×

ទៅ​វត្ត​ខែភ្ជុំ​មាន​ដែល​ដឹង​ដំបូល​ប្រភេទ​នេះ​គេ​ហៅ​រចនាបថ​អ្វី​ឬអត់​?

TRAVEL & LIVING 2 months ago
 
 

នៅ​តាម​វត្តអារាម​នានា​ ជាពិសេស​វត្ត​នៅ​តាម​ខេត្ត​ដែល​ជា​វត្ត​បុរាណ​ប្រចាំ​តំបន់​ គេ​រមែង​ឃើញ​ សាលាឆាន់​សង់​អំពី​ឈើ​ ឬ កុដិ​ព្រះសង្ឃ​ដែល​មាន​ម៉ូដ​ដំបូល​ដូច​ក្នុង​រូបភាព​ខាងលើ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ ​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ភាគ​ច្រើន​ទំនង​ជា​មិនបាន​ចាប់​អារម្មណ៍​ថា​រចនាបថ​ដំបូល​បែប​នេះ​មាន​ឈ្មោះ​ថា​រចនា​បថ​អ្វីឲ្យ​ពិតប្រាកដ​ក្នុង​ក្បួន​ខ្នាត​ស្ថាបត្យកម្ម​បុរាណខ្មែរ​។ តោះ!​ ចូរ​យើង​ស្វែង​យល់​អំពី​ទម្រង់ ​ស្ថាបត្យកម្ម​ប្រភេទ​នេះ​ទាំងអស់​គ្នា​សម្រាប់​ឱកាស​ពិធីបុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​២០១៨នេះ​!

          តាម​ការ​ពិត​ រចនាបថ​ដំបូល​ប្រភេទ​នេះ​ជាប្រភេទ​មួយ​នៃ​ប្រភេទ​លំនៅ​ដ្ឋាន​បុរាណខ្មែរ​ដែល​មាន​ចែង​ក្នុង​ឯកសារ​ស្ថាបត្យកម្ម​ជាតិ​ជា​យូរណាស់​មក​ហើយ​ ហើយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ «ដំបូលកិង»។ បើ​វាជា​ កុដិ​សម្រាប់​ព្រះសង្ឃគង់​ គេហៅថា កុដិកិង ប៉ុន្តែ​បើ​វា​ជាផ្ទះ​សម្រាប់​គ្រហស្ថស្នាក់​នៅ​ គេហៅថា ផ្ទះកិង។​ តើ ពាក្យថា “កិង” មាន​ន័យ​យ៉ាង​ដូចម្តេច​? យោង​តាម​វចនានុក្រម​ខ្មែរ​ បោះពុម្ព​លើក​ទី៥ (វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ ១៩៦៧ ទំ.២៧) «កិង» មាន​ន័យ​ថា ដំបូល ទូក ឬ ផ្ទះមាន​ដំបូល​ពីរ​ថ្នាក់​: ទូកកិង, ផ្ទះកិង ។ ដោយ ឡែក បើ​តាម​វចនានុក្រម​ខ្មែរ-បារាំងសែស (ហ្គេស៍ដុង ១៩៣០​ ទំ.១៣១) ពាក្យថា «កិង» មានន័យថា «ទទឹង , ឆៀង» ហើយពាក្យថា «រោងកិងដាល» សំដៅលើ រោង​ថែវ​ជាប់​ព្រះរាជវាំង​។

          លក្ខណៈ​សម្គាល់​នៃ​ផ្ទះកិង​ ឬ កុដិកិង គឺ គេ​ធ្វើ​មាន​ដំបូល​ពីរ​ថ្នាក់​ ខាងក្រោម​ធ្វើ​ជា​ពីរថ្នាក់​ដែរ​ គេបាំង ​ជញ្ជាំង​ថ្នាក់លើ​ ថ្នាក់​ក្រោម​គេ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធជុំវិញ​។ ស្ថាបត្យកម្ម​ដំបូល​កិង​នេះ ពួក​ឧបាសក​មិន​សូវ​ធ្វើទេ ​ច្រើន​តែ​ធ្វើ​ក្នុង​វត្ត​សម្រាប់​សង្ឃរាជ​ហៅថា​ កុដិកិង (ការ​ស្ថាបនា​គ្រឹះស្ថាន​ ស្រី អ៊ូ ១៩៥៤) ។ រីឯ​លោក​ ហ្ស៊ក ហ្គ្រោស៍លីយ៉េរ៍ (Groslier) អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​កាល​ពីដើម​ សតវត្សរ៍ទី២០ បាន​អះអាងថា​ ដំបូល​ផ្ទះកិង​មាន​ប្រភព​មក​ពី​លំនាំ​ស្ថាបត្យកម្ម​របស់​ប្រាសាទ​សម័យអង្គរ​។ ដូចគ្នា​នឹង​ដំបូល​កណ្តាល​នៃប្រាសាទ​ដែល​ជ្រែង​ដោយ​ថែវ​នៅកៀន​ទាំង​សង​ខាង​ ផ្ទះកិង​មាន​សសរ​ កណ្តាល ​(សសរទ្រូង)ពីរជួរ និង​មាន​ឈ្នៀង​តភ្ជាប់​សងខាង​ដើម្បី​សម្រាល​ទម្ងន់​។

          សព្វថ្ងៃ ​កុដិ​ឈើ​ដំបូល​កិង​ សាលា​ឆាន់កិង​ និង ផ្ទះកិង ចេះ​តែ​បាត់បង់​បន្តិចម្តងៗ​ដោយ​សារ​ទំនើប ​កម្ម​នៃ​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​។  ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណាក៏​គេ​នៅ​ឃើញ​រចនា​បថ​ដំបូល​កិង​នៅ​តាម​ វត្ត​អារាម​មួយ​ចំនួន​ ដូចជា វត្ត​មហាលាភ​ ឃុំមហាលាភ ស្រុក​កោះ​សូទិន​ ខេត្ត​កំពង់​ចាម​ វត្ត​អង្គរជ័យ​ ឃុំមហាខ្ញូង ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម វត្ត​ពោធិព្រឹក្ស ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ វត្តអម្ពវ័ន ស្រុក ពារាំង ខេត្តព្រៃវែង និង វត្តបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាដើម៕

Article by SRIN SOKMEAN 



SUGGESTIONS