×

ការ​ប្តូរ​ពណ៌​សក់​តាម​បែប​ធម្មជាតិ​

 
 

ថ្វីត្បិតតែការប្តូរពណ៌សក់បានបង្ហាញពីរសនិយមផ្ទាល់ខ្លួនក៏ដូចជាភាពស៊ីវិល័យរបស់សុភាពនារីយើងនាពេលបច្ចុប្បន្ននេះយ៉ាងណាក្តី ប៉ុន្តែវាក៏បានពាំនាំមកនូវកត្តាអវិជ្ជមានជាច្រើនផងដែរ ដែលយើងគួរតែយកចិត្តទុកដាក់ខ្ពស់។ ជាការពិតណាស់ដើម្បីទទួលបាននូវពណ៌សក់គួរជាទីពេញចិត្ត យើងម្នាក់ៗតែងងាកទៅរកសេវាកម្មលាបពណ៌សក់នៅតាមហាងកែសម្ជស្សនានា ឬជ្រើសរើសប្រើនូវថ្នាំលាបពណ៌ដែលមានផ្ទុកនូវសារធាតុគីមីដោយខ្លួនឯងផ្ទាល់។ តើអ្នកមានដឹងទេថាការលាប​ពណ៌សក់នេះ វាអាចបង្កឲ្យកើតមាននូវប្រតិកម្មអាឡែកហ្ស៊ីដ៏ធ្ងន់ធ្ងរ? ដើមចមនៃអាឡែកហ្ស៊ីទាំងនេះគឺបណ្តាលមកពីសារធាតុម្យ៉ាងដែលហៅថា​ “ផារ៉ាភីនីលិណិឌាមីន” (Paraphenylenediamine) ឬភីភីឌី។ រោគសញ្ញាដែលតែងតែកើតមានឡើងជាញឹកញយនោះគឺការរមាស់ស្បែកក្បាល ស្នាមក្រហមឬហើមនៅលើស្បែកក្បាល ការជ្រុះសក់ អង្គែ ការហើមនៅខាងក្រោមភ្នែក និងត្របកភ្នែក ក៏ដូចជាកើតមាននូវស្បែកប្រេះស្រកានៅបរិវេណ​ផ្ទៃមុខជាដើម។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យបាត់បង់នូវជាតិសំណើមនៃឬសសក់ដែលនាំឲ្យសរសៃសក់មានភាពស្ងួតនិងផុយស្រួយ ព្រមទាំងបាត់បង់នូវភាពភ្លឺចែងចាំងនៃសរសៃសក់ផងដែរ។ លើសពីនេះទៅទៀត តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ្នកដែលទទួលរងនូវការប៉ះពាល់ពីការលាបពណ៌សក់នៅក្នុងកម្រិតអតិបរមាមួយនោះនឹងត្រូវប្រឈមមុខទៅនឹងអាឡែកហ្ស៊ីស្បែក និងជំងឺហឺត ហើយសារធាតុភីភីឌីអាចឈានទៅបំផ្លាញកោសិកាឌីអិនអេរបស់មនុស្សយើងដែលអាចបណ្តាលឲ្យកើតមានជំងឺមហារីកក៏មាន។

ហេតុដូច្នេះហើយ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ជាច្រើននេះ អ្នកក៏អាចងាកមកទទួលយកនូវបទពិសោធន៍ថ្មីមួយនៃការផ្លាស់ប្តូរពណ៌សក់តាមបែបធម្មជាតិវិញម្តង ដែលមិនបណ្តាលឲ្យប៉ះពាល់សុខភាព មិនចំណាយថវិកាច្រើន និងទទួលបាននូវភាពស្រស់ស្អាតដែលនឹកស្មានមិនដល់ថែមទៀតផង។ ចូរអាននូវវិធីសាស្រ្តងាយៗខាងក្រោមនេះដើម្បីស្វែងយល់ពីការប្តូរពណ៌សក់តាមបែបធម្មជាតិ។

  1. កាហ្វេ៖ កាហ្វេគឺជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការប្តូរពណ៌សក់ឲ្យក្លាយទៅជាពណ៌ខ្មៅរលោងស្រិលដើម្បីបិទបាំងនូវសក់ស្កូវ ឬក៏ដើម្បីបន្ថែមកម្រិតពណ៌ខ្មៅទៅដល់គល់សក់របស់អ្នក។ ចូរឆុងកាហ្វេឲ្យចាស់ខ្លាំង រួចទុកវាឲ្យត្រជាក់ បន្ទាប់មកលាយកាហ្វេចំនួនមួយពែងជាមួយនឹងក្រែមបន្ទន់សក់ (Leave-in conditioner)ពីរពែង និងកាហ្វេម៉ត់ចំនួន២ស្លាបព្រាបាយ។ ចូរលាបឲ្យសព្វនៅលើសរសៃសក់និងទុកចោលរយៈ​ពេលប្រហែលជាមួយម៉ោង សឹមលាងជម្រះចេញជាមួយនឹងទឹកខ្មេះរសជាតិផ្លែប៉ោម(Apple Cider Vinegar)។ ដើម្បីទទួលបានលទ្ធផលគួរជាទីពេញចិត្ត ចូរអនុវត្តន៍នូវវិធីសាស្រ្តនេះចំនួនពីរទៅបីដង។
  2. តែ៖ ក៏ដូចគ្នាទៅនឹងកាហ្វេផងដែរ តែអាចជួយធ្វើឲ្យសរសៃសក់របស់អ្នកមានសភាពខ្មៅដិត រួមទាំងបំបាត់នូវសក់ស្កូវថែមទៀតផង។ ប្រសិនបើអ្នកមានសក់ពណ៌ស្រាល ដូចជាពណ៌ទង់ដែងជាដើមនោះ ប្រភេទតែដែលស័ក្តិសមបំផុតសម្រាប់អ្នកគឺខាមូមិល(Chamomile)។ អ្នកត្រូវឆុងតែឲ្យរាងចាស់បន្តិច ដោយប្រើតែ៣ទៅ៥កញ្ចប់តូចៗសម្រាប់ទឹកចំនួន២ពែង។ អ្នកអាចលាបតែដែលត្រជាក់នៅលើ​សរសៃ​សក់តែម្តងក៏បានឬក៏លាយជាមួយនឹងក្រែមបន្ទន់សក់ដោយទុកចោលប្រមាណជា១ម៉ោងឬយូរជាងនេះ ប្រសិនបើអ្នកចង់បាននូវពណ៌កាន់តែដិតខ្លាំង។
  3. ទឹកក្រូចឆ្មារ៖ ប្រសិនបើអ្នកចង់លេងពណ៌សក់បែបសាមញ្ញតែស្រស់ស្អាត ទឹកក្រូចឆ្មារគឺជាជម្រើសដ៏ប្រសើរមួយ។ ចូរច្របាច់ក្រូចឆ្មារស្រស់ដាក់នៅក្នុងដបតូចល្មម រួចបាញ់វានៅលើសរសៃសក់របស់អ្នកឬធ្វើការត្រដុសឲ្យសព្វល្អ ទុកចោលរយៈពេលពី២ទៅ៣ម៉ោង និងចុងក្រោយលាងជម្រះចេញជាមួយនឹងទឹកខ្មេះរសជាតិប៉ោម ឬលាយបញ្ចូលគ្នារវាងទឹកខ្មេះរសជាតិប៉ោមមួយសា្លបព្រាបាយជាមួយនឹងទឹកមួយពែង រួចសឹមច្រកវាដាក់នៅក្នុងដបមួយសម្រាប់បាញ់នៅលើសរសៃសក់បន្ទាប់ពីលាបរួច។ ប្រសិនបើអ្នកស្ថិតនៅក្រោមកម្ដៅថ្ងៃនោះសក់របស់អ្នកនឹងមានពណ៌កាន់តែស្រាលជាងមុនជាក់ជាមិនខានឡើយ។ ចូរធ្វើការអនុវត្តន៍នូវវិធីសាស្រ្តនេះឲ្យបាន២ទៅ៣ដងឡើងទៅ ដើម្បីទទួលនូវប្រសិទ្ធិភាពខ្ពស់។
  4. ទឹកការ៉ុត៖ ទឹកការ៉ុតគឺជាវីតាមីនដ៏ស័កិ្តសិទ្ធិដែលអាចបន្ថែមពណ៌ក្រហមព្រឿងៗនៅលើសរសៃសក់ធម្មជាតិរបស់អ្នកបានយ៉ាងអស្ចារ្យ។ វិធីសាស្រ្តមួយនេះគឺពិតជាងាយស្រួលមែនទែនដោយអ្នកគ្រាន់តែលាបទឹកការ៉ុតប្រមាណមួយពែងប៉ុណ្ណោះនៅលើសរសៃសក់ជាការស្រេច។ បន្ថែមពីនេះទៀត អ្នកក៏អាចលាយប្រេងដូងជាមួយនឹងទឹកការ៉ុត​ដើម្បីធ្វើការបន្ទន់សក់នៅក្នុងពេលតែមួយតែម្តងក៏បាន។ បន្ទាប់មក ចូរធ្វើការរុំសក់​ឲ្យជិតល្អនឹងទុកចោលយ៉ាងហោចណាស់ឲ្យបានប្រមាណជា១ម៉ោងសិន ទើបធ្វើការលាងជម្រះចេញ ដោយអមជាមួយនឹងការបាញ់នូវស្រៃ្ពយ៍បាញ់សក់ដែលផ្សំឡើងពីទឹកខ្មេះរសជាតិប៉ោមរបស់អ្នក៕

Article by Sophon

 




SUGGESTIONS