អី្វទៅជាហូលពិតាន? ហូលពិតានជាក្រណាត់ហូលធ្វើអំពីសូត្រមានចងគាធលើកជាក្បាច់គោមផ្សេងៗឬរូបសត្វក្នុងពុទ្ធសាសនា ឬរូបពុទ្ធប្បវត្តិ ឬរឿងជាតកផ្សេងៗ ដែលប្រជាជនខ្មែរពីដើមនិយមប្រើជាវត្ថុសក្ការបូជាខ្ពង់ខ្ពស់សម្រាប់ចងជាពិតានដាក់ពីលើព្រះពុទ្ធបដិមានៅក្នុងព្រះវិហារ ឬសាលាឆាន់ជាគ្រឿងលម្អបែបសាសនាផង និងដើម្បីការពារកម្តៅថ្ងៃនិងភ្លៀងខ្យល់ផង។ គេមិនប្រើវាសម្រាប់ស្លៀកពាក់តុបតែងខ្លួនដូចប្រភេទសំពត់ហូលគោមធម្មតាឡើយ។
ហូលពិតាននេះត្រូវបានសាបរលាប ពុំសូវមាននៅក្នុងប្រទេសកម្ពុជាក្រោយសម័យប៉ុលពត ព្រោះហូលពិតានចាស់ៗពីសម័យមុនត្រូវបានបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៍នោះ ឬត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេស។ រីឯអ្នកតម្បាញពីសម័យមុនមានវ័យកាន់តែចាស់ អង្គុយត្បាញលែងកើត ខ្លះងាកទៅប្រកបរបរផ្សេងទៅវិញ។ អ្វីដែលសំខាន់នោះគឺចាស់ៗទាំងនោះក៏ពុំបានរៀបចំបង្កើតចងក្រងជាឯកសាររបៀបត្បាញហូលពិតានសម្រាប់កូនចៅជំនាន់ក្រោយដែរ ពោលគឺមានតែផ្ទេរចំណេះដឹងតាមរយៈការត្បាញដោយផ្ទាល់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយក៏មានអង្គការមួយដែលមានឈ្មោះថា“អង្គការគាំពារកុមារខ្មែរ” (CYK) ដែលជាស្ថាបនិកហាងពិតានខ្មែរ (Pidan Khmer) បាននឹងកំពុងចូលរួមចំណែកប្រមូលចងក្រងនិងបណ្តុះបណ្តាលសិប្បករតម្បាញចាស់ក្មេងនៅក្នុងភូមិមួយនៃខេត្តតាកែវឲ្យរួបរួមគ្នាបន្តថែរក្សាទំនៀមទម្លាប់ត្បាញហូលពិតានបែបប្រពៃណីក្នុងភូមិរបស់ពួកគាត់ឲ្យបានគង់វង្សទៅមុខ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្ររបស់អង្គការខាងលើត្រូវបានបង្កើតតាំងពីឆ្នាំ២០០៣ នៅឃុំត្រពាំងក្រសាំង ឃុំស្រុកបាទី ខេត្តតាកែវ។ ប៉ុន្តែបុគ្គលិកតម្បាញរបស់អង្គការនេះក៏មានត្បាញនៅតាមផ្ទះរបស់ពួកគាត់ផ្ទាល់នៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ មិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្តភ្នំជីសូរ។ យើងអាចធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ មានចម្ងាយប្រមាណ៦៦គីឡូម៉ែត្រ រួចបត់ឆ្វេងដៃតាមផ្លូវទៅភ្នំជីសូរ ហើយត្រូវបន្តដំណើរទៅខាងកើតភ្នំប្រមាណ២គីឡូម៉ែត្រទៀត។
លោកស្រី Harumi អ្នកគ្រប់គ្រងផ្នែកហូលពិតាននៃអង្គការ CYK បានឲ្យដឹងថា“ចាប់តាំងពីឆ្នាំ២០០៣មកអង្គការបាននឹងកំពុងបង្កើតវគ្គបណ្តុះបណ្តាលជំនាញតម្បាញជាច្រើនសម្រាប់អ្នកមិនចេះសោះ និងអ្នកត្បាញដែលចេះស្រាប់។ គិតមកទល់ឆ្នាំ២០១៣ (១០ឆ្នាំក្រោយការបង្កើត) អ្នកត្បាញចំនួន១៧២នាក់បានបញ្ចប់ការសិក្សាជាស្ថាពរពីវគ្គតម្បាញដែលមានរយៈពេលមួយឆ្នាំ៦ខែនិង៣ខែ។”
លោកស្រីបានបន្តទៀតថា “ក្រុមការងារបណ្តុះបណ្តាលក៏បានរៀបចំបង្កើតសិក្ខាសាលាចល័តរយៈពេល២សប្តាហ៍នៅក្នុងសហគមន៍របស់អ្នកតម្បាញសម្រាប់បណ្តុះបណ្តាលអំពីក្បាច់គោមថ្មីៗដែលមានអ្នកតម្បាញតាមភូមិរហូតជិត៧០០នាក់នៅក្នុងខេត្តតាកែវបានចូលរួម។”
ការងារផលិតហូលពិតានមិនមែនជារឿងងាយស្រួលនោះទេ ព្រោះសិប្បករត្រូវមានភាពអត់ធ្មត់ដោយសារការត្បាញហូលពិតានមានលក្ខណៈស្មុគស្មាញសាំញ៉ាំនិងត្រូវចំណាយពេលយូរជាងការត្បាញសំពត់ហូលធម្មតា។ លោកផេងសុផល ជំនួយការនៃប្រធានអង្គការ CYK និងម្ចាស់ជ័យលាភីលេខ១សិល្បៈតម្បាញសូត្រនៃមហោស្រពសិល្បៈជាតិលើកទី១៧បានមានប្រសាសន៍ថា“សម្រាប់ការច្នៃម៉ូត (ចំណាយពេល) ប្រហែលមួយខែ។ ការជ្រលក់ពណ៌ចំណាយពេលប្រហែល៧-១០ថ្ងៃ ហើយមួយទៀតគឺការត្បាញចំណាយពេលប្រហែលមួយអាទិត្យសម្រាប់សូត្រ២ម៉ែត្រ។”
ដំបូងគេត្រូវស្ងោរសូត្រដាក់ក្បុងនៅក្នុងឆ្នាំងរយៈពេល៣០នាទី ហើយស្រង់សូត្រលាងទឹក២ឬ៣ដង រួចហាលថ្ងៃដើម្បីឲ្យសូត្រទន់ស្អាតល្អ។ បន្ទាប់មកគេយកឈើអន្ទងគាធដែលមានប្រវែងមួយម៉ែត្រពីរតឹកមកអន្ទងគាធ (ចងសរសៃសូត្រទៅនឹងឈើ) ទើបចងគាធនោះនឹងស្រទបចេកឬខ្សែឲ្យចេញជារូបភាពរឿងរ៉ាវផ្សេងៗចម្រុះពណ៌ទៅតាមអ្វីដែលអ្នកត្បាញចង់បាន។“ការចងគាធមានរយៈពេលច្រើនខែ។ ខ្ញុំធ្លាប់ត្បាញហូលពិតានរឿងពុទ្ធប្បវត្តិប្រើពេលរហូត១ឆ្នាំទើបហើយ! ការងារនេះទាមទារឲ្យមានការអត់ធ្មត់ខ្ពស់និងប្រយ័ត្នប្រយែងបំផុត ទើបចងគាធបានស្អាត។ បើតាមចាស់បុរាណគាត់ប្រើវិធីអន្ទងឲ្យចេញជាខ្នារ។ ក្នុងខ្នារនីមួយៗត្រូវរាប់ចំនួនសរសៃសូត្រឲ្យត្រូវតាមចំនួនដែលត្រូវការជាក់ស្តែងសម្រាប់ត្បាញពិតានមិនឲ្យលើសមិនឲ្យខ្វះដាច់ខាត!” អ្នកមីងប៉ិចគីម អាយុ៥៨ឆ្នាំ គ្រូតម្បាញហូលពិតានក្នុងភូមិកញ្ចាងខេត្តតាកែវ។
ចំពោះល័ក្តដែលគេប្រើការជ្រលក់ពណ៌ហូលពិតានពីដើមគេនិយមប្រើល័ក្តធម្មជាតិសុទ្ធសាធ តួយ៉ាងល័ក្តស្រម៉ ល័ក្តព្រហូត ល័ក្តដើមត្រុំ ល័ក្តគ្រាប់ជម្ពូ និងល័ក្តមក្លឿដែលល័ក្តទាំងនេះចេញពណ៌មេចំនួន៤ពណ៌គឺពណ៌ខ្មៅពណ៌លឿង ពណ៌ក្រហម និងពណ៌ខៀវ។ ប៉ុន្តែសព្វថ្ងៃនេះវត្ថុធាតុដើមទាំងនេះមិនងាយស្រួលរកទេហើយម្យ៉ាងបច្ចេកវិទ្យាសព្វថ្ងៃកាន់តែទំនើបប្រជាជនខ្មែរងាកមកប្រើប្រាស់ល័ក្តគីមីជំនួសរបស់ធម្មជាតិពីបុរាណ។ ទោះបីជាយ៉ាងណាក៏ល័ក្តធម្មជាតិធ្វើឲ្យហូលពិតានមានពណ៌ជាប់បានយូរ មិនឆាប់ស្លកពណ៌ដូចល័ក្តគីមីឡើយ។
ចំណែកបងស្រីអាំសែ បុគ្គលិកតម្បាញនៅមជ្ឈមណ្ឌលផ្ទាល់បាននិយាយថា “ខ្ញុំត្បាញនៅទីនេះរាល់ថ្ងៃពីម៉ោង៧ព្រឹកដល់ល្ងាច ហើយពេលខ្លះអាចបន្តដល់យប់ក៏មាន។ ពិតានដែលខ្ញុំកំពុងត្បាញនេះមានប្រវែងបណ្តោយ៤ម៉ែត្រនិងទទឹង១ម៉ែត្រ។ ពិតានមិនដូចហូលទេ ហូលគេលក់គិតក្បិន តែពិតានគេលក់គិតម៉ែត្រ។ ដូចពិតាននេះ៤ម៉ែត្រអ៊ីចឹងតម្លៃ៤០០ដុល្លារ។ ប៉ុន្តែនៅទីនេះមានតែត្បាញទេ ភ្ញៀវអាចមកមើលបាន តែបើចង់ទិញទាល់តែទិញនៅភ្នំពេញ ព្រោះពេលត្បាញរួចខាងអង្គការប្រមូលយកទៅអស់ហើយ។ ”
ដោយឡែកទាក់ទិននឹងទីផ្សារហូលពិតានខ្មែរវិញ យើងសង្កេតឃើញថាហូលពិតានកំពុងត្រូវបានដាក់តាំងលក់នៅតាមហាងលក់ផលិតផលសូត្រធំៗមួយចំនួននៅក្នុងក្រុងភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានបង្ហាញជាសាធារណៈនៅក្នុងកម្មវិធីពិព័រណ៍តម្បាញសូត្រផងដែរនាពេលកន្លងមក។ ចំណែកអតិថិជនបញ្ជាទិញភាគច្រើនជាជនបរទេសច្រើនជាងអតិថិជនក្នុងស្រុក។ យោងតាមរបាយការណ៍របស់អង្គការ CYK ហូលពិតានខ្មែរដែលត្បាញដោយប្រជាជនខេត្តតាកែវអាចលក់បានក្នុងតម្លៃពី១៥០ដុល្លារទៅ២,០០០ដុល្លារអាស្រ័យទៅតាមសាច់រឿងនៅលើហូលផ្ទាល់។ នេះជាកិច្ចការដ៏ប្រពៃណីសម្រាប់ការអភិរក្សមត៌កតម្បាញហូលពិតានខ្មែរដែលស្ទើរនឹងបាត់បង់ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់កាត់បន្ថយចំណាកស្រុកថែមទៀតផង។ ទន្ទឹមនឹងនេះប្រជាជនខ្មែរគប្បីទម្លាប់ជាវហូលពិតានដាក់តាមវត្តអារាមទៅតាមគន្លងប្រពៃណីពីបរមបុរាណបើទោះបីជាបច្ចុប្បន្នមានការប្រើប្រាស់ក្រណាត់ជាច្រើនប្រភេទពីបរទេសឬគ្រឿងលម្អបែបទំនើបយ៉ាងណាក៏ដោយ៕
Article by SRIN SOKMEAN