ឡូរ៉ា ម៉ម ជាប់ពានរង្វាន់សិល្បៈ និងវប្បធម៌ «ស្រ្តីនៃអនាគត អាស៊ីអាគ្នេយ៍» ល្បីកក្រើកសារព័ត៌មានថៃ
NEWS 6 years agoកាលពីពេលថ្មីៗនេះ តារាចម្រៀងកូនខ្មែរកើតនៅលើទឹកដីអាមេរិកអង្រួនដួងចិត្តមិត្តៗយុវវ័យកម្ពុជា ឡូរ៉ា ម៉ម ម្ចាស់បទ «រាំមិនឆ្អែតទេ» ត្រូវបានសារព័ត៌មានថៃមួយដែលមានឈ្មោះថា ไทยบันเทิง ThaiPBS ចុះផ្សាយអំពីជីវិតការងារសិល្បៈរបស់នាង ជាពិសេសអំពីជោគជ័យដ៏ត្រចះត្រចង់នៃការឈ្នះពានរង្វាន់ផ្នែកសិល្បៈនិងវប្បធម៌ (Arts & Culture Award) ពីកម្មវិធី «ស្រ្តីនៃអនាគតអាស៊ីអាគ្នេយ៍ (WOMEN OF THE FUTURE AWARDS SOUTHEAST ASIA)» ដែលប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែមីនា ឆ្នាំ២០១៨។
វីដេអូផ្សាយនៃសារព័ត៌មានថៃនោះមានរយៈពេល២នាទី ក្រោមចំណងជើងថា «អ្នកចម្រៀងស្រ្តីកម្ពុជាបាន ទទួលពានរង្វាន់វប្បធម៌ក្នុងនាមជាអ្នកជំរុញឧស្សាហកម្មតន្រ្តី» (นักร้องหญิงกัมพูชาได้รับรางวัลในฐานะผู้ผลักดันอุตสาหกรรมเพลง)។ ក្នុងវីដេអូនោះ អ្នកអានព័ត៌មានជនជាតិថៃបានស្ញើចសរសើរអំពីការតស៊ូព្យាយាមរបស់ឡូរ៉ា ម៉ម ចំពោះការលើក ស្ទួយសិល្បៈចម្រៀងដើម ព្រមទាំងទេពកោសល្យនៃការសម្តែង និងការតុបតែងកាយរបស់នាងផងដែរ។ ឡូរ៉ា ម៉ម ជាមនុស្សដែលមានឥទ្ធិពលក្នុងឧស្សាហកម្មតន្រ្តីកម្ពុជារហូតឈានទៅទទួលបានពានរង្វាន់ខាងលើ។ ក្នុងឱកាសនេះ នាងក៏បានឧទ្ទិសពានរង្វាន់លំដាប់អន្តរជាតិដែលនាងទើបទទួលបាននេះទៅដល់វិញ្ញាណក្ខ័ន្ធតារាចម្រៀងស្រ្តីកម្ពុជាម្នាក់ទៀត គឺអ្នកនាង កាក់ ចន្ធី តារាចម្រៀងស្រីម្នាក់គត់ក្នុងក្រុម Cambodia Space Project ដែលទើបតែចែកឋានដោយ សារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងទីក្រុងភ្នំពេញ។
ម្ចាស់បទ «រាំមិនឆ្អែតទេ» រូបនេះបានបង្ហាញអំពីចំណាប់អារម្មណ៍ថា «នាងខ្ញុំពិតជាមានមោទនភាពខ្លាំង ណាស់ដែលស្នាដៃទាំងនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយទៅដល់ប្រទេសជិតខាងឲ្យអ្នកទាំងអស់គ្នាបានស្គាល់ច្បាស់អំពីសមត្ថភាពរបស់កូនខ្មែរដែលឈានទៅដល់កម្រិតអន្តរជាតិបាន។» កញ្ញបន្តទៀតថា កញ្ញាសង្ឃឹមថា ប្រិយមិត្តនឹងនៅតែបន្តគាំទ្រជារៀងរហូត ហើយកញ្ញាសន្យាថានឹងនាំយកអ្វីដែលប្លែកៗ និងពិសេសសម្រាប់អ្នកទាំងអស់គ្នា។
«រឿងមួយក្នុងចំណោមពីរដែលទេសចរស្គាល់អំពីកម្ពុជាគឺរបបខ្មែរក្រហម។ រឿងនេះបង្ហាញអំពីការបាត់បង់ ការឈឺចាប់ ភាពក្រៀមក្រំ និងការបំផ្លិចបំផ្លាញ។ គ្មានអ្វីវិជ្ជមានទេចំពោះរឿងនេះ! ដូចនេះហើយ បានជាខ្ញុំចង់ប្រឆាំងនឹងរឿងនេះ ព្រោះកម្ពុជាយើងមានអ្វីៗផ្សេងដែលច្រើនជាងនេះ! » នេះជាកត្តាចម្បងដែលជំរុញទឹកចិត្តកូនខ្មែរ រូបនេះឲ្យប្រឹងប្រែងឥតឈប់ឈរក្នុងការផលិតបទចម្រៀងដែលនិពន្ធដោយខ្លួនឯងមិនចម្លងពីគេដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ពីប្រទេសមួយនេះក្រៅពីប្រាសាទអង្គរវត្ត និង របបប្រល័យពូជសាសន៍។
គួរបញ្ជាក់ផងដែរថា កម្មវិធី «ពានរង្វាន់ស្រ្តីនៃអនាគតអាស៊ីអាគ្នេយ៍» ជាកម្មវិធីដែលត្រូវបានរៀបចំបង្កើត ឡើងដោយលោកស្រី ភីងឃី លីឡានី (Pinky Lilani) សកម្មជនសិទ្ធិនារី និងសហគ្រិនជនជាតិឥណ្ឌា ដែលមានកេរ្តិ៍ ឈ្មោះខាងស្ថាបនាកម្មវិធីប្រកួតប្រជែងពានរង្វាន់ជាច្រើនទាក់ទងនឹងនារី និងបុគ្គលដែលមានឥទ្ធិពល។ វាជាលើកទីមួយហើយដែលកម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ហើយបេក្ខ ភាពចូលរួមគឺជាប្រជាពលរដ្ឋរបស់ប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ដែលក្នុងនោះរួមមាន ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសព្រុយណេ ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន។ ដោយឡែក ប្រទេសកម្ពុជាមានបេក្ខនារីចូលរួមរហូតដល់ទៅ១១រូបតំណាងប្រទេស ប៉ុន្តែមានតែកញ្ញា ឡូរ៉ា ម៉ម តែម្នាក់គត់ដែលទទួលបានពានរង្វាន់ផ្នែកសិល្បៈ និងវប្បធម៌ ក្នុងខណៈពេល ដែលបេក្ខនារីតំណាងប្រទេសដទៃទៀតពុំទទួលបានឡើយ៕
Article by SRIN SOKMEAN