×

បណ្តុំ​ស្នាដៃ​នៃ​សិល្បករ​ឆ្នើម​បង្ហាញខ្លួន​ដ៏​ត្រចង់​នា​ហាង​រចនា​មួយ​កន្លែង​

TRAVEL & LIVING 4 years ago
 
 

            ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣​៦​០​ (​ភាគច្រើន​ស្គាល់​ថា​ជា​ផ្លូវឡាន​ទឹក​) ​នឹង​ប្រទះឃើញ​ថា​ប្លុក​នេះ​ពោរពេញ​ទៅ​ដោយ​ភោជនីយដ្ឋាន​ ​ហាង​លក់ទំនិញ​ជាច្រើន​ ​តួយ៉ាង​ ​ប្រសិនបើ​យើង​ធ្វើដំណើរ​មកដល់​ត្រង់​ចំណុច​ហាង​លក់​សម្ភារ​ប្រើប្រាស់​មួយ​កន្លែង​ឈ្មោះថា​ ​«​Mini​ ​Station​»​ ​នឹងបាន​ឃើញ​ផ្លូវលំ​មួយ​ក្បែរ​នោះ​ ​រួច​បន្ត​ធ្វើដំណើរ​តាមផ្លូវ​លំ​មួយ​ក្បែរ​នោះ​ ​ប្រមាណ​ជា​៥​នាទី​នឹង​ប្រទះឃើញ​នូវ​ស្លាកយីហោ​មួយ​នា​ស្តាំ​ដៃ​ឈ្មោះថា​ ​«​ពិចិត្រ​»​ ​ដែល​កន្លែង​នេះ​មាន​អតីត​ឈ្មោះ​ ​«​កន្លែង​ខ្ញុំ​»​ ​ជាមិនខាន​។​

            ​​«​ពិចិត្រ​»​ ​ជា​ហាង​រចនា​ ​និង​វិចិត្រសាល​មួយ​នៃ​គំនិត​ច្នៃ​ប្រតិដ្ឋ​ប្រកប​ទៅ​ដោយ​សោភ័ណ​ភាព​បាន​បង្ហាញ​វត្តមាន​ដំបូង​របស់​ខ្លួន​នា​ចុងខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​ការ​គ្រប់គ្រង​នៃ​ស្ថាបនិក​ ​កញ្ញា​ ​ម៉ឹង​ ​មេត្តា​ ​និង​សហ​ស្ថាបនិក​ ​លោក​ វុ​ធ​ ​លី​ណូ​។​ ​តាមរយៈ​ហាង​រចនា​ ​និង​វិចិត្រសាល​ ​«​ពិចិត្រ​»​ ​គេ​សង្កេតឃើញ​ថា​ស្នាដៃ​សិល្បករ​ជាច្រើន​រូប​ត្រូវ​បាន​បង្ហាញ​នៅ​ទីនេះ​ ​តួយ៉ាង​ ​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​ប្រមាណ​ជាង​ ​១​០​ ​រូប​ ​និង​ស្នាដៃ​សិល្បករ​បរទេស​ពីរ​រូប​មកពី​ខេត្ត​ ឈៀ​ង​ ​ម៉ៃ​ ​នៃ​ប្រទេស​ថៃ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​តាម​ការ​លើកឡើង​របស់​សហ​ស្ថាបនិក​ ​«​ពិចិត្រ​»​ ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​រាល់​សម្ភារ​ទាំងអស់​សុទ្ធសឹងតែ​ជា​សម្ភារ​កែច្នៃ​ដែល​ពុំ​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​ ​តួយ៉ាង​ ​ទាំង​កា​រវេច​ខ្ជប់ ​ទាំង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​លោក​ ​លី​ណូ ​បាន​បញ្ជាក់​ពី​បរិវេណ​ ​«​សម្រាប់​ពិចិត្រ​ត្រូវ​បាន​បែងចែក​ជា​បរិវេណ​ពីរ​ផ្សេងគ្នា​ ​តួយ៉ាង​ ​បរិវេណ​ខាងក្នុង​ជា​វិចិត្រសាល​ដែល​អាចឲ្យ​ភ្ញៀវ​ដែល​មក​ទីនេះ​អាច​ជាវ​ជា​សម្ភារ​ដែលគេ​ពេញ​បាន​ក្នុង​តម្លៃ​សមរម្យ​ ​រីឯ​បរិវេណ​ខាងក្រៅ​ឯណេះ​វិញ​ជា​កន្លែង​ដែល​អាចឲ្យ​ភ្ញៀវ​អង្គុយ​ពិភាក្សាគ្នា​ពី​គម្រោង​អ្វីមួយ​ដូច្នេះ​ដែរ​។​»​ ​ដូច្នេះ​ ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​ហាង​រចនា​ ​«​ពិចិត្រ​»​ ​មិន​ត្រឹមតែ​ជាវ​នូវ​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​សមិទ្ធិ​ផល​នានា​ផលិត​ដោយដៃ​ផ្ទាល់​នោះ​ទេ​ ​ក៏ប៉ុន្តែ​ពួកគេ​ក៏​អាច​ជជែក​ក​ម្សាន្ត​គ្នា​ដោយសេរី​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ក្រៅពី​សម្ភារ​ ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​នានា​ដែល​ជា​សមិទ្ធិ​ផល​របស់​សិល្បករ​ខ្មែរ​ ​និង​បរទេស​ ​ប្រិយ​មិត្ត​ក៏​អាច​ស្វែងរក​នូវ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នានា​ដែល​ជា​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​ ​ផ្ទាំង​គំនូរ​​ឌី​ជី​ថល​ដែល​បង្ហាញ​ពី​អគារ​បេតិកភណ្ឌ​ ​និង​ប្រភេទ​សៀវភៅ​ជាច្រើន​ផ្សេងទៀត​បកស្រាយ​ពី​អត្ថន័យ​នៃ​ផ្ទាំង​គំនូរ​ ​ក៏ដូចជា​ប្រភេទ​សៀវភៅ​ដែល​បាន​ផ្តល់​ចំណេះ​ដឹង​ទូទៅ​ទាក់ទង​នឹង​រង្វង់​សិល្បៈ​ជាដើម​។​

            ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​សហ​ស្ថាបនិក​ ​«​ពិចិត្រ​»​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ ​«​ថ្វី​ដ្បិតតែ​ហាង​រចនា​ ​និង​វិចិត្រសាល​ស្ថិត​ក្នុង​ផ្លូវលំ​ពិតមែន​ ​ប៉ុន្តែ​ពិចិត្រ​បាន​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​អ្នក​ដែល​មានបំណង​មក​ទីនេះ​ ​ពោល​ ​អ្នក​អាច​ទស្សនា​ពី​ការរស់នៅ​របស់​អ្នកស្រុក​ ​អ្នកភូមិ​ ​មុននឹង​មកដល់​ពិចិត្រ​»​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​

លោក​ វុ​ធ​ ​លី​ណូ​

កញ្ញា​ ​ម៉ឹង​ ​មេត្តា​ ​

Image Courtesy: META MOENG


SUGGESTIONS