ពិធីបុណ្យចូលឆ្នាំចិនជាពិធីបុណ្យធំមួយប្រចាំឆ្នាំនិងសំខាន់បំផុតសម្រាប់ជនជាតិចិន វៀតណាម និងប្រជាជនខ្មែរដែលកាត់សែស្រឡាយចិនផងដែរ ពីព្រោះពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីអបអរសាទរចំពោះការមកដល់នៃនិទាឃរដូវ (រដូវផ្ការីក) និង ការចាប់ផ្តើមនៃឆ្នាំថ្មីតាមប្រតិទិនចន្ទគតិ។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យប្រពៃណីខាងលើ ប្រជាជនដែលជាប់សែវៀតណាម-ចិន តែងតែអនុវត្តសកម្មភាពផ្សេងៗជាច្រើនអាស្រ័យតាមជំនឿតមកពីដូនតារបស់ពួកគេ។ ស្របនឹងឱកាសខាងមុខនេះ ចំរដូវសែនចូលឆ្នាំចិន ឆ្នាំ២០២៤នេះ សូវរីននឹងបង្ហាញជំនឿដ៏មុតមាំមួយក្នុងចំណោមជំនឿជាច្រើនទាំងនោះគឺ ការទទួលទានត្រី។
យោងតាមគេហទំព័រ China Highlights ស្តីពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ត្រីជាម្ហូបដែលមិនអាចមើលរំលងសម្រាប់ការទទួលទានអាហារជួបជុំគ្រួសារ ជាពិសេសក្នុងរដូវសែនចូលឆ្នាំចិនដោយសារតែនៅក្នុងភាសាចិន ពាក្យ ត្រី គឺ «鱼» អានថា អុី (Yú) ដែលមានសំឡេងដូចពាក្យ ភាពសម្បូរហូរហៀរ (Surplus)។ អាស្រ័យហេតុនេះហើយ ទើបពួកគេមានជំនឿទទួលទានម្ហូបចូលឆ្នាំធ្វើពីត្រីក្នុងគោលបំណងដើម្បីឱ្យគ្រួសារមានទ្រព្យសម្បូរហូរហៀរសេសសល់នៅចុងឆ្នាំ។ ពួកគេជឿថា ប្រសិនបើពួកគេមានសមត្ថភាពអាចសន្សំទ្រព្យសម្បត្តិបានដល់ចុងឆ្នាំ នោះពួកគេប្រាកដជាអាចបង្កើនទ្រព្យបានកាន់តែច្រើននៅឆ្នាំ បន្ទាប់។ ម្ហូបដែលពេញនិយមជាងគេសម្រាប់ទទួលទានក្នុងពិធីនេះគឺ ត្រីចំហុយ។ មួយវិញទៀត ប្រភេទត្រីដែលយកមកធ្វើម្ហូបចូលឆ្នាំគឺអាស្រ័យលើសំឡេងឈ្មោះរបស់ត្រីនោះក្នុងភាសាចិនដែលសុទ្ធសឹងតែទាក់ ទងនឹងលាភជ័យសម្រាប់ឆ្នាំថ្មី ក្នុងនោះរួមមានជាអាទិ៍ ត្រីកាបសាមញ្ញ (Crucian Carp) ត្រីព្រួល (Chinese Mud Carp) និងត្រីអណ្តែង (Catfish)។
• ត្រីកាបសាមញ្ញ: តួអក្សរដំបូងនៃឈ្មោះត្រីនេះក្នុងភាសាចិន 鲫鱼 មានសំឡេងដូចពាក្យចិន 吉 (ជី) ដែលមានន័យថា សំណាងល្អ។ ដូចនេះ ការទទួលទានត្រីនេះត្រូវបានចាត់ទុកថា នឹងនាំមកនូវសំណាងល្អសម្រាប់ឆ្នាំបន្ទាប់។
• ត្រីព្រួលចិន: ផ្នែកដំបូងនៃឈ្មោះត្រីនេះក្នុងភាសាចិនគឺ 鲤鱼 មានសំឡេងដូចពាក្យចិន 礼 (លី) មានន័យថា អំណោយ។ ដូចនេះ ជនជាតិចិនមានជំនឿថា ការទទួលទានត្រីព្រួលក្នុងអំឡុងពេលចូលឆ្នាំចិនតំណាងឱ្យបំណងប្រាថ្នាបួងសួងសុំអំណោយលាភល្អ។
• ត្រីអណ្តែង: ពាក្យត្រីនេះក្នុងភាសាចិនគឺ 鲶鱼 មានសំឡេងដូចពាក្យចិន 年余 (នៀនអុី) មានន័យថា ភាពសម្បូរប្រចាំឆ្នាំ។ ដូចនេះ ជនជាតិចិនមានជំនឿថា ការទទួលទានត្រីនេះក្នុងអំឡុងពេលចូលឆ្នាំចិន គឺជាការបួងសួងសុំសម្បូរទ្រព្យក្នុងឆ្នាំថ្មី។
ក្រៅពីការជ្រើសរើសប្រភេទត្រីសម្រាប់ចម្អិនទទួលទាន នៅក្នុងវប្បធម៌ចិន ប្រជាជនមានទម្លាប់ទទួលទានត្រីចំនួនពីរ គឺមួយក្នុងថ្ងៃសែន (មុនចូលឆ្នាំមួយថ្ងៃ) និងមួយទៀតក្នុងថ្ងៃចូលឆ្នាំ ដែលទំនៀមនេះតំណាងឱ្យការបួងសួងសុំសម្បូរសប្បាយរហូតពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រសិនបើត្រីមានតែមួយ គេមានទម្លាប់ទទួលទានផ្នែកខាងក្បាលនៅថ្ងៃសែន ហើយទទួលទានផ្នែកដែលនៅសល់នៅថ្ងៃចូលឆ្នាំទីមួយ។ ម្យ៉ាងវិញទៀត ម្ហូបត្រីគប្បីទុកជាម្ហូបចុងក្រោយគេ ហើយចៀសវាងទទួលទានត្រីឱ្យអស់ពីចានរលីងឱ្យសោះ ប្រៀបបីដូចជាទ្រព្យសម្បត្តិឱ្យនៅសេសសល់សម្បូររៀងរាល់ឆ្នាំ។ ទំនៀមខាងលើនេះត្រូវបានប្រកាន់ខ្ជាប់នៅប៉ែកខាងជើងទន្លេយ៉ង់សេ ប៉ុន្តែនៅតំបន់ផ្សេងៗទៀត ក្បាលនិងកន្ទុយត្រីត្រូវបានរក្សាទុកដល់ឆ្នាំថ្មី ជានិមិត្តរូបនៃក្តីសង្ឃឹមថាឆ្នាំថ្មីនឹងចាប់ផ្តើមនិងបញ្ចប់ទៅវិញជាមួយនឹងភាពសម្បូរសប្បាយដូចក្បាលនិងកន្ទុយត្រីដែលនៅសល់នោះឯង។
លើសពីនេះទៅទៀត ជនជាតិចិនក៏មានជំនឿទាក់ទងនឹងហុងស៊ុយនៃការរៀបចំត្រីដាក់លើតុអាហារផងដែរ។ ជាក់ស្តែង ផ្នែកក្បាលគប្បីដាក់តម្រង់ទៅភ្ញៀវកិត្តិយស ឬ មនុស្សចាស់នៅក្នុងគ្រួសារ ដើម្បីជាការសម្តែងនូវការគោរព។ សមាជិកគ្រួសារអាចទទួលត្រីបានលុះត្រាណាតែអ្នកដែលអង្គុយទល់មុខក្បាលត្រីចាប់ផ្តើមទទួលទានជាមុនសិន។ ទន្ទឹមនឹងនេះ ត្រីមិនគួរត្រូវបានបង្វិលប្តូរទីតាំងនោះទេ ហើយអ្នកដែលអង្គុយទល់មុខក្បាល និងកន្ទុយត្រីគប្បីផឹកជាមួយគ្នា ដែលគេចាត់ទុកថាជាប្រផ្នូលល្អ អមដោយសំឡេងសើចសប្បាយអបអរសាទរទាំងអស់គ្នា៕
Article by SRIN SOKMEAN