្រ្តដើម្បីលុបបំបាត់បញ្ហាទាំងអស់នេះ។ ក្រៅពីការប្រើប្រាស់ផលិតផលបំប៉នដើម្បីជាជំនួយក្នុងការលុបបំបាត់នូវបញ្ហាទាំងនេះហើយ ការផាត់មុខគឺជាវិធីសាស្រ្តមួយទៀតដើម្បីលុបបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ និងបន្ថែមភាពស្រស់ស្អាតដល់មិត្តនារីក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ និយាយពីការផាត់មុខវិញ មានដំណាក់កាលជាច្រើនដែលជួយលុបបំបាត់ស្លាកស្នាម និងបង្កើនសម្រស់ដល់មិត្តនារី។ ក៏ប៉ុន្តែដំណាក់កាលដែលសំខាន់ និងមានប្រសិទ្ធភាពជាងគេដែលមិត្តនារី មិនគួររំលងនោះគឺការលាបម្សៅបិតបាំងស្លាកស្នាម(Concealer)។ Concealer គឺជាគ្រឿងសម្អាងមួយប្រភេទដែលត្រូវបានផលិតចេញមកសម្រាប់ជួយបិទបាំងរាល់ស្លាកស្នាមនៅលើផ្ទៃមុខរបស់មិត្តនារី និងបន្ថែមភាពភ្លឺរលោងចែងចាំងដល់ផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះទៀតនោះ មិត្តនារីអាចកែប្រែទម្រង់មុខរបស់ខ្លួនបានទៅតាមទម្រង់ដែលខ្លួនពេញចិត្តដោយការប្រើConcealerនេះបូករួមជាមួយនិងបណ្តាគ្រឿងសម្អាងមួយចំនួនទៀតផងដែរ។ សម្រាប់លេខថ្មីនេះ សូវរីនបានធ្វើការស្រាវជ្រាវរកវិធីសាស្ត្រទាក់ទងនិងការប្រើប្រាស់Concealer ដែលអ្នកជំនាញផ្នែកផាត់មុខមួយចំនួនកំពុងតែប្រើប្រាស់សព្វថ្ងៃនេះដើម្បីទទួលបាននូវទម្រង់ដែលពោរពេញដោយភាពលេចធ្លោ ស៊ិចស៊ីបែបនារីបច្ចឹមប្រទេសដ៏ស្រស់ស្អាត ហើយចំណុចពិសេសនៃការប្រើConcealer គឺអាចបិតបាំងរាល់ចំណុចខ្វះខាតដែលមាននៅលើទម្រង់មុខរបស់សុភាពនារីផងដែរ។
សម្រាប់មិត្តនារីដែលមានចង្កាធំហើយចង់ឲ្យវាមានរាងតូច អ្នកគួរប្រើConcealerឬម្សៅទ្រនាប់ពណ៌រាងក្រមៅជាងស្បែកមុខរបស់អ្នកបន្តិច ហើយលាបតាមបណ្តោយខាងក្រោមថ្គាមឆ្ពោះទៅកាន់ក។ ជម្រៅដែលកើតចេញពីការប្រើពណ៌ និងវិធីសាស្ត្រនៃការលាបនេះនឹងធ្វើឲ្យអ្នកអស់កង្វល់ទៅលើចង្កាដែលមានរាងធំបានយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀតនោះ អ្នកគួរប្រើក្រែមរលោងដែលមានពណ៌ស្រស់ៗលាបលើបបូរមាត់ដើម្បីជួយបន្ថែមនូវភាពលេចធ្លោមួយកម្រិតបន្ថែមទៀត។
ការប្រើConcealer ដែលមានពណ៌ក្រមៅជាងពណ៌ម្សៅទ្រនាប់ប្រហែលមួយលេខ មកលាបអូសនៅជុំវិញថ្ងាស និងជើងសក់ដើម្បីបង្កើតបានជាស្រមោលហើយក៏អាចធ្វើឱ្យទម្រង់មុខរបស់សុភាពនារីតូចជាងមុន។ នេះជាទិកនិចសម្រាប់ជួយធ្វើឲ្យថ្ងាសមានរាងតូចស្អាត។ ហើយដើម្បីទទួលបាននូវលទ្ធផលដែលកាន់តែល្អប្រសើរបន្ថែមទៀតនោះ ការផាត់ភ្នែក និងការគូសចិញ្ចើមដែលរាងឌិតបន្តិចនឹងកាន់តែជួយធ្វើឲ្យថ្ងាសមើលទៅតូចជាងមុន។
ដល់ពេលដែលត្រូវនិយាយពាក្យថាលាចំពោះច្រមុះធំ ឬច្រមុះកំពិតទៀតហើយ។ អ្នកគ្រាន់តែធ្វើតាមវិធីសាស្ត្រងាយៗ នោះអ្នកនឹងទទួលបានរាងច្រមុះស្រស់ស្អាតដ៏គួរជាទីគាប់ចិត្ត មួយ។ ងាយៗដោយគ្រាន់តែលាបConcealerនៅតាមបណ្តោយគែមច្រមុះទាំងសងខាងដើម្បីបង្កើតស្រមោល រួចលាបហាយឡាយត្រង់ចង្អូរកណ្តាលនៃច្រមុះ នោះច្រមុះរបស់អ្នកនឹងមើលទៅមានរាងតូច នឹងមានខ្ទង់ខ្ពស់ហើយស្រួច។
ចំណុចចុងក្រោយនេះគឺជាទិកនិចធ្វើឲ្យថ្ពាល់មានរាងខ្ពស់ ដោយព្យាយាមញញឹមឲ្យចេញជារាងអក្សរO។ បន្ទាប់មកបង្កើតស្រមោលត្រង់ចំណុចមានជម្រៅដែលកើតចេញពីអក្សរOជាមួយនឹងម្សៅផាត់ថ្ពាល់ពណ៌ត្នោត។ ជំហ៊ានបន្ទាប់ ប្រើម្សៅផាត់ថ្ពាល់នេះដដែលជាមួយនឹងពណ៌ស្រាលជាងមុន ផាត់ចេញពីចំណុចកណ្តាលរបស់ថ្ពាល់ឆ្ពោះទៅកាន់ជើងសក់ក្បែរគុម្ពត្រជៀកឲ្យសព្វសាច់ម្សៅចូលគ្នា និងប្រើហាយឡាយនៅត្រង់ចំណុចកណ្តាលនៃថ្ពាល់។ បន្តដោយការប្រើប្រ៊ុនស័រ (Bronzers) ផាត់ពីក្រោមថ្ពាល់ និងផាត់ម្សៅផាត់ថ្ពាល់ពណ៌រាងស្រាលពីលើដើម្បីបង្កើតស្រមោល។ អ្នកអាចប្រើហាយឡាយប្រភេទទឹកមកហាយឡាយបន្ថែមពីក្រោមភ្នែករបស់អ្នកដើម្បីបង្កើនភាពចែងចាំងនៅលើផ្ទៃមុខបន្ថែមទៀត។
យ៉ាងណាមិញ Concealer ត្រូវបានគេផលិតចេញមកជាច្រើនប្រភេទមានដូចជាប្រភេទរាវ ប្រភេទស្អិត និងប្រភេទម្សៅដែលមានទួនាទីក្នុងការប្រើប្រាស់ខុសៗគ្នាទៅតាមតម្រូវការ និងតាមចំណុចមួយចំនួននៅលើផ្ទៃមុខ។
ដូច្នេះហើយមិត្តនារីគួរពិចារណាឲ្យបានច្បាស់មុនពេលអ្នកប្រើConcealer ថាតើចំណុចណាមួយនៅលើផ្ទៃមុខដែលអ្នកចង់បិទបាំង នឹងដើម្បីបង្កើតនូវទម្រង់មុខបែបស៊ិចស៊ី សុភាពនារីដែលមានចំណុចខ្វះខាតនៅលើផ្ទៃមុខដូចដែលសូវរីនបានជម្រាបជូនពីខាងលើ អាចសាកល្បងអនុវត្តតាមវិធីសាស្រ្តងាយៗខាងលើដើម្បីទទួលបានភាពស្រស់ស្អាត។ ចុងបញ្ចប់នេះសូរីនសង្ឃឹមថាបួនចំណុចខាងលើនេះនឹងអាចជួយមិត្តនារីឲ្យបានយល់ដឹងពីអត្ថប្រយោជន៍ និងការប្រើប្រាស់Concealer បានយ៉ាងមានប្រសិទ្ធភាព នឹងបង្កើននូវសម្រស់ដ៏ផូរផង់នៅលើផ្ទៃមុខរបស់សុភាពនារី៕
Article by Ratha