×

ព្រោះ​តែ​ស្រលាញ់​បរិស្ថាន​ភោជនីយដ្ឋាន Eleven One Kitchen ប្រើ​ប្រាស់​តែ​សម្ភារៈ​ការពារ​ធម្មជាតិ​តែ​ប៉ុណ្ណោះ​

TRAVEL & LIVING 2 weeks ago
 
 

          ភោជនីយដ្ឋាន​ជា​ច្រើន កំពុង​តែ​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​ប្រទេសកម្ពុជា ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ពី​កំណើន​ភ្ញៀវ ចូល​មក​ទស្សនា​ប្រទេស​របស់​យើង​។ ទន្ទឹម នឹង​វត្តមាន​ដ៏​ស្អេក​ស្កះ ​ពី​បណ្តា​ហាង​អាហារ​ទាំងអស់​នោះ​ វា​ក៏​ជា​បញ្ហា​មួយ​ជ្រុង​តូច​ដែល​ជា​ហានិភ័យ​ខ្ពស់​ទៅ​លើ​បរិស្ថាន​ដោយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ កំប៉ុង​ជ័រ​និង​ទុយោប្លាស្ទិក​ជាច្រើន​ដែល​ភោជនីយដ្ឋាន​នី​មួយៗ​បាន​ប្រើប្រាស់​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​របស់​ខ្លួន​។ យ៉ាង​ណា​មិញ​ លោក​ស្រី ស្រ៊ុន សុខលីន ម្ចាស់​ហាង Eleven one Kitchen បាន​រៀបរាប់​ទាំង​ទឹក​មុខ​ញញឹម​ថា លោក​ស្រី ស្រឡាញ់​បរិស្ថាន ព្រោះ​វា​ជា​ភាព​ទ្រទ្រង់​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​។​ ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​លោក​ស្រី ​សម្រេច​ចិត្ត​បង្កើត​ជា​ភោជនីយដ្ឋាន​អេកូ​មួយ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការការពារ​បរិស្ថាន​ប្រទេស​កម្ពុជា​។ រាល់​ការ​វេច​ខ្ចប់​ម្ហូប អាហារ ត្រូវ​បាន​ប្រើ​ដោយ​ប្រអប់​ដែល​ផលិត​ចេញ​ពី​កាក​អំពៅ ​ដែល​យ៉ាង​យូរ​ ៣០ ថ្ងៃ វា​នឹង​រលាយ​ទៅ​វិញ​អស់។ ដោយ​មើល​ឃើញ​ពី​គុណសម្បត្តិ​ក្នុង​ការ​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ជា​លក្ខណៈ​អេកូ​ធម្មជាតិ​ដូច​នេះ ​ទើប​លោក​ស្រី​សម្រេច​ចិត្ត​បង្កើត​ជា​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​ ដែល​ក្នុង​នោះ ​៩០​ភាគរយ​នៃ​សម្ភារៈ​ដែល​យក​មក​ប្រើ ​សុទ្ធ​សឹង​តែ​ផលិត​ចេញ​ពី​ធម្មជាតិ​ពិត​តែ​ម្តង។

           « ការ​បើក​ហាង​ដំបូង ខ្ញុំ​ខាត​ជាង​ ៣០០០ ដុល្លារ​ជា​រៀងរាល់​ខែ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ថ្ងៃ​ណា​មួយ គេ​នឹង​មើល​ឃើញ​ពី​គោល​បំណង​របស់​ខ្ញុំ​ក្នុង​ការ​បង្កើត​ជា​ហាង​អាហា​របែប​អេកូ​ធម្មជាតិ​នេះ​ឡើង​។» នេះ​បើ​តាម​ការ​រៀបរាប់​ពី​ប្រវត្តិ​ហាង ​ Eleven One Kitchen​របស់​លោកស្រី ស្រ៊ុន សុខលីន។ ចាន​ស្នោ​ដែល​ធ្វើ​ពី​កាក​អំពៅ ទុយោ​បឺត​ដែល​ធ្វើ​ពី​បំពង់​ឫស្សី  ថង់​ផ្លាស្ទិក​ធម្មជាតិ ដែល​រលាយ​ក្នុង​រយៈ​ពេល​ខ្លី គឺ​សុទ្ធសឹង​តែ​ជា​សម្ភារៈ ដែល​ភោជនីយដ្ឋាន  Eleven One Kitchen ដាក់​ឲ្យ​ភ្ញៀវ​ប្រើប្រាស់​ទាំងអស់។ ថ្បី​ត្បិត​តែ​សម្ភារៈ​បរិស្ថាន​ទាំងអស់​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ផ្លាស្ទិក​យ៉ាង​ណា​ក្តី​ ក៏​លោកស្រី ស្រ៊ុន សុខលីន នៅ​តែ​ជម្នៈ​ប្រើប្រាស់​សម្រាប់​ភោជនីយដ្ឋាន​របស់​លោកស្រី​ក្នុង​ន័យ​ចង់​ឃើញ​ប្រទេស កម្ពុជា​ដែល​ជា​មាតុភូមិ​របស់ខ្លួន ពោរពេញ​ទៅ​ដោយ​បរិស្ថាន​ស្រស់​បំព្រង។  រហូត​មក​ដល់​ពេល​នេះ Eleven one Kitchen ដែល​ជា​ភោជនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយ​មួយ​របស់​អ្នក​ស្រលាញ់​បរិស្ថាន​ និង​ធានា​ជូន​នូវ​អនាម័យ​ខ្ពស់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​មួយ​នេះ មាន​អាយុកាល​ជាង ៤​ឆ្នាំ​ទៅ​ហើយ ។ នៅ​ក្នុង​ឆន្ទៈ​ស្រឡាញ់​ និង​គិត​គូរ​ទៅ​ដល់​ប្រយោជន៍​ជា​រួម​នោះ ​លោកស្រី ក៏​បាន​បង្ហាញ​ពី​ទស្សនៈ​វិស័យ​របស់​ខ្លួន ដោយ​ចង់​ពង្រីក​ Eleven one kitchen ឲ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​សាយភាយ​ចំណេះ​ដឹង​អប់រំ​មួយ​ដល់​សង្គមជាតិ​ទាំង​មូល​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។​ ដោយ​មើល​ឃើញ​ពី​គំនិត​សុឆន្ទៈ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ​បែប​នេះ ​ហើយ​ទើប​លោក​ស្រីត្រូវ​បាន​អង្គការ​នានា អញ្ជើញ​ជា​មគ្គុទេ្ទស​ក៍ ក្នុង​ការ​ធ្វើបទ​បង្ហាញ​ជុំវិញ ការ​ស្រលាញ់​បរិស្ថាន​នេះ​ផង​ដែរ​។  លើស​ពីនេះ​ទៅ​ទៀត លោក​ស្រី​ក៏​បាន​ផ្តល់​ជា​មតិយោបល់​ខ្លះ​ៗ​ទៅ​លើ​ការ​បើក​ជំនួញ​លើ​មុខ​របរ​ម្ហូប​អាហារ​នេះ ​ម្ចាស់​ហាង​ គួរ​មាន​គរុកោសល្យ​ក្នុង​ការ​រកស៊ី​ត្រឹមត្រូវ​ ដោយ​គិត​គូរ​ពី​សុខភាព​របស់​ភ្ញៀវ​ មិនមែន​គ្រាន់​តែ​សំដៅ​ដល់​ប្រាក់​ចំណេញ​តែ​មួយ​ផ្នែក​នោះ​ឡើយ៕

Article by CHAN SEREYRATH



SUGGESTIONS