×

តើ​ការ​ឆ្លៀតពេល​ធ្វើការ​បណ្តើរ រៀន​បណ្តើរ ផ្តល់​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​សម្រាប់​និស្សិត​?

TRAVEL & LIVING 3 weeks ago
 
 

          ដោយសារតែ​មាន​តម្រូវការ​លើក​ត្តា​ផ្សេងៗ ទើប​បង្ខំចិត្ត​ឲ្យ​និស្សិត​មួយចំនួន​ធំ​ត្រូវ​ស្វះស្វែង​រក​ការងារ​បណ្តើរ រៀន​បណ្តើរ ដើម្បី​បំពេញ​រាល់​តម្រូវការ​ចាំបាច់​សម្រាប់​ការរស់នៅ​របស់​ពួកគេ។  និស្សិត​ខ្លះ  បាន​ចំណាយពេល​វេលា​ឆ្លៀត​ពី​ការសិក្សា​នៅ​តាម​មហាវិទ្យាល័យ យកពេល​នោះ​ទៅ​ធ្វើការងារ ដើម្បី​ទទួល​បាន​ប្រាក់ខែ សម្រាប់​ដោះស្រាយ​ក្នុង​ជីវភាពរស់នៅ។ ក្នុង​នោះ វា​បាន​ផ្តល់​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​រួមផ្សំ​ជាមួយគ្នា ដែល​ទាំងអស់​នេះ នឹង​ក្លាយជា​បញ្ហា​របស់​និ​សិ្ស​ត​កំពុងតែ​ជួបប្រទះ ខណៈ​ពេល​ដែល​ពួកគាត់ បែងចែក​ពេលវេលា​សម្រាប់​ការសិក្សា​ផង និង​បំពេញការងារ​ក្នុង ក្រុមហ៊ុន ឬ​ស្ថាប័នឯកជន​នានា​ផង។

          ជា​ការពិត​ណាស់ ប្រសិនបើ​យើង​វិភាគ​ឱ្យ​ដល់ ការ​ឆ្លៀតពេល​ធ្វើការ​ក្នុងអំឡុងពេល​រៀនសូត្រ បែបនេះ អាច​ជា​ទុន​ក្នុង​ការ​ឈោង​ចាប់​ឱកាស​ការងារ​បាន​ល្អ នៅពេល​ដែល​ពួកគាត់​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ឧត្តម។ យើង​ឃើញថា នៅពេល​ដែល​ក្រុមហ៊ុន ឬ​បណ្តា​អង្គភាព​នានា ដែល​ដាក់​ប្រកាស ជ្រើសរើស​បុគ្គ​លិ​ក​ម្តងៗ រាល់​បេក្ខជន​ដែល​ដាក់ពាក្យ​ចូល​បម្រើការ​ងារ​នោះ គេ​តែងតែ​ផ្តល់​សិទ្ធិអាទិភាព​ខ្ពស់​សម្រាប់​អ្នក​ដែល បទពិសោធន៍​ការ​ងារ​ខ្លះៗ។ នេះ អាច​និយាយ​បាន​ថា ជា​ផល​ចំណេញ​មួយ សម្រាប់​និស្សិត​គ្រប់រូប​ដែល​បាន​លះបង់​ពេលវេលា​សិក្សា​មួយ​ផ្នែក​ដើម្បី​បញ្ច្​រៀ​ត​ខ្លួន​ចូល​ទៅ​ក្នុង​វិស័យ​ការងារ​ទាំង​នៅក្មេង​វ័យ ដែល​អាច​ផ្តល់​នូវ​បទពិសោធន៍ និង​មួយវិញទៀត សំដៅ​ដល់​ការ​ជួយ​សម្រួល ផ្លូវ​សេដ្ឋកិច្ច​ដល់​គ្រួសារ អាណាព្យាបាល​បាន​មួយភាគធំ។ លើស​ពីនេះ​ទៀត  ការ​ប្រឡូក​ក្នុងរង្វង់​ការងារ ធ្វើ​ឱ្យ​និ​សិត្​ស​ដែល​កំពុងតែ​សិក្សា​នោះ អាច​យល់​ពី​បរិបទ​សង្គម​ខាងក្រៅ​បាន​ច្រើន។ មានន័យថា ពួកគេ អាច​ស្គាល់​មនុស្ស​ជុំវិញ​ខ្លួន ងាយ​នឹង​ទទួលយក​ព័ត៌មាន រួម​ទាំង​ចំណេះ​ដឹង​ផ្សេងៗ ទាក់ទង​នឹង​ជីវិត​រស់នៅ​បាន​ផង​ដែរ។ ទស្សនៈ​មួយ​តែងតែ​លើកឡើង​ថា ការស្វែងរក​ការងារ​បន្ថែម​ធ្វើ ក្នុង​ពេល​សិក្សា គឺ​ដោយសារតែ​និស្សិត​ជួបប្រទះ​នឹង​បញ្ហា​លំបាក ខ្វះ​ប្រាក់កាស ក្នុង​ការឧបត្ថម្ភ​លើ​ការសិក្សា ដូចជា បង់ថ្លៃ​មហាវិទ្យាល័យ ផ្ទះ​ជួល និង​ការ​ហូប​ចុក​ផ្សេងៗ ប៉ុន្តែ​នេះ​វា​មិនមែន​ជាហេតុ​ផល ទាំងស្រុង ដែល​រុញច្រាន​ឱ្យ​និស្សិត​ខ្លះ ធ្វើការ​ទាំង​ខ្លួន​នៅ​រៀន​នោះ​ទេ។ ផ្ទុយទៅវិញ មិនថា និស្សិត ដែល​ស្ថិត​ក្នុង​ជីវិត​ភាព​កម្រិត​បែប​ណា ក៏​គួរតែ​ឆ្លៀត​បណ្តុះ​ខ្លួន​ចូលក្នុង​ការងារ​ជា​បណ្តើរៗ ទម្រាំតែ​រៀនចប់ ទើប​ធ្វើ​ឱ្យ​ពួកគេ អាច​យល់​បាន​ថា ជីវិត និង​ការសិក្សា គឺ​ទន្ទឹមគ្នា។ មួយវិញទៀត​សោត ការងារ បាន​បង្រៀន​និស្សិត​គ្រប់រូប​ឱ្យ​រៀន​ចេះ​ហាត់ពត់​លត់​ដុំ ជីវិត​របស់​ខ្លួន ផ្សារភ្ជាប់​នឹង​សង្គម  ដែល​សំដៅ​ដល់​ការ​ប្រឹងប្រែង​ដោះស្រាយ ត្រួសត្រាយ​ដោយខ្លួនឯង មិន​ពឹងផ្អែក​ទៅលើ​ជំនួយ​ពី​គ្រួសារ​ទាំងមូល។ ដូចជា​ពាក្យ​ដែលគេ​តែង​លើកឡើង​ថា  «រកលុយ​ខ្លួនឯង ទើប​ដឹង​ថា​ពិបាក​ប៉ុនណា» ដូចនេះ វា​ប្រៀប​ដូចជា​អង្គ​ចងចាំ ( Memory ) មួយ​ដែល​បាន​ដាស់តឿន​ឱ្យ​និស្សិត​ចេះ​សន្សំសំចៃ មិន​ភ្លើតភ្លើន ចាយ​លុយ ខ្ជះខ្ជាយ​ជាដើម។ មានការ​ងារ​ខ្លះ នៅពេល​ដែល​ពួកគេ ចូល​ទៅ​បម្រើការ​ក្នុង​នោះ វា​ហាក់ដូចជា មេរៀន​មួយ​ជ្រុង ជួយ​ដល់​ការសិក្សា​របស់​គេ ដូចជា​ទាក់ទង​នឹង​ការ​ធ្វើ​កិច្ចការ​សាលា​ជាដើម។

          សរុប​មកវិញ យើង​ឃើញថា ការ​រៀន​បណ្តើរ ធ្វើការ​បណ្តើរ ក៏​ជា​គុណសម្បត្តិ​មួយ សម្រាប់​ដុសខាត់ ជីវិត​យើង​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ពី​មួយ​ពេល​ទៅ​មួយ​ផង​ដែរ។ យ៉ាងណាមិញ ទន្ទឹម​នឹង​ការ​ទទួល​បាន​លទ្ធផល​ជាទី​គាប់ប្រសើរ​សម្រាប់​និស្សិត​នោះ ការ​ធ្វើការ​អំឡុង​ពេល​រៀនសូត្រ​នេះ ក៏​វា​បាន​ជះ​ឥទ្ធិ​ពល​ខ្លះៗ​ទៅដល់​ការសិក្សា​របស់​ពួកគេ​ផង​ដែរ។ ជា​ការពិត​ណាស់ ខួរក្បាល​របស់​យើង ប្រសិនបើ​មាន​តួនាទី​ច្រើន គិតទៅ​លើ​រឿង​នេះ​ផង រឿង​នោះ​ផង វា​ធ្វើឲ្យ​យើង​មិនសូវ​ជា​ផ្តោត​សំខាន់​ទៅលើ​ចំណុច​ណាមួយ​ឡើយ។ វា​មិន​ខុសគ្នា​ពី ការបែងចែក​ពេលវេលា​សិក្សា និង​ធ្វើការ​របស់​និស្សិត​នោះ​ទេ ដែល​ពេលខ្លះ អាច​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​ការរៀនសូត្រ។ ដូចជា កម្រិត​នៃ​ការ​ទទួលយក​ចំណេះដឹង​ក្នុង​សាលា មិនសូវ​បាន​ល្អ មិនបាន​ដិតដល់ និង​មិនបាន​ចូលរួម​ជាប្រចាំ រាល់​មានការ​ចូលរួម​ធ្វើការងារ​សាលា​មួយ​ណា​ផង។ ពេលខ្លះ ដោយសារតែ​និស្សិត ទទួល​សម្ពាធ​ពី​បរិយាកាស​ការងារ​ខាងក្រៅ ម្ល៉ោះហើយ ទើប​បង្ខំ​ឱ្យ​ពួកគេ ត្រូវ​ផ្អាក​ការ​គិត​រឿង​រៀនសូត្រ​មួយដុំ​សិន។ នេះ​ហើយ ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​ការសិក្សា​ធ្លាក់ចុះ​បន្តិច ដែល​អាច​និយាយ​បាន​ថា បែកអារម្មណ៍។ ម្យ៉ាងវិញទៀត ងាក​មក​មើល​វត្តមាន​នៃ​ការ​មក​រៀន គឺ​មិនសូវ​ទៀងទាត់​ឡើយ បណ្តាល​ឱ្យ​ពួកគេ អាច​នឹង​តាមមិនទាន់​ពី​មេរៀន​សាលា​ទៀតផង ។ មាន​ពេលខ្លះ​ទៀត និស្សិត​អាច​នឹង​ទទួល​ហានិភ័យ ប្រលង​សង​ក៏​ថា​បាន។ ណាមួយ ត្រូវ​បែងចែក​ខួរក្បាល​ទៅលើ​ការសិក្សា​ផង ការ​ធ្វើការ​ផង ដូចនេះ មិនសូវ​ឱ្យ​ពួកគេ មាន​ពេលវេលា សម្រាប់​ក្រុម​គ្រួសារ​ឡើយ។  ទាញ​មកវិញ​យ៉ាង​ខ្លី យើង​ឃើញថា អ្វីក៏ដោយ តែងតែមាន​គុណសម្បត្តិ និង​គុណវិបត្តិ ដើរ​ទន្ទឹមគ្នា ប៉ុន្តែ​យើង ក៏​គួរ​បែងចែក​វា​ឱ្យ​ដាច់​ស្រឡះ​ពីគ្នា ហើយ​ក្នុងនាម​ជា​និស្សិត​ដែល​កំពុងតែ​សិក្សា​មិន​គួរ​បោះបង់​ការរៀនសូត្រ ស្រវា​ចាប់​តែ​រឿង​ការងារ​ពេក​ទេ ព្រោះ​ចំណេះដឹង សំខាន់ណាស់ សម្រាប់​ជីវិត​អនាគត​ទៅមុខ​ទៀត។ យ៉ាងណាមិញ រឿង​ក្រពះ​ក៏​ជា​រឿង​មួយ​សំខាន់​ខ្លាំង ហេតុនេះ​ហើយ ការ​រៀន​បណ្ដើរ ធ្វើការ​បណ្តើរ ពិតជា​ផ្តល់​ផល​ល្អ​ច្រើន ប្រសិនបើ​និស្សិត​ម្នា​ក់ៗ ចេះ​បែងចែក​ពេលវេលា​ឲ្យបាន​ត្រឹមត្រូវ៕


​Article by CHAN SEREYRATH​



SUGGESTIONS