×

​តុបតែង​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​បែប​សហសម័យ​ក្នុង​រដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​

FASHION & BEAUTY 3 months ago
 
 

​            ការរៀបចំ​ខ្លួន​ទៅតាម​ពិធី​នី​មួយ​ៗ​បាន​ត្រឹមត្រូវ​ ​និង​សមសួន​ ​គឺជា​កញ្ចក់​មួយ​ឆ្លុះបញ្ចាំង​ពី​ភាព​ថ្លៃថ្នូរ​ ​និង​ភាព​ប៉ិនប្រសប់​របស់​បុគ្គល​ម្នា​ក់ៗ​។​ ​តួយ៉ាង​ ​ការ​តុបតែង​ខ្លួន​ ​គឺជា​ភាព​ចាំបាច់​បំផុត​សម្រាប់​មិត្ត​នារី​យើង​ដែល​ផ្តោត​សំខាន់​ទៅលើ​របៀបរបប​នៃ​ការ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ ​ទាំង​ការ​តុបតែង​មុខ​ ​លម្អ​ដោយ​សាច់ក្រណាត់​ទៅតាម​កាលៈទេសៈ​។​ ​យ៉ាងណាមិញ​ ​ខ្មែរ​ ​ជា​ជាតិសាសន៍​ដែល​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ទាំង​ការ​ស្លៀកពាក់​ ​ហើយ​មកដល់​សម័យកាល​នេះ​ ​យើង​ឃើញថា​នារី​ខ្មែរ​មួយភាគធំ​នៅតែ​ឱបក្រសោប​នូវ​សម្លៀកបំពាក់​បុរាណ​បាន​យ៉ាង​ល្អ​ ​ជាពិសេស​ក្នុង​កម្មវិធី​បុណ្យ​ទាន​ផ្សេង​ៗ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ស្រប​ពេល​រដូវ​បុណ្យភ្ជុំបិណ្ឌ​បាន​រំកិល​ខ្លួន​ចូល​មកដល់​ ​ដែល​នេះ​ជា​ចំណុចរសើប​មួយ​ដែល​សុភាពនារី​របស់​យើង​រមែង​ម្នីម្នា​ស្វែងរក​នូវ​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ប្រពៃណី​បែប​ណាមួយ​ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​ ​និង​ការរចនា​ដ៏​ឥត​ខ្ចោះ​នៅ​លើ​ដងខ្លួន​ស័ក្តិសម​ជានា​រី​ខ្មែរ​ពិ​តៗ​។​ ​ជាក់ស្តែង​ ​៣​ ​ឈុត​ខាងក្រោម​នេះ​ ​ជា​គំរូ​ម៉ូដ​សម្លៀកបំពាក់​ដែល​ច្នៃ​ចេញពី​ការរចនា​ក្រណាត់​ហូល​បែប​លក្ខណៈ​សហសម័យ​ ​ដែល​មើលទៅ​មិន​រំលង​វប្បធម៌​ហើយ​ថែមទាំង​ដើរ​ទាន់​យុគសម័យ​បច្ចុប្បន្នភាព​រួមបញ្ចូល​នឹង​ការ​រំលេច​លាយ​ជាមួយ​បុរាណកាល​បន្តិច​ ​ទំនើបកម្ម​បន្តិច​ផង​ដែរ​។​

​1​.​ សម្រាប់​ឈុតទី​មួយ​នេះ​ ​គឺជា​ឈុត​ដែល​បង្ហាញ​ពី​ទំនោរ​និយម​ទៅលើ​ទំនៀមទម្លាប់​ប្រពៃណី​ ​ដែល​នេះ​ស្ត្រី​ភាគច្រើន​ចូលចិត្ត​ប្រើជា​ក្រណាត់​ហូល​ផាមួង​ ​អាវប៉ាក់​ជាដើម​។​ ​ផាមួង​ ​ពណ៌​ខ្លាញ់​ក្តាម​ចាស់​ ​អាច​ប្រើជា​មួយ​នឹង​អាវ​ពណ៌​កាកអំពៅ​ ​ឬ​ពណ៌ស​ ​ជា​ប្រភេទ​សាច់ក្រណាត់​ហាប់​ស្ងួត​ ​រឹង​ ​និង​មាន​សភាព​រលោង​តិច​ៗ​នៅ​លើ​ផ្ទៃ​អាវ​ទាំងមូល​។​ ​ឈុត​នេះ​ ​មាន​លក្ខណៈ​បែប​សុភាពនារី​ ​ដែល​អាច​ចុះចំណោម​ក្នុង​ពិធីបុណ្យ​ ​ប្រពៃណី​បាន​យ៉ាង​ប្រពៃ​។​ ​តួយ៉ាងដូចជា​ ​នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​ ​គឺ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ ​បែប​នារី​ខ្មែរ​ ​ដោយ​គ្រាន់តែ​មិត្ត​នា​រីៗ​ ​អាច​បន្ថែម​ម៉ូដ​សក់​មូរ​រួញ​ចុង​ៗ​បន្តិច​ ​ហើយ​ទម្លាក់​មក​ចំហៀង​ដូច​ក្នុង​រូប​ក៏បាន​។​ ​ចំណែក​ឯកា​រផាត់​មុខ​វិញ​ ​គឺ​ជ្រើសរើស​ជាមួយនឹង​ពណ៌​ស្តើង​ៗ​ ​មិន​ដិត​ខ្លាំងពេក​ ​ស្រាល​ៗ​បែប​ធម្មជាតិ​។​ ​

​2​.​ ផ្សេង​ពី​ឈុត​ប្រពៃណី​លាយស​ម័យ​ខាងលើ​នេះ​ទៀត​ ​សុភាពនារី​របស់​យើង​អាច​ប្តូរ​មក​ស្លៀក​ជា​សំពត់​ប៉ាក់​ក្រោម​ជង្គង់​បន្តិច​ ​ដែល​ស័ក្តិសម​ជាមួយនឹង​អាវប៉ាក់​ពណ៌ស​ ​សម្រុង​វែង​ ​វាល​ក្លៀក​។​ ​ក្នុង​នោះ​ ​យើង​អាច​បន្ថែម​ខ្សែក្រវាត់​តូច​ ​ពាត់​ចង្កេះ​ ​ដើម្បី​បង្កើន​សោភ័ណភាព​ ​និង​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​។​ ​សម្រាប់​ឈុត​នេះ​ ​យើង​អាច​តុបតែង​ម៉ូដ​សក់​ ​ដោយ​ចង​ទម្លាក់​មក​ក្រោម​ ​ឬ​ចង​ត្រឹម​ពាក់កណ្តាល​ក៏បាន​។​ ​ចំពោះ​ការ​ជ្រើសរើស​ ​ម៉ូដ​ស្បែកជើង​វិញ​ ​គឺ​អាស្រ័យ​ទៅលើ​កម្ពស់​ជាក់ស្តែង​។​ ​ដូចជា​ ​អ្នកខ្លះ​ ​មិនសូវ​ខ្ពស់​ ​គឺ​អាច​ប្រើជា​មួយ​ស្បែកជើង​កែវ​អេ​ស្កា​ប៉ាំង​រាង​កែងចោត​បន្តិច​ ​ប៉ុន្តែ​ប្រសិនបើ​មិត្ត​នារី​មាន​កម្ពស់​ខ្ពស់​ស្រាប់​ ​មិន​គួរ​ប្រើ​កែងចោត​ពេក​ទេ​ ​គឺ​ត្រូវ​ប្រើជា​ប្រភេទ​ស្បែកជើង​ក្រវាត់​កែង​ទាប​ ​ទើប​ស៊ី​នឹង​ឈុត​សម្លៀកបំពាក់​មួយ​នេះ​។

3​.​ មក​ចាប់អារម្មណ៍​ទៅលើ​ឈុត​ចុងក្រោយ​នេះ​វិញ​ ​គឺ​មាន​លក្ខណៈ​ខុសប្លែក​ឆ្ងាយ​ពី​ឈុត​ដែល​បាន​បង្ហាញ​រួចមក​ហើយ​ ​ព្រោះ​វា​ជា​បែបបទ​នៃ​ការ​ងាក​ទៅ​រក​សម័យ​បច្ចុប្បន្ន​​ច្រើនជាង​ពីមុន​។​ ​បើ​តាមយើង​គិត​មើល​ ​ពី​រូបភាព​នេះ​តែមួយ​ភ្លែត​ ​យើង​អាច​ភ្ញោច​អារម្មណ៍​បន្តិច​ ​គិតថា​ ​ការ​ជ្រើសរើស​ខោ​សម្រាប់​ស្លៀក​ទៅ​វត្ត​ហាក់ដូចជា​មិនទំនង​ ​ឬមិន​សមនឹង​ការ​ក្រាបសំពះ​នៅមុខ​ព្រះសង្ឃ​។​ ​ផ្ទុយ​មកវិញ​ ​រូបភាព​បែបនេះ​ ​មិនបាន​ផ្តល់​ផល​អ្វី​ជា​ឥទ្ធិពល​ដល់​វប្បធម៌​របស់​យើង​ឡើយ​ ​ព្រោះ​ឈុត​ខោ​ដែល​យើង​ស្លៀក​នេះ​ ​មាន​លក្ខណៈ​ជា​សាច់ក្រណាត់​ទន់​ ​វែង​ ​មិន​ខើច​លើ​ ​មិន​ខើច​ក្រោម​ ​និង​មាន​ពណ៌​ស្រាល​ៗ​ ​បែប​ពណ៌​ផ្កាឈូក​ ​ឬ​ទឹកដោះគោ​។​ ​ចំពោះ​ការ​ជ្រើសរើស​ម៉ូដ​អាវ​វិញ​ ​គឺ​អាច​ប្រើជា​លក្ខណៈ​អាវ​មាន​ប៉ាក់​តិច​ៗ​ ​ដៃខ្លី​ ​ក​ជិត​ ​និង​បន្ថែម​ជាមួយ​ការ​លា​យស្តាយ៍​កាបូប​ ​ម៉ូដ​សុ​ភាព​ៗ​ ​ពណ៌​ធម្មជាតិ​ ​ស៊ី​នឹង​ឈុត​ខោ​ទៀតផង​។​ ​យើង​ក៏​សូម​បញ្ជាក់​ផង​ដែរ​ ​ការរៀបចំ​ខ្លួន​តាម​បែប​សម័យ​ ​មិន​ជ្រុលនិយម​នេះ​ ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដល់​សុភាពនារី​ ​ដែល​មាន​គម្រោង​ទៅ​វត្ត​ឆ្ងាយ​ៗ​ ​និង​ថែមទាំង​អាច​បត់បែន​ទៅតាម​កាលៈទេសៈ​បាន​ផង​ដែរ​។​ ​ណាមួយ​ ​ការ​ធ្វើដំណើរ​រយៈពេល​យូរ​ ​អាច​ឲ្យ​យើង​បែកញើស​ ​បើ​យើង​ជ្រើសរើស​យក​ប្រភេទ​ជា​ហូល​ ​ផាមួង​ ​អាវប៉ាក់​មក​ស្លៀក​ ​នោះ​វា​អាច​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ ​ស្អុះស្អាប់​ ​ពិបាក​នៅក្នុង​ខ្លួន​។​ ​

            ​ក្រោយពី​បាន​ពណ៌នា​ដ៏​ក្បោះក្បាយ​ពី​បណ្តុំ​ឈុត​ប្រពៃណី​បែប​សហសម័យ​មួយ​នេះ​ហើយ​ ​យើង​ឃើញថា​ម៉ូដ​ទាំងពីរ​ត្រូវ​បាន​រចនា​ ​និង​ច្នៃ​ចេញ​ឡើង​ពី​ការវិវត្តន៍​នៃ​ឈុត​សម្លៀកបំពាក់​ទៅតាម​សម័យកាល​ដែល​ទោះជាយ៉ាងណា​ ​ក្រណាត់​ហូល​ ​និង​ប៉ាក់​នៅតែ​ជា​ម៉ូដ​ចាំបាច់​ ​និង​សំខាន់​ជាងគេ​ក្នុង​ការរៀបចំ​ខ្លួន​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ ​និង​ថ្លៃថ្នូរ​បែប​ប្រពៃណី​។​ ​ដូចនេះ​ការ​បង្ហាញ​ហ្វេ​ហ្សិន​ឈុត​រដូវ​កាល​ភ្ជុំបិណ្ឌ​នេះ​ ​គឺ​ដូចជា​ការចែក​រំលែក​នូវ​គំ​និ​ត​ថ្មី​ៗ​នៃ​ការ​ច្នៃ​ ​និង​តុបតែង​ខ្លួន​បែប​ណា​ឲ្យ​ត្រឹមត្រូវ​ទៅតាម​វប្បធម៌​ ​ជាតិសាសន៍​ ​និង​ដើរ​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា​ដ៏​រុងរឿង​នៃ​ខ្មែរ​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​



SUGGESTIONS