×

ស្រ្តី និង ភាព​ជោគ​ជ័យ​​នៃ​អាជីព​ការ​ងារ​

TRAVEL & LIVING 3 months ago
 
 

            សតវត្សរ៍ទី២១​បាន​ចូល​មក​ដល់ អ្វី​ៗ​ត្រូវ​បាន​ផ្លាស់ប្តូរអភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័សនឹកស្មាន​មិន​ដល់។ បើ​និយាយ​អំពី​សម័យ​មុន ស្រ្តី​និង​បុរស​ទូ​ទាំង​ពិព​លោក​មានគម្លាតវិសមភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​សិក្សា​រៀន​សូត្រ ការ​ចូល​ប្រឡូក​ក្នុង​វិស័យការ​ងារ ការ​ចូល​រួម​ការ​ងារ​សង្គម និង ការ​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​​ជាតិ។ ដោយ​ឡែក​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​វិសមភាព​ខាង​ផ្នែក​យេនឌ័រ​ខាង​លើ​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់សម្គាល់។ នៅ​ក្នុង​វិស័យការ​ងារ ស្រ្តីមាន​ឱកាស​ប្រកួត​ប្រជែងប្រដំប្រសងជា​មួយ​នឹង​បុរស ហើយ​ថែម​ទាំង​ទទួល​បាន​នូវ​ជោគ​ជ័យ​ត្រចះត្រ​ចង់​គួរ​ជាទីមោទនភាពថែម​ទៀត​ផង។ ពិភាក្សាជុំ​វិញ​ប្រធាន​បទ​នេះ សូវរីន បាន​ជួប​ជា​មួយ​នឹង​បុគ្គល​ដែល​មានស្នា​ដៃ និង​ជោគ​ជ័យ​ក្នុង​ជីវិត​ការ​ងារ ព្រម​ទាំង​បរិយាយ​ប្រាប់​ពីបទពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ដ៏​មាន​តម្លៃ​របស់​ពួក​គាត់។

លោក​ស្រីឧកញ៉ា កែវ មុំ

            ​លោក​ស្រីឧកញ៉ា កែវ មុំ សហគ្រិន​ស្ត្រី​ដែល​មានជោគ​ជ័យ​ក្នុង​ការបង្កើត​និង​​គ្រប់​គ្រង​ក្រុម​ហ៊ុន​លីលី​ផលិត​នំស្រួយ បាន​លើក​ឡើង​ថា ទម្រាំ​បាន​ក្លាយ​ជាសហគ្រិន​គ្រប់​គ្រង​ជំនួញ​ដ៏​ធំ​ដូច​នេះ លោក​ស្រី​បាន​ចាប់​ផ្តើ​ម​ប្រឡូក​ពីការ​ងារ​តូច​តាច​ឡើង​ទៅ ពោលគឺ​ផ្តើ​ម​ចេញ​ពី​ជីវិត​ជាអាជីវករសាមញ្ញ​ម្នាក់ ហើយ​ក្រោយ​មក​ក៏​ឈាន​ទៅ​ចាប់​អាជីពជាបុគ្គលិក​ផ្នែក​ទី​ផ្សារ​បម្រើ​ការ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​មួយ​នៅ​ក្នុង​ស្រុក។ ដោយ​សារ​តែ​មាន​បទពិសោធន៍​លើ​មូល​ដ្ឋានគ្រឹះ​ផ្នែក​ទី​ផ្សារ​ដ៏​រឹងមាំ លោក​ស្រី​បាន​ខិតខំ​ព្យាយាម​បន្ត​អភិវឌ្ឍ​សមត្ថភាព​ការ​ងារ​ផ្ទាល់​ខ្លួន​រហូត​ទាល់​តែ​អាច​បង្កើត​​ជំនួញ​បាន​ដោយ​ខ្លួន​ឯង។ លោក​ស្រី​បាន​បង្ហើប​ប្រាប់​អំពី​កត្តា​កំណត់​ជោគ​ជ័យ​ការ​ងារ​របស់​លោក​ស្រីថា “​ដើម្បី​ឈាន​ទៅ​រកភាពជោគ​ជ័យ សំខាន់​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀបចំ​យុទ្ធសាស្រ្តពង្រឹងស្តង់ដារគុណភាព​ផលិត​ផល​របស់​យើង​ឲ្យ​មានលក្ខណៈ​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ក្នុង​ទី​ផ្សារ។ ទន្ទឹម​នឹង​នេះ ក្នុង​នាមជាសហគ្រិន យើង​ត្រូវ​ចេះ​ស្វែង​យល់​ពី​តម្រូវ​ការទី​ផ្សារ និង​សក្តានុពល​ដែល​យើង​មាន។ ជាក់ស្តែង ខ្ញុំ​បាន​បង្កើត​ក្រុម​ហ៊ុន​លីលី​នេះ​ឡើង ក៏​ដោយ​សារ​កាល​នោះ​តែ​ខ្ញុំ​មើល​ឃើញ​នូវ​តម្រូវ​ការចំណី​អាហារ​ចំនួន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​របស់​ប្រជាជន​ក្នុង​ស្រុក ដែល​តម្រូវ​អោយ​មាន​ការ​នាំ​ចូល​ច្រើន​ពី​ប្រទេស​ជិត​ខាង។ ខ្ញុំ​យល់​ថា​យើង​មានវត្ថុធាតុដើម​គ្រប់​គ្រាន់​សម្រាប់​បម្រើ​ការកែច្នៃ និង​ផ្គត់ផ្គង់​តម្រូវ​ការ​ទាំង​នោះ។ យើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ប្រើ​ប្រាស់​ចំណី​អាហារ​ស្រស់​ៗ​ដែល​ផលិត​នៅ​ក្នុង​ស្រុក​”។

លោក​ជំទាវ ភឿង សកុណា

            ​ដោយ​ឡែក លោក​ជំទាវ ភឿង សកុណា ស្រ្តី​ដ៏​ឆ្នើម​មួយ​រូប​ដែល​ដឹក​នាំ និង​​គ្រប់​គ្រង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ឲ្យ​មាន​មុខ​មាត់​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​លើឆាកអន្តរ​ជាតិ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​និង​អភិវឌ្ឍវប្បធម៌​ជាតិ​ខ្មែរ​ដ៏​ល្អ​ផូរ​ផង​់​តាម​រយៈ​សកម្មភាព​ផ្សេង​ៗជា​បន្ត​បន្ទាប់​ឈាន​ទៅ​បង្កើន​កិត្យានុភាព​ជាតិ​ឲ្យ​ពិភព​លោក​​កាន់​តែ​ស្គាល់​ខ្មែរ​ច្បាស់។ ក្នុង​នាមជា​ថ្នាក់​ដឹក​នាំ​ស្រ្តី​តំណាង​ក្រសួង​វប្បធម៌ លោក​ជំទាវ​ធ្លាប់​មាន​ប្រសាសន៍​ប្រកប​​ដោយ​គតិអប់រំថា “​ដើម្បី​អភិវឌ្ឍ​ខ្លួន​ជាជំហាន​ដំបូង យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ជា​មុន​សិន ទើប​អ្នក​ដទៃ​យល់​ពី​តម្លៃ​យើង មិន​មើល​ងាយ​យើង។ យើង​ត្រូវ​មានមធ្យោបាយ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​នូវ​សកម្មភាព ​(ការ​ងារ​)​ របស់​យើង ដើម្បី​បញ្រ្ជាប​ព័ត៌មាន​និង​ទទួល​មតិ(រិះគន់កែលម្អ)សាធារណៈមក​វិញ។”

លោក​ស្រី សេង តក្កនារី

            ​ចំណែក​ឯ លោក​ស្រី សេង តក្កនារី សហគ្រិន​ក្រុម​ហ៊ុន​ផលិត​ផលតម្បាញសូត្រ Sentosa Silk  ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថាជានារីលេចធ្លោ​មួយ​រូប​ក្នុង​វិស័យភាពជាសហគ្រិន​ក្នុង​ស្រុក​ប្រចាំ​សតវត្សរ៍ទី២១​នេះ បាន​ចែក​រំលែក​បទពិសោធន៍​ការ​ងារ​ល្អ​ៗ​ខ្លះ​ដល់​បងប្អូនស្រ្តី​នៅ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ថា “​នៅ​ពេល​អ្នក​កាន់​តែ​សម្រេច​បំណងប្រាថ្នា​របស់​អ្នក អ្នក​កាន់​តែមាន​មនុស្ស​ព្យាយាម​ទាញ​អ្នក​ចុះ។ ត្រូវ​ជឿជាក់​ចំពោះ​ខ្លួន​ឯង​និង​អ្វី​ដែល​ខ្លួន​ធ្វើ​ជានិច្ច​ដើម្បី​ភាពជោគ​ជ័យ ហើយ​ត្រូវ​បញ្ចេញ​ចំណង់​របស់​ខ្លួន​មក​ក្រៅ​បញ្ចូល​ទៅ​ក្នុង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ។” សហគ្រិនស្រ្តី​ដ៏​រឹងមាំ​ម្នាក់​នេះ​បាន​ប្រ​កាន់​ជំហរទស្សនៈ​ធំ​ៗ​ចំនួន​បី​ដើម្បី​ដណ្តើ​មយក​នូវ​ជោគ​ជ័យ​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន​ដែល​តាង​ដោយ​អក្សរ “P” បី នោះ​គឺចំណង់ (Passion) ការតស៊ូ​ព្យាយាម (Persistence) និង​ភាពអត់ធ្មត់ (Patience)។ “បណ្តោយ​ឲ្យ​ចំណង់​របស់​អ្នក​ក្លាយ​ជាមូល​ហេតុ​នៃ​វត្តមាន​របស់​អ្នក ហើយ​ជោគ​ជ័យ​របស់​អ្នក​ជា​ផលិត​ផល​នៃ​ការតស៊ូ​ព្យាយាម​និង​ភាពអត់ធ្មត់” លោក​ស្រី តក្កនារី បាន​អះអាង។ ផ្អែកលើ​គោល​ជំហរទស្សនៈទាន​ខាង​លើ នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សូត្រ​របស់​អ្នក​ស្រីមានកិត្តិយស​ទទួល​បាន​វិញ្ញាបនប័ត្រ​បញ្ជាក់​គុណភាពកម្រិតស្តង់ដារ “5s Practitioners” ប្រគល់​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដោយ​ផ្ទាល់។

អ្នក​នាង យុគ ចិន្តា

          ​ ពិត​ណាស់ ស្រ្តី​ខ្មែរ​មាន​សមត្ថភាព​វិជ្ជាជីវៈ​ច្បាស់​លាស់ និង​ហ៊ាន​ចូល​ប្រឡូក​ក្នុង​សង្គម​មិន​ចាញ់​បុរស​ឡើយ។ អ្វី​ដែល​បុរស​ធ្វើ​បាន​ស្រ្តី​ក៏​អាច​ធ្វើ​បាន​ដែរ​បើ​ទោះ​បីជាការ​ងារ​លំបាកកម្រិតណា​ក៏​ដោយ។ ជាក់ស្តែង​អ្នក​នាង យុគ ចិន្តា ពិធី​ការិនី​ជើង​ចាស់​ក្នុង​ដួង​ចិត្ត​មិត្ត​អ្នក​ស្តាប់​គ្រប់​វ័យ ដែល​ធ្លាប់​មានប្រវត្តិតស៊ូ​ក្នុង​អាជីព២០ឆ្នាំ​មក​ហើយ រហូត​មាន​កិត្តិនាមល្បី​ឈាន​មុខ​លំដាប់​ប្រទេស​នោះ បាន​ប្រ​កាន់​គោល​ជំហរ​ក្នុង​ជីវិត​ប្រាប់ សូវរីន ថាបើ​ចង់​ក្លាយ​ជាបុគ្គលជោគ​ជ័យ ត្រូវ​មានផែនការប្រាំឆ្នាំ​ម្ដង ធ្វើ​ឲ្យ​ជោគ​ជ័យ​អ្វី​មួយ។ ដោយ​សារតែ​គោល​ជំហរ​យ៉ាង​មោះមុត ដូច្នេះ​ហើយ ទើប​អ្នក​នាង​ទទួល​បាន​នូវ​តំណែង​រហូត​ក្លាយ​ជា​អ្នក​​គ្រប់​គ្រង​កម្ម​វិធី​ទូរទស្សន៍​ក្នុង​ស្រុក​ធំ​មួយ ហើយ​មានលទ្ធភាព​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ផង​ដែរ។

           ​សរុប​សេចក្តីមក យើង​អាចសន្និដ្ឋាន​បាន​ថា ស្រ្តី​នៅ​កម្ពុជា​បច្ចុប្បន្ន​ពិត​ជាមានចំណេះដឹង និង​សមត្ថភាព​ការ​ងារ​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​មិន​ចាញ់​ភាគី​បុរស​ឡើយ។ នារី​ខ្មែរ​ចាប់​ផ្តើ​ម​យល់​ដឹង​អំពី​តម្លៃ​របស់​ខ្លួន ហើយ​ពួក​គាត់​មាន​ភាព​ក្លាហាន​​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ប្រកប​ដោយ​ភាពតស៊ូ និង​ជំនឿជាក់​ខ្ពស់​ជាង​ពេល​មុន​ៗ។ យើង​សង្ឃឹមថា​នៅ​ពេល​អនាគត វត្តមានស្រ្តី​ក្នុង​វិស័យការ​ងារ​នៅ​កម្ពុជា​កាន់​តែកើន​ឡើង​ជាលំដាប់ ហើយ​ទស្សនៈបុរាណ​និយម “​កូន​ស្រីមុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​” នឹង​កាន់​តែ​ត្រូវ​បាន​កាត់​បន្ថយសល់ ត្រឹម​កម្រិតអប្បបរមា៕

Article by Srin Sokmean



SUGGESTIONS