×

​ត្រណម៧យ៉ាងដែល​កូនចៅចិន​ប្រកាន់​ខ្ជាប់​នៅ​ថ្ងៃចូលឆ្នាំ​

TRAVEL & LIVING 5 years ago
 
 

          ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​អ្នក​ដែល​ជាប់សែស្រឡាយ​ចិន​ប្រាកដជា​នឹង​រៀបចំផ្ទះ​សម្បែង​ ​ម្ហូបអាហារ​ ​និង​ផ្លែឈើ​មួយចំនួន​ដើម្បី​សែនដូនតា​ក៏ដូចជា​សាទរ​អបអរ​នូវ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​។​ ​ក្នុង​ឱកាស​នេះ​ដែរ​អ្នក​ដែល​ជាប់សែស្រឡាយ​ចិន​គេ​តែង​មាន​ជំនឿ​ថា​ ​មានរឿង​ជាច្រើន​ដែលគេ​ធ្វើ​ដើម្បី​ទទួល​លាភ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​ ​ហើយ​ក្នុង​នោះ​សំណាង​អាក្រក់​ក៏អាច​នឹង​កើតមាន​ប្រសិនបើ​គេ​ធ្វើខុស​ទៅលើ​ត្រណម​មួយចំនួន​។​ ​ចុះ​តើ​ត្រណម​អ្វីខ្លះ​ដែល​អ្នក​ជាប់សែស្រឡាយ​ចិន​មិន​គួរ​ធ្វើជា​ដាច់ខាត​នៅ​ថ្ងៃចូលឆ្នាំ​?​

​1​.​    ​ចៀស​វៀង​ការ​លេបថ្នាំ​
​បើ​តាម​ជំនឿ​របស់​ប្រជាជន​ចិន​ជា​យូរលង់​ណាស់​មក​ហើយ​នោះ​ ​គេ​ជឿ​ថា​ការ​លេបថ្នាំ​ពេទ្យ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​អាច​នឹង​ធ្វើឲ្យ​ខ្លួន​មាន​ជំងឺ​ឈឺ​ពេញ​មួយឆ្នាំ​តែម្តង​ ​ទោះបីជា​ព្យាយាម​ព្យាបាល​គ្រប់​វិធីសាស្ត្រ​ក៏ដោយ​។​

​2​.​    ​ហាម​បោសសម្អាត​ផ្ទះ​
​ប្រជាជន​ចិន​ជឿ​ថា​ ​ប្រសិនបើ​ធ្វើការ​បោសសម្អាត​ផ្ទះសម្បែង​ក្នុង​ថ្ងៃចូលឆ្នាំ​ចិន​ ​(​ថ្ងៃទី១​)​ ​វា​នឹង​ធ្វើឲ្យ​
​បាត់បង់​លាភ​សំណាង​យ៉ាង​ធំ​ជាក់ជា​មិនខាន​ ​ព្រោះ​ក្នុង​ថ្ងៃចូលឆ្នាំ​ចិន​នេះ​គឺជា​ថ្ងៃ​ដែល​នាំ​លាភ​សំណាង​មកដល់​គ្រប់​ក្រុម​គ្រួសារ​។

​3​.​    ​ចៀស​វៀង​ការ​បរិភោគ​បបរ​ ​និង​សាច់​សម្រាប់​អាហារ​ពេលព្រឹក​
​ការ​បរិភោគ​បបរ​ ​និង​សាច់​ជា​អាហារ​ពេលព្រឹក​នៅក្នុង​ថ្ងៃចូលឆ្នាំ​ចិន​នោះ​មិនមែន​ល្អ​នោះ​ទេ​ ​ដោយ​គេ​
​សំអាង​ថា​ ​ការ​បរិភោគ​បបរ​ជា​អាហារ​ពេលព្រឹក​នោះ​មានតែ​អ្នកក្រ​ខ្សត់​ទេ​ដែល​បរិភោគ​។​ ​ចំណែក​ការ​បរិភោគ​សាច់​ជា​អាហារ​ពេលព្រឹក​ ​គឺជា​សកម្មភាព​មួយ​ដែល​ធ្វើខុស​ពី​ទំនៀមទម្លាប់​ប្រពៃណី​ចិន​។​ ​ដោយ​គេ​គិតថា​ការ​សម្លាប់សត្វ​វា​ផ្ទុយ​ទៅ​នឹង​ក្រមសីលធម៌​របស់​ព្រះ​ ​ព្រោះ​ព្រះ​របស់​គេ​ចង់​ឃើញ​ការ​ជួបជុំ​ ​និង​ជូនពរ​ឆ្នាំ​ថ្មី​សប្បាយរីករាយ​រវាង​គ្នា​ទៅវិញទៅមក​។​



​4​.​    ​ហាម​កក់សក់​ឬ​បោក​សម្លៀកបំពាក់​
​ការ​កក់សក់​ឬ​បោក​សម្លៀកបំពាក់​ក្នុង​ថ្ងៃចូលឆ្នាំ​ចិន​ថ្ងៃទី១​ ​និង​ថ្ងៃទី២​ ​នោះ​ ​ប្រជាជន​
​ចិន​ជឿ​ថា​ទាំងពីរ​ថ្ងៃនេះ​ ​គឺជា​ថ្ងៃ​ដែលគេ​ប្រារព្ធ​ពិធី​កំណើត​របស់​ស្តេច​ ​Shuishen​ ​(​水神​)​ ​ដែល​ជា​ម្ចាស់​ទឹក​នាំមក​នូវ​លាភ​សំណាង​ដល់​ក្រុម​គ្រួសារ​។​ ​ហេតុ​ដូចនេះ​ ​ប្រសិនបើ​ប្រជាជន​ចិន​ណា​ម្នាក់​ធ្វើខុស​ពី​វិន័យ​នោះ​ ​នឹង​ត្រូវ​ជួប​គ្រោះ​ជាក់ជា​មិនខាន​។​

​5​.​    ​មិន​ត្រូវ​ប្រើ​ម្ជុល​ ​និង​កន្ត្រៃ​
​ការប្រើ​ប្រាស់​ម្ជុល​ ​និង​កន្ត្រៃ​នៅក្នុង​ថ្ងៃចូលឆ្នាំ​ចិន​នោះ​ ​ប្រជាជន​ចិន​ជឿ​ថា​នឹង​មាន​ឧបទ្ទវហេតុ​ជាច្រើន​អាច​កើតមានឡើង​ ​រហូត​ទៅដល់​មានការ​ដកហូត​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​នៅ​ឆ្នាំក្រោយ​ ​ដែល​ជីដូនជីតា​បាន​រៀបចំ​ទុក​ទៀតផង​។​

​6​.​    ​មិន​ត្រូវ​ស្លៀកពាក់​ខ្មៅ​ឡើយ​
​តាម​ជំនឿ​របស់​ប្រជាជន​គេ​ជឿជាក់​ថា​ ​ពណ៌ខ្មៅ​គឺជា​ពណ៌​អពមង្គល​និង​ជា​ពណ៌​ដែល​សម្រាប់​ចូល​រូ​មក្នុង​ពិធីបុណ្យ​សព​។​ ​ដូច្នេះ​ការ​ស្លៀកខោ​ឬ​សំពត់​ ​ជាមួយនឹង​ពាក់អាវ​ឬ​រ៉ូប​ពណ៌ខ្មៅ​ត្រូវ​បាន​គេ​គិតថា​ជា​ការ​ហ៊ុំ​ព័ទ្ធ​ខ្លួន​ដោយ​ភាព​ខ្មៅ​ងងឹត​និង​អ​ពម្គល​ជាទីបំផុត​។​



​7​.​    ​ត្រូវ​ប្រយ័ត្ន​ ​មិន​ឲ្យ​បែកចាន​ឬ​កែវ​
​ក្នុង​អំឡុង​ថ្ងៃចូលឆ្នាំ​ចិន​គឺជា​ថ្ងៃ​ដ៏​វិសេសវិសាល​ជាទីបំផុត​ក្នុង​ការ​ជួបជុំ​សប្បាយរីករាយ​ជាមួយនឹង​ក្រុម​គ្រួសារ​ ​និង​ជា​ពេលវេលា​ដែល​ត្រូវ​ផ្លាស់​ប្តូរ​នូវ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ផង​ដែរ​។​ ​ដូច្នេះ​នៅពេល​ដែល​មានការ​ធ្លាក់​បែកចាន​ឬ​កែវ​ ​គេ​ចាត់ទុក​ថា​ជា​ប្រ​ផ្នូរ​មិនល្អ​និង​មានការ​បែកបាក់​គ្នា​ជាដើម​៕​

Article ​by​ ​PAN SIVLY​ ​


SUGGESTIONS