ជំងឺកូវីដ ១៩ កំពុងវាយលុកយ៉ាងសកម្មទៅលើមនុស្សគ្រប់វ័យជុំវិញពិភព ជាពិសេស មនុស្សកណ្តាល និងវ័យជរា ជាអត្រាមួយដែលមានការឆ្លងវីរុសនេះច្រើន និងមានហានិភ័យធ្ងន់ធ្ងរថែមទៀត។ ជាក់ស្តែង ស្ថិតនៅក្នុងប្រទេសកម្ពុជាកំពុងមានការរីករាលដាលនៃវីរុសយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហេតុដូច្នេះដើម្បីទប់ស្កាត់នៃការរីករាលដាលយ៉ាងធ្ងន់ធ្ងរ ប្រជាជនខ្មែរគ្រប់រូបត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖ នៅផ្ទះប្រសិនបើគ្មានការចាំបាច់ រក្សាគម្លាតសង្គម ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាកុល និងពាក់ម៉ាស់ប្រសិនបើត្រូវទៅខាងក្រៅក្នុងករណីចាំបាច់។ យ៉ាងណាមិញ ប្រសិនបើតាមការលើកឡើងរបស់អ្នកជំនាញតែងទទួលសំណួរថា តើការប្រើប្រាស់ម៉ាស់លើកទី១ រួចបោកសម្អាតហើយប្រើប្រាស់ម្តងទៀតនោះវាមានសុវត្ថិភាព ឬទេ?
តាមរយៈនៃការស្រាវជ្រាវរបស់អន្តរជាតិមួយបានធ្វើការពិសោធន៍ទៅលើប្រភេទម៉ាស់ជាច្រើនក្នុងការស្វែងរកលទ្ធភាពសុវត្ថិភាពនៃការប្រើប្រាស់ម៉ាស់ជាថ្មីម្តងទៀត បន្ទាប់ពីការប្រើប្រាស់លើកទី១ ក៏ប៉ុន្តែលទ្ធភាពទាំងនោះបានបង្ហាញឲ្យដឹងផងដែរថា៖ ការប្រើប្រាស់ម៉ាស់ម្តងទៀត បន្ទាប់ពីប្រើលើកទី១រួចនោះពុំអាចការពារលោកអ្នកពីការចម្លងវីរុសផ្សេងៗនោះ ដោយសារតែការសម្អាតទាំងនោះបានបំផ្លាញនូវសារធាតុការពារមួយចំនួនទៅហើយ។ ជាមួយគ្នានេះ ប្រភេទម៉ាស់ N95 ដែលមានសុពលភាពកម្រិតការពារយ៉ាងយូរបំផុតត្រឹមតែ៨ម៉ោងក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ តាមរយៈនៃការស្រាវជ្រាវដដែលបានផ្សព្វផ្សាយអំពីវិធីសាស្ត្រសាមញ្ញមួយចំនួនដែលអាចសម្រួលដល់ការផ្គត់ផ្គង់របស់អ្នកប្រើប្រាស់អាចប្រើប្រាស់ម៉ាស់ដដែលបានទៅដល់៥ដងឯណោះ។ ជំហានដំបូង៖ បន្ទាប់ពីប្រើប្រាស់ម៉ាស់រួចអ្នកត្រូវប្រាកដថា ម៉ាស់របស់អ្នកត្រូវតែស្ងួត និងនៅក្រោមពន្លឺព្រះអាទិត្យរយៈពេល ៧២ ម៉ោងមុននឹងយកទៅសម្អាត រួចអ្នកត្រូវប្រាកដថាម៉ាស់ដែលអ្នកហាលនោះមិនមាននរណាម្នាក់ប៉ះពាល់នោះទេ។
ក្រោយពីអ្នកបានដាក់ម៉ាស់ក្រោមពន្លឺព្រះអាទិត្យរយៈពេល ៧២ ម៉ោង រួចជំហានបន្តនោះអ្នកត្រូវប្រើប្រាស់វិធីចំហុយ (សម្រាប់តែម៉ាស់ N95តែប៉ុណ្ណោះ) ដែលមានសីតុណ្ហភាពចន្លោះពី ៦០ អង្សាសេ ទៅ៧០ អង្សាសេអាចនឹងកម្ចាត់វីរុសផ្សេងៗដែលអាចបណ្តាលឲ្យកើតជាជំងឺគ្រុនផ្តាសាយ ឬគ្រុនក្តៅនានាផងដែរ។ បើទោះបីជាយ៉ាងនេះក៏ដោយ ផ្អែកលើការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញនៅតែបង្ហាញគោលជំហយ៉ាងរឹងថា វិធីសាស្ត្រនេះពុំអាចសម្លាប់មេរោគបាន១០០ភាគរយនោះទេ ជាពិសេស វីរុសកូរ៉ូណានេះតែម្តង វាគ្រាន់តែជាវិធីសាស្ត្រមួយដែលអ្នកអាចប្រើប្រាស់ម៉ាស់បានច្រើនដងតែប៉ុណ្ណោះ។ ដោយឡែក តាមរយៈឯកសារដដែលបានឲ្យដឹងថា ក្រៅពីការប្រើប្រាស់វិធីចំហុយម៉ាស់ យើងក៏អាចប្រើប្រាស់នូវម៉ាស៊ីនមួយបែបទៀតដែលជាទូទៅគេហៅថា ការដុតសម្លាប់មេរោគដោយប្រើប្រាស់ម៉ាស៊ីន។ តាមការពិនិត្យដដែលក៏បានអះអាងផងដែរថានៅក្នុងការដុតសម្លាប់មេរោគ (ចំពោះប្រភេទម៉ាស់ N95) ត្រូវចំណាយពេលប្រមាណជាង៣០នាទីក្នុងសីតុណ្ហភាព៧០អង្សាសេឯណោះទើបម៉ាស់ដែលបានប្រើប្រាស់រួចអាចមានប្រសិទ្ធភាពអាចនឹងប្រឆាំងនូវបាក់តេរីនានា។
សរុបសេចក្តីមក ការយកម៉ាស់ការពារដែលប្រើប្រាស់ម្តងហើយមកប្រើប្រាស់ម្តងទៀត គឺពុំអាចផ្តល់ផលការពារនោះទេ ហើយវាក៏អាស្រ័យទៅលើប្រភេទម៉ាស់ផងដែរ។ ដូច្នេះ យល់ល្អអ្នកគួរតែបោះចោលម៉ាស់ដែលធ្លាប់ប្រើប្រាស់រួច តួយ៉ាង ការបោកសម្អាតម៉ាស់ក៏ពុំអាចកម្ចាត់មេរោគ ឬបាក់តេរីបាននោះទេ៕
Article by PAN SIVLY