រាជិនីភូមិគ្រឹះជាខ្សែភាពយន្តភាគដ៏កម្រដែលពណ៌នាពីជីវិតគ្រួសារអភិជនរស់នៅក្នុងអំឡុងទសវត្សរ៍៤០-៥០
ENTERTAINMENT 7 years ago“តើហេតុអ្វីបានជាជីវិតរបស់ខ្ញុំជួបរឿងអកុសលបែបនេះទៅវិញ? អយុត្តិធម៌ណាស់!”
នេះគឺជាទំនុកស្រែកដ៏រន្ធត់របស់អ្នកនាង សុគន្ឋ និសា សម្តែងជានាដការីរបាំបុរាណ អង្គុយទួញសោកមុខទ្វាប្រាសាទមួយកណ្តាលព្រៃជ្រៅ ក្នុងវីដេអូផ្សព្វផ្សាយភាពយន្តភាគខ្មែរ រាជិនីភូមិគ្រឹះ ដែលជាស្នាដៃសម្ដែងរួមគ្នាលើកទី២របស់ សុគន្ធ នីសា និងលោក ហ្សូណូ។ វីដេអូដែលបានបង្ហាញដំណើររឿងយ៉ាងច្បាស់ថា កើតឡើងនៅសម័យបារាំង តាមរយៈការតុបតែងកាយ និងសម្លៀកបំពាក់របស់តួអង្គនោះ ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ឆ្លៀតពេលទំនេរនៅថ្ងៃឈប់សម្រាកនាព្រះរាជពិធីចម្រើនព្រះជន្មវស្សា ព្រះមហាក្សត្រនៃយើងនេះ លោក កៅ សីហា ដែលជាអ្នកដឹកនាំភាពយន្តភាគនេះបានផ្តល់បទសម្ភាសន៍ពីលក្ខណៈពិសេសរបស់ភាពយន្តភាគនេះដោយសង្ខេបថា “រាជិនីភូមិគ្រឹះដែលបានផលិតដោយស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺក្នុងគោលបំណងនាំយកចំណីចក្ខុថ្មីជូនដល់ទស្សនិកជន ដែលជាអ្នកស្រលាញ់គាំទ្រសិល្បៈទី៧របស់ខ្មែរយើង។ រាជិនីភូមិគ្រឹះពណ៌នាពីស្ថានភាពរស់នៅរបស់គ្រួសារអភិជន និងវណ្ណៈផ្សេងទៀត នាអំឡុងទសវត្សរ៍ឆ្នាំ៤០ ដល់ ៥០ នៅកម្ពុជាឬសម័យបារាំង។ ហើយតាមរយៈភាពយន្តភាគនេះ ច្បាស់ណាស់យើងក៏នឹងបង្ហាញជូនទស្សនិកជននូវទម្រង់សិល្បៈវប្បធម៌ជាតិមួយចំនួន ដែលជាផ្នែកមួយជួយជំរុញ និងផ្សព្វផ្សាយសក្តានុពលវប្បធម៌ រួមនឹងទេសភាពដ៏ស្រស់សោភារបស់ដែនដីសុវណ្ណភូមិយើង ឱ្យកាន់តែទូលំទូលាយថែមទៀតផង។”
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក កៅ សីហា ក្នុងវីដេអូនោះ យើងឃើញមានឈុតរាំរបាំបុរាណ សម្តែងល្ខោនបាសាក់ និងល្ខោនខោល។ ហើយក្នុងនោះដែរប្រាសាទមួយរបស់ក្រុមប្រាសាទសម្បូរព្រៃគុក និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាផ្សេងៗទៀតក៏នឹងត្រូវបង្ហាញវត្តមាននៅក្នុងខែ្សភាពយន្តនេះផងដែរ។ ភាពយន្តមួយនេះបានរួមចំណែកឆ្លុះបញ្ចាំងពីស្ថានភាពសង្គមមនុស្សក្នុងសម័យកាលមួយ និងជាឧបករណ៍ផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិមួយដ៏មានប្រសិទ្ធភាពបំផុតនាយុគសម័យទំនើបនេះ។
លោក កៅ សីហា អ្នកដឹកនាំរឿង រាជិនីភូមិគ្រឹះ
ទម្លាក់កែវកាហ្វេពីដៃចុះវិញ លោក កៅ សីហា បានបញ្ជាក់ទៀតថា “គ្រប់ដំណាក់កាលនៃការផលិតភាពយន្តភាគនេះគឺធ្វើដោយយកចិត្តទុកដាក់បំផុត។ ការផលិតរឿងពីសម័យកាលណាមួយយើងត្រូវតែសិក្សាឱ្យបានលម្អិតពីសម័យនោះមិនថា ការស្លៀកពាក់ សម្ភារប្រើប្រាស់ផ្សេងៗ ឡាន ម៉ូតូ និងផ្ទះសម្បែង ជាដើម។ ហើយជាពិសេសគឺវប្បធម៌របស់មនុស្សសម័យនោះ តើគេសន្ទនាគ្នាយ៉ាងម៉េច! គេធ្វើកាយវិការយ៉ាងម៉េច! គេចូលចិត្តញ៉ាំសម្លអី! គេមានរសនិយមបែបណា! និយាយរួមទៅ យើងធ្វើយ៉ាងណាឱ្យដូចជាការពិតតាមដែលយើងអាចធ្វើបាន។”
និយាយដល់ត្រឹមនេះ លោក កៅ សីហា បានលើកឡើងពីផលលំបាកខ្លះៗដែលក្រុមការងារបានជួបប្រទះទាំងមុន និងអំឡុងពេលថត។ លោកថា “ទីកន្លែង និងសម្ភារប្រើប្រាស់នាសម័យកាលនោះគឺជាវត្ថុលំបាករកបំផុត ព្រោះភាគច្រើនវាបានបំផ្លាញដោយសារសង្រ្គាមអស់ទៅហើយ ដូច្នេះទាមទារឱ្យគ្រប់ការងារសិក្សាស្រាវជ្រាវតាមរយៈឯកសារ និងភាពយន្តពីដើម ហើយយកវាមកផលិត ឬតុបតែងឡើងវិញទៅតាមអត្ថបទភាពយន្ត និងភាពជាក់ស្តែងនាសម័យកាលនោះ។ នេះយើងមិនរាប់ពីផលលំបាកមួយចំនួនតូចទៀត ដែលមិត្តអ្នកអានពិតជាបានដឹងរួចមកហើយទេ។” តែទោះជាយ៉ាងណាក៏ដោយ លោក កៅ សីហា ពោលដោយស្នាមញញឹមថា “ចុងក្រោយក្រុមការងារក៏អាចសម្រេចវាបានដោយរលូន ហើយទស្សនិកជនក៏បានទស្សនាវីដេអូផ្សព្វផ្សាយនេះយ៉ាងរីករាយបំផុតដូចជាពេលហ្នឹងអ៊ីចឹង។”
លោក កៅ សីហា សង្ឃឹមថា រាជិនីភូមិគ្រឹះ នឹងធ្វើឱ្យទស្សនិកចំណាំទុកក្នុងបេះដូង ជា ភាពយន្តភាគដែលមានគ្រប់រសជាតិដ៏ល្អមួយរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសជាក់ជាមិនខាន។ ភាពយន្តភាគដែលសម្តែងចម្រុះគ្នាដោយកំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាស និងតារាសម្តែងចាស់ក្មេងល្បីៗជាច្រើនរូបនេះ គឺជាស្នាដៃដឹកនាំភាពយន្តភាគដំបូងរបស់ លោក កៅ សីហា។ និយាយដោយអស់សំណើចបន្តិច លោកថា “រាជនីភូមិគ្រឹះគឺជាវិញ្ញាសាធំមួយសម្រាប់ជីវិតជាអ្នកដឹកនាំរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមិនអាចធ្វេសប្រហែសបានឡើយ!”
រាជិនីភូមិគ្រឹះ ដែលបានដំណើរការថតតាំងពីខែសីហា ឆ្នាំ២០១៧ គឺជាស្នាដៃនិពន្ធរបស់លោក យូ សុភា ដែលជាអ្នកនិពន្ធប្រលោមលោក និងភាពយន្តភាគដ៏ល្បីល្បាញមួយរូបក្នុងចំណោមអ្នកនិពន្ធកម្ពុជា។ ក្រៅពីអ្នកនិពន្ធដ៏មានទេពកោសល្យ ក្រុមការងារផ្នែកផ្សេងៗទៀតក៏សុទ្ធតែជាអ្នកដែលមានជំនាញលើផ្នែករបស់ពួកគេរៀងៗខ្លួនដែរ។
បើតាមរយៈទំព័រ Hang Meas Khmer Drama រាជនីភូមិគ្រឹះ គឺជាភាពយន្តភាគទី៤ ដែលស្ថានីយទូរទស្សន៍នេះបានផលិត និងផ្សព្វផ្សាយជាផ្លូវការ ហើយភាពយន្តភាគនេះនឹងបញ្ចាំងជូនទស្សនានៅពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍របស់កម្ពុជាជាច្រើនកំពុងញ៉ាប់ដៃញ៉ាប់ជើងផលិតភាពយន្តភាគរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ទស្សនិកជនខ្មែរ ដែលប្រាថា្នឃើញភាពយន្តរបស់ខ្លួនមានវត្តមានច្រើនលើកញ្ចក់ទូរទស្សន៍ និងតាមរោងកុនទំនើបៗ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕
Trailer រឿងរាជិនីភូមិគ្រឹះ ៖
Article by SVAY LEEMENG