បង្ហាញអារម្មណ៍កក់ក្ដៅរួមជាមួយនឹងគ្រួសារតាមរយៈការធ្វើនំញុំារួមគ្នានាឱកាសណាមួយ
TRAVEL & LIVING 6 years agoសែសយ ជានំខ្មែរមួយប្រភេទដែលប្រជាជនយើងនិយមចម្អិនឡើង ដើម្បីធ្វើជាបង្អែមក្នុងកម្មវិធីបុណ្យទានផ្សេងៗ។ ជាមួយនឹងសាច់ស្នូលដូង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ផ្អែម ជាប់មាត់ ដែលយើងគ្រប់គ្នាធ្លាប់តែញុំា ប៉ុន្តែនៅមិនទាន់បានដឹងពីរបៀបនៃការធ្វើនំសែសយនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថានំសែសយនេះ មានលក្ខណៈស្រដៀងនឹងនំគមផងដែរ ប៉ុន្តែវាមានរូបរាង និងទំហំធំជាងនំគមបន្តិច ហើយវិធីនៃការធ្វើនំនេះ មាន ៣ដំណាក់កាលងាយៗ គ្រាន់តែយើងត្រូវប្រើរយៈពេលយូរបន្តិច ទម្រាំទទួលបាននំដែលឆ្អិន និងមានរសជាតិដ៏ឆ្ងាញ់ពិសាមួយនេះ។ ក្នុងនោះ នំសែសយ ត្រូវបានគេបែងចែកជាពីរផ្នែក រួមមាន ផ្នែកសាច់ម្សៅនំ និងផ្នែកស្នូលនំ។ ចំពោះសាច់ម្សៅនំ យើងត្រូវប្រើគ្រឿងផ្សំដូចជា៖ ម្សៅខ្សាយ៥០ក្រាម ស្ករស៥០ក្រាម អំបិល២ក្រាម ទឹកខ្ទិះដូង ៦៥០មីលីលីត្រ។ ចំណែកឯស្នូលនំឯណោះវិញមានដូចជា ៖ ល្ងស២០ក្រាម ស្ករស១០០ក្រាម សាច់ដូងខ្ចី១ចំហៀង ទឹកដូងខ្ចី ៥០មីលីលីត្រ។
បន្ទាប់ពីយើងទទួលបានគ្រឿងផ្សំទាំងពីរផ្នែកនេះហើយ យើងត្រូវចាប់ផ្តើមចម្អិនស្នូលនំជាមុនសិន ដោយជាដំបូងយើងដាំទឹកខ្ទិះដូង លាយជាមួយនឹងស្ករស អំបិល ហើយកូរឱ្យឆ្អិន បន្ទាប់មកដាក់សាច់ដូងកោស និងល្ងស ចូលគ្នា។ ស្នូលនំ ត្រូវបានចម្អិនរួចរាល់ជាមួយនឹងក្លិនដ៏ឈ្ងុញឆ្ងាញ់ពីល្ង រួមទាំងរសជាតិដ៏ផ្អែមចេញពីសាច់ដូងទៀតផង។ បន្ទាប់មកផ្នែកទីពីរ គឺការលាយសាច់ម្សៅនំឲ្យចូលគ្នា ដោយយើងត្រូវដាំទឹកដូងខ្ចី ម្សៅខ្សាយ ស្ករស និងអំបិល ឲ្យឆ្អិន ហើយកូរឲ្យក្លាយជាល្បាយខាប់ ហើយដួសដាក់ចានទុកឲ្យត្រជាក់ល្មម ងាយស្រួលក្នុងការខ្ចប់ជាមួយស្នូល។
នៅពេលដែលយើងចម្អិនសាច់ស្នូល និងសាច់ម្សៅរួចហើយ យើងអាចយកវាមកខ្ចប់ជាមួយនឹងស្លឹកចេកដែលយើងកាត់ទុកជារាងទ្រវែង បន្ទះប៉ិនបាតដៃ ( ស្រួចសងខាង) ដោយយកល្បាយខាប់នោះទៅដាក់ខ្ចប់ក្នុងស្លឹកចេក ហើយដាក់ស្នូលបន្តិចនៅខាងក្នុង។ ចុងក្រោយ យើងអាចកាច់ឈើចាក់ធ្មេញ ទៅដោតសៀតឲ្យជាប់ និងយកទៅដាក់ចំហុយជាការស្រេច។ ដូចនេះ ក្រោយពីការរៀបរាប់បង្ហាញយ៉ាងលម្អិត ពីរបៀបនៃការធ្វើនំសែសយនេះហើយ យើងជឿជាក់ថា វាមិនមែនជាការលំបាកនោះឡើយ សម្រាប់សុភាពនារី ក៏ដូចជាមេផ្ទះទាំងអស់ ក្នុងការធ្វើវាឡើង សម្រាប់កម្មវិធីនានាក្នុងគេហដ្ឋាន ឬជាលក្ខណៈញុំាកម្សាន្ត ជួបជុំគ្នាក៏បាន។ មួយវិញទៀត ការរៀនចេះពីរបៀបធ្វើនំដោយខ្លួនឯង គឺអាចឲ្យយើងអាចកាត់បន្ថយការ ចំណាយទិញនំនៅលើទីផ្សារ ក៏ដូចជាបង្កើនភាពស្និតស្នាលក្នុងក្រុមគ្រួសារតាមរយៈការធ្វើនំញុំាជុំគ្នានេះផងដែរ។ ដោយហេតុថា ការធ្វើនំលក់នៅទីផ្សារ គឺមានការសន្សំសំចៃទៅលើគ្រឿងផ្សំ ដូចជាខ្ទិះ និងសាច់ដូងជាដើម ជាហេតុនាំឲ្យនំបាត់រសជាតិខ្លះ។ ម្ល៉ោះហើយ ប្រសិនបើយើងចំណាយពេលធ្វើនំដោយខ្លួនឯង នោះយើងនឹងទទួលបាននំដែលមានរសជាតិឆ្ងាញ់ខ្លាំង និងមានអនាម័យខ្ពស់ថែមទៀតផង៕
Article by CHAN SEREYRATH