គំនូសរឹមមាត់ដែលនារីៗតែងប្រាថ្នា គឺជារឹមមាត់ដែលកែច្នៃបបូរមាត់របស់មិត្តនារីឲ្យមានភាពលេចធ្លោនិងស្រស់ស្អាតដូចធម្មជាតិ។ ការគូសរឹមមាត់ មិនត្រឹមតែកែប្រែបបូរមាត់សាមញ្ញាមកជាស៊ិចស៊ី ឬកែប្រែទម្រង់មាត់ទាំងមូលតាមការប្រាថ្នារបស់មិត្តនារីប៉ុណ្ណោះទេ វាថែមទាំងជួយរក្សាពណ៌ក្រែមលាបបបូរមាត់ឲ្យស្ថិតស្ថេរបានយូរមិនបាត់ដានថែមទៀតផង។ បច្ចុប្បន្ននេះ គេនិយមតុបតែងបបូរយ៉ាងណា ឲ្យគំនូសរឹមមាត់មានភាពលេចធ្លោ ដែលជារសនិយមថ្មីនៃហ្វេហ្សិន។ ខាងក្រោមនេះ ជាតិចនិកខ្លីៗតាមលំដាប់លំដោយដែលអ្នកគួរយល់ដឹង ដើម្បីជួយឲ្យការតុបតែងបបូរមាត់របស់អ្នកកាន់តែលេចធ្លោមួយកម្រិតទៀត តាមរយៈការបន្ថែមរឹមមាត់។
១. ខ្មៅដៃគូររឹមមាត់គួរតែជាពណ៌ធ្ងន់៖ ជាទូទៅ ដើម្បីគូររឹមមាត់ឲ្យមានភាពលេចធ្លោ មិត្តនារីត្រូវក្លាហានហ៊ានប្រើប្រាស់ពណ៌ខ្មៅដៃគូររឹមមាត់ដែលមានពណ៌ធ្ងន់បន្តិច។ ឧទាហរណ៍ ខ្មៅដៃគូររឹមមាត់ពណ៌ក្រហមឬក្រហមជាំ ជាគូនឹងក្រែមលាបមាត់ពណ៌ក្រហមដូចឬស្រាលជាងពណ៌រឹមមាត់បន្តិច ទើបធ្វើឲ្យរឹមមាត់ស្រស់ស្អាត និងមានទម្រង់ដូចធម្មជាតិ។ នៅក្នុងការតុបតែងមុខបែបហ្វេហ្សិន និងអ្នកដែលនិយមតុបតែងមុខប្លែកៗសម្រាប់កម្មវិធីរាត្រីសមោលសរ ការប្រើប្រាស់ខ្មៅដៃគូររឹមមាត់និងក្រែមលាបមាត់ពណ៌ខុសគ្នាតែម្ដង ដើម្បីញ៉ាំងឲ្យការតុបតែងមុខមានភាពច្នៃប្រឌិតប្លែក។ តួយ៉ាងដូចជារឹមមាត់ពណ៌ខ្មៅ លាយនឹងបបូរមាត់ពណ៌ខៀវ ផ្កាឈូក ឬស្វាយតែម្ដង។
២. តាមដានពណ៌កំពុងពេញនិយម៖ ខ្មៅដៃគូររឹមមាត់ដែលកំពុងពេញនិយម គឺពណ៌សូកូឡា ដែលសាកសមសម្រាប់គ្រប់ពណ៌សម្បុរ ពិសេសមិត្តនារីដែលមានសម្បុរស្រអែម។ តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាពណ៌សូកូឡានឹងជួយឲ្យគំនូសរឹមមាត់មានភាពលេចធ្លោ? ពិតណាស់ ពណ៌និយមនៃក្រែមលាបបបូរមាត់បច្ចុប្បន្ន គឺពពួកពណ៌ស្លេក តួយ៉ាងដូចជាពណ៌ទឹកដោះគោ ជាដើម ដើម្បីលាក់បាំងបបូរមាត់បន្តិច ប៉ុន្តែបញ្ចូលមកវិញនូវគំនូសបបូរមាត់ច្បាស់ តាមរយៈគំនូសពណ៌សូកូឡា។
៣. ផ្លាស់ប្តូរទម្រង់បបូរមាត់៖ បន្ទាប់ពីយល់ដឹងពីពណ៌និយមរបស់ខ្មៅដៃគូររឹមមាត់ យើងនឹងឈានមកដល់ការប្រើប្រាស់វិញម្ដងដែលសុទ្ធតែជាចំណុចចាំបាច់ដូចគ្នា។ ពិតណាស់ យើងអាចប្រើប្រាស់ខ្មៅដៃគូររឹមមាត់មកផ្លាស់ប្តូរទម្រង់មាត់បាន ដោយមិនចាំបាច់ឆ្លងកាត់ការវះកាត់កែសម្ផស្ស។ ដើម្បីឲ្យបបូរមាត់មានភាពលេចធ្លោ ចាំបាច់ណាស់យើងត្រូវប្រើប្រាស់ ខ្មៅដៃគូររឹមមាត់មកកែច្នៃបបូរមាត់ថ្មីជាមុនសិន មុននឹងប្រើប្រាស់ក្រែមលាបមាត់មកបំពេញសម្រស់បបូរមាត់ឲ្យគ្រប់ជ្រុងជ្រោយ។
៤. បច្ចេកទេសក្នុងការគូរ៖ មិត្តនារីគួរយល់ដឹងផងដែរថា ខ្មៅដៃទានដែលប្រើសម្រាប់គូររឹមមាត់ មានច្រើនម៉ាក ច្រើនពណ៌ សម្រាប់មិត្តនារីជ្រើសរើសតាមចំណូលចិត្ត។ មិត្តនារីដែលប្រើប្រាស់ខ្មៅដៃគូររឹមមាត់លើកដំបូង ប្រហែលពិបាកបន្តិចត្បិតមិនដឹងថាគួរកាន់បែបណាទើបត្រូវ គួរគូរយ៉ាងណាទើបមិនខុសទំនង។ គន្លឹះនៃការគូររឹមមាត់ គឺកាន់នៅកៀកនឹងមុខខ្មៅដៃ ដើម្បីងាយទប់លំនឹង។ មិត្តនារីគួរកាន់ផ្តេក ៤៥ ដឺក្រេ ដើម្បីងាយមើលឃើញទម្រង់បបូរមាត់របស់ខ្លួនច្បាស់។ ខ្មៅដៃគូររឹមមាត់ គួរមានមុខទាលបន្តិច ទើបគូរចេញគំនូសស្អាតដូចគំនូសរឹមមាត់ធម្មជាតិ។
៥. ប្រើប្រាស់ Concealor ជាជំនួយ៖ Concealor ជាម្សៅស្អិត ប្រើសម្រាប់បិទបាំងស្នាមនៅលើផ្ទៃមុខ។ ប៉ុន្តែវាក៏អាចប្រើប្រាស់បាន សម្រាប់ជាជំនួយក្នុងការគូររឹមមាត់ ក្នុងករណីដែលអ្នកត្រូវការផ្លាស់ប្តូរទម្រង់មាត់ឲ្យខុសពីធម្មជាតិតែម្ដង។ ការប្រើប្រាស់ Concealor ក៏ធ្វើឲ្យរឹមមាត់ជាប់ពណ៌បានយូរ និងមានរាងស្អាត។ អ្នកគ្រាន់តែលាប Concealor តិចៗលើបបូរមាត់ ហើយយកខ្មៅដៃគូររឹមមាត់មកគូរតាមទម្រង់ដែលអ្នកចង់បានជាការស្រេច។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ Concealor ក៏អាចជួយឲ្យបបូរមាត់មានទម្រង់តូចឬធំតាមទម្រង់ដែលអ្នកចង់បានផងដែរ។
ខាងលើនេះជាចំណុចចាំបាច់មួយចំនួននៃការគូររឹមមាត់ឲ្យមានភាពលេចធ្លោ។ ចំណុចទាំងនេះ ប្រទាក់គ្នាជានិច្ចទាំងការគូររឹមមាត់ ការកែច្នៃទម្រង់បបូរមាត់ និងពណ៌សំខាន់ៗដែលគួរជ្រើសរើស។ ដូច្នេះ កុំបង្អង់យូរ សាកល្បងគូររឹមមាត់របស់ខ្លួនតាមការណែនាំទៅមើល ថាតើវានឹងជួយបន្ថែមសម្រស់ធម្មជាតិរបស់អ្នកប៉ុណ្ណា?
Article by VA SONYKA