ធ្លាប់តែញុំាកាហ្វេដាក់កែវ ឥឡូវយើងមកភ្លក់រសជាតិកាហ្វេផ្តិលប្រាក់វិញម្តងមើល៍
NEWS 6 years ago បច្ចុប្បន្ន ការស្វែងរកភេសជ្ជៈត្រជាក់ៗ និង កាហ្វេ ដែលជាភេសជ្ជៈពេញនិយមបំផុត ហាក់មិនពិបាករកឡើយសម្រាប់មនុស្សគ្រប់មជ្ឈដា្ឋន ដោយហេតុថា ហាងកាហ្វេជាច្រើនបានបង្កើតឡើងជាបន្តបន្ទាប់ស្ទើរតែគ្រប់ច្រកល្ហក។ ជាការពិតណាស់ កន្លងមកយើងសង្កេតឃើញថា ហាងកាហ្វេភាគច្រើនរមែងនិយមរៀបចំលក្ខណៈបែបបរទេស ទាំងបរិយាកាសអង្គុយ រសជាតិ រួមទាំងការវេចខ្ចប់ ជាដើម ប៉ុន្តែអ្វីដែលថ្មីហើយប្លែកសម្រាប់លើកនេះ សូវរីន សូមនាំប្រិយមិត្តមកស្គាល់ ហាងកាហ្វេថ្មីមួយកន្លែងដែលទើបនឹងបើក ដែលមានការរៀបចំមើលទៅលក្ខណៈបែបខ្មែរសុទ្ធសាធ ហើយកាន់តែពិសេសទៀតនោះ រាល់ភេសជ្ជៈទាំងអស់ត្រូវបានរៀបចំដាក់នៅក្នុងភាជនៈផ្តិលប្រាក់ដ៏គួរឲ្យចាប់អារម្មណ៍បំផុត។
Image Courtesy: Cafe Ptel Prak
ស្ថិតនៅក្នុងប្លុកបឹងសាឡាងនៃទីក្រុងភ្នំពេញ តាំងខ្លួនតាមបណ្តោយផ្លូវលេខ ៣៤៤ «ផ្តិលប្រាក់» គឺជាហាងកាហ្វេថ្មីសន្លាងមួយ ដែលទើបនឹងបើកដំណើរការបានរយៈពេលប្រមាណជាង ៣ខែ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់យុវវ័យ។ ផ្តិលប្រាក់ មិនមែនគ្រាន់តែជាឈ្មោះ ឬស្លាកសញ្ញារបស់ហាងប៉ុណ្ណោះទេ ប៉ុន្តែនៅហាងកាហ្វេនេះទៀតសោត គឺបានជ្រើសរើសផ្តិលប្រាក់មកធ្វើជាភាជនៈដាក់ភេសជ្ជៈកាហ្វេ និងនាំយកនូវរសជាតិកាហ្វេថ្មីឆ្លាញ់ប្លែកខុសពីហាងកាហ្វេដទៃ។ បើតាមការឲ្យដឹងពី លោក ញ៉ឹក ថូដុល្លារ៉ា ស្ថាបនិកនៃហាងកាហ្វេ ផ្តិលប្រាក់ លោកបានឲ្យដឹងថា «កាហ្វេផ្តិលប្រាក់មានរសជាតិឈ្ងុយពិសេស ឬអាចនិយាយបានថាជារសជាតិថ្មី ពីព្រោះយើងបានចម្រាញ់ជ្រើសរើសកាហ្វេ ៣ប្រភេទលាយបញ្ចូលគ្នា បង្កើតជាក្លិនឈ្ងុយប្លែកជាងកាហ្វេទូទៅ ហើយកាន់តែពិសេសទៀតនោះ យើងបានជ្រើសរើសផ្តិលប្រាក់ ដែលជាផលិតផលរបស់ខ្មែរយកមកដាក់កាហ្វេតែម្តង សរុបមកគឺថ្មីទាំងរសជាតិ ថ្មីទាំងការវេចខ្ចប់។ លោកបានបន្ថែមទៀតថា ដោយសារកន្លងមកហាងកាហ្វេភាគច្រើនបង្កើតឡើងដាក់តែឈ្មោះបរទេស ពិសេសលំហូរចូលហាងកាហ្វេហ្រ្វេនឆាយកាន់តែច្រើន ទើបលោកមានគំនិតចង់បង្កើតហាងកាហ្វេថ្មីមួយនេះឡើង ដែលមានការប្រើឈ្មោះខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ និងរចនាបថតុបតែងបែបខ្មែរ ដើម្បីជាចំណីអារម្មណ៍ថ្មីប្លែកក៏ដូចជារក្សានូវអ្វីដែលជាអត្តសញ្ញាជាតិខ្មែរយើង។ មួយវិញទៀត ផ្តិលប្រាក់ គឺជាភាជនៈដាក់ទឹកដែលផ្តល់នូវភាពត្រជាក់ និងមានតួឆ្លាក់ក្បូរក្បាច់រចនាស្រស់ស្អាតគួរជាទីគយគន់។
ដោយសារស្រឡាញ់អភិរក្សផលិតផលរបស់ខ្មែរ លោក ញ៉ឹក ថូដុល្លារ៉ា មិនចោលឡើយចំពោះការរៀបចំដេគ័រហាងបែបខ្មែរដើម្បីឲ្យភ្ញៀវទទួលបានបរិយាកាសអង្គុយកម្សាន្តឲ្យស៊ីមេទ្រីគ្នាទៅនឹងភេសជ្ជៈថ្មីរបស់ខ្លួន ជាក់ស្តែង យើងសង្កេតឃើញថា ផ្តិលប្រាក់ មិនត្រឹមតែត្រូវបានប្រើប្រាស់ជាភាជនៈដាក់កាហ្វេនៅក្នុងហាងប៉ុណ្ណោះទេ សូម្បីនៅក្នុងហាងផ្ទាល់ក៏មានបន្ថែមលម្អ នូវគំនូរសិល្បៈខ្មែរ និងលាយឡំសម្ភារផលិតផលខ្មែរតាំងលម្អដើម្បីបង្កើនសោភ័ណភាពផងដែរ ក្នុងនោះមានដូចជា ការច្នៃផ្តិលប្រាក់លម្អធ្វើជាអំពូល មានតាំងចង្អេរ កញ្ជើ កញ្ច្រែង និងអង្រុតជាដើម។
Image Courtesy: Cafe Ptel Prak
យ៉ាងណាមិញ បើយើងវិភាគអំពីផ្តិលប្រាក់ខ្មែរពីដើម យើងប្រាកដជា នឹកភ្នកដល់ផ្តិលសម្រាប់ទទួលទានទឹកធ្វើឡើងពីប្រាក់ពិតៗ ចុះតើហាងកាហ្វេមួយនេះអាចនឹងប្រើផ្តិលប្រាក់សុទ្ធឬមួយយ៉ាងណា? ឆ្លើយតបជាមួយស្នាមញញឹមស្ថាបនិកវ័យក្មេងរូបនេះបានលើកឡើងថា «កន្លងមកយើងក៏បានសិក្សាទៅលើចំណុចនេះដែរ ដោយយើងចង់ប្រើផ្តិលធ្វើពីប្រាក់សុទ្ធមកដាក់ភេសជ្ជៈជូនភ្ញៀវពិសា ប៉ុន្តែដោយសារផ្តិលធ្វើពីប្រាក់សុទ្ធមានតម្លៃខ្ពស់ ទើបយើងបានជំនួសមកប្រើផ្តិលធ្វើពីលោហៈវិញជាមុនសិន។» ទោះយ៉ាងណា លោក ញ៉ឹក ថូដុល្លារ៉ា នៅតែអះអាងថា ខណៈពេលនេះលោកកំពុងសិក្សាបន្ថែមអំពីតម្លៃផ្តិលប្រាក់ខ្មែរ ហើយលោកនឹងនាំយកផ្តិលប្រាក់ពិតមកដាក់ជូនភ្ញៀវពិសានាពេលឆាប់ៗខាងមុខមិនខាន។
ដោយសារមានគំនិតច្នៃប្រឌិតខ្ពស់ទៅលើរសជាតិ ក៏ដូចជានាំយកនូវសមិទ្ធផលហាងកាហ្វេថ្មីហើយប្លែក ឃើញថា កាហ្វេផ្តិលប្រាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបើទោះបើកដំណើរការសាកល្បងក្នុងរយៈពេលដ៏ខ្លី។ សម្រាប់ប្រិយមិត្តចង់សាកល្បងរសជាតិអាចធ្វើដំណើរទៅកាន់ហាងផ្ទាល់ឬ គ្រាន់តែបញ្ជាទិញតាមអនឡាញតាមរយៈវេបសាយ www.ptelprak.com នោះភេសជ្ជៈកាហ្វេឈ្ងុញឆ្ងាញ់នឹងដឹកជញ្ជូនទៅដល់ទីកន្លែងភ្លាម។ បច្ចុប្បន្ន រសជាតិដែលពេញនិយមជាងគេនៅហាងកាហ្វេផ្តិលប្រាក់គឺ កាហ្វេទឹកដោះគោទឹកកក ឬ Ice Latte ក្រៅពីនេះមានរសជាតិជាង ២០មុខទៀតដែលប្រិយមិត្តអាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត។
ជាចុងក្រោយ ក្នុងនាមជាស្ថាបនិកខ្មែរមួយរូបលោក ញ៉ឹក ថូដុល្លារ៉ា សូមផ្តំាផ្ញើទៅកាន់សហគ្រិនក្រោយៗគ្រប់រូបគួរតែបង្កើតអាជីវកម្មដោយដាក់ឈ្មោះជាភាសាខ្មែរ និងបង្កើតអ្វីមួយយកគំនិតបង្ហាញអំពីអត្តសញ្ញាណខ្មែរជាគោល ដើម្បីរួមគ្នាថែរក្សាតម្លៃវប្បធម៌ និងសិល្បៈដូនតាខ្មែរ ក៏ដូចជាការបង្ហាញទៅកាន់អន្តរជាតិថាខ្មែរយើងមានអ្វីដែលអស្ចារ្យមិនចាញ់បរទេសឡើយ៕
Article by HEM SOKKHIMImage Courtesy: Cafe Ptel Prak