×

តិក​និច​សំខាន់ៗ​​ក្នុង​ការ​គូរ​រឹម​បបូរ​​មាត់​ឲ្យ​មាន​ភាព​លេចធ្លោ​

FASHION & BEAUTY 5 months ago
 
 

            គំនូស​រឹម​មាត់​ដែល​នា​រីៗ​តែង​ប្រាថ្នា​ ​គឺជា​រឹម​មាត់​ដែល​កែច្នៃ​បបូរមាត់​របស់​មិត្ត​នារី​ឲ្យ​មាន​ភាព​លេចធ្លោ​និង​ស្រស់​ស្អាត​ដូច​ធម្មជាតិ​។​ ​ការ​គូស​រឹម​មាត់​ ​មិន​ត្រឹមតែ​កែប្រែ​បបូរ​មា​ត់​សាមញ្ញា​មក​ជា​ស៊ិច​ស៊ី​ ​ឬ​កែប្រែទម្រង់​មាត់​ទាំងមូល​តាម​ការ​ប្រាថ្នា​របស់​មិត្ត​នារី​ប៉ុណ្ណោះទេ​ ​វា​ថែមទាំង​ជួយ​រក្សា​ពណ៌​ក្រែម​លាប​បបូរមាត់​ឲ្យ​ស្ថិតស្ថេរ​បាន​យូរ​មិន​បាត់ដាន​ថែមទៀត​ផង​។​ ​បច្ចុប្បន្ន​នេះ​ ​គេ​និយម​តុបតែង​បបូរ​យ៉ាងណា​ ​ឲ្យ​គំនូស​រឹម​មាត់​មាន​ភាព​លេចធ្លោ​ ​ដែល​ជា​រស​និយម​ថ្មី​នៃ​ហ្វេ​ហ្សិន​។​ ​ខាងក្រោម​នេះ​ ​ជា​តិច​និ​ក​ខ្លី​ៗ​តាមលំដាប់​លំដោយ​ដែល​អ្នក​គួរ​យល់ដឹង​ ​ដើម្បី​ជួយ​ឲ្យ​ការ​តុបតែង​បបូរមាត់​របស់​អ្នក​កាន់តែ​លេចធ្លោ​មួយ​កម្រិត​ទៀត​ ​តាមរយៈ​ការ​បន្ថែម​រឹម​មាត់​។​

១​.​ ​ខ្មៅដៃ​គូរ​រឹម​មាត់​គួរតែ​ជា​ពណ៌​ធ្ងន់​៖​ ​ជាទូទៅ​ ​ដើម្បី​គូរ​រឹម​មាត់​ឲ្យ​មាន​ភាព​លេចធ្លោ​ ​មិត្ត​នារី​ត្រូវ​ក្លាហាន​ហ៊ាន​ប្រើប្រាស់​ពណ៌ខ្មៅ​ដៃ​គូរ​រឹម​មាត់​ដែល​មាន​ពណ៌​ធ្ងន់​បន្តិច​។​ ​ឧទាហរណ៍​ ​ខ្មៅដៃ​គូរ​រឹម​មាត់​ពណ៌ក្រហម​ឬ​ក្រហមជាំ​ ​ជាគូ​នឹង​ក្រែមលាបមាត់​ពណ៌ក្រហម​ដូច​ឬ​ស្រាល​ជាង​ពណ៌​រឹម​មាត់​បន្តិច​ ​ទើប​ធ្វើឲ្យ​រឹម​មាត់​ស្រស់​ស្អាត ​និង​មាន​ទម្រង់​ដូច​ធម្មជាតិ​។​ ​នៅក្នុង​ការ​តុបតែង​មុខ​បែប​ហ្វេ​ហ្សិន​ ​និង​អ្នក​ដែល​និយម​តុបតែង​មុ​ខ​ប្លែក​ៗ​សម្រាប់​កម្មវិធី​រា​ត្រី​សមោល​សរ​ ​ការប្រើ​ប្រាស់​ខ្មៅដៃ​គូរ​រឹម​មាត់​និង​ក្រែមលាបមាត់​ពណ៌​ខុសគ្នា​តែម្ដង​ ​ដើម្បី​ញ៉ាំង​ឲ្យ​ការ​តុបតែង​មុខ​មាន​ភាព​ច្នៃប្រឌិត​ប្លែក​។​ ​តួយ៉ាងដូចជា​រឹម​មាត់​ពណ៌ខ្មៅ​ ​លាយ​នឹង​បបូរមាត់​ពណ៌ខៀវ​ ​ផ្កាឈូក​ ​ឬ​ស្វាយ​តែម្ដង​។​ ​

២​.​ ​តាមដាន​ពណ៌​កំពុងពេញនិយម​៖​ ​ខ្មៅដៃ​គូរ​រឹម​មាត់​ដែល​កំពុងពេញនិយម​ ​គឺ​ពណ៌សូកូឡា​ ​ដែល​សាក​សម​សម្រាប់​គ្រប់​ពណ៌​សម្បុរ​ ​ពិសេស​មិត្ត​នារី​ដែល​មាន​សម្បុរ​ស្រអែម​។​ ​តើ​អ្នក​ឆ្ងល់​ទេ​ថា​ ​ហេតុអ្វីបានជា​ពណ៌សូកូឡា​នឹង​ជួយ​ឲ្យ​គំនូស​រឹម​មាត់​មាន​ភាព​លេចធ្លោ​?​ ​ពិត​ណាស់​ ​ពណ៌​និយម​នៃ​ក្រែម​លាប​បបូរមាត់​បច្ចុប្បន្ន​ ​គឺ​ពពួក​ពណ៌​ស្លេក​ ​តួយ៉ាងដូចជា​ពណ៌​ទឹកដោះគោ​ ​ជាដើម​ ​ដើម្បី​លាក់បាំង​បបូរមាត់​បន្តិច​ ​ប៉ុន្តែ​បញ្ចូល​មកវិញ​នូវ​គំនូស​បបូរមាត់​ច្បាស់​ ​តាមរយៈ​គំនូស​ពណ៌សូកូឡា​។​ ​

៣​.​ ​ផ្លាស់​ប្តូរ​ទម្រង់​បបូរមាត់​៖​ ​បន្ទាប់ពី​យល់ដឹង​ពី​ពណ៌​និយម​របស់​ខ្មៅដៃ​គូរ​រឹម​មាត់​ ​យើង​នឹង​ឈាន​មកដល់​ការប្រើ​ប្រាស់​វិញ​ម្ដង​ដែល​សុទ្ធតែ​ជា​ចំណុច​ចាំបាច់​ដូចគ្នា​។​ ​ពិត​ណាស់​ ​យើង​អាច​ប្រើប្រាស់​ខ្មៅដៃ​គូរ​រឹម​មាត់​មក​ផ្លាស់​ប្តូរ​ទម្រង់​មាត់​បាន​ ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការវះកាត់​កែសម្ផស្ស​។​ ​ដើម្បីឲ្យ​បបូរមាត់​មាន​ភាព​លេចធ្លោ​ ​ចាំបាច់​ណាស់​យើង​ត្រូវ​ប្រើប្រាស់​ ​ខ្មៅដៃ​គូរ​រឹម​មាត់​មក​កែច្នៃ​បបូរមាត់​ថ្មី​ជាមុន​សិន​ ​មុននឹង​ប្រើប្រាស់​ក្រែមលាបមាត់​មក​បំពេញ​សម្រស់​បបូរមាត់​ឲ្យ​គ្រប់ជ្រុងជ្រោយ​។​ ​

៤​.​ ​បច្ចេកទេស​ក្នុង​ការ​គូរ​៖​ ​មិត្ត​នារី​គួរ​យល់ដឹង​ផង​ដែរ​ថា​ ​ខ្មៅដៃ​ទាន​ដែល​ប្រើ​សម្រាប់​គូរ​រឹម​មាត់​ ​មាន​ច្រើន​ម៉ាក​ ​ច្រើនពណ៌​ ​សម្រាប់​មិត្ត​នារី​ជ្រើសរើស​តាម​ចំណូលចិត្ត​។​ ​មិត្ត​នារី​ដែល​ប្រើប្រាស់​ខ្មៅដៃ​គូរ​រឹម​មាត់​លើកដំបូង​ ​ប្រហែល​ពិបាក​បន្តិច​ត្បិត​មិនដឹង​ថា​គួរ​កាន់​បែប​ណា​ទើបត្រូវ​ ​គួរ​គូរ​យ៉ាងណា​ទើប​មិន​ខុសទំនង​។​ ​គន្លឹះ​នៃ​ការ​គូរ​រឹម​មាត់​ ​គឺ​កាន់​នៅ​កៀក​នឹង​មុខ​ខ្មៅដៃ​ ​ដើម្បី​ងាយ​ទប់​លំនឹង​។​ ​មិត្ត​នារី​គួរ​កាន់​ផ្តេក​ ​៤៥​ ​ដឺក្រេ​ ​ដើម្បី​ងាយ​មើលឃើញ​ទម្រង់​បបូរមាត់​របស់​ខ្លួន​ច្បាស់​។​ ​ខ្មៅដៃ​គូរ​រឹម​មាត់​ ​គួរ​មានមុខ​ទាល​បន្តិច​ ​ទើប​គូរ​ចេញ​គំនូស​ស្អាត​ដូច​គំនូស​រឹម​មាត់​ធម្មជាតិ​។​

៥​.​ ​ប្រើប្រាស់​ ​Concealor​ ​ជា​ជំនួយ​៖​ Concealor​ ​ជា​ម្សៅ​ស្អិត​ ​ប្រើ​សម្រាប់​បិទបាំង​ស្នាម​នៅ​លើ​ផ្ទៃមុខ​។​ ​ប៉ុន្តែ​វា​ក៏អាច​ប្រើប្រាស់​បាន​ ​សម្រាប់​ជា​ជំនួយ​ក្នុង​ការ​គូរ​រឹម​មាត់​ ​ក្នុងករណី​ដែល​អ្នក​ត្រូវការ​ផ្លាស់​ប្តូរ​ទម្រង់​មាត់​ឲ្យ​ខុសពី​ធម្មជាតិ​តែម្ដង​។​ ​ការប្រើ​ប្រាស់​ ​Concealor​ ​ក៏​ធ្វើឲ្យ​រឹម​មាត់​ជាប់​ពណ៌​បាន​យូរ​ ​និង​មាន​រាង​ស្អាត​។​ ​អ្នក​គ្រាន់តែ​លាប​ ​Concealor​ ​តិច​ៗ​លើ​បបូរមាត់​ ​ហើយ​យក​ខ្មៅដៃ​គូរ​រឹម​មាត់​មក​គូរ​តាម​ទម្រង់​ដែល​អ្នក​ចង់បាន​ជាការស្រេច​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រើ​ប្រាស់​ ​Concealor​ ​ក៏អាច​ជួយ​ឲ្យ​បបូរមាត់​មាន​ទម្រង់​តូច​ឬ​ធំ​តាម​ទម្រង់​ដែល​អ្នក​ចង់បាន​ផង​ដែរ​។

​            ​ខាងលើ​នេះ​ជា​ចំណុច​ចាំបាច់​មួយចំនួន​នៃ​ការ​គូរ​រឹម​មាត់​ឲ្យ​មាន​ភាព​លេចធ្លោ​។​ ​ចំណុច​ទាំងនេះ​ ​ប្រទាក់​គ្នា​ជានិច្ច​ទាំង​ការ​គូរ​រឹម​មាត់​ ​ការកែច្នៃ​ទម្រង់​បបូរមាត់​ ​និង​ពណ៌​សំ​ខាន់​ៗ​ដែល​គួរ​ជ្រើសរើស​។​ ​ដូច្នេះ​ ​កុំ​បង្អង់​យូរ​ ​សាកល្បង​គូរ​រឹម​មាត់​របស់​ខ្លួន​តាម​ការណែនាំ​ទៅ​មើល​ ​ថា​តើ​វា​នឹង​ជួយ​បន្ថែម​សម្រស់​ធម្មជាតិ​របស់​អ្នក​ប៉ុណ្ណា​?​ ​

​Article​ ​by​ ​VA SONYKA



SUGGESTIONS