ប្រភេទផ្លែឈើនៅក្នុងប្រទេសកម្ពុជាយើងមួយចំនួនផ្ដល់ផលជាផ្លែផ្កាទៅតាមរដូវកាលនីមួយៗ ប៉ុន្តែដោយឡែកផ្លែឈើមួយចំនួនទៀតផ្ដល់ផលគ្រប់រដូវមិនថាប្រាំងឬវស្សាទេ។ ភាគច្រើនផ្លែឈើវាចាប់ផ្ដើមឱ្យផល និងសម្បូរផ្លែផ្កាចាប់ពីខែមីនារហូតខែសីហាឬខែកញ្ញា។ ជាការពិតណាស់ការទទួលទានផ្លែឈើកាន់តែច្រើន កាន់តែធ្វើឲ្យយើងមានសុខភាពបរិបូណ៌ មានកម្លាំងពលំរឹងមាំ និង ប្រាជ្ញាស្មារតីវៀងវៃហើយមានថាមពលក្នុងខ្លួន ព្រោះនៅក្នុងផ្លែឈើ ផ្ទុកនូវវីតាមីននិងប្រូតេអ៊ីនជាច្រើនប្រភេទជាជំនួយដល់ស្បែក ភ្នែក បេះដូង ឆ្អឹង និងផ្នែកផ្សេងៗនៃសារពាង្គកាយមិនអាចខ្វះបាន។ សម្រាប់ប្រិយមិត្តអ្នកអានមួយចំនួនតូចប្រហែលជាមិនទាន់ជ្រាបទេថា សម្រាប់រដូវកាលចូលឆ្នាំខ្មែរនាដើមខែមេសាឬហៅថាខែចែត្រហៅ តាមសុរិយាគតិនេះមានផ្លែឈើប្រភេទអ្វីខ្លះដែលសម្បូរ!
ផ្លែអំពិលទឹក បានក្លាយជាមុខរបរដ៏ពេញនិយមរបស់ពលរដ្ឋនៅសង្កាត់ព្រែកព្នៅក្នុងខណ្ឌព្រែកព្នៅ ដែលបាននាំគ្នាលក់ព្រោងព្រៀតនៅតាមដងផ្លូវ ពីផ្សារព្រែកព្នៅឆ្ពោះទៅកាន់ភ្នំបាសិត។ អំពិលទឹកមួយកញ្ច្រែងតម្លៃ១ម៉ឺនរៀលគឺជាតម្លៃថ្លៃគួរសម។ ប៉ុន្តែ អំពិលទឹកទាំងនេះ មិនមែនពួកគាត់ដាំដោយខ្លួនឯងនោះទេគឺពួកគាត់បានទៅប្រមូលទិញពីពលរដ្ឋដទៃទៀតនៅភូមិក្បែរគ្នា។ ពួកគាត់លក់ដូរបន្តិចបន្តួចទៅតាមរដូវកាលដូចជារដូវមានផ្លែឈូក លក់ផ្លែឈូកនិងផ្កាឈូក។ តែបើរដូវប្រាំងពួកគាត់លក់ផ្លែអំពិលទឹក និងផ្កែឈូកតិចតួច ដើម្បីបំពេញតម្រូវការពលរដ្ឋនៅទីនេះ និង ភ្ញៀវទេសចរទៅកម្សាន្តនៅភ្នំបាសិត។
បើអ្នកធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៦អា អ្នកនឹងប្រទះឃើញមានភោគផលផ្លែឈើធម្មជាតិដែលអ្នកស្រុកតាមភូមិនីមួយៗបានដាក់ដង្ហែលក់តាមនៅមុខផ្ទះមូរមីដេរដាសដូចជានៅម្ដុំព្រែកអញ្ចាញសម្បូរទៅដោយ ពោតដំណើប ឆៅឆ្អិនបានដាក់តាំងបង្ហាញខ្លួនបង្អួតសម្រស់ទាក់ទាញក្រសែភ្នែកអ្នកដំណើរឱ្យឈប់ទិញខានតែបាន។ ក្រៅពីនោះយើងសង្កេតឃើញមានត្រសក់ស្រូវទុំ ផ្លែគុយ ផ្លែពុទ្រា ជាដើម។ បើយើងបន្តដំណើរឆ្ពោះទៅមុខបន្តិចត្រង់ស្រុកផ្អាវ ខេត្តកំពង់ចាម យើងប្រាកដជាពើបភ្នែកនឹងការចងផ្លែត្នោតខ្ចី កំពីងត្នោត យ៉ាងមានរបៀបទៅតាមទម្លាប់របស់អ្នកស្រុកនៅទីនោះ។ មកដល់ស្រុកស្គន់ គឺសម្បូរទៅដោយម្នាស់ទឹកឃ្មុំតម្រៀបលក់ត្រៀបត្រា ចោលក្លិនក្រអូបប្រហើរផ្អែមយ៉ាងត្រជាក់ចិត្ត បើតាមប្រសាសន៍បងស្រី ចិន្ដា ដែលប្រកបអាជីពលក់ផ្លែឈើជាយូរឆ្នាំមកហើយនោះបានបរិយាយក្នុងទឹកមុខរួសរាយមកកាន់ សូវរីនថា “ខែមេសានេះ សម្បូរផ្លែម្នាស់ណាស់ ម្នាស់ទាំងអស់នេះខ្ញុំបានម៉ៅពីស្រុកចម្ការលើ មកមិនមែនជាម្នាស់មកពីក្រៅស្រុកឡើយ ហើយខ្ញុំលក់ផ្លែឈើទៅតាមរដូវកាលដែលវាមានតែប៉ុណ្ណោះ”។ បើយើងក្រឡេកមកមើលតាមដងរុក្ខវិថីមួយចំនួនក្នុងរាជធានីភ្នំពេញឯណេះវិញ យើងសង្កេតឃើញមានប្រជាកសិករបានប្រមូលផលផ្លែឈើពីភូមិស្រុករបស់ខ្លួន ទៅតាមរដូវកាលនីមួយៗយកមកលក់យ៉ាងហូរហែរប្របតាមដងផ្លូវ ជាក់ស្ដែងក្នុងខែចែត្រនេះពួកគាត់បាននាំយកផ្លែគុយខ្លះទុំពណ៌លឿងឆ្អិនឆ្អៅ ផ្លែខ្លះពណ៌បៃតងលាយលឿងដាក់លក់លើម៉ូតូដែលមានដែករាង៤ជ្រុងដាក់ពីលើកែបម៉ូតូផ្នែកខាងក្រោយយ៉ាងមានរបៀប ទោះបីរងកម្ដៅព្រះអាទិត្យបន្តិចមែន ប៉ុន្តែពួកគាត់ហាក់មានទឹកមុខញញឹមរីករាយជាមួយនឹងមុខរបររបស់គាត់ ព្រោះវាអាចផ្ដល់ប្រាក់កម្រៃប្រចាំថ្ងៃ ក្រោយទំនេរពីការងារប្រមូលផលស្រូវ។
ថ្វីត្បិតតែ សូវរីន មិនបានធ្វើដំណើរជុំវិញ២៥ខេត្តក្រុងក៏ពិតមែន ប៉ុន្តែយើងអាចធ្វើជាមគ្គុទ្ទេសក៍បង្ហាញជូនមិត្តអ្នកអានបានជ្រាបថា សម្រាប់ខែចែត្រនេះក្នុងប្រទេសកម្ពុជាយើងសម្បូរដោយភោគផលផ្លែឈើធម្មជាតិយ៉ាងច្រើនមានដូចជា៖ ឃ្វិតទុំ ស្វាយទុំ ចេក ដូង ខ្នុរ ត្របែក សេដា ល្ហុង កន្ទួត ទទឹម ម្កាក់ អំពៅ ល្មុត ផ្លែម៉ាក់ប្រេងម៉ាក់ប្រាង ធុរ៉េន ឪឡឹក សិរមាន់ ផ្លែមៀន(តាងែន) ជាដើម។
អ្វីដែលយើងបានរៀបរាប់ខាងលើនេះសុទ្ធសឹងជាផ្លែឈើខ្មែរសុទ្ធសាធ ព្រោះវាផ្ដល់ផ្លែផ្កាក្នុងរដូវកាលនេះតែម្ដង។ ប៉ុន្តែជ្រុងតូចមួយនៅលើទីផ្សារផ្លែឈើនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានលក់យ៉ាងហូរហែរនៅប្រភេទផ្លែឈើជាច្រើនប្រភេទ ដែលនាំចូលពីក្រៅប្រទេស។ ហេតុដូច្នេះអាចធ្វើឱ្យមិត្តអ្នកអានមួយចំនួនតូចមានការភ័ន្តច្រឡំថា នឹងមិនបានដឹងច្បាស់ថាខែណាសម្បូរផ្លែឈើប្រភេទណានោះទេ ដោយហេតុនេះបានជា សូវរីន លើកបង្ហាញតែប្រភេទផ្លែឈើដែលមានដាំដុះស្រាប់នៅក្នុងប្រទេសយើងតែប៉ុណ្ណោះទេ៕
Article by SOVRIN