×

អវសាន​នៃ​ជីវិត​រោង​ភាព​យន្ត​លុច្ស​ដ៏​ល្បី​រន្ទឺ​តាំង​ពី​សម័យអាណា​និគម​បារាំង​

TRAVEL & LIVING 2 months ago
 
 

​​          ប្រជាជន​ដែល​កំពុង​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​និយម​ស្នេហា​វិស័យ​ភាពយន្ត​ទាំងឡាយ​មិន​ថា​ចាស់​ឬ​ក្មេង​សុទ្ធ​តែ​ធ្លាប់​បាន​ស្គាល់​អតីត​រោង​ភាពយន្ត​លុច្ស​ដែល​ជា​រោង​ភាពយន្ត​ដ៏​ចំណាស់​មួយ​មាន​ទី​តាំង​ស្ថិត​នៅ​លើ​បណ្តោយ​មហាវិថី​ព្រះនរោត្តម។ រោង​ភាពយន្ត​ដែល​ពី​ដើម​រៀង​មក​ធ្លាប់​តែ​មាន​សភាព​អ៊ូអរ​មាន​ មនុស្ស​ម្នា​ចូល​ទស្សនា​ច្រើន​កុះករ​បែរ​ជា​ត្រូវ​បាន​បិទ​ទ្វារ​ផ្អាក​ដំណើរ​ការ​បញ្ចាំង​ក្លាយ​ជា​ស្ងាត់​ជ្រងំ​តាំង​ពី​ឆ្នាំ​ ២០១៧កន្លង​ទៅ​ម្ល៉េះ ហើយ​សព្វ​ថ្ងៃ​នេះ​អគារ​ប្រវត្តិសាស្រ្ត​នៃ​ភាពយន្ត​ខ្មែរ​ដ៏​អភ័ព្វ​មួយ​នេះ​កំពុង​តែ​រសាត់​ បាត់​ពី​ខ្សែ​ចក្ខុ​របស់​ទស្សនិកជន​ខ្មែរ​ទាំងឡាយ​ហើយ ដោយសារ​វា​ត្រូវ​បាន​គេ​ចាប់​ផ្តើម​ធ្វើការ​រុះរើ​ដើម្បី​វិនិ យោគ​អភិវឌ្ឍ ស្រប​ពេល​ដែល​រោងភាពយន្ត​ទំនើប​ៗ​ជាច្រើន​ចេះ​តែ​រីកលូតលាស់​នៅ​តាម​បណ្តា​ផ្សារទំនើប ​នានា​ក្នុង​ក្រុងភ្នំពេញ តួយ៉ាង រោងភាពយន្ត Major Cineplex និង រោងភាពយន្ត​លេជេន (Legend) ជាដើម។

​​          នៅ​ពេល​ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះនរោត្តម​កែង​វិថី១៥៤ យើង​នឹង​ឃើញ​ផ្ទាំង​ឃោសនា​ខ្សែ​ភាពយន្ត ត្រូវ​បាន​ទម្លាក់​ចុះ ​រី​ឯ​ទ្វារ​ត្រូវ​បាន​ចាក់​សោរ​ជិត​គួរ​ឲ្យ​ស្រណោះ​ជា​ពន់ពេក​។ យោង​តាម​ឯកសារ​សៀវភៅ​ស្ថាបត្យកម្ម​កម្ពុជា​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សកលវិទ្យាល័យភូមិន្ទភ្នំពេញ រោងភាពយន្ត​លុច្ស​ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ១៩៣៨​ ដោយ​ស្ថាបត្យករ ជនជាតិ​បារាំង​ឈ្មោះ Roger Colne ក្នុង​រចនាបថ​ស្ថាបត្យកម្ម​បែប​បស្ចិម​ប្រទេស​លក្ខណៈ​ទំនើប​សម័យ ទសវត្សរ៍ទី២០-៣០ ដែល​មាន​ឈ្មោះ​ថា Art Deco (អានថា អាតដេកូ)។

​​          «រោងកុន​លុច្ស​មាន​តម្លៃ​សំខាន់​ចំពោះ​វិស័យ​ស្ថាបត្យកម្ម ពី​ព្រោះ​វា​បាន​សាងសង់​ក្នុង​សម័យបារាំង លើ​ផ្លូវ​ដ៏​សំខាន់​មួយ​នា​សម័យ​នោះ​គឺ​ផ្លូវ ដូដាដឺឡាក្រេ​ (Doudart de Lagrée) សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​ ផ្នែក​កម្សាន្ត​របស់​ប្រជាជន​​ […] ម្យ៉ាង​វិញ​ទៀត​ វា​ក៏​បាន​បង្ហាញ​អំពី​ប្រវត្តិ​ទី​តាំង​មួយ​នៃ​ទី​ក្រុង​ស្រប​ពេល​នៃ ការ​អភិវឌ្ឍនា​សម័យ​នោះ។ ចំណុច​ពិសេស​គឺ​វា​ត្រូវ​បាន​សាងសង់​ក្នុង​រចនាបថ Art Deco មាន​ទំហំ​ធំ​ជាង​គេ ប្រកប​ដោយ​ស្តង់ដារ​ត្រឹម​ត្រូវ​តាម​ក្បួនខ្នាត​ស្ថាបត្យកម្ម។ ផ្នែក​ខាង​ក្នុង​មាន​បន្ទប់​សម្រាប់​សិល្បករ​ហាក់​បី​ដូច ​ជា​រោង​មហោស្រព​មួយ​អ៊ីចឹង​! » កញ្ញា ហ៊ុន សុកញ្ញា និស្សិត​ស្ថាបត្យកម្ម​នៃ​សកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ ​និង​ ជា​សហស្ថាបនិក​នៃ​គម្រោង​រោងកុន (Roung Kon Project) បាន​បង្ហាញ​ចំណាប់​អារម្មណ៍។

​​          មុន​ឆ្នាំ​១៩៧៥ រោងភាពយន្ត​នេះ​ល្បី​ល្បាញ​ខាង​បញ្ចាំង​ភាពយន្ត​បរទេស ជា​ពិសេស​គឺ ភាពយន្តបារាំង​តែ​ម្តង ប៉ុន្តែ​ក៏​មាន​បញ្ចាំង​ភាព​យន្ត​ខ្មែរ មួយ​ចំនួន​ដែរ ដូច​ជា រឿង​សូផាត​ របស់​ផលិតកម្ម​ឥន្រ្ទទេវី​ភាពយន្ត ដោយ​ផលិតករ ប៊ីវ ឆៃលាង ជាដើម និង រឿង អប្សរា ស្នា​ព្រះហស្ថ​ដឹកនាំ​របស់​ព្រះបរមរតនកោដ្ឋ​សម្តេច​ព្រះនរោត្តមសីហនុ កាល​ពី​ទសវត្សរ៍​ទី​៦០ ជាដើម។ រោង​កុន​នេះ​បាន​បិទ​ទ្វារ​ក្នុង​របប​ខ្មែរ​ក្រហម។ លុះ​ក្រោយ​មក ក្នុងទ.វ.ទី៨០ រោង​កុន​នេះ​បាន​បើក​បញ្ចាំង​ខ្សែ​ភាពយន្ត​ឡើង​វិញ​។  ប៉ុន្តែ​ជា​អកុសល​នៅ​ ពេល​វិស័យភាពយន្ត​ខ្មែរ​ធ្លាក់​ចុះ​ក្នុង​ពាក់កណ្តាល​ទសវត្សរ៍​ទី៩០​ រោងកុន​នេះ​ព្រម​ជាមួយ​រោងកុន​ចាស់ៗ ដទៃ​ទៀត​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ទាំងស្រុង។ ក្នុង​ឆ្នាំ២០០១ រោងកុន​លុច្ស​ត្រូវ​បាន​ ជួសជុល​កែ​លម្អ​ហើយ​ចាប់​បញ្ចាំង​ភាពយន្ត​ឡើង​វិញ​រហូត​ដល់​ឆ្នាំ ២០១៧។

​​          ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​ចុងក្រោយ​នេះ រោងភាពយន្ត​នេះ​ធ្លាប់​បញ្ចាំង​ភាព​យន្ត​ល្បីៗ​ជាច្រើន ដូចជា រឿងកាកី រឿងភូមិ​គ្រឹះ​ចម្លែក រឿង​អាត់បី រឿងអង្គរក្ស​ជើង​រន្ទះ​អេភូថង រឿង​អង្គុលីមាល រឿង​តុលាការ អាទិទេព រឿង​កិលេស រឿង​អាប​ពាក់​មួក​សុវត្ថិភាព រឿង​ក្រឡ​អី​ហ្នឹង រឿងគ្រាប់​ពេជ្រ រឿង​កុមារី​២៥ឆ្នាំ រឿងស្បែកគង់ រឿង​ចាំ​តែ​ខ្លាច​តើ រឿង​ភូមិ​អត់​មនុស្ស និង រឿង​ក្រមុំ​៣១​កំលោះ​៥២ ជាដើម ព្រម​ទាំង​រឿង​បរទេស​រួមមាន ថៃ កូរ៉េ ភីលីពីន ឥណ្ឌូនេស៊ី ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​ប្រភេទ​រឿង​ខ្មោច និង រឿង​កំប្លែង។ ពី​ឆ្នាំ២០០១​ដល់​ ឆ្នាំ​២០១៥ រោង​នេះ​បញ្ចាំង​កុន​ចំនួន​៤​លើក​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ២០១៦ រោង​នេះ​ត្រូវ​បានបន្ថែម​ម៉ោង បញ្ចាំង​រហូត​០៦​លើក​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​ចុង​ឆ្នាំ​ដដែល​នោះ​ បន្ថែម​ម៉ោង​បញ្ចាំង​ដល់​០៨​លើកក្នុង​មួយ​ថ្ងៃ។ រឿង បរទេស​ដែល​មាន​ចំណង​ជើងថា​ “កូន​ភ្លោះ​ខ្មោច” ជា​រឿង​ដែល​បាន​បញ្ចាំង​ចុងក្រោយបំផុត​ក្នុង​រោងភាពយន្ត​នេះ​មុន​ពេល​បិទ​ទ្វារ​លែង​បញ្ចាំង​។

​​          ពាក់​ព័ន្ធ​នឹង​ករណី​បិទ​រោង​ភាព​យន្ត​លុច្ស កញ្ញា ទុំ យូរីផល សមាជិក​គម្រោង​រោង​កុន និង គម្រោង វណ្ណ ម៉ូលីវណ្ណ បាន​លើក​ឡើង​ថា «ដោយសារ​តែ​យើង​ស្រឡាញ់ (រោងភាពយន្ត​ខ្មែរ) ទើប​យើង​ធ្វើការ​ ស្រាវជ្រាវ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ស្រាវជ្រាវ យើង​ឃើញ​បាត់បង់​ម្តង​មួយ​ៗ។ មិនមែន​តែ​រោងកុនលុច្សទេ សូម្បី​តែ​រោង​កុន​ដទៃ​ក៏​ទទួល​រង​ហានិភ័យ ដូចជា​ការ​ផ្លាស់​ប្តូរ​តួនាទី និង ការវាយចោល។ អ្វី​ដែល​ខ្ញុំ​បារម្ភ សម្រាប់​និស្សិត​ស្ថាបត្យកម្ម​និង​អ្នក​ស្រាវជ្រាវ នៅ​ពេល​ដែល​យើង​ចង់​សិក្សា​អំពី​អត្តសញ្ញាណ​រោងកុន អ្វី​ដែល​ជា​របស់​យើង គឺ​យើង​ខ្វះខាត​ឯកសារ​ទាំងអស់​ហ្នឹង​។»

​​          កញ្ញា​មើល​ឃើញ​ថា ការ​បាត់បង់​អគារ​អតីត​រោង​ភាពយន្ត​ទាំងអស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ ក៏​ដូច​ជា​អគារ ​បេតិកភ័ណ្ឌ​ប្រវត្តិសាស្រ្ត​ទាំង​ឡាយ​គឺ​ជា​មហន្តរាយ​ដ៏​ធំ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ «យើង​ដឹង​ស្រាប់​ហើយ ​ទោះ​បី​ជា​យើង​ចង់​ស្រាវជ្រាវ​អភិរក្ស​ប៉ុន​ណា ក៏​យើង​មិន​អាច​ឃាត់​ឃាំង​ការ​រីក​ចម្រើន​របស់​ទី​ក្រុង​បាន​ទេ។ យើង​មាន​សិទ្ធិ​ត្រឹម​តែ​ការ​ស្រឡាញ់​និង​ស្រាវជ្រាវ​ដើម្បី​ទុក​ឯកសារ​ទៅ​ថ្ងៃ​ក្រោយ​ ដល់​ពេល​គេ​វាយ​ចោល​ទៅ ​យើង​នៅ​មាន​ តែ​ប៉ុន​ហ្នឹង​ឯង​។»

Article by SRIN SOKMEAN



SUGGESTIONS