បើទោះបីជាដឹងថាម្រះជាប្រភេទបន្លែដែលមានរសជាតិល្វីងក៏ពិតមែន ប៉ុន្តែមនុស្សមួយចំនួនធំនៅតែចូលចិត្តទទួលទានវា ព្រោះតែគុណប្រយោជន៍ដ៏លើសលប់របស់ផ្លែម្រះបានជះឥទ្ធិពលយ៉ាងលើសលប់ចំពោះសុខភាពរាងកាយរបស់អ្នក។ ជាតិល្វីងរបស់ម្រះអាចជំនួយដល់ចក្ខុប្រសាទ ដែលមានន័យថាជួយឲ្យភ្នែកភ្លឺថ្លា និងមានសុខភាពល្អផងដែរ។ សម្រាប់មិត្តនារីយើងវិញ ម្រះក៏អាចដោះស្រាយបញ្ហាវដ្តរដូវមិនទៀងទាត់ទៀតផង។ ជាការពិតណាស់ ម្រះត្រូវបានប្រជាជនទូទៅនៅទូទាំងពិភពលោក ច្រើននិយមយកទៅធ្វើជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ពិសា។ បើទោះបីជារសជាតិល្វីងរបស់វាធ្វើឱ្យមនុស្សមួយភាគតូចមិនចូលចិត្តក្នុងការទទួលទានក៏ដោយ ប៉ុន្តែអ្នកមិនត្រូវភ្លេចទេថារសជាតិល្វីងពិតជាផ្ដល់អត្ថប្រយោជន៍រួមជាមួយរសជាតិដ៏ឆ្ងាញ់ពិសានោះបានក្លាយទៅជាគ្រឿងផ្សំដ៏ចាំបាច់មួយ និងជាជំនួយការដ៏សំខាន់សម្រាប់ការធ្វើម្ហូបទទួលទានជាប្រចាំថ្ងៃនោះ។ សូវរីន សូមបង្ហាញពីវិធីចម្អិន មុខម្ហូបម្រះទាំងប្រាំ ដូចខាងក្រោម៖
ជ្រក់ម្រះ
គ្រឿងផ្សំ៖ ផ្លែម្រះស្រស់ ៥០០ក្រាម, ការ៉ុត ២០០ក្រាម, ម្ទេសខៀវ និងម្ទេសក្រហម (កាត់កង់ៗ), ខឹ្ទមស (ហាន់ស្តើងៗ), ខឹ្ទមក្រហម, ក្រូចឆ្មារ, អំបិល និង ស្ករស
របៀបធ្វើ៖ ដំបូងយើងត្រូវហាន់ម្រះឲ្យស្តើងៗរួចយកម្រះដែលហាន់រួចមកច្របល់ជាមួយអំបិលបនិ្តចដើម្បីឲ្យម្រះកាត់ជាតិល្វីង។ បន្ទាប់មក យើងត្រូវលាយគ្រឿងដូចជា ក្រូចឆ្មារ អំបិល ស្ករស ម្ទេស ខ្ទឹមស និងខ្ទឹមក្រហម ចាក់លាយបញ្ចូលគ្នា ហើយកូរវាឲ្យសព្វ រួចទុកក្នុងចានចង្កឹះមួយអន្លើសិន។ ក្រោយមកទៀតយើងយកការ៉ុតទៅឈូសហើយច្របល់ជាមួយម្រះដែលបានហាន់រួចនោះទុកក្នុងចានគោមធំមួយ បន្ទាប់មកទើបយើងចាក់ទឹកគ្រឿងផ្សំដែលបានផ្សំរួចហើយនោះចូលទៅហើយច្របល់បញ្ចូលគ្នាឲ្យរៀងស្រគាំបន្តិច ចាំយើងចាក់ជ្រក់នោះដាក់ក្នុងក្រទ្បជាការស្រេច៕ (បញ្ជាក់៖ ជ្រក់ភ្លាមយើងអាចញុំាបានភ្លាមតែម្តង)
ចំណិតម្រះចៀន
គ្រឿងផ្សំ៖ ផ្លែម្រះ, ម្សៅអង្ករ ៤ស្លាបព្រាបាយ, ម្សៅពោត ២ស្លាបព្រាបាយ, ម្ទេសម៉ត់ (Chili Powder) ២ស្លាបព្រាកាហេ្វ, ម្សៅរមៀត ១/៤ស្លាបព្រាកាហេ្វ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ប្រេងឆា និង ជីរវ៉ាន់ស៊ុយ
របៀបធើ្វ៖ ដំបូងយើងត្រូវកាត់ម្រះជាចំណិតស្តើងៗ បន្ទាប់មកយើងត្រូវយកវាទៅត្រាំទឹកអំបិលប្រមាណប្រាំនាទី ក្រោយមកទើបយើងយកវាទៅលាងទឹកស្អាតចេញរួចទុកមួយអន្លើ។ ជំហានបន្ទាប់យើងចាប់ផ្តើមយកម្សៅអង្ករ ម្សៅពោត ម្ទេសម៉ត់ ម្សៅរមៀត អំបិល រួចបន្ថែមទឹកបនិ្ដចឲ្យសមាមាត្រទៅនឹងម្សៅយើងហើយកូរច្របល់ចូលគ្នាឲ្យបានសព្វល្អ។ បន្ទាប់មកទៀតយើងអាចយកម្រះដែលបានលាងទឹកស្អាតនោះទៅប្រឡាក់ម្សៅដែលយើងបានលាយគ្រឿងផ្សំរសជាតិស្រាប់ ហើយទើបយើងអាចដាក់ចៀនក្នុងប្រេងឆាដែលក្តៅខ្លាំងនោះ។ ក៏ប៉ុនែ្តសូមបើកភ្លើងតិចៗទើបអាចធ្វើឲ្យវាឆ្អិនដល់ខាងក្នុងបានល្អ៕
ការីម្រះ
គ្រឿងផ្សំ៖ ផ្លែម្រះ ២ផ្លែ, ម្សៅម្ទេសម៉ត់ ២-៣ស្លាបព្រាកាហេ្វ, ម្សៅរមៀត ២ស្លាបព្រាកាហេ្វ, យ៉ាអួ (Yogurt) មួយកំប៉ុងតូច, អំបិល ១ចុងស្លាបព្រាកាហ្វេ, ប្រេងដូង ៤ស្លាបព្រាបាយ, ម្សៅ Chickpea ១ស្លាបព្រាបាយ, ខ្ទឹមបារាំង (ហាន់ជាដុំតូចៗ), មេ្ទស (ហាន់ជាកង់ៗតូចៗ), ខឹ្ទមស (៣កំពឹស), ស្លឹកក្រូចសើច, ក្រូចឆ្មា និង មេ្ទសឆ្អើរ
របៀបធ្វើ៖ ដំបូងយើងត្រូវយកម្រះមកហាន់ចំណិតៗមិនស្ដើងពេកក៏មិនក្រាស់ពេក រួចយកទៅត្រាំទឹកអំបិលប្រហែលជា៣នាទីសិន។ បន្ទាប់មកទៀត យើងត្រូវដាក់ប្រេងដូងទៅក្នុងឆ្នាំងតូចល្មមមួយហើយកម្តៅវាឲ្យក្តៅ។ ក្រោយមកទៀត យើងចាប់ផ្តើមដាក់គ្រឿងចូលគ្នាមានដូចជាខឹ្ទមស(ចិញ្រ្ជាំ) ម្សៅ Chickpea ម្សៅរមៀត ម្ទេសម៉ត់ និងម្ទេសឆ្អើរចាក់ចូលក្នុងឆ្នាំង ហើយទុកវាឲ្យរៀងឈ្ងុយបនិ្តច សឹមដាក់ខឹ្ទមបារាំង និងស្លឹកក្រូចសើចចូល។ បន្ទាប់មកទៀតយើងត្រូវកូរច្របល់វាបញ្ជូលគ្នារហូតដល់ស្លឹកក្រូចសើចក្រៀមបនិ្តច ទើបយើងអាចបង់ម្រះ និងមេ្ទសស្រស់ចូល ហើយបនែ្ថមអំបិលបន្តិច និង Yogurt មួយកំប៉ុងតូចរួចកូរឲ្យបានសព្វគ្រឿងរហូតដល់គោកទឹកជាការស្រេច៕
ម្រះដុត
គ្រឿងផ្សំ៖ ផ្លែម្រះស្រស់ ៦០០ក្រាម, សាច់ជ្រូក (ចិញ្រ្ជាំ) ៣០០ក្រាម, ខឹ្ទមស ៣កំពឹស, ខឹ្ទមក្រហម ៣កំពឹស, ម្រេច (តាមចំណូលចិត្ត), ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ, ស្លឹកជីរវ៉ាន់ស៊ុយ និង ស្លឹកខឹ្ទម
របៀបធ្វើ៖ ដំបូងយើងត្រូវយកម្រះទាំងមូលមកវះរួចឆ្កឹះយកគ្រាប់ចេញបន្ទាប់មកយើងយកអំបិលមកច្របាច់ជាមួយម្រះឲ្យបានសព្វ រួចហើយយកទៅស្រុះទឹកក្តៅចោលមួយសន្ទុះសិនដើម្បីឲ្យម្រះរបស់យើងកាត់ជាតិល្វីង និងផ្តល់ភាពងាយនៅពេលដែលយើងញាត់សាច់ចូលផងដែរ។ បន្ទាប់មកយើង ចាប់ផ្តើមចិញ្រ្ចាំសាច់ជ្រូក រួចយកមកផ្សំគ្រឿងដូចជា ខ្ទឹមស ខ្ទឹមក្រហម ទឹកស៊ីអ៊ីវ អំបិលស៊ុប ស្ករស ម្រេច ស្លឹកខ្ទឹម ច្របល់បញ្ចូលគ្នាឲ្យសព្វគ្រឿងរួចសឹមយើងយកសាច់ជ្រូកទៅញាត់ក្នុងម្រះ ហើយយើងអាចយកម្រះនោះទៅដុតដោយប្រើរយៈពេល៣០-៤៥នាទីរហូតដល់ម្រះនោះឆ្អិនជាការស្រេច។ សម្រាប់ជីរវ៉ាន់ស៊ុយវិញយើងអាចដាក់ដើម្បីបន្ថែមកិ្លនឈ្ងុយពីលើម្រះដុតនោះនៅពេលដែលអ្នកទទួលទាន៕
ខម្រះ
គ្រឿងផ្សំ៖ ឆ្អឹងជំនីរជ្រូក ៤០០ក្រាម, ផ្លែម្រះស្រស់ ៣០០ក្រាម, ខឹ្ទមស ៣កំពឹស, ម្រេច, ស្ករត្នោត, អំបិលស៊ុប, ទឹកត្រី, ស្លឹកខឹ្ទម និង ប្រេងឆា
របៀបធ្វើ៖ ដំបូងយើងត្រូវយកម្រះកាត់ដុំតូចៗរួចយកច្របាច់អំបិល (ប្រសិនបើអ្នកមិនចូលចិត្តលី្វង) បន្ទាប់មកយកប្រេងឆាទៅកម្តៅឲ្យក្តៅសិន ទើបយើងអាចដាក់ខឹ្ទមសចូលរំលីងឲ្យឈ្ងុយ ហើយសឹមដាក់ស្ករត្នោតចូល រួចកូរវាឲ្យរៀងក្រហមបន្តិច រួចយើងចាក់ឆ្អឹងជំនីរជ្រូកចូល ហើយយើងចាប់ផ្តើមផ្សំគ្រឿងមានដូចជា ទឹកត្រី អំបិលស៊ុប ម្រេច រួចបន្ថែមទឹកបនិ្តចរំងាស់ឆ្អឹងជំនីរឲ្យឆិ្អន សឹមដាក់ម្រះចូលបន្តបន្ទាប់។ នៅពេលដែលម្រះយើងឆិ្អនហើយ បង់ស្លឹកខឹ្ទមពីលើជាការស្រេច៕