ដូចពាក្យចាស់ពោលថា “ផឹកទឹក នឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ” សិល្បៈបុរាណខ្មែរមិនអាចរស់រាន មានជីវិតដល់សព្វថ្ងៃទេ ប្រសិនបើគ្មានការចែករំលែកចំណេះដឹងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ក្រោមការបង្ហាត់ បង្រៀនពីសំណាក់សិល្បកររៀមច្បង ឬ ព្រឹទ្ធាចារ្យសិល្បៈគ្រប់ជំនាន់តួរយ៉ាង របាំអប្សរាដែលបង្កើត ឡើងដោយព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះរាជកន្និដ្ឋានរោត្តមរស្មីសោភ័ណ កាលពីចុងទ.វទី៥០ និងមាន សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ជាតួឯកអប្សរាទី១នោះ ក៏ចេះតែរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន ដែរ ដោយមាន អ្នកគ្រូ សេង ស្រីមុំ អ្នកគ្រូ វ័ន សាវៃ និងអ្នកគ្រូ យឹម ទេវី ជាអ្នកបណ្តុះបណ្តាលដើម។ ស្របពេលដែលកម្ពុជាទើបតែទទួលបានភាពជោគជ័យដ៏ធំធេងក្នុងការបង្កើតប្រវត្តិមួយសតវត្សរ៍នៃរបាំព្រះរាជទ្រព្យខ្មែរនោះ សូវរីនសូមបង្ហាញនូវគម្រូវីរភាព អ្នកស្រី វ័ន សាវ៉ៃ អតីតសិល្បកា រិនីរបាំក្នុងព្រះបរមរាជវាំងតាំងពីសម័យសង្គមរាស្រ្តនិយម។
ស្ថិតក្នុងវ័យជិត៧០ឆ្នាំ អ្នកគ្រូ វ័ន សាវ៉ៃ នៅតែមានភាពស្រស់ស្រាយ រាងកាយរឹងប៉ឹង មិនទន់ជ្រាយតាមវ័យឡើយ ហើយអ្នកគ្រូក៏នៅតែចូលរួមយ៉ាងសកម្មឥតរាថយក្នុងចលនាអភិរក្សសិល្បៈរបាំព្រះរាជទ្រព្យនេះ។ អ្នកគ្រូ បានចូលហាត់របាំក្នុងព្រះបរមរាជវាំងតាំងពីវ័យទើបតែ៩ឆ្នាំម្ល៉េះ ដោយសារតែមានឧបនិស្ស័យចំពោះជំនាញនេះខ្លាំងស្ទើរមិននឹកស្មានដល់ “ខ្ញុំមកមើលគេលេង (របាំ) មកតាម គ្រួសារ។ ពេលអាយុ៩ឆ្នាំ មានអារម្មណ៍មួយថាស្រឡាញ់រាំតែម្តង ក៏សុំឪពុកម្តាយមកហាត់រាល់ថ្ងៃព្រហស្បត្តិ៍ ព្រោះ គេបើកឲ្យកូនសិស្សពីក្រៅមក។ ខ្ញុំមានជីដូនម្នាក់ឈ្មោះ យាយអ៊ឺន ជាអ្នកបើកបទក្នុងវាំង។”
Image Courtesy: VOAN SAVAY
នៅហាត់របាំក្នុងវាំងមិនបានប៉ុន្មានឆ្នាំផង យុវតី វ័ន សាវ៉ៃ ក៏ចម្រើនវ័យ១៤ឆ្នាំ ហើយត្រូវបានសម្តេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី សព្វព្រះរាជហប្ញទ័យនឹងសមត្ថភាពដ៏ពូកែលេចធ្លោ ព្រមទាំងរូបសម្បត្តិកម្ពស់កម្ពសមសួន ផងនោះ ទ្រង់ក៏ព្រះរាជានុញ្ញាតឲ្យនាដកាវ័យក្មេងរូបនេះរាំរបាំអប្សរាជាមួយតួធំៗ។ ក្នុងឆ្នាំ១៩៦៥ កញ្ញា សាវ៉ៃ បានរួម ដំណើរជាមួយសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទៅសម្តែងរបាំនៅក្រៅប្រទេសជាលើកដំបូងនៅប្រទេសចិន។ អ្នកគ្រូបានបន្ថែមទៀតថា “ពេលខ្ញុំ ត្រឡប់ពីប្រទេសចិនមកវិញ ខ្ញុំមានតួនាទីមួយគឺ ពេលណាដែលទ្រង់មិនរាំ គឺខ្ញុំអ្នករាំ! អាយុ១៥ឆ្នាំគឺខ្ញុំធ្វើតួអប្សរា ហើយ ព្រោះសម្តេចសម្តែងតែពេលទទួលភ្ញៀវធំៗ។” អ្វីដែលគួរចងចាំបំផុតនោះ គឺយុវតី សាវ៉ៃ សុខចិត្តលះបង់ ឱកាសបន្តការសិក្សាចំណេះទូទៅ មិនមែនដោយសារកត្តាជីវភាពទេ ប៉ុន្តែដើម្បីបុព្វហេតុសិល្បៈដែលជាក្តីស្រមៃធំ បំផុតក្នុងជីវិត ដោយសារខកខានរៀនពេលបំពេញបេសកកម្មការងារនៅប្រទេសចិននោះឯង។ ក្រោមការជួយ ជ្រោមជ្រែងបង្ហាត់បង្រៀនពីសំណាក់គ្រូរបាំក្នុងវាំង រួមមាន អ្នកម្នាងផាត់កាញ៉ុល អ្នកគ្រូ កែម ប៊ុនណាក និង អ្នកគ្រូ ម៉ម ប៉ុង ជាដើម សិល្បការិនីរូបនេះកាន់តែមានសមត្ថភាព និង មានភាពជោគជ័យក្នុងអាជីពនេះរហូតដល់ ឆ្នាំ១៩៧៥។ រីឯរបាំដែលដែលអ្នកគ្រូធ្លាប់សម្តែងជូនគណៈប្រតិភូធំៗក្នុងសម័យនោះ មាន ដូចជា របាំអប្សរា របាំ ភួងនារី និង ឈុតរបាំដកស្រង់ចេញពីរឿងព្រះស័ង្ខ។
ជីវិតរបស់នាដកា វ័ន សាវ៉ៃ គឺឃ្លាតឆ្ងាយពីសិល្បៈតែក្នុងរបបប្រល័យពូជសាសន៍មួយប៉ុណ្ណោះ ដោយសារអ្នកស្រីត្រូវបានគេជម្លៀសទៅរស់នៅស្រុកភ្នំស្រុក ខេត្តបាត់ដំបង។ ក្រោយមកអ្នកស្រីបានត្រឡប់មក បម្រើសិល្បៈវិញ នៅរដ្ឋធានីភ្នំពេញ ក្នុងឆ្នាំ១៩៧៩។ ពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៩១ គឺរយៈពេល១០ឆ្នាំគត់ អ្នកស្រី បានចំណាយពេលវេលាក្នុងការបណ្តុះបណ្តាលពន្លកថ្មីនៃរបាំបុរាណខ្មែរនៅជំរំអំពិល និង ជំរំសាយធូក្នុងទឹកដីថៃ រហូតជាង២០០នាក់។ អ្នកស្រីបានមានប្រសាសន៍ថា “ពេលទៅដល់ជំរំ ចិត្តខ្លួនឯងលែងចង់ទៅ(ប្រទេសទីបី) តែម្តង ដូចជាមានអារម្មណ៍ថាឈានមួយជំហានទៀតគឺចោលស្រុក ឈានមួយជំហានទៀតខ្ញុំនឹងលែងបានវិល ត្រឡប់មកវិញ។ ពេលនោះ ខ្ញុំឃើញមានក្មេងកំព្រា ក្មេងអនាថាច្រើន នឹកថាបើរើសក្មេងនោះមកបង្ហាត់បែប សប្បាយចិត្តជាង!”
ក្នុងនាមជាគ្រូរបាំដែលពោរពេញទៅដោយបទពិសោធន៍វិជ្ជាជីវៈរហូតជាង៥០ឆ្នាំមកហើយ អ្នកស្រី វ័ន សាវ៉ៃ បានសង្កេតឃើញលក្ខណៈខុសប្លែកគ្នារវាងការហាត់រៀនរបាំព្រះរាជទ្រព្យកាលពីសម័យមុន និង សម័យបច្ចុប្បន្ន ត្រង់ថា សម័យមុន គេហាត់រៀននឹងភ្លេងផ្ទាល់មែនទែន ផ្ទុយស្រឡះពីសព្វថ្ងៃដែលសិស្សហាត់រៀនតាមចង្វាក់ទះដៃ។ ត្រង់ចំណុចនេះ អ្នកស្រីបានលើកឡើងថា “ការហាត់ជាមួយភ្លេងគឺទាញអារម្មណ៍ជាង។ ចំពោះអ្នកដទៃ ខ្ញុំមិនដឹងទេ ប៉ុន្តែសម្រាប់ខ្ញុំ ពេលខ្ញុំហាត់ (ក្បាច់បាត) ឆាបបញ្ចុះ ក៏ខ្ញុំធ្វើឫកដែរ (បញ្ចូលអារម្មណ៍តួអង្គតាមភ្លេង) ខ្ញុំមិនដែល រាំលេងទេ គឺរាំមែនទែន! ខ្ញុំហាត់ដូចជាមានមនុស្សនៅពីមុខខ្ញុំអ៊ីចឹង ទោះបីអត់មនុស្សសោះក៏ដោយ!”
Image Courtesy: VOAN SAVAY
បន្ទាប់ពីចេញពីជំរំជនភៀសខ្លួនក្នុងទឹកដីប្រទេសថៃ អ្នកស្រីបានបន្តទៅរស់នៅប្រទេសទីបី និងជួយបង្ហាត់ បង្រៀន ឯកទេសរបាំដែលអ្នកគ្រូចេះដឹងពីសម័យមុនដល់យុវជនជំនាន់ក្រោយដែលរស់នៅទីនោះរហូតដល់ទៅបួន សមាគម ក្នុងនោះរួមមាន សមាគម BCK (Ballet Classique Khmer) សមាគម Cabaret des Oiseaux សមាគម សិល្បៈខ្មែរ និង សមាគមអរុណោទ័យ ។ តាមរយៈការបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយៗ អ្នកស្រីបានបង្ហាញអំពី បញ្ហាប្រឈមក្នុងវិស័យរបាំក្បាច់បុរាណខ្មែរនៅក្នុងសង្គមសព្វថ្ងៃថា “ថាពួកគេមិនសូវមានការអត់ធ្មត់ក៏បាន ព្រោះ អង្កាល់ជំនាន់ពួកខ្ញុំរាំ ពួកខ្ញុំអត់មានសិទ្ធិក្នុងការប្រកែក អត់មានសិទ្ធិក្នុងការដើរចេញមិនមែនដោយសារគ្រូបង្ខំទេ ប៉ុន្តែខ្លាចបាត់កន្លែង (តំណែងតួ)។ ពីដើម ខ្ញុំអត់ចោលកន្លែងផង នៅតែគ្រូខ្ញុំពិបាក ចុះទម្រាំតែឥឡូវ? កូនសិស្ស ជួនកាលយើងបង្ហាត់ឲ្យល្អទៅ ស្រាប់តែទៅណាបាត់!” ។ ទោះជាមានចំណុចអវិជ្ជមានមួយចំនួនកើតឡើងយ៉ាងនេះក្តី ក៏អ្នកគ្រូនៅតែលើកទឹកចិត្ត និង លើកសរសើរសិស្សដែលតែងតែព្យាយាមមិនបោះបង់ទោះបីជួបនឹងឧបសគ្គជីវភាពខ្លះៗ ក៏ដោយ។
ថ្វីត្បិតតែអ្នកគ្រូមានភាពហត់នឿយខ្លះក៏ពិតមែន តែក្រោមព្រះរាជកិច្ចដឹកនាំផ្តួចផ្តើមរបស់ សម្តេចរាជបុត្រីព្រះរាមបុប្ផាទេវី អ្នកគ្រូ វ័ន សាវ៉ៃ នៅតែប្រឹងប្រែងចូលរួមបង្ហាត់យុវជនខ្មែរជាច្រើនដើម្បីសម្តែង កម្មវិធីប្រវត្តិមួយសតវត្សរ៍នៃរបាំព្រះរាជទ្រព្យខ្មែរកាលពីឆ្នាំ២០១៦ និង ត្រៀមបន្តសកម្មភាពនេះម្តងទៀតក្នុងកម្មវិធី Memories in Motion ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ និង ទី១៣ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះនៅសាល សន្និសីទចតុមុខ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺអ្នកគ្រូមិនត្រឹមតែដឹកនាំសិស្សឡើងសម្តែងទេ ថ្មីៗនេះ អ្នកគ្រូក៏បានចូលរួមជាកិត្តិយសសម្តែងផ្ទាល់ជាតួអង្គនាងមេទ្រី មហេសីព្រះវេស្សន្តរ ក្នុងល្ខោនបុរាណរឿងមហាវេស្សន្តរ ជាតក រួមជាមួយសាស្រ្តាចារ្យរបាំជើងចាស់ជាច្រើនរូបថែមទៀតផង៕
Article by SRIN SOKMEAN