×

ម៉ានិត និង​ស្ថាបនិក​បុណ្យភូមិ​ ចាប់​ដៃ​គ្នា​ផលិត​ភាពយន្ត​ខ្នាតធំ​មួយ​មាន​ចំណង​ជើង​ថា​ "ស្នេហាក្មេងៗ"

NEWS 1 week ago
 
 

          ភាពយន្ត​ខ្នាត​ធំ​ "រឿង​ស្នេហា​ក្មេងៗ" កំពុង​និងបាន​​បើក​ឆាក​ថត​ថ្ងៃ​ដំបូង​នៅ​ថ្ងៃ​នេះ​ហើយ​ ខណៈ​ដែល​អ្នក​ដឹក​នាំ​រឿង​រំពឹង​ថា​ នឹង​អាចពាំ​នាំ​យក​ចំណី​អារម្មណ៍​​ប្លែក​បែប​យុវវ័យ​​មក​ជូន​ទស្សនិកជន​ខ្មែរបាន​ទស្សនា​។ សាច់​រឿង​បែប​សម័យ​មនោសញ្ចេតនា​ លាយឡំ​នឹង​ភាព​រីករាយ​នេះ​ គឺ​ជា​ស្នាដៃ​និពន្ធ​​រួម​គ្នា​របស់​កញ្ញា រិទ្ធី លំអរពេជ្រ​ ដែល​ជា​អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង​ផ្ទាល់​ រួម​ជាមួយ​​លោក​ម៉ុង​ម៉ានិត​ អ្នក​និពន្ធ​​ដែល​កំពុង​មាន​ឈ្មោះ​ល្បី​ល្បាញ​តាម​រយៈ​ រឿង​បេសកម្ម​មួយ។

          ជួប​ជាមួយ​ សូវរីន កញ្ញា​ លំអរពេជ្រ​បាន​ថ្លែង​ថា​ «ស្នេហា​ក្មេងៗ​មិន​មែនគ្រាន់​​ជា​រឿង​ដែល​និយាយ​ពី​ស្នេហា​របស់​កូន​ក្មេង​ទេ ប៉ុន្តែ​វា​ជា​រឿង​ដែល​បង្ហាញ​ពី​សេចក្តី​ស្រលាញ់​នៅ​ក្នុង​វ័យ​ដែល​យើង​មាន​អាយុ​ក្មេង​ ដែល​មាន​រួម​បញ្ចូល​​ទាំង young hope (ក្តី​សង្ឃឹម) young dream (ក្តី​សុបិន) និង​ young life (ជីវិត​របស់​ក្មេងៗ)»​។

          កញ្ញា​បាន​បន្ថែម​ថា​ «ស្នេហា​ក្មេងៗ​ ​ជា​រឿង​មួយ​ដែល​អាច​ឲ្យ​យើង​ត្រលប់​ទៅ​ពេល​ដែល​យើង​នៅ​ក្មេង​ ហើយ​យើង​នឹង​មើល​ឃើញ​ថា​ឥលូវ​នេះ​យើង​បាន​វិវឌ្ឍ​ខ្លួន​ឯងបាន​ប៉ុណ្ណា​ដោយសារ​យើង​ធ្លាប់​ក្មេង​ ដូច្នេះ​កុន​នេះ​អាច​ជា​កុន​ដែល​រំឮក​អតីតកាល​របស់​យើង​កាល​ដែល​យើង​នៅ​ក្មេងៗ។ ចំណែក​​មនុស្ស​វ័យ​ជំទង់​ដែល​មាន​វ័យ​ប្រហាក់ប្រហែល​នឹង​តួអង្គ​នៅ​ក្នុង​រឿង​​ រឿង​នេះ​អាច​ឲ្យ​ជា​សញ្ញា​សួរ​ដល់​ពួកគាត់ ថា​តើ​មក​ដល់​ពេល​នេះ​តើ​ពួក​គាត់​គួរ​តែ​មាន​អ្វី​នៅ​ក្នុង​ខ្លួន? តើ​ជីវិត​ជា​អ្វី​សម្រាប់​ពួក​គាត់? ព្រោះ​រឿង​នេះ​បង្ហាញពី​​ ស្នេហា​ គ្រួសារ​ មិត្ត​ភាព​ និង​សង្គម​ទាំងមូល​បញ្ចូល​គ្នា​ ដូច្នេះ​យើង​សង្ឃឹម​ថា​សាច់រឿង​ដែល​មាន​គ្រប់​រសជាតិ​​នេះ​នឹង​អាច​ផ្តល់​គុណ​តម្លៃ​​សម្រាប់​យុវវ័យ​ដែល​ទៅ​មើល​រឿង​នេះ​ផង​ដែរ"។​

          អ្នក​ដឹកនាំ​រូប​នេះ​បាន​បង្ហើប​ពី​សាច់​រឿង​នៃ​ស្នេហា​ក្មេងៗ ដូច្នេះ​ថា​ នេះ​ជា​រឿង​ដែល​បង្ហាញ​ពី​អាថ៌កំបាំង​នៅ​ក្នុង​គ្រួសារ​មួយ​​ នៃ​​តួ​ស្រី​ឈ្មោះ​កេសរ​ ដែល​រស់នៅ​ក្នុង​គ្រួសារមួយ​ ដែល​ម្តាយ​របស់​នាង​បាន​ចាក​ចោល​នាង ហើយ​បន្សល់​នូវ​សំបុត្រ​ជា​បន្ត​បន្ទាប់។ ក្តី​សង្ឃឹម​វ័យ​ក្មេង​របស់​នាង​គឺ​ ការ​រំពឹង​ថា​នឹង​បាន​ជួប​ម្តាយ​របស់​នាង។ ទោះបី​ជា​នាង​មិន​ដែល​បាន​ជួប​មុខ​ម្តាយ​របស់​នាង​ក្តី ប៉ុន្តែ​ពិភពលោក​របស់​នាង​នៅ​តែមានភាព​វិជ្ជមាន​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ស្រស់​បំព្រង។ ទស្សនិកជន​​ ក៏​នឹង​បាន​ឃើញ​ពី​ទិដ្ឋភាព​​សង្គម​យុវវ័យ​ ដែល​រួម​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​កេសរ​និង​មិត្ត​រួម​ថ្នាក់​ រួម​ទាំង​ជីវភាព​នៃការ​សិក្សា​របស់​សិស្ស​វិទ្យាល័យ។ កេសរ​ដែល​មាន​មិត្ត​ជិត​ស្និទ្ធ​ចំនួន​៣​នាក់​ រិទ្ធ​ សុភ័ក្រ និង​ ប៊ែលឡា រួម​ដំណើរ​ជាមួយ​នាង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ក្នុង​វ័យ​ជំទង់​ តែ​អ្វីៗ​បាន​ផ្លាស់​ប្តូរ​បន្ទាប់​ពី​នាង​បាន​ជួប​វេហា​ សិស្ស​ច្បង​ដ៏​ស្រស់​សង្ហារ​នៅ​ក្នុង​សាលា។ អ្នក​ទាំងពីរ​ចាប់​ផ្តើម​រៀន​ស្គាល់​ចិត្ត​គ្នា បើក​ទំព័រ​ស្នេហា​ដំបូង​របស់​នាង។ កេសរ​ក៏​ចាប់​ផ្តើម​ស្គាល់​ពី​ការ​ថែរក្សា​ស្នេហា​ មិត្ត​ភាព​និង​គ្រួសារ​ក្នុង​ពេល​តែមួយ។

          នៅ​ក្នុង​រឿង​នេះ​មាន​ប្លង់​ពិសេសៗ​ជា​​ច្រើន​ ដែល​អ្នក​និពន្ធ​និង​អ្នក​ដឹកនាំ​ព្យាយាម​បញ្ច្រៀប​វប្បធម៌​ខ្មែរ​​តាម​រយៈ​ខ្សែ​រឿង​ ដូច​ជា​​ឈុត​ឆាក​បុណ្យ​អុំទូក បុណ្យ​ភូមិ ការ​សម្តែង​ល្ខោន​ជា​ដើម។ រឿង​នេះ​នឹង​ត្រូវ​ថត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កំពត និង​ខេត្ត​កំពង់​ស្ពឺ ដែល​គ្រោង​នឹង​បញ្ចប់​ការ​ថត​ក្នុង​រយៈ​ពេល​២០​ថ្ងៃ។ តាម​រយៈ​រឿង​នេះ​ កញ្ញា​លំអរពេជ្រ​​​​​​រំពឹង​ថា​ នឹង​អាច​នាំ​ចំណី​ចក្ខុ​មួយ​បែប​ទៀត​ជូន​ទស្សនិកជន​ដែល​តែង​តែ​ចូលចិត្ត​មើល​រឿង​ខ្នាត​ធំ​នៅ​ក្នុង​រោង​កុន តាម​រយៈ​រឿង​ស្នេហា​ ដែល​ផ្តោត​ទៅ​លើ​យុវវ័យ​វិញ​ម្ដង​ ខណៈ​ដែល​កញ្ញាបាន​សង្កេត​ឃើញ​ថា​​ ភាគ​ច្រើន​​កុន​ខ្នាត​ធំ​នៅ​ក្នុង​រោង​កុន ច្រើន​តែ​ជា​រឿង​ខ្មោច​ និង​ រឿង​ដែល​មាន​ឈុត​ឆាក​វាយ​តប់​​ជាដើម។

«តាម​រយៈ​ទម្រង់​នៃ​រឿង​នេះ​ យើង​សង្ឃឹម​ថា​វា​នឹង​អាច​ជា​​ឧទាហរណ៍​មួយ​ថា​ គុណ​តម្លៃ​របស់​កុន​មាន​ច្រើន​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​មើល​បាន។ ​រឿង​ដែល​​ទាក់ទង​នឹង​រឿង​ស្នេហា​និង​យុវវ័យ​​ គឺ​មិន​មែន​គ្រាន់​តែ​ជា​រឿង​ដែល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​នោះ​ទេ​ ដូច​ជា​រឿង​នេះ​ជា​ដើម​ យើង​បាន​បញ្ចូល​ចំណុច​ច្រើន​នៅ​ក្នុង​រឿង​ ដែល​យើង​គិត​ថា​វា​ជា​គុណ​តម្លៃ ទាំង​ក្នុង​សង្គម​គ្រួសារ​ និង​សង្គម​កម្ពុជា​ទាំង​មូល​ដែល​រួម​បញ្ចូល​ទាំង​សិល្បៈ​និង​វប្បធម៌​ថែម​ទៀត។»

          ការ​និពន្ធ​រឿង​​ស្នេហា​ក្មេងៗ​​ មាន​ការទាំង​​លំបាក​ផងនិង​ភាព​ងាយ​​​ស្រួល​ផង​ កញ្ញា​លំអរពេជ្រ​និយាយ​ថា​ «ព្រោះ​យើង​ធ្លាប់​ក្មេង​ហើយ​ ដូច្នេះ​យើង​អាច​យក​ពី​បទពិសោធន៍​របស់​យើង​ផ្ទាល់​ខ្លួន​ទៅ​​សរសេរ​ ចំណែក​ការ​លំបាកគឺ​ពេល​នេះ​យើង​ចាស់​ដូច្នេះ​យើង​ត្រូវ​ត្រលប់​ទៅ​ពេល​យើង​ក្មេង​វិញ ដើម្បី​យក​អារម្មណ៍​នោះ​មក​សរសេរ ហើយ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​សិក្សា​ ថា​តើ​ក្មេងៗ​សម័យ​នេះ​ខុស​គ្នា​យ៉ាង​ម៉េច​ កុំ​ឲ្យ​ចេញ​មក​ហួស​សម័យ​ពេក និង​ហួស​ការ​ពិត​ពេក។» ភាពយន្ត​ខ្នាត​ធំ​ថ្មី​នេះ​ មាន​ការ​ចូល​រួម​សម្តែង​ពី​តារា​សម្តែង​ថ្មី​​រួម​មាន​ តារា​ចម្រៀង​ក្នុង​ក្រុម​ "ក្មេង​ខ្មែរ" លោក​ ជា សុជាតិ លោក រ៉ុង សុភីដេវីដ សមាជិក​ក្រុម​តន្រ្តី Small World Small Band និង​តួឯក​ស្រី កញ្ញា​ គង់ ចាន់​ស្រីដែន ជា​អតីត​ Freshie Girl ។ ស្នេហា​ក្មេងៗ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​ ២០១៩ នៅ​តាម​បណ្តា​រោង​ភាពយន្ត​ក្នុង​ស្រុក​៕

Article by VA SONYKA



SUGGESTIONS