ដំណើរកម្សាន្តទៅកាន់ខេត្តមួយដែលមានទិស៦ភាគឡោមព័ទ្ធបង្កប់នូវទេសភាពដ៏ល្អប្រណីតគួរឱ្យចាប់ចិត្តជាមួយនឹងសម្រស់ធម្មជាតិនៃដងស្ទឹងជីនិត
TRAVEL & LIVING 7 years agoបើយើងរំលឹកទៅដល់ខេត្តដែលមានទីតាំងចំកណ្ដាលផ្ទៃប្រទេសកម្ពុជានោះ មិត្តអ្នកអានប្រាកដជានឹកភ្នកទៅដល់ឃ្លាចម្រៀងមួយដែលបានលើកឡើងថា “នេះគឺសំណាងយ៉ាងចំណានដែលវាសនាបាននាំឱ្យរូបខ្ញុំចាប់ចិត្តគិតផ្សងបំណងលើមុំ ឱ! កំពង់ធំថ្លើមជីវិត...”។ សម្រាប់ទំព័រដំណើរកម្សាន្តលើកនេះ សូវរីន សូមបង្វែរអារម្មណ៍មិត្តអ្នកអានមកកម្សាន្តលើទឹកដីដែលសម្បូរទៅដោយភោគផលធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរថាតើពួកគាត់ប្រកបរបដំណាំកសិកម្ម និងការនេសាទតាមបែបផែនជីវិតអ្នកជនបទបែបណាខ្លះតាមដងស្ទឹងជីនិតនៃខេត្តកំពង់ធំ!
ព្រលឹមស្រាងៗ ក្រោយពីបានរៀបចំសម្ភារសម្រាប់បំពេញការងារ និងចំណីចំណុកមួយចំនួនសម្រាប់ដំណើរកម្សាន្តពេញ១ថ្ងៃទៅកាន់ចំណុចកណ្ដាលនៃផ្ទៃប្រទេសកម្ពុជា។ រថយន្តចាប់ផ្ដើមវិលកង់ហាក់កំពុងរុញច្រានយើងទៅកាន់គោលដៅក្នុងដំណើរកម្សាន្តមួយទៅកាន់ស្ទឹងជីនីតក្នុងទឹកដីខេត្តកំពង់ធំ ដែលប្រមូលផ្ដុំទៅដោយ ស្ទឹង បឹងបួរ ដែលជាចលករមួយនាំឱ្យខេត្តមួយនេះសម្បូរទៅដោយត្រីគ្រប់ប្រភេទសម្រាប់ប្រជានេសាទ។ វាលស្រែខៀវខ្ចី ធម្មជាតិបៃតងស្រស់បំព្រងអមសងខាងផ្លូវហាក់ជួយបង្កើនអារម្មណ៍ខ្ញុំ និងក្រុមការងារឱ្យទៅដល់គោលដៅភ្លាមៗតែម្ដង! ប៉ុន្តែទោះជាយ៉ាងណារថយន្តបានបន្តដំណើរដោយសន្សឹមៗនៅលើផ្លូវជាតិ៦អា ដោយការប្រុងប្រយ័ត្នខ្ពស់មិនឱ្យហួសល្បឿនដែលច្បាប់កំណត់ឡើយ។ រយៈពេលជិត១ម៉ោង កន្លងផុតទៅយើងបានបន្តដំណើរមកដល់ត្រង់ចំណុចផ្លូវបំបែកទៅស្ពានព្រែកក្ដាម ក្រឡេកស្ដាំដៃខ្ញុំបានពើបប្រទះនឹងបឹងឈូកធំៗដែលនៅប្របនឹងតាមដងផ្លូវអមទៅដោយភ្នំតូចៗ ដែលគេកំពុងតែវាយបំបែកផ្ទាំងថ្មធំៗឱ្យទៅជាតូចៗនោះ។ ទេសភាពបឹងឈូកបានអន្ទងចិត្តខ្ញុំរួមទាំងក្រុមការងារឱ្យឈប់សុំចតនៅទីនោះ ដើម្បីស្រុសស្រូបអាហារពេលព្រឹកជាមួយបរិយាកាសដ៏សែនមនោរម្យក្រៃលែង។ បាយខ្ចប់ស្លឹកឈូករួមជាមួយងៀតគោអាំងជ្រលក់ទឹកខ្មេះជូរអែមហឹរ ពិតជាមានរសជាតិប្លែកហើយឆ្ងាញ់ពិសាជាមួយបរិយាកាសធម្មជាតិនាមាត់បឹងឈូក។ ក្លិនប្រហើរពីផ្កាឈូកបានសាយភាយក្រអូប ស្រូបចិត្តខ្ញុំនិងក្រុមការងារមិនចង់ចាកចេញពីទីនេះឡើយ។
យើងបានសម្រាកមួយសន្ទុះក្រោយពីបរិភោគអាហារពេលព្រឹករួចហើយ ម៉ោងប្រមាណ៨ព្រឹក យើងបានបន្តដំណើរទៅមុខតាមផ្លូវជាតិ៦អា ទិដ្ឋភាពតាមដងផ្លូវយើងបានកត់សម្គាល់ឃើញប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំបានប្រមូលផ្ដុំផ្លែស្វាយកែវចិនតម្រៀបលក់ជាជួរៗ បង្កើតទៅជាទិដ្ឋភាពមួយគួរជាទីគយគន់និងទាក់ចិត្តអ្នកដំណើរទៅមកឱ្យឈប់ទិញដោយខានមិនបាន ព្រោះតែខែនេះជាខែដែលស្វាយផ្ដល់ទិន្នផល។ ប្រជាពលរដ្ឋខ្លះទៀតបានដាក់លក់ត្រសក់ផ្អរក្នុងក្រឡថ្ម ឬកំប៉ុងជ័រទៅតាមការរៀបចំរៀងៗខ្លួន ដែលហាក់បង្ហាញខ្លួនអួតសម្រស់ឆាបឆក់អ្នកដំណើរគ្រប់រូបឱ្យឈប់សុំចតចូលទិញ។ ហួសផ្សាររំលងបន្តិចខាងស្ដាំដៃមានហាងលក់សាច់ក្រកឈ្មោះ ឆៃ ហុង ដែលអ្នកដំណើរឆ្លងកាត់ទីនេះមិនដែលខកខានឈប់ទិញនោះទេ ព្រោះតែរសជាតិដ៏ឆ្ងាញ់ពិសាប្រចាំគ្រួសារនេះ។
ប្រៀបដូចទៅនឹងបេសកម្មមួយដែល សូវរីន បានធ្វើដំណើរឆ្ពោះទៅកាន់ស្ទឹងជីនិតដែលហូរកាត់ក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក ដើម្បីផ្តិតយកទេសភាពនាដងស្ទឹងក៏ដូចជាការផ្តិតយកទិដ្ឋភាពជីវភាពរស់នៅប្រកបរបររបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះចែករំលែកជូនប្រិយមិត្តបានជ្រាបពីទម្លាប់នៃការរស់នៅបែបជនបទ។ យើងបន្តដំណើរប្រហែល៣០នាទីមកដល់ត្រង់ចំណុចមួយដែលគេបានដាក់ស្លាក “រមណីយដ្ឋាន បឹងសំរិទ្ធ” យើងបានបន្តដំណើរបត់ទៅខាងឆ្វេងដៃចូលទៅភូមិសន្ទុក ដែលនៅក្នុងភូមិនោះក៏មានប្រភពទឹកស្ទឹងជីនិតហូរកាត់ដែលជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម ស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ បើរំលឹកពីទិដ្ឋភាពតាមដងផ្លូវឆ្ពោះទៅកាន់ស្ទឹងជីនិតនោះ ហាក់ធ្វើឱ្យអារម្មណ៍របស់ខ្ញុំមិនទាន់រសាយពីទេសភាពដ៏បំព្រងទាំងនោះនៅឡើយទេ។ មិនសូវជាមានផ្ទះប្រជាពលរដ្ឋសង់នៅជាប់ៗគ្នាប៉ុន្មានទេ នៅពេលយើងធ្វើដំណើរចូលទៅដើមផ្លូវដំបូង។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ថាស្រស់ស្រាយនោះគឺ ទេសភាពដើមត្នោតខ្ពស់ៗ ដុះច្រូងច្រាង ហាក់បង្ហាញនូវរបងការពារដ៏រឹងមាំសម្រាប់ការពារផ្ទះប្រជា។
បន្ដដំណើរក្នុងព្រៃដែលមានដើមត្នោតដុះអមសងខាងផ្លូវ ប្រហែល១០នាទី យើងបានមកដល់ស្ពានថ្មមួយដែលមានស្ទឹងជីនិតហូរកាត់ពីខាងក្រោម។ យើងបានអែបរថយន្តទៅខាងស្ដាំដៃហើយឈប់ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ។ រុក្ខជាតិត្រូវបានខ្យល់បក់រវិចៗ រង្គើតិចៗបង្កើតបានទៅជាចង្វាក់ភ្លេង ពត់ពេនទៅជាចលនាមួយរេរាំតាមខ្យល់ហាក់បង្ហាញនូវការស្វាគមន៍ក្រុមការងារយើងដែលបានធ្វើដំណើរមកកាន់ទឹកដីដ៏ស្រស់បំព្រងនេះ។ បន្តដំណើរទៅមុខបន្តិចយើងបានប្រទះឃើញទិដ្ឋភាពរួមមួយដែលប្រជាពលរដ្ឋក្នុងតំបន់នោះហាក់កំពុងមមាញឹកជាមួយការកូរទឹកត្នោតធ្វើជាស្ករ។ នៅក្រោមម្លប់ដើមឫស្សីខ្ញុំឃើញស្រ្ដីម្នាក់កំពុងតែអង្គុយកូរស្ករយ៉ាងញាប់ដៃ ហើយនៅក្បែរគាត់មានចង្រ្កានដែលសង់ពីដីឥដ្ឋកំពុងតែដាំទឹកត្នោតមួយខ្ទះធំ បង្ហើរក្លិនឈ្ងុយពីទឹកត្នោតភាយៗ។ មិនបង្អង់យូរខ្ញុំបានចូលទៅនិយាយលេងនិងសួរនាំគាត់ខ្លះៗអំពីការប្រកបមុខរបរនេះ។ ក្នុងទឹកមុខញញឹម មីង នឿន ដែលជាអ្នកកូរស្ករត្នោតបានថ្លែងមកកាន់ខ្ញុំថា “មីងប្រកបរបរកូរស្ករត្នោតនេះបានបួនដប់ឆ្នាំហើយ ដោយប្ដីមីងគាត់ជាអ្នកឡើងត្នោត ហើយមីងជាអ្នកកូរស្ករ។ មីងមានដើមត្នោតខ្លួនឯងចំនួន១០ដើម ហើយបានជួលពីអ្នកភូមិខ្លះដែលគេមានដើមត្នោតតែមិនមិនក្របករបរនេះប្រហែល២០ដើម ដោយក្នុង១ដើម សម្រាប់១រដូវ (រដូវដែលចាប់ផ្ដើមទទួលផលពីទឹកត្នោតបានគឺចាប់ផ្ដើមពីខែវិច្ឆិកា រហូតមកដល់ខែសីហា) ត្រូវជូនស្ករគេ៣គីឡូក្រាម។ ហើយជាមធ្យមក្នុង១ថ្ងៃមីងអាចកូរស្ករបាន១០គីឡូក្រាមប៉ុណ្ណោះ សម្រាប់ទឹកត្នោត២ខ្ទះធំៗ ហើយក្នុង១គីឡូលក់បានតម្លៃ៣៥០០រៀល”។ គាត់បានមានប្រសាសន៍បន្តថា ថ្វីត្បិតតែ១ថ្ងៃគាត់អាចរកចំណូលបានពីការលក់ស្ករត្នោតខ្ទង់៣ទៅ៤ម៉ឺនរៀលក៏ពិតមែន ប៉ុន្តែរបរមួយនេះប្រឈមនឹងគ្រោះថ្នាក់គួរសម ដែរ ព្រោះដើមត្នោតនៅទីនេះខ្ពស់ៗណាស់ ហើយអ្វីដែលពួកគាត់ខ្លាចបំផុតនោះគឺរន្ទះតែម្ដង ហេតុដូច្នេះវស្សារដូវចូលមក ពួកគាត់មិនឡើងយកទឹកត្នោតទៀតឡើយ។
ជាប់ចិត្តគយគន់ទេសភាព និងទិដ្ឋភាពរស់នៅបែបជនបទស្ទើរតែធ្វើឱ្យយើងភ្លេចថានាឡិកាបានចង្អុលទ្រនិចដល់ម៉ោង១២ថ្ងៃត្រង់ ជាសញ្ញាប្រាប់ថាដល់ពេលសម្រាកទទួលទានបាយថ្ងៃត្រង់ហើយ។ ខ្ញុំនិងមិត្តរួមការងារបានបន្តដំណើរទៅកាន់ផ្សារកំពង់ថ្ម ដែលជាទីប្រជុំជនដ៏អ៊ូអរសម្រាប់ការទិញលក់ទំនិញ បន្លែ ផ្លែឈើ គ្រឿងឧបភោគ និងគ្រឿងបរិភោគគ្រប់ប្រភេទ។ បើនិយាយពីហាងលក់បាយ មានរសជាតិឆ្ងាញ់ពិសាមិនចាញ់រសជាតិម្ហូបអាហារនៅរាជធានីប៉ុន្មានឡើយ។ បើតាមការឱ្យដឹងពីអ្នករស់នៅតំបន់នោះបានប្រាប់ឱ្យដឹងថាមានភោជនីយដ្ឋានពីរកន្លែងដែលបើកតាំងពីឆ្នាំ១៩៨០ជាង ហើយកេរ្តិ៍ឈ្មោះនិងរសជាតិនៃមុខម្ហូបក៏ឆ្ងាញ់ពិសាផងដែរ ហើយរាល់អ្នកដំណើរដែលឆ្លងកាត់ទីនេះតែងឈប់ពិសាមិនដែលខាន។ ភោជនីយដ្ឋានទី១មានឈ្មោះថា ថ្មដាIII ដែលគាត់មានលក់ប្រភេទម្ហូបកុម៉្មង់ភ្លាមៗជាច្រើនមុខទៅតាមតម្រូវការភ្ញៀវ ហើយយើងក៏បានភ្លក់រសជាតិម្ហូបនៅទីនោះដែរគឺថាគ្រប់មុខម្ហូបដែលយើងបានកុម៉្មង់ដូចជា៖ សម្លម្ជូរត្រីជាមួយត្រកួន ឆាក្ដៅសាច់មាន់ ភ្លាសាច់គោគឺរសជាតិជូរផ្អែមប្រៃត្រូវនឹងរសជាតិដើមសម្លរបស់ខ្មែរយើងតែម្ដង។
ចំណែកភោជនីយដ្ឋានមួយទៀតមានឈ្មោះថា “តាវ៉ែនតា” ភោជនីយដ្ឋានគាត់មានទីតាំងស្ថិតនៅក្នុងផ្សារកំពង់ថ្ម ហើយបើអ្នកពិបាករកអាចសួរអ្នករស់នៅតំបន់នោះគេនឹងប្រាប់អ្នកពីផ្លូវទៅកាន់ភោជនីយដ្ឋាននោះហើយ។ មុននឹងចូលទៅដល់ភោជនីយដ្ឋាន តាវែនតា យើងបានឆ្លងកាត់ផ្សារកំពង់ថ្មដែលមានបងប្អូនអ្នកស្រុកភូមិកំពុងតែមមាញឹកក្នុងការលក់ បន្លែ ផ្លែឈើ ត្រី សាច់គ្រប់ប្រភេទបានចោលភ្នែករំពៃមកកាន់រថយន្តដែលបានបរយឺតៗកាត់ផ្សារដ៏អ៊ូអរនេះ ដោយបញ្ចេញស្នាមញញឹមមកកាន់យើងដែលជាអ្នកដំណើរហាក់បង្ហាញពីការស្វាគមន៍ដែលយើងបានចូលមកកាន់ស្រុកភូមិរបស់គាត់។ អ្វីដែលធ្វើឱ្យខ្ញុំដក់ជាប់ក្នុងចិត្តនោះគឺខ្ញុំបានឃើញពីការលក់ដូរបែបជនបទរបស់ប្រជាពលរដ្ឋក្នុងភូមិស្រុកនោះតែម្ដង។ មិនដល់៣នាទីផងខ្ញុំបានមកដល់ភោជនីយដ្ឋាន តាវ៉ែនតា ដែលមានលក់ម្ហូបគ្រប់ប្រភេទ ប៉ុន្តែម្ហូបដែលល្បីជាងគេប្រចាំហាងមានដូចជា៖ ងៀតគោ ស៊ុបគោ ឆាខាត់ណា ជាដើម។ បើក្រឡេកមួយភ្លេតយើងមើលទៅការរៀបចំក្នុងហាងរបស់គាត់អាចបញ្ជាក់ថាគាត់ជាជនជាតិខ្មែរកាត់ចិនតែម្ដង មិនបង្អង់យូរក្រោយពីខ្ញុំបានចូលកុម៉្មង់សាច់គោងៀត (ឆៅ) សម្រាប់យកភ្នំពេញនោះ ខ្ញុំកត់សម្គាល់ឃើញផ្ទះបាយរបស់គាត់មានការរៀបចំតុបតែងយ៉ាងមានរបៀបនិងប្រកបដោយអនាម័យ ខ្ញុំប្រទះភ្នែកឃើញមេចុងភៅដែលជាបុរសមានវ័យចំណាស់បន្តិចកំពុងតែធ្វើម្ហូបយ៉ាងរហ័សរហួន ឮសូរសម្លេងផូងផាំងៗកំពុងតែឆាខាត់ណាសាច់គោយ៉ាងញាប់ដៃ ហើយគាត់ក៏បានងាកមកញញឹមនៅពេលខ្ញុំនិងមិត្តរួមការងារកំពុងតែឈរមើលសកម្មភាពគាត់ធ្វើម្ហូបនោះ។ មិនដល់៧នាទីផងម្ហូបក៏ត្រូវបានចម្អិនរួច ហើយខ្ញុំក៏បានសួរនាំទៅកាន់គាត់ថា៖ ឆ្នាំនេះកុងមានអាយុប៉ុន្មានឆ្នាំហើយ! ហើយចេះធ្វើម្ហូបតាំងពីអាយុប៉ុន្មាន និងចាប់ផ្ដើមធ្វើជាចុងភៅបានរយៈពេលប៉ុន្មានឆ្នាំដែរ! គាត់ឆ្លើយដោយទឹកមុខស្រពោនបន្តិចទើបញញឹម ព្រមទាំងតបមកវិញថា “ឆ្នាំនេះកុងអាយុ៨០ឆ្នាំ ហើយកាលពីសម័យសម្ដេចតា កុងជាមន្រ្តីរាជការបម្រើការងារនៅមន្ទីរមួយនាខេត្តបាត់ដំបងរហូតដល់សម័យប៉ុលពតគេក៏បានជម្លៀសមកដល់ទីនេះ ហើយក្រោយសង្រ្គាមបានបញ្ចប់ ក៏មិនបានវិលត្រឡប់ទៅបាត់ដំបងវិញទេ ដោយបងប្អូនប្រាប់ថាកុំត្រឡប់ទៅវិញអីខ្លាចគ្រោះថ្នាក់តាមផ្លូវ។ ហើយបើគិតតាំងពីនោះមកកុងបានចាប់របរជាមេចុងភៅនេះបាន៣៦ឆ្នាំមកហើយ។” ភ្លឹកស្ដាប់នូវការរៀបរាប់របស់កុងដែលជាមេចុងភៅមិនទាន់ចប់ស្រួលបួលផងអ្នកខ្ចប់សាច់គោងៀតបានយកហុចថង់មួយកញ្ចប់មកឱ្យ ស្របពេលនោះដែរខ្ញុំក៏បានលាគាត់ត្រឡប់ទៅវិញ។
បន្ទាប់ពីចេញពីផ្សារកំពង់ថ្ម យើងបានបន្តដំណើរកាន់ស្ពានកំពង់ថ្ម ដែលនៅភូមិកំពង់ថ្មស្ថិតនៅលើផ្លូវជាតិលេខ៦អា ដោយខាងក្រោមស្ពាននោះមានទឹកស្ទឹងជីនិតហូរកាត់។ ខ្ញុំឈរលើស្ពានខាងឆ្វេងដៃក្រឡេកចោលភ្នែកទៅនៅប្របតាមមាត់ស្ទឹងមានផ្ទះសង់អំពីឈើជាជួរអមសងខាងស្ទឹង ហើយអ្វីដែលគួរកត់សម្គាល់នោះគឺនៅខាងក្រោយផ្ទះនីមួយៗមានកំពង់ទឹកនិងទូកឈើតម្រៀបគ្នាយ៉ាងមានរបៀប។ ក្រោមកម្ដៅថ្ងៃក្ដៅហែង ប្រហែលម៉ោងជិត២រសៀល ខ្ញុំបានឃើញអ្នកស្រុកខ្លះកំពុងតែអង្គុយស្ទូចត្រីទាំងចិត្តអំណត់ ចំណែកអ្នកខ្លះទៀតបានអុំទូកទៅកណ្ដាលស្ទឹងបង់សំណាញ់យ៉ាងមមាញឹក ដែលសកម្មភាពទាំងនោះហាក់ឆ្លុះបញ្ចាំងអំពីទម្លាប់នៃការប្រកបរបររបស់ពួកគាត់ទៅតាមទំនោរនៃជីវភាពបែបសាមញ្ញរបស់បងប្អូនដែលរស់នៅតាមដងស្ទឹងជីនិត ដែលជាជំរកត្រីយ៉ាងសម្បូរបែបនោះ។ បន្ទាប់ពីនោះ ខ្ញុំនិងក្រុមការងារបានចេញដំណើរទៅកាន់រមណីយដ្ឋាន១មករា។ គួរបញ្ជាក់ផងដែរថារមណីយដ្ឋាននេះដើមឡើយគឺជាទំនប់១មករា ដែលជីកនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) បន្ទាប់មកត្រូវបានគេកែច្នៃធ្វើជារមណីយដ្ឋាន១មករា (ស្ទឹងជីនិត) នេះដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ ដោយធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ ៦ ដល់គល់ស្ពានកំពង់ថ្ម បត់ស្តាំ ប្រមាណជា ៤ គីឡូម៉ែត្រ នឹងឃើញផ្ទៃទឹកស្ទឹងជីនិត បើគិតពីចម្ងាយផ្លូវពីភ្នំពេញទៅស្ទឹងជីនិតប្រមាណជា ១៣០ គីឡូម៉ែត្រ។ ទំនប់នេះគេកសាងឡើងក្នុងគោលបំណងផ្តោតទៅលើប្រព័ន្ធស្រោចស្រពដំណាំកសិកម្មនៅក្នុងស្រុកសន្ទុក និង ស្រុកបារាយណ៍ដែលមានកន្លែងទំនប់បង្ហៀរទឹកប្រវែង ៧៥០ ម៉ែត្រ។ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ មានផ្ទៃទឹកលាតសន្ធឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ ធម្មជាតិស្រស់ស្អាតប្លែកភ្នែក និងទឹកស្ទឹងថ្លាឈ្វេង លម្ហែងូតទឹកកម្សាន្តសប្បាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ អាចជួយរំសាយទុក្ខព្រួយក្នុងខ្លួន និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ទីនោះក្រៅពីលម្ហែកាយ និងងូតទឹកលេង ក៏មានខ្ចុះអង្គុយញ៉ាំអាហារបែបស្រុកស្រែដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ ពោងលេងទឹក និងអាវពាក់ហែលទឹកក៏មានជួលផងដែរ សម្រាប់អ្នកទៅលេងកម្សាន្តនៅទីនោះ គឺត្រូវចំណាយប្រាក់១ពាន់រៀល សម្រាប់មនុស្សម្នាក់ដើម្បីទិញសំបុត្រចូលលេងកម្សាន្ត ចំណែកកូនក្មេងតូចៗគឺមិនចំណាយប្រាក់នោះទេ។ លើសពីនេះទៀត ស្ទឹងជីនិតដែលមានរយៈប្រវែង២៦៤គីឡូម៉ែត្រនេះ ក៏បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាផងដែរ។
ដំណើរកម្សាន្តតាមដងស្ទឹងជីនិតនេះ ហាក់បង្ហាញឱ្យខ្ញុំឃើញពីបែបបទ និងទម្លាប់នៃការរស់នៅតាមបែបស្រុកស្រែចម្ការ ដោយភាគច្រើនពួកគាត់ប្រកបរបរដែលធម្មជាតិបានផ្ដល់ឱ្យដូចជាការនេសាទត្រី ធ្វើស្ករត្នោត និងមានការដាំបន្លែបង្ការមួយចំនួននៅតាមផ្ទះដើម្បីយកទៅលក់នៅផ្សារជាដើម។ ថ្វីត្បិតតែការរស់នៅបែបនេះមិនមានភាពឡូយឆាយទំនើបដូចរាជធានីក៏ពិតមែន ប៉ុន្តែពួកគាត់ម្នាក់ៗហាក់សប្បាយរីករាយជាមួយជីវភាពពួកគាត់ និងរស់នៅជាមួយធម្មជាតិដ៏ស្រស់បំព្រងដែលប្រៀបបីដូចជាសួនច្បារលម្អនារាជធានីយ៉ាងដូច្នោះដែរ។ គួររំលឹកផងដែរថាកំពង់ធំជាខេត្តមានទីតាំងនៅចំណុចកណ្ដាលប្រទេសកម្ពុជា។ ហើយជាខេត្តមួយក្នុងចំណោមខេត្តចំនួនប្រាំដែលព័ទ្ធជុំវិញទន្លេសាបនិងសម្បូរទៅដោយទីតាំងប្រវត្តិសាស្រ្តដូចជាប្រាសាទដែលបន្សល់ទុកមុនសម័យអង្គរ៕
Article by HENG CHANMAKARA