ការទុកឱ្យផ្ទៃមុខនៅទទេ ដោយគ្មានបន្ថែមជាមួយការតុបតែងមុខបន្តិចបន្តួចគឺជារឿងខុសឆ្គងមួយសម្រាប់ស្រ្ដីគ្រប់រូបមិនគួរមើលរំលង។ មិនថាសុភាពស្រ្ដីដែលបំពេញការងារឬជាស្ដ្រីមេផ្ទះនោះឡើយ គឺអ្នកត្រូវតែរៀបចំតុបតែងផ្ទៃមុខបែបស្រាលៗជាប្រចាំដើម្បីលើកសម្រស់ផ្ទៃមុខរបស់អ្នកឱ្យកាន់តែផូរផង់។ សម្រាប់លេខថ្មីនេះទំព័រMakeover របស់ SOVRIN នឹងបង្ហាញជូនប្រិយមិត្តអ្នកអាននូវការរៀបចំតុបតែងដែលមើលទៅសាមញ្ញៗ ប៉ុន្តែពោរពេញដោយភាពស្រស់ស្រាយសម្រាប់រដូវកាលនេះ។ ប្រសិនបើសុភាពនារីទាំងឡាយមិនចង់ចំណាយថវិកាខ្ជះខ្ជាយច្រើនរាល់ពេលមានកម្មវិធីជប់លៀង ឬដំណើរកម្សាន្តទៅកាន់ទីជិតទីឆ្ងាយនោះ។ សុភាពនារីអាចសាកល្បង Make Up តាមជំហានដែល SOVRIN នឹងធ្វើការបង្ហាញជូនដូចខាងក្រោមនេះ។
១. ជាដំបូងសុភាពនារីគួរតែធ្វើការសម្អាតផ្ទៃមុខឲ្យបានស្អាតនឹងជូតឱ្យស្ងួត អ្នកអាចលាបម្សៅទ្រនាប់អោយពេញផ្ទៃមុខជាមុនសិន បន្ទាប់មកលាបម្សៅដោយប្រើជក់ផាត់វាសឲ្យពេញនៅលើផ្ទៃមុខថើរៗ លៃយ៉ាងណាកុំឱ្យវាក្រាស់ពេក។
២. ការផាត់ពណ៌ត្របកភ្នែក ត្រូវយកពណ៌សូកូឡាក្រម៉ៅមកលាបយកស្រមោលនៅខាងចុងនៃត្របកភ្នែក និងខាងចុងនៃភ្នែកខាងក្រោមដូចគ្នា ហើយទើបយកពណ៌ហាយឡាយស យកមកគូសនៅខាងក្រោមភ្នែកបន្តិចដើម្បីជួយឱ្យពណ៌ភ្នែកមានភាពទាក់ទាញជាការស្រេច។
៣. ការលាបម៉ាស្ការ៉ាត្រូវលាបឱ្យក្រាស់បន្តិច ព្រោះដើម្បីជួយឱ្យភ្នែកមានភាពស្រស់ស្អាត ដោយយើងពុំចាំបាច់ពាក់នូវរោមភ្នែកក្លែងក្លាយនោះទេ ដើម្បីឱ្យមើលទៅឃើញបែបធម្មជាតិបន្តិច។
៤. ការគូសចិញ្ចើម ត្រូវគូសតាមទម្រង់មុខ និងភ្នែកដែលយើងបានលាបរួចមកហើយ។
៥. ការផាត់ថ្ពាល់កុំជ្រើសរើសយកពណ៌ក្រម៉ៅពេកត្រូវជ្រើសរើសយកពណ៌ផ្កាឈូក ព្រោះពណ៌នេះជួយឱ្យមើលទៅឃើញមុខស្រស់ស្រាយស្រទន់និងក្មេងវ័យ។
៦. បបូរមាត់ជាចំណុចដ៏ទាក់ទាញនឹងលេចធ្លោរហើយលើកសម្រស់ផ្ទៃមុខរបស់សុភាពនារី សម្រាប់ការផាត់មុខបែបធម្មជាតិបែបនេះ អ្នកជ្រើសរើសក្រែមពណ៌ឈូកស្រាល ឬពណ៌ណាដែលស្រាលៗ។
បន្ទាប់ពីប្រិយមិត្តបានអាននូវតិកនិចក្នុងការតុបតែងមុខបែបសាមញ្ញៗ ដែលពោរពេញទៅដោយភាពស៊ីវិល័យមកហើយនោះ សូវរីនសង្ឃឹមនឹងជឿជាក់ថាអ្នកនឹងក្លាយទៅជានារីសម័យថ្មីយ៉ាងពិតប្រាកដ ប្រសិនបើអ្នកសាកល្បងអនុវត្តតាមជំហានខាងលើ៕
Article by HENG CHANMAKARA